អេសាយ ៥៨:៣-៩
តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ? អេសាយ ៥៨:៧
តំបន់ខាងកើតនៃទ្វីបអាហ្វ្រិក បានរងគ្រោះដោយសារភាពរាំងស្ងួតដ៏កាចសាហាវ អស់ជាច្រើនឆ្នាំ ដែលបានបំផ្លាញដំណាំ ធ្វើឲ្យសត្វចិញ្ចឹមស្លាប់អស់ជាច្រើនក្បាល ហើយបណ្តាលឲ្យមនុស្សរាប់លាននាក់ស្ថិតនៅក្នុងគ្រោះថ្នាក់។ ក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុត ដែលមានដូចជាប្រជាជន នៅក្នុងជំរុំជនភៀសខ្លួន ដែលបានរត់គេចពីសង្គ្រាម និងការកៀបសង្កត់ ពួកគេកំពុងតែស្ថិតក្នុងស្ថានភាពដែលកាន់តែគួរឲ្យភ័យខ្លាច។ កាលពីពេលថ្មីៗនេះ មានរបាយការណ៍មួយបានពិពណ៌នា អំពីស្ត្រីជាម្តាយវ័យក្មេងម្នាក់ ដែលបាននាំកូនង៉ែតរបស់នាងចូលមកជួបមន្ត្រីអង្គការជនភៀសខ្លួន។ ទារកនោះមានបញ្ហាខ្វះជីវជាតិធ្ងន់ធ្ងរ ដែលបានបណ្តាលឲ្យសក់ និងស្បែករបស់នាង មានសភាពស្ងួត និងផុយស្រួយយ៉ាងខ្លាំង។ នាងមិនអាចញញឹម ហើយក៏មិនអាចបរិភោគអាហារបាន។ រាងកាយដ៏តូចល្អិតរបស់នាងស្ទើរតែលែងមានពន្លឺជីវិតទៅហើយ។ អ្នកជំនាញក៏បានប្រញាប់ជួយសង្គ្រោះនាង។ អរព្រះគុណព្រះអង្គ ទោះជំរុំជនភៀសខ្លួននោះបានជួបការខ្វះខាតយ៉ាងណាក៏ដោយ គេនៅតែអាចបង្កើតទីកន្លែង សម្រាប់ផ្តល់ឲ្យនូវការសង្គ្រោះបន្ទាន់ ដើម្បីស្រោចស្រង់ជីវិតមនុស្សជាច្រើន ឲ្យរួចផុតពីសេចក្តីស្លាប់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលព្រះអម្ចាស់ត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យបញ្ចេញពន្លឺ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ នៅកន្លែងដែលមានមនុស្សជាច្រើនកំពុងស្ថិតក្នុងភាពអស់សង្ឃឹម(អេសាយ ៥៨:៨)។ នៅកន្លែងណាដែលមានមនុស្សស្រេកឃ្លាន មានជំងឺ ឬជួបការគំរាមកំហែង ព្រះអម្ចាស់ត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យនាំមុខគេ នៅក្នុងការផ្តល់ឲ្យនូវអាហារ ថ្នាំពេទ្យ និងសុវត្ថិភាពដល់ពួកគេ ដោយនូវព្រះនាមព្រះយេស៊ូវ។ ហោរាអេសាយបានស្តីបន្ទោសប្រជាជនអ៊ីស្រាអែលនៅគ្រាសញ្ញាចាស់ ដោយសារពួកគេគិតស្មានថា ខ្លួនមានចិត្តស្មោះត្រង់ នៅក្នុងការអធិស្ឋាន និងតមអត់ តែទន្ទឹមនឹងនោះ ពួកគេមិនអើពើចំពោះកិច្ចការមនុស្សធម៌ ដែលមានដូចជា ការចែកអាហារដល់អ្នកអត់ឃ្លាន ការផ្តល់ឲ្យជម្រកដល់ជនអនាថា និងសំលៀកបំពាក់ដល់អ្នកដែលគ្មានសំលៀកបំពាក់(ខ.៧)។
ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកស្រេកឃ្លានទាំងឡាយ ទទួលអាហារទាំងខាងរូបកាយ និងវិញ្ញាណ។ ហើយព្រះអង្គធ្វើការក្នុងចិត្តយើង ហើយធ្វើការតាមរយៈយើង ដើម្បីបំពេញតម្រូវការពួកគេ។—Winn Collier
តើអ្នកសង្កេតឃើញមនុស្សនៅក្បែរអ្នក កំពុងមានការស្រេកឃ្លានប្រភេទណាខ្លះ? តើព្រះអម្ចាស់កំពុងត្រាស់ហៅអ្នកឲ្យផ្តល់ជំនួយដល់ពួកគេដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យបានរួមចំណែក នៅក្នុងការនាំអាហារ សេចក្តីស្រឡាញ់ និងការកម្សាន្តចិត្តដល់អ្នកដែលកំពុងស្រេកឃ្លាន និងពិបាកចិត្ត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ៣-៥ និង ១ធីម៉ូថេ ៤