ការ​អធិស្ឋាន​សូម​ព្រះទ័យ​ព្រះអង្គ​បាន​សម្រេច

លូកា ២២:៤១-៤៤

ឱ​ព្រះវរបិតា​អើយ បើសិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាមតែ​ព្រះហឫទ័យ​ទ្រង់​វិញ​។ លូកា ២២:៤២

កាល​ខ្ញុំ​ទើប​ទទួល​ជឿ​ព្រះយេស៊ូវ មាន​ពេល​មួយ ខ្ញុំ​បាន​បើក​មើល​ព្រះ​គម្ពីរប៊ីប​សម្រាប់​សិក្សា​ប្រចាំ​ថ្ងៃ ហើយ​ក៏​បាន​អាន​ចំ​ខ​គម្ពីរ​ដែល​ខ្ញុំ​ធ្លាប់​បានឮ​កាល​ពី​មុន​មក​ថា “ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក”(ម៉ាថាយ ៧:៧)។ អត្ថបទ​ពន្យល់ ក្នុង​ព្រះ​គម្ពីរ​នោះ​បាន​បក​ស្រាយ​ថា អ្វី​ដែល​យើង​ពិត​ជា​គួរ​តែ​ទូល​សូម​ព្រះ គឺ​ត្រូវ​សូម​ឲ្យ​ចិត្ត​របស់​យើង មាន​ភាព​សម​ស្រប​នឹង​បំណង​ព្រះទ័យ​ព្រះអង្គ​។ ពេលណា​យើ        ង​ព្យាយាម​ទូល​សូម​តាម​បំណង​ព្រះទ័យ​ព្រះអង្គ យើង​អាច​ទុក​ចិត្ត​ថា យើង​នឹង​ទទួល​បាន​អ្វី​ដែល​យើង​បាន​ទូល​សូម​នោះ​។ កាល​នោះ ការ​បង្រៀន​នេះ​ហាក់​ដូចជា​ថ្មី​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​អធិស្ឋាន​សូម​បំណង​ព្រះទ័យ​ព្រះ​បាន​សម្រេច ក្នុង​ជីវិត​ខ្ញុំ​។

ក្រោយមក នៅ​ថ្ងៃ​ដដែល​នោះ ខ្ញុំ​មាន​ចិត្ត​រំភើប​ដោយ​ការ​ភ្ញាក់​ផ្អើល ចំពោះ​ឱកាស​ការងារ​មួយ ដែល​ខ្ញុំ​បាន​បដិសេធន៍​នៅ​ក្នុង​គំនិត​ខ្ញុំ​រួច​ទៅ​ហើយ ហើយ​ខ្ញុំ​ក៏បាន​នឹក​ចាំ​អំពី​ការ​អធិស្ឋាន​របស់​ខ្ញុំ​។ អ្វី​ដែល​ខ្ញុំ​មិន​បាន​គិតថា​ខ្ញុំ​ចង់​បាន តាម​ពិត វា​ប្រហែល​ជា​ផ្នែក​មួយ​នៃ​បំណង​ព្រះទ័យ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ជីវិត​ខ្ញុំ​។ ដូច​នេះ ខ្ញុំ​ក៏​បាន​បន្ត​អធិស្ឋាន ហើយ​ទី​បំផុត​ក៏​បាន​ទទួលយក​ការងារ​នោះ​។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ សម្រាប់​យើង នៅ​ក្នុង​ពេល​ដែល​សំខាន់​ជាង ដ៏​អស់​កល្ប​ជានិច្ច​។ មុន​ពេល​គេ​ក្បត់​ព្រះអង្គ ហើយ​ព្រះអង្គ​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​យក​ទៅ​ឆ្កាង ព្រះ​អង្គ​បាន​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​អើយ បើសិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាមតែ​ព្រះហឫទ័យ​ទ្រង់​វិញ”(លូកា ២២:៤១)។ ការ​អធិស្ឋាន​របស់​ព្រះគ្រីស្ទ​មាន​ពេញ​ទៅ​ដោយ​ភាព​តានតឹង​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​ព្រះអង្គ​ប្រឈម​មុខ​ដាក់​ការ​ឈឺ​ចាប់ ខាង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍(ខ.៤៤)។ តែ​ព្រះអង្គ​នៅតែ​អាច​អធិស្ឋាន​អស់​ពី​ព្រះហឫទ័យ​ថា សូម​បំណង​ព្រះទ័យ​ព្រះ​វរបិតា​បាន​សម្រេច​។

ការ​អធិស្ឋាន​សូម​បំណង​ព្រះទ័យ​ព្រះអង្គ បាន​សម្រេច​ក្នុង​ជីវិត​ខ្ញុំ បាន​ក្លាយ​ជា​ការ​អធិស្ឋាន​សំខាន់​បំផុត​របស់​ខ្ញុំ​។ បាន​សេចក្តី​ថា ខ្ញុំ​ប្រហែល​ជា​ចង់​បាន​អ្វី​ដែល​ខ្ញុំ​មិន​ដឹង​ថា ខ្លួនឯង​ពិតជា​ចង់​បាន ឬ​ត្រូវ​ការ​។ ការងារ​ដែល​ខ្ញុំ​មិន​ចង់​បាន​ពី​ដំបូង បាន​ក្លាយ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ ក្នុង​ការងារ​បោះពុម្ព​ផ្សាយ​សៀវភៅ​គ្រីស្ទបរិស័ទ​។ ពេល​ខ្ញុំ​ក្រឡេកមក​ក្រោយ​វិញ ខ្ញុំ​ជឿ​ថា បំណង​ព្រះទ័យ​ព្រះ​សម្រាប់​ជីវិត​ខ្ញុំ ​បាន​សម្រេច​នៅ​ក្នុង​រឿង​មួយ​នេះ​ហើយ​។—Katara Patton

តើ​អ្នក​មាន​អ្វី​នៅ​ក្នុង​ចិត្ត ដែល​អ្នក​ចង់​អធិស្ឋាន? តើ​អ្នក​ជឿ​ថា ព្រះអម្ចាស់​កំពុង​ត្រាស់ហៅ​អ្នក​ឲ្យ​ធ្វើ​កិច្ចការ​អ្វី?

ឱ​ព្រះវរបិតា ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ដឹក​នាំ​ទូល​បង្គំ ឲ្យ​ធ្វើ​តាម​បំណង​ព្រះទ័យ​ព្រះអង្គ​។

Visit ODBU.org/SF010 to learn how to discern and follow God’s calling in your life.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ដានីយ៉ែល ១-២ និង ១យ៉ូហាន ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles