ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក

លូកា ២២:៦៣-៦៥ និង ២៣:៣២-៣៨

ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យពរ​ដល់​អ្នកណា​ដែល​ប្រទេច​ផ្តាសា​។ ម៉ាថាយ ៥:៤៤

ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើកទី២ លោក​លីន វេស្តុន(Lynne Weston) ជា​ពេទ្យ​ទាហាន ក្នុង​ជួរ​កងទ័ព​ជើង​ទឹក​អាមេរិក​បាន​ជិះ​ទូក​ទៅ​កាន់​ឆ្នេរ​សមុទ្រ​ជាមួយ​កងទ័ព​ជើង​ទឹក ខណៈ​ពេល​ដែល​ពួក​គេ​វាយលុក​ប្រជុំកោះ​ដែល​កងទ័ព​សត្រូវ​កំពុង​កាន់​កាប់​។ នៅពេល​នោះ ការ​របួស និង​ការ​ស្លាប់​របស់​ទាហាន​ដ៏​គួរ​ឲ្យ​តក់ស្លុត គឺជា​រឿង​ដែល​ជៀស​មិន​រួច​នៅ​ក្នុង​សង្គ្រាម​។ គាត់​បាន​ព្យាយាម​អស់ពី​លទ្ធ​ភាព ដើម្បី​រុំ​របួស​ឲ្យ​ទាហាន​ដែល​មាន​របួស ដើម្បី​ឲ្យ​គេ​សែង​ពួក​គេ​ចេញ​ពី​សមរ​ភូមិ​។ មាន​ពេល​មួយ​នោះ កងពល​របស់​គាត់​បាន​ប្រទះ​ឃើញ​ទាហាន​សត្រូវ​ម្នាក់ កំពុង​មាន​របួស​នៅ​ត្រង់​ពោះ​ធ្ងន់ធ្ងរ​។ ដោយសារ​ភាព​ធ្ងន់ធ្ងរ​នៃ​របួស​នោះ គាត់​មិន​អាច​ឲ្យ​ទាហាន​នោះ​ផឹក​ទឹក​បានទេ​។ ដើម្បី​ជួយ​ទាហាន​នោះ​ឲ្យ​នៅ​មាន​ជីវិត ពេទ្យ​ទាហាន​រូប​នោះ​ក៏បាន​ចាក់​ថ្នាំ​ប្លា​ស្មា​ចូល​ទៅ​ក្នុង​សរសៃឈាម​របស់​គាត់​។

ក្នុង​ចំណោម​ទាហាន​ជើង​ទឹក​ទាំង​នោះ មាន​ម្នាក់​បាន​ស្រែក​ប្រាប់​គាត់ កុំ​ឲ្យ​ចាក់​ថ្នាំ​ឲ្យ​សត្រូវ តែ​ឲ្យ​ទុក​ថ្នាំ​ចាក់​នោះ សម្រាប់​មិត្ត​រួម​អាវុធ​របស់​ពួកគេ​វិញ​។ តែ​ពេទ្យ​ទាហាន​ដែល​មាន​ក្តី​អាណិត មិន​បាន​ស្តាប់​តាម​ពាក្យ​សម្តី​នេះ​ទេ​។ គាត់​បាន​ចាំ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ដែល​បាន​បង្គាប់​ឲ្យ​គាត់​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​គាត់(ម៉ាថាយ ៥:៤៤)។

ព្រះយេស៊ូវ​មិន​គ្រាន់តែ​បាន​មាន​បន្ទូល​បង្គាប់​ដូច​នេះ​ទេ តែ​ព្រះអង្គ​ក៏​បាន​អនុវត្តន៍​ដោយ​ផ្ទាល់​ផង​ដែរ​។ កាល​ហ្វូង​មនុស្ស​បាន​ចាប់​ព្រះ​កាយ​ព្រះអង្គ នាំ​ទៅ​ជួប​សម្តេច​សង្ឃ ពួក​អ្នកយាម​ព្រះអង្គ គេ​ចំអក​ឲ្យ ហើយ​វាយ​ព្រះអង្គ(លូកា ២២:៦៣)។ ការ​វាយដំ និង​ជេរ​ប្រមាថ​នេះ​បាន​បន្ត​មាន ក្នុង​ការ​កាត់​ទោស​ដ៏​អយុត្តិធម៌​នោះ រហូត​ដល់​ពេល​ដែលគេ​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ​។ ព្រះយេស៊ូវ​មិន​គ្រាន់តែ​បាន​ស៊ូ​ទ្រាំ​ប៉ុណ្ណោះ​ទេ​។ នៅពេល​ដែល​ពួក​ទាហាន​រ៉ូម៉ាំង​ឆ្កាង​ព្រះអង្គ ព្រះអង្គ​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះវរបិតា​អត់​ទោស​ឲ្យ​ពួកគេ(២៣:៣៤)។

យើង​ប្រហែល​មិន​ដែល​ជួប​ខ្មាំង​សត្រូវ​ជា​មនុស្ស ដែល​ព្យាយាម​សម្លាប់​យើង​នោះ​ទេ​។ ប៉ុន្តែ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​យល់​អំពី​អារម្មណ៍ នៅពេល​ដែល​ពួក​គេ​អត់​ទ្រាំ​នឹង​ការ​ចំអក និង​ជេរ​ប្រមាថ​។ តាម​ធម្មតា យើង​ចង់​ឆ្លើយតប​ទាំង​កំហឹង តាម​និស្ស័យ​សាច់ឈាម​របស់​យើង​។ ប៉ុន្តែ ព្រះយេស៊ូវ​បាន​ឲ្យ​យើង​ធ្វើ​ផ្ទុយពី​នេះ ដោយ​បង្គាប់​យើង​ឲ្យ​អធិស្ឋាន​ឲ្យ​អ្នក​បៀតបៀន​យើង(ម៉ាថាយ ៥:៤៤)។

នៅ​ថ្ងៃ​នេះ ចូរ​យើង​ដើរ​ក្នុង​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ ដោយ​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស តាម​គំរូ​ព្រះយេស៊ូវ សូម្បីតែ​ចំពោះ​ខ្មាំង​សត្រូវ​របស់​យើង​ក៏ដោយ​។—Tim Gustafson

តើ​អ្នក​ឆ្លើយតប​ដូច​ម្តេច​ខ្លះ ចំពោះ​អ្នក​ដែល​ស្អប់ ឬ​យល់​ច្រឡំ​ចំពោះ​អ្នក? តើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ឆ្លើយតប ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដូច​ដែល​ព្រះ​អង្គ​ស្រឡាញ់​ទូល​បង្គំ​។

Heavenly Father, please help me love others the way You love me.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ៥០ និង ហេព្រើរ ៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles