ព្រះ​អង្គ​ប្រើ​ទី​បន្ទាល់​របស់​យើង

ទំនុក​ដំកើង ១០៧:១-៩

គួរ​ឲ្យ​ពួក​អ្នក​ដែល​ព្រះយេហូវ៉ា​បាន​ប្រោស​លោះ​បាន​ថា​ដូច្នេះ​ដែរ​។ ទំនុក​ដំកើង ១០៧:២

ថ្ងៃ​មួយ ខ្ញុំ​បាន​បើក​មើល​ប្រអប់​អនុស្សាវរីយ​មួយ ហើយ​ក៏​បាន​យក​ក្រឡះ​អាវ​តូច​មួយ​ធ្វើ​ពី​ប្រាក់ ដែល​មាន​រូបរាង និង​ទំហំ​ប៉ុន​ជើង​របស់​កូន​ក្នុង​ផ្ទៃ​ម្តាយ​អាយុ១០សប្តាហ៍​។ ខ្ញុំ​ក៏​បាន​អង្អែល​ក្រឡះ​ដែល​មាន​រូបរាង​ដូច​ជើង​ទារក​នោះ ដោយ​នឹក​ចាំ អំពី​ការ​រលូត​កូន ក្នុង​អំឡុង​ពេល​ខ្ញុំ​មាន​ផ្ទៃពោះ​លើក​ដំបូង និង​នឹក​ចាំ​អ្នក​ដែល​បាន​និយាយ​ថា ខ្ញុំ “មាន​សំណាង” ដែល​បាន​រលូត​កូន នៅពេល​ដែល​កូន​នោះ​នៅ​តូច​នៅឡើយ​។ ខ្ញុំ​បាន​សោក​សង្រេង ដោយ​ដឹង​ថា កូន​របស់​ខ្ញុំ​ពិតជា​មាន​ជើង ក៏​ដូច​ជា​មាន​បេះដូង​ដែល​ធ្លាប់​លោត នៅ​ក្នុង​ផ្ទៃ​របស់​ខ្ញុំ​។ ខ្ញុំ​ក៏​បាន​អរ​ព្រះគុណ​ព្រះ ដែល​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួចផុត ពី​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​បាន​ប្រើ​ទី​បន្ទាល់​ខ្ញុំ ដើម្បី​កម្សាន្ត​ចិត្ត​អ្នក​ដទៃ ដែល​កំពុង​សោក​សង្រេង បន្ទាប់​បាន​បាត់បង់​កូន​ជាទី​ស្រឡាញ់​។ ជាង​២​ទសវត្សរ៍​បន្ទាប់ពី​ខ្ញុំ​រលូត​កូន ខ្ញុំ​និង​ស្វាមី​ខ្ញុំ​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​នោះ​ថា ខាយ(Kai) ដែល​ក្នុង​ភាសា​ខ្លះ ឈ្មោះ​នេះ​មាន​ន័យថា “អរ​សប្បាយ”។ ទោះ​ខ្ញុំ​នៅតែ​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយសារ​ការ​បាត់បង់​នេះ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រោស​ចិត្ត​ខ្ញុំ​ឲ្យ​ជា ហើយ​ប្រើ​ទី​បន្ទាល់​ខ្ញុំ ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​។

អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៧ បាន​បង្ហាញ​ការ​អរ​សប្បាយ​នឹង​ចរិត​លក្ខណៈ​របស់​ព្រះ ហើយក៏​បាន​ច្រៀង​សរសើរ​ព្រះ​អង្គ​ថា “ឱ​សូម​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្តី​សប្បុរស​នៃ​ទ្រង់​ស្ថិត​ស្ថេរ​នៅ​ជានិច្ច” (ខ.១)។ ព្រះអង្គ​បាន​ជំរុញ “ពួក​ដែល​ព្រះអង្គ​បាន​ប្រោស​លោះ” ឲ្យ​ចែក​ចាយ​ទី​បន្ទាល់​របស់​ពួកគេ ដល់​អ្នក​ដទៃ​ផង​ដែរ(ខ.២) ហើយ​សរសើរ​ដល់​ព្រះអង្គ “ដោយ​ព្រោះ​សេចក្តី​សប្បុរស​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ” (ខ.៨)។ ព្រះអង្គ​បាន​ប្រទាន​សេចក្តី​សង្ឃឹម ដោយ​សន្យា​ថា មានតែ​ព្រះអង្គ​ទេ ដែល “ប្រោស​ព្រលឹង​ដែល​សង្វាត ឲ្យ​បាន​ស្កប់​ស្កល់ ហើយ​ទ្រង់​ចំអែត​ព្រលឹង​ដែល​ស្រេក​ឃ្លាន ដោយ​សេចក្តី​ល្អ”(ខ.៩)។

គ្មាន​នរណា​អាច​ជៀស​ផុត​ពី​ការ​សោក​សង្រេង ឬ​ទុក្ខ​លំបាក​ឡើយ សូម្បីតែ​អ្នក​ដែល​បាន​ទទួល​ការ​ប្រោស​លោះ ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន តាមរយៈ​ការ​លះបង់​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង​ក៏ដោយ​។ ទោះជា​យ៉ាងណា​ក៏ដោយ យើង​អាច​ដក​ពិសោធន៍​ជា​មួយ​នឹង​សេចក្តី​មេត្តា​របស់​ព្រះ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ប្រើ​ទី​បន្ទាល់​របស់​យើង ដើម្បី​នាំ​អ្នក​ដទៃ​ឲ្យ​ងាក​ទៅ​រក​សេចក្តី​ស្រឡាញ់​ដ៏​ប្រោស​លោះ​របស់​ព្រះអង្គ​។—Xochitl Dixon

តើ​ព្រះអម្ចាស់​បាន​ប្រោស​ចិត្ត​ដែល​ខ្ទេច​ខ្ទាំ​របស់​អ្នក ដោយ​របៀបណា? តើ​ព្រះអង្គ​បាន​ប្រើ​រឿង​របស់​អ្នក​ដទៃ ដើម្បី​កម្សាន្ត​ចិត្ត​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រោស​ទូល​បង្គំ​ឲ្យ​ជា ហើយ​ប្រើ​ទី​បន្ទាល់​របស់​ទូល​បង្គំ ដើម្បី​នាំ​អ្នក​ដទៃ​ឲ្យ​ងាក​ទៅ​រក​សេចក្តី​ស្រឡាញ់​ដ៏​ប្រោស​លោះ​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសាយ ២៣-២៥ និង ភីលីព ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles