មាន​ក្តី​សង្ឃឹម​ក្នុង​ព្រះ

២កូរិនថូស ៥:១-១០

ហេតុ​នោះ​បានជា​យើង​ខ្ញុំ​សង្វាត ឲ្យ​បាន​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់ ទោះ​នៅ​ក្នុង​រូបកាយ ឬ​ឃ្លាត​ពី​រូប​កាយ​ក្តី​។ ២កូរិនថូស ៥:៩

យេរេមី(Jeremy) មិន​បាន​ដឹង​ទេ​ថា គាត់​នឹង​ជួប​រឿង​អ្វី​ខ្លះ ពេល​ដែល​គាត់​ធ្វើ​ដំណើរ​មក​ដល់​សកលវិទ្យាល័យ ដើម្បី​រៀន​ក្នុង​វគ្គ​សិក្សា​ដែល​មាន​រយៈ​ពេល៣ឆ្នាំ ហើយ​សុំ​កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត ដែល​មាន​ថ្លៃ​បន្ទប់​ថោក​បំផុត​។ គាត់​បាន​នឹក​ចាំ​ថា កាល​នោះ គាត់​រកបាន​បន្ទប់​ស្នាក់​នៅ​មួយ ដែល​មិន​គួរ​ឲ្យ​ចង់​ស្នាក់​នៅ ហើយ​បន្ទប់​ទឹក​ក៏​មាន​សភាព​គគ្រិច​យ៉ាង​ខ្លាំង។ គាត់​ថា អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​នោះ គឺ​ត្រូវ​គិតថា គាត់​មាន​កន្លែង​ស្នាក់​នៅ​ដ៏​ល្អ​មួយ ក្នុង​អំឡុង​ពេល​នៃ​ការ​សិក្សា​រយៈ​ពេល៣ឆ្នាំ ដូច​នេះ គាត់​នឹង​បន្ត​រស់នៅ​ទីនោះ ហើយ​ប្រឹង​ប្រែង​រៀន​សូត្រ​អស់ពី​លទ្ធ​ភាព​។

រឿង​របស់​យេរេមី បាន​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​ប្រឈម ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ ក្នុង “ត្រសាល​ជាទី​លំនៅ​របស់​យើង នៅ​លើ​ផែនដី” ដែល​ជា​រូបកាយ​របស់​យើង​ម្នាក់​ៗ ដែល​នឹង​ស្លាប់​នៅ​ថ្ងៃ​ណាមួយ(២កូរិនថូស ៥:១) ដែល​កំពុង​មាន​ដំណើរ​ទៅមុខ ក្នុង​លោកិយ​ដែល​នឹង​ទៅដល់​ចុង​បញ្ចប់(១យ៉ូហាន ២:១៧)។ ដូច​នេះ យើង “ថ្ងូរ​មែន ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់” (២កូរិនថូស ៥:៤) ខណៈ​ពេល​ដែល​យើង​ប្រឈម​មុខ​ដាក់​ការ​លំបាក​ជា​ច្រើន ក្នុង​ការ​រស់នៅ​។

យើង​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន ដោយសារ​យើង​មាន​សង្ឃឹមថា ថ្ងៃ​ណាមួយ យើង​នឹង​មាន​ជីវិត​អស់​កល្ប ក្នុង​រូបកាយ​ដែល​នឹង​រស់​ឡើង​វិញ នៅ​ស្ថាន​សួគ៌(ខ.៤) ហើយ​រស់នៅ​ក្នុង​ផែនដី​ថ្មី ដែល​មិន​មាន​ការ​ទួញ​ថ្ងូរ និង​ការ​ឈឺ​ចាប់​ឡើយ(រ៉ូម ៨:១៩-២២)។ ក្តី​សង្ឃឹម​នេះ​ជួយ​ឲ្យ​យើង​រស់នៅ​ ឲ្យ​មាន​ប្រយោជន៍​បំផុត ក្នុង​ជីវិត​នៅ​ពេល​បច្ចុប្បន្ន ដែល​ព្រះអម្ចាស់​បាន​ប្រទាន​។ ព្រះអង្គ​ក៏​នឹង​ជួយ​យើង​ឲ្យ​ប្រើ​ធនធាន និង​អំណោយ​ទាន​ដែល​ព្រះអង្គ​បាន​ប្រទាន​យើង ដើម្បី​ឲ្យ​យើង​បាន​បម្រើ​ព្រះអង្គ និង​អ្នក​ដទៃ​។ “ហេតុ​នោះ​បានជា​យើង​ខ្ញុំ​សង្វាត ឲ្យ​បាន​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់ ទោះ​នៅ​ក្នុង​រូបកាយ ឬ​ឃ្លាត​ពី​រូប​កាយ​ក្តី”(២កូរិនថូស ៥:៩)។—Leslie Koh

រៀង​រាល់​ពេល​អ្នក​ក្រោក​ពី​ដំណេក​នៅពេល​ព្រឹក តើ​អ្នក​អាច​រំឭក​អ្នក​ដូច​ម្តេច​ខ្លះ អំពី​ក្តី​សង្ឃឹម ដែល​អ្នក​មាន ដោយសារ​ព្រះអង្គ?
តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ដូច​ម្តេច​ខ្លះ ឲ្យ​មាន​ក្តី​សង្ឃឹម​នេះ​ដែរ?

ឱ​ព្រះវរបិតា ទូល​បង្គំ​ទន្ទឹង​រង់​ចាំ​ពេល​ដែល​ទូល​បង្គំ នឹង​បាន​ទៅ​រស់នៅ​ជាមួយ​ព្រះអង្គ ក្នុង​ផ្ទះ​នៅ​ស្ថាន​សួគ៌​។
ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ព្រះបន្ទូល​សន្យា និង​កម្លាំង ដែល​ក្តី​សង្ឃឹម​នេះ​បាន​ផ្តល់​ឲ្យ​ទូល​បង្គំ​ជា​រៀង​រាល់​ថ្ងៃ​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ៩-១១ និង ១ធីម៉ូថេ ៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles