លោកុប្បត្តិ ៣៣:១-១១
អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់។ លោកុប្បត្តិ ៣៣:៤
កាលខ្ញុំរៀននៅមហាវិទ្យាល័យ ខ្ញុំបានសិក្សាអំពីស្នាដៃនិពន្ធរបស់លោក លោកវីលៀម សេកស្ពៀរ(William Shakespeare) បានមួយឆមាស។ គ្រូបានតម្រូវឲ្យសិស្សម្នាក់មានសៀវភៅធំមួយក្បាល ដែលផ្ទុកទៅដោយសំណេរទាំងអស់ដែលលោកសេកស្ពៀរបាននិពន្ធ។ សៀវភៅនោះធំមានទម្ងន់បួនប្រាំគីឡូ ហើយខ្ញុំត្រូវស្ពាយវាក្នុងការបូបអស់ជាច្រើនម៉ោង រៀងរាល់ពេលខ្ញុំទៅរៀន។ ការស្ពាយកាបូបធ្ងន់យ៉ាងនេះជាប្រចាំ បានធ្វើឲ្យខ្ញុំឈឺខ្នង ហើយទីបំផុត ខ្សែកាបូបស្ពាយក៏បានដាច់។
របស់ខ្លះមានទម្ងន់ធ្ងន់ពេក មិនអាចឲ្យយើងស្ពាយ ឬលីសែងបាន។ ឧទាហរណ៍ បន្ទុកផ្លូវអារម្មណ៍ដ៏ឈឺចាប់ពីអតីតកាល អាចសង្កត់ពីលើយើង ដោយភាពល្វីងជូរចត់ និងសេចក្តីសម្អប់។ ប៉ុន្តែ ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងមានសេរីភាពរួចផុតពីបន្ទុកនោះ តាមរយៈការអត់ទោសឲ្យអ្នកដទៃ ហើយផ្សះផ្សាជាមួយពួកគេ បើសិនជាអាច(កូល៉ុស ៣:១៣)។ ការឈឺចាប់បានចាក់ទំលុះចិត្តយើងកាន់តែជ្រៅប៉ុណ្ណា នោះយើងក៏ត្រូវចំណាយពេលកាន់តែច្រើន ទំរាំតែអាចរួចពីបន្ទុក។ តែយើងមិនគួរថប់បារម្ភពីរឿងនេះទេ។ លោកអេសាវ បានចំណាយពេលជាច្រើនឆ្នាំទំរាំតែអាចអត់ទោសឲ្យលោកយ៉ាកុប ដែលបានលួចសិទ្ធិ និងព្រះពរសម្រាប់បងច្បង(លោកុប្បត្តិ ២៧:៣៦)។
នៅពេលដែលអ្នកទាំងពីរជួបជុំគ្នា លោកអេសាវក៏បានអត់ឱនទោសឲ្យប្អូនប្រុសគាត់ ហើយថែមទាំងឱបប្អូនប្រុសគាត់ទៀតផង(៣៣:៤)។ ពួកគេបានស្រក់ទឹកភ្នែក មុននឹងនិយាយរកគ្នាឡើងវិញ។ លោកអេសាវបានចងគំនុំនឹងលោកយ៉ាកុបអស់ជាច្រើនឆ្នាំ ទំរាំតែអាចលះបង់ចោលសេចក្តីកំហឹង ដែលបានធ្វើឲ្យគាត់មានចិត្តចង់សម្លាប់ប្អូនខ្លួនឯង(២៧:៤១)។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនោះ លោកយ៉ាកុបក៏មានឱកាសមើលឃើញទំហំនៃកំហុស ដែលគាត់បានធ្វើមកលើបងប្រុសគាត់ផងដែរ។ គាត់បានបន្ទាបខ្លួន ហើយក៏មានការគោរពចំពោះបងប្រុសគាត់ នៅក្នុងអំឡុងពេលជួបជុំគ្នានោះ(៣៣:៨-១១)។
នៅចុងបញ្ចប់ បងប្អូនទាំងពីរបាន ទៅដល់ចំណុចមួយ ដែលពួកគេមិនបានទាមទារអ្វីទាំងអស់ពីគ្នា(ខ.៩,១៥)។ គឺល្មមនឹងឲ្យពួកគេអត់ទោស និងទទួលការអត់ទោស ហើយបន្តដំណើរទៅមុខទៀត ដោយរួចផុតពីបន្ទុកដ៏ធ្ងន់នៃអតីតកាល។—Jennifer Benson Schuldt
តើមានកំហុសអ្វីដែលអ្នកពិបាកអត់ទោសឲ្យបំផុត? តើការអត់ទោសឲ្យអ្នកដទៃ
បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដែលអ្នកមានជាមួយព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គរំដោះទូលបង្គំឲ្យរួចពីភាពជូរល្វីង និងកំហឹង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ១៥-១៧ និង ២ធីម៉ូថេ ២