ជីវិត​ថ្មី​ក្នុង​ព្រះយេស៊ូវ

កិច្ចការ ២:២៩-៣៩

ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ដោយនូវ​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប​។ កិច្ចការ ២:៣៨

លោក​បាហ៊ា(Baheer) និង​លោក​មេឌែត(Medet) បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​តំបន់​អាស៊ី​កណ្តាល ហើយក៏​បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​។ ប៉ុន្តែ នៅពេល​ដែល​លោក​បាហ៊ា​ក្លាយ​ជា​អ្នកជឿ​ព្រះយេស៊ូវ អ្វីៗ​មាន​ការ​ផ្លាស់​ប្តូរ​។ បន្ទាប់ពី​លោក​មេឌែត​បាន​រាយ​ការណ៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ចាប់​ខ្លួន​លោក​បាហ៊ា គាត់​បាន​ទទួលរង​ទារុណកម្ម យ៉ាង​ឈឺ​ចាប់​បំផុត​។ អ្នកយាមគុក​បាន​ស្រែក​គំរាម​គាត់ ឲ្យ​បិទ​មាត់​ឈប់​និយាយ​អំពី​ព្រះ​នាម​ព្រះយេស៊ូវ​ទៀត​។ ទោះ​លោក​បាហ៊ា​បាន​ប្រឡាក់ឈាម​ពេញ​ខ្លួន​ខ្លាំង​យ៉ាងណា​ក៏ដោយ ក៏​គាត់​នៅតែ​អាច​និយាយ​ថា ពួកគេ​អាច​បំបិទ​សិទ្ធិ​គាត់​មិន​ឲ្យ​និយាយ​អំពី​ព្រះគ្រីស្ទ តែ​ពួកគេ​មិន​អាច​កែ​ប្រែ​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ក្នុង​ចិត្ត​គាត់​បានទេ​។

ពាក្យ​សម្តី​ទាំង​នោះ​នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​លោក​មេឌែត​។ ប៉ុន្មាន​ខែ​ក្រោយមក បន្ទាប់ពី​គាត់​មាន​ជំងឺ និង​ជួប​ការ​បាត់បង់ គាត់​ក៏បាន​ធ្វើ​ដំណើរ​ស្វែងរក​លោក​បាហ៊ា ដែល​គេ​បាន​ដោះ​លែង​ចេញ​ពី​គុក​។ គាត់​បាន​ងាក​បែរ​ចេញពី​អំនួត​របស់​គាត់ ហើយ​ក៏​បាន​សុំ​ឲ្យ​លោក​បាហ៊ា​ជា​អតីត​មិត្ត​ភក្តិ​ម្នាក់ ​ចែក​ចាយ​អំពី​ព្រះយេស៊ូវ ឲ្យ​គាត់​បាន​ស្គាល់​ព្រះអង្គ​។

លោក​មេឌែត​បាន​ធ្វើ​តាម​ការ​បណ្តាល​ចិត្ត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដូច​ពួក​អ្នក​ដែល​បាន​ជួប​ជុំ​គ្នា នៅ​ជុំវិញ​សាវ័ក​ពេត្រុស នៅ​ថ្ងៃ​បុណ្យទី៥០ ដែល​មាន “ការ​ចាក់ចុច​នៅ​ក្នុង​ចិត្ត” ពេល​ដែល​ពួកគេ​បាន​ដក​ពិសោធន៍​ជាមួយ​ព្រះ​វត្ត​មាន​នៃ​ការ​ចាក់​បង្ហូរ​ព្រះគុណ​របស់​ព្រះ ហើយ​បានឮ​សាវ័ក​ពេត្រុស​ធ្វើ​បន្ទាល់​អំពី​ព្រះគ្រីស្ទ(កិច្ចការ ២:៣៧)។ សាវ័ក​ពេត្រុស​ក៏បាន​អំពាវនាវ​ពួកគេ​ឲ្យ​ប្រែ​ចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយនូវ​ព្រះ​នាម​ព្រះយេស៊ូវ ហើយ​មនុស្ស​ប្រហែល៣ពាន់​នាក់​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​នៅពេល​នោះ​។ គឺ​ដូច​ដែល​ពួកគេ​បាន​លះចោល​ផ្លូវ​នៃ​ជីវិត​ចាស់​ជា​យ៉ាងណា នោះ​លោក​មេឌែត​ក៏បាន​ប្រែ​ចិត្ត និង​ដើរ​តាម​ព្រះ​អង្គ​សង្គ្រោះ​ផង​ដែរ​។

អំណោយ​នៃ​ជីវិត​ថ្មី​ក្នុង​ព្រះយេស៊ូវ មាន​សម្រាប់​មនុស្ស​ម្នាក់ៗ ដែល​ជឿ​ព្រះអង្គ​។ ទោះ​យើង​បាន​ធ្វើ​អ្វី​ក៏ដោយ យើង​អាច​ទទួល​ការ​អត់​ទោស​បាប ដោយ​អំណរ ពេលណា​យើង​ទទួល​ជឿ​ព្រះអង្គ​។—Amy Boucher Pye

តើ​អ្នក​គិតថា លោក​បាហ៊ា​មាន​អារម្មណ៍​យ៉ាងណា ពេល​ដែល​លោក​ម៉ាដេឌ​សុំ​ឲ្យ​គាត់​ចែក​ចាយ​អំពី​ព្រះយេស៊ូវ
ឲ្យ​គាត់​បាន​ស្គាល់​ព្រះអង្គ? តើ​ទំនាក់​ទំនងជា​មួយ​ព្រះអង្គ ជួយ​យើង ក្នុង​ពេល​មាន​ទុក្ខ​លំបាក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​យេស៊ូវ​ដែល​ជួយ​សង្គ្រោះ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ហើយ​ប្រទាន​ជីវិត​ថ្មី​។ ទូល​បង្គំ​សូម​ជឿ​ព្រះអង្គ​អស់ពី​ចិត្ត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ដានីយ៉ែល ៨-១០ និង ២យ៉ូហាន

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles