ព្រះវិញ្ញាណបរិសុទ្ធ​គង់នៅ​ជាមួយ

យ៉ូហាន ១៤:១៦,២៣-២៧

នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ១អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់នៅ​ជាមួយ នៅ​អស់​កល្ប​រៀងទៅ​។ យ៉ូហាន ១៤:១៦

នៅពេល​ដែល​អ្នក​បម្រើ​លើ​យន្តហោះ​​ ពិនិត្យ​មើល​សំបុត្រ​យន្តហោះ​របស់​អ្នក​ដំណើរ​ម្នាក់ ដែល​ត្រូវ​ធ្វើ​ដំណើរ​ពី​ទីក្រុង​ឆាឡុត រដ្ឋ​ឃែរ៉ូឡាយណា​ខាង​ជើង ទៅ​ទីក្រុង​ញូយ៉ក គាត់​ក៏បាន​ឃើញ​អ្នក​ដំណើរ​នោះ​មាន​ទឹក​មុខ​ថប់​បារម្ភ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​។ គាត់​ក៏​បាន​កាន់​ដៃ​អ្នក​ដំណើរ​នោះ នាំ​ចូល​ទៅ​កន្លែង​អង្គុយ ហើយក៏​បាន​ពន្យល់​អំពី​ដំណើរ​ការ​នៃ​ជើងហោះហើរ​នោះ ហើយក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា គាត់​នឹង​សុខ​សប្បាយ ក្នុង​ការ​ធ្វើ​ដំណើរ​។ គាត់​ប្រាប់​អ្នក​ដំណើរ​នោះ​ថា “នៅពេល​ដែល​អ្នក​ចូល​ក្នុង​​​យន្តហោះ​នេះ ពួក​ខ្ញុំ​គិត​អំពី​សុខ​ទុក្ខ​របស់​អ្នក​។ បើ​អ្នក​មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន សូម​ប្រាប់​ពួក​ខ្ញុំ​ឲ្យ​បាន​ដឹង​ថា មាន​ការ​អ្វី​ខ្លះ​ដែល​ពួក​ខ្ញុំ​អាច​ធ្វើ​សម្រាប់​អ្នក​បាន?” វត្ត​មាន​នៃ​ការ​កម្សាន្ត​ចិត្ត​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ អំពី​ការ​អ្វី​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​សម្រាប់​អ្នកជឿ​ព្រះអង្គ​។

ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​ស្ថាន​សួគ៌​វិញ​របស់​ព្រះយេស៊ូវ មាន​ភាព​ចាំបាច់ និង​មាន​ប្រយោជន៍ ក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្ស​ជាតិ​ឲ្យ​រួច​ពី​បាប ប៉ុន្តែ ការ​នេះ​ក៏​បាន​បណ្តាល​ឲ្យ​ពួក​សាវ័ក​មាន​ចិត្ត​ថប់​បារម្ភ និង​ទុក្ខ​ព្រួយ​ផង​ដែរ(យ៉ូហាន ១៤:១)។ ហេតុ​នេះ​ហើយ ព្រះអង្គ​ក៏បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​នឹង​មិន​ទុក​ពួក​គេ​ចោល ឲ្យ​បំពេញ​បេសកកម្ម​ក្នុង​លោកិយ ដោយ​ខ្លួនឯង​នោះ​ទេ​។ ព្រះអង្គ​នឹង​ចាត់​ព្រះ​វិញ្ញាណ ជា​ព្រះ​ដ៏​ជា​ជំនួយ១​អង្គ ឲ្យ​បាន​គង់នៅ​ជាមួយ​ពួកគេ​ អស់​កល្ប​រៀងទៅ(ខ.១៦)។ ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះយេស៊ូវ​ដល់​ពួកគេ ហើយ​រំឭក​ពួកគេ​អំពី​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ និង​មាន​បន្ទូល(ខ.២៦)។ ពួកគេ​នឹង​ទទួល “ការ​កម្សាន្ត​ចិត្ត” ពី​ព្រះអង្គ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក(កិច្ចការ ៩:៣១)។

ក្នុង​ជីវិត​នេះ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ជួប​ភាព​ច្របូក​ច្របល់ ដោយសារ​ការ​ថប់​បារម្ភ ការ​ភ័យ​ខ្លាច និង​ទុក្ខសោក​។ ប៉ុន្តែ ព្រះយេស៊ូវ​បាន​សន្យា​ថា ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ​តែងតែ​មាន​ព្រះ​វត្ត​មាន​គង់នៅ ដើម្បី​កម្សាន្ត​ចិត្ត​យើង​ជានិច្ច​។—Marvin Williams

តើ​ជីវិត​អ្នក​បាន​ជួប​ការ​លំបាក​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​ថប់​បារម្ភ ឬ​បាក់​ទឹក​ចិត្ត? តើ​អ្នក​អាច​ស្វែង​ព្រះ​វត្ត​មាន​នៃ​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះវិញ្ញាណបរិសុទ្ធ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ព្រះ​វិញ្ញាណ​នៃ​ការ​កម្សាន្ត​ចិត្ត និង​គំនិត​យោបល​។

Visit ODBU.org/SF120 to learn how to walk daily with the Holy Spirit through prayer.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ១-២ និង ១ធីម៉ូថេ ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles