ទំនុកដំកើង ១៣៩:១-១០
ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង។ ទំនុកដំកើង ១៣៩:១
កាលប្អូនស្រីរបស់ខ្ញុំរកឃើញសៀវភៅរឿងមួយក្បាល ដែលយើងធ្លាប់អានកាលពីក្មេង ម្តាយរបស់ខ្ញុំមានចិត្តរីករាយណាស់។ សព្វថ្ងៃនេះ គាត់ស្ថិតក្នុងវ័យ៧០ឆ្នាំហើយ។ គាត់នៅចាំជាលម្អិត អំពីរឿងសត្វខ្លាឃ្មុំ ដែលបានលួចសំណុំទឹកឃ្មុំ ហើយត្រូវសត្វឃ្មុំទាំងហ្វូងដេញទិចវា ទាំងកំហឹង។ គាត់ក៏បានចាំថា ខ្ញុំនិងប្អូនស្រីខ្ញុំបានអស់សំណើច នៅពេលដែលយើងរំពឹងថា សត្វខ្លាឃ្មុំនោះនឹងរត់គេច។ ខ្ញុំក៏បានប្រាប់ម្តាយខ្ញុំថា “កូនអរគុណម៉ាក់ ដែលបាននិទានរឿងឲ្យកូនៗស្តាប់ កាលពីក្មេង”។ គាត់បានដឹងអំពីរឿងរបស់ខ្ញុំទាំងស្រុង ដែលរាប់បញ្ចូលទាំងលក្ខណៈសម្បត្តិរបស់ខ្ញុំ កាលខ្ញុំនៅក្មេង។ សព្វថ្ងៃនេះ ខ្ញុំជាមនុស្សពេញវ័យហើយ តែគាត់នៅតែដឹង ហើយយល់ចិត្តខ្ញុំ។
ព្រះអម្ចាស់ក៏ស្គាល់យើងដែរ ហើយគ្មានមនុស្សណាម្នាក់ស្គាល់យើងច្បាស់ជាងព្រះអង្គឡើយ សូម្បីតែយើងក៏មិនស្គាល់ខ្លួនឯងច្បាស់ជាងព្រះអង្គដែរ។ ស្តេចដាវីឌមានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល
ហើយបានស្គាល់ទូលបង្គំផង” (ទំនុកដំកើង ១៣៩:១)។ ព្រះអង្គបានពិនិត្យមើល និងយល់អំពីយើងគ្មានកន្លែងចន្លោះ ដោយសេចក្តីស្រឡាញ់។ ព្រះអង្គជ្រាបអំពីគំនិតយើង ដោយយល់អំពីហេតុផល នៅពីក្រោយពាក្យសម្តី និងអត្ថន័យនៃពាក្យសម្តីដែលយើងបាននិយាយ(ខ.២,៤)។ ព្រះអង្គជ្រាបជាលម្អិតថា យើងជានរណា ហេតុនេះហើយព្រះអង្គអាចជួយយើងបាន(ខ.២-៥)។ គ្មាននរណាស្គាល់យើងច្បាស់ជាងព្រះអង្គស្គាល់យើងឡើយ តែព្រះអង្គមិនបានបណ្តេញយើងដោយសេចក្តីសម្អប់ តែបានឈោងមករកយើង ដោយសេចក្តីស្រឡាញ់ និងប្រាជ្ញារបស់ព្រះអង្គ។
ពេលណាយើងមានអារម្មណ៍ឯកោ គេមើលរំលងយើង ឬភ្លេចយើង យើងអាចមានទំនុកចិត្ត ផ្អែកទៅលើសេចក្តីពិតដែលថា ព្រះអង្គតែងតែគង់នៅក្បែរយើង ទតឃើញយើង និងជ្រាបអំពីយើងជានិច្ច(ខ.៧-១០)។ ព្រះអង្គជ្រាបអំពីយើងគ្រប់ជ្រុងជ្រោយ ដែលអ្នកដទៃមិនអាចដឹងបាន។ បានជាយើងអាចបន្លឺសម្លេងឡើង ដោយទំនុកចិត្តដូចស្តេចដាវីឌថា “ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង … គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ”(ខ.១,១០)។—Karen Huang
តើអ្នកទទួលបានការលើកទឹកចិត្តប៉ុណ្ណា ពីព្រះដែលមានប្រាជ្ញា និងសេចក្តីស្រឡាញ់ ដែលស្គាល់អ្នកយ៉ាងច្បាស់? តើអ្នកអាចចែកចាយអំពីព្រះវត្តមាននៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកដទៃដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ព្រះអង្គស្គាល់ទូលបង្គំច្បាស់ ហើយគ្មាននរណាស្គាល់ទូលបង្គំច្បាស់ដូចព្រះអង្គទេ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គខ្លាំងណាស់ ដែលបានដាក់ព្រះហស្តនៅលើជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសេគាល ៤៥-៤៦ និង ១យ៉ូហាន ២