ម៉ាថាយ ២៣:២៣-៣៣
ដ្បិតអ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅ ឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ និងសេចក្តីហួសខ្នាតទទេ។ ម៉ាថាយ ២៣:២៥
ថ្ងៃមួយ អគ្គីភ័យបានលេបត្របាក់អាគារខ្ពស់គ្រេនហ្វេល ដែលមានកម្ពស់២៤ជាន់ នៅភាគខាងលិចនៃទីក្រុងឡុង បានបណ្តាលឲ្យមនុស្ស៧០នាក់បាត់បង់ជីវិត ក្នុងឧបទេវហេតុនៃអគ្គីភ័យអាក្រក់បំផុត ក្នុងប្រទេសអង់គ្លេស ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២មក។ តាមការស៊ើបអង្កេត បានឲ្យដឹងថា មូលហេតុចម្បងដែលបណ្តាលឲ្យមានភ្លើងឆេះរាលដាល យ៉ាងចាប់រហ័សដូចនេះ គឺដោយសារគេបានដំឡើងបន្ទះស្រោបអាគារ ដើម្បីលម្អសោភ័ណភាព នៅខាងក្រៅអាគារនោះ។ សម្ភារៈដែលគេបានប្រើស្រោបអាគារនោះ ត្រូវបានផលិតពីអាលុយមីញ៉ូមស្រោបជុំវិញស្នូលធ្វើពីជ័រផ្លាស្ទីកដែលងាយឆាបឆេះយ៉ាងខ្លាំង។
ហេតុអ្វីបានជាគេអនុញ្ញាតឲ្យសម្ភារៈដ៏គ្រោះថ្នាក់ដូចនេះ មានដាក់លក់ និងប្រើប្រាស់នៅលើអាគារ? ក្រុមហ៊ុនដែលបានលក់សម្ភារៈនោះ មិនបានបើកបង្ហាញឲ្យគេដឹងជាមុន អំពីលទ្ធផលនៃការធ្វើតេស្ដអំពីសុវត្ថិភាពរបស់សម្ភារៈដែលងាយឆាប់ឆេះឡើយ។ អ្នកទិញមានការទាក់ទាញចំពោះតម្លៃថោករបស់វា ដោយមិនបានគិតអំពីផ្លាកសញ្ញាដាស់តឿនអំពីគ្រោះថ្នាក់។ បន្ទះស្រាបអាគារនោះ មានពណ៌ទឹកប្រាក់ចែងចាំងដ៏ស្រស់ស្អាតតែសម្បកក្រៅប៉ុណ្ណោះ។
ព្រះយេស៊ូវបានមានបន្ទូលធ្ងន់ៗបំផុត សំដៅទៅលើពួកគ្រូសាសនា ដែលបានលាក់បាំងភាពពុករលួយនៅខាងក្នុង ហើយល្អតែសម្បកក្រៅ។ ព្រះអង្គមានបន្ទូលថា ពួកគេប្រៀប “ដូចជាម៉ុងខ្មោចដែលលាបស ឯខាងក្រៅល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់មុខវិញ”(ម៉ាថាយ ២៣:២៧)។ ពួកគេមិនបានដេញតាម “សេចក្តីសំខាន់ជាង ដែលនៅក្នុងក្រឹត្យវិន័យ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា នឹងសេចក្តីជំនឿ”(ខ.២៣) ដោយពួកគេផ្ដោតទៅលើសម្បកក្រៅ ដោយលាងចានលាងថាសតែខាងក្រៅ តែមិនបានលាងជម្រះភាពលោភលន់ និងសេចក្តីហួសខ្នាត នៅក្នុងចិត្តទេ(ខ.២៥)។
យើងងាយនឹងផ្ដោតទៅលើសម្រស់នៅខាងក្រៅ ជាជាងនាំបាប និងភាពប្រេះបែករបស់យើង ទៅបើកបង្ហាញនៅចំពោះព្រះ ដោយចិត្តស្មោះត្រង់។ ប៉ុន្តែ សម្បកក្រៅដែលមើលទៅស្អាត មិនអាចកាត់បន្ថយភាពស្មោកគ្រោក នៅក្នុងចិត្តដែលពុករលួយនោះទេ។ ព្រះអម្ចាស់បានត្រាស់ហៅយើង ឲ្យចូលមករកព្រះអង្គ ដើម្បីឲ្យព្រះអង្គកែប្រែយើងរាល់គ្នា ពីខាងក្នុងមកក្រៅ(១យ៉ូហាន ១:៩)។—Monica La Rose
តើអ្នកបានព្យាយាមលាក់បាំងភាពពុករលួយនៅខាងក្នុងចិត្តអ្នក នៅពេលណា? តើអ្នកអាចដាក់អាទិភាព ទៅលើការកែប្រែខាងក្នុង ដោយរបៀបណា?
ឱព្រះប្រកបដោយព្រះគុណ សូមព្រះអង្គជួយទូលបង្គំ មិនឲ្យលាក់បាំងភាពប្រេះបែករបស់ទូលបង្គំឡើយ តែអនុញ្ញាតឲ្យព្រះអង្គកែប្រែជីវិតទូលបង្គំទាំងស្រុង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសាយ ៦៥-៦៦ និង ១ធីម៉ូថេ ២