ជនគណនា ១៣:២៧-១៤:៩
ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឲ្យខ្លាចគេឡើយ។ ជនគណនា ១៤:៩
មានពេលមួយគេសួរខ្ញុំថា តើខ្ញុំចង់ទទួលយកការទទួលខុសត្រូវថ្មី នៅកន្លែងធ្វើការទេ? ពេលនោះ ខ្ញុំចង់និយាយថា ទេ។ ខ្ញុំបានគិតអំពីបញ្ហាប្រឈម និងមានអារម្មណ៍ថា ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ប៉ុន្តែ នៅពេលដែលខ្ញុំអធិស្ឋាន និងស្វែងរកការដឹកនាំ ពីព្រះគម្ពីរ និងអ្នកជឿដទៃទៀត ខ្ញុំក៏បានដឹងថា ព្រះអម្ចាស់កំពុងត្រាស់ហៅខ្ញុំ ឲ្យទទួលយកការទទួលខុសត្រូវថ្មីនោះ។ តាមរយៈព្រះគម្ពីរ ខ្ញុំក៏ទទួលបានការធានាថា ព្រះអង្គនឹងជួយខ្ញុំ។ ដូចនេះ ខ្ញុំក៏បានទទួលយកតួនាទីថ្មីនោះ តែនៅមានការភ័យខ្លាចខ្លះៗ។
បញ្ហារបស់ខ្ញុំបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពួកអ៊ីស្រាអែល និងពួកស៊ើបការ១០នាក់ ដែលមានការរួញរា នៅក្នុងការចូលកាន់កាប់ទឹកដីកាណាន(ជនគណនា ១៣:២៧-២៩,៣១-៣៣ ១៤:១-៤)។ ពួកគេក៏បានមើលឃើញការលំបាក ហើយឆ្ងល់ផងដែរថា តើពួកគេអាចប្រយុទ្ធឈ្នះពួកមនុស្សខ្លាំងពូកែ ក្នុងទឹកដីនោះ ហើយចាប់យកទីក្រុងដែលមានកំផែងការពាររឹងមាំដោយរបៀបណា? ពួកស៊ើបការទាំងនោះបានរាយការណ៍ថា “យើងមើលទៅខ្លួនយើងដូចជាកណ្តូប ទោះបើនៅភ្នែកគេក៏ដូច្នោះដែរ”(១៣:៣៣) ហើយពួកអ៊ីស្រាអែលក៏បានរអ៊ូរទាំថា “តើហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់នាំយើងមកក្នុងកន្លែងនេះ ឲ្យត្រូវស្លាប់ដោយដាវដូច្នេះ?”(១៤:៣)។
ក្នុងចំណោមអ្នកស៊ើបការទាំងនោះ មានតែលោកកាលែប និងលោកយ៉ូស្វេទេ ដែលបាននឹកចាំថា ព្រះអម្ចាស់បានសន្យាថា នឹងប្រទានទឹកដីកាណានដល់រាស្រ្តព្រះអង្គ(លោកុប្បត្តិ ១៧:៨ និងជនគណនា ១៣:២)។ ពួកគេមានទំនុកចិត្ត ដោយផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ ដោយដឹងថា ព្រះអង្គនឹងគង់នៅជាមួយ ហើយនឹងជួយពួកគេ។ ពួកគេប្រឈមមុខដាក់ការលំបាក ដោយព្រះចេស្តា ការការពារ និងការផ្គត់ផ្គង់របស់ព្រះអង្គ មិនមែនដោយពឹងអាងសមត្ថភាពខ្លួនឯងនោះទេ(ជនគណនា ១៤:៦-៩)។
កិច្ចការថ្មីដែលព្រះអង្គបានប្រទានខ្ញុំនៅពេលនោះ មិនមានភាពងាយស្រួលទេ ប៉ុន្តែ ខ្ញុំអាចធ្វើវាបាន ដោយពឹងអាងជំនួយមកពីព្រះអង្គ។ យើងមិនតែងតែមានភាពងាយស្រួល នៅក្នុងកិច្ចការដែលព្រះអង្គប្រទានឲ្យយើងធ្វើទេ ប៉ុន្តែ យើងអាចប្រឈមមុខដាក់ការលំបាក ដូចលោកកាលែប និងលោកយ៉ូស្វេផងដែរ ដោយដឹងថា “ព្រះអម្ចាស់គង់នៅជាមួយយើង”(ខ.៩)។—Karen Huang
តើនៅពេលណា អ្នកមានអារម្មណ៍ថា អ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការដែលព្រះអង្គបានប្រទានអ្នក?
តើគំរូរបស់លោកកាលែប និងលោកយ៉ូស្វេបានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យដើរតាមព្រះអង្គ អស់ពីចិត្ត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសាយ ១៧-១៩ និង អេភេសូរ ៥:១៧-៣៣