អំណោយ​ដែល​ល្អ​ឥត​ខ្ចោះ

កិច្ចការ ៣:១-១០

ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​។ កិច្ចការ ៣:៦

កាល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​បេសកកម្ម​រយៈ​ពេល​ខ្លី ទៅ​ប្រទេស​ពេរូ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ មាន​យុវជន​ម្នាក់​បាន​សុំ​លុយ​ខ្ញុំ​។ ដើម្បី​សុវត្ថិភាព ក្រុម​ការងារ​របស់​ខ្ញុំ​បាន​ទទួល​ការ​ណែនាំ​ថា បើ​មាន​នរណា​ម្នាក់​សុំ​លុយ​យើង យើង​មិន​ត្រូវ​ឲ្យ​លុយ​គាត់​ទេ ដូច​នេះ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ឲ្យ​លុយ​គាត់​បាន? បន្ទាប់មក ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ការ​ឆ្លើយតប​ពី​សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន ចំពោះ​ជន​ពិការ​ជើង​ម្នាក់ ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក៣​។ ខ្ញុំ​ក៏បាន​ពន្យល់​គាត់​ថា ខ្ញុំ​មិន​អាច​ឲ្យ​ប្រាក់​ដល់​គាត់​បានទេ ប៉ុន្តែ ខ្ញុំ​អាច​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដល់​គាត់​។ ពេល​គាត់​ប្រាប់​យើង​ថា គាត់​ជា​ក្មេង​កំព្រា ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ព្រះអម្ចាស់​ចង់​ធ្វើ​ជា​ឪពុក​របស់​គាត់​។ ការ​នេះ​បាន​នាំ​ឲ្យ​គាត់​ប៉ះ​ពាល់​ចិត្ត​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​។ ខ្ញុំ​ក៏បាន​ប្រាប់​សមាជិក​ពួក​ជំនុំ​ក្នុង​តំបន់​ដែល​បាន​ទទួល​យើង​ស្នាក់​នៅ ឲ្យ​ទំនាក់​ទំនង​គាត់ ដើម្បី​បង្រៀន​ព្រះបន្ទូល​ដល់​គាត់​។

ជួនកាល យើង​អាច​មាន​អារម្មណ៍​ថា ពាក្យ​សម្តី​របស់​យើង​ហាក់​ដូចជា​មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំង ប៉ុន្តែ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ចម្រើន​កម្លាំង​យើង ខណៈ​ពេល​ដែល​យើង​ចែក​ចាយ​ដល់​អ្នក​ដទៃ អំពី​ព្រះយេស៊ូវ​។

កាល​សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន​ជួប​បុរស​ម្នាក់ ក្នុង​បរិវេណ​ព្រះវិហារ ពួក​គេ​ដឹង​ថា ការ​ចែក​ចាយ​អំពី​ព្រះគ្រីស្ទ គឺជា​អំណោយ​ដែល​ប្រសើរ​បំផុត​។ “តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយសារ​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរទៅ​ចុះ”(ខ.៦)។ បុរស​នោះ​ក៏​បាន​ទទួល​សេចក្តីសង្គ្រោះ និង​ការ​ប្រោស​ឲ្យ​ជា​នៅ​ថ្ងៃ​នោះ​។ ព្រះអម្ចាស់​បន្ត​ប្រើ​យើង ដើម្បី​នាំ​មនុស្ស​បាត់បង់​ចូល​មក​រក​ព្រះអង្គ​។

ខណៈ​ពេល​ដែល​យើង​ស្វែងរក​អំណោយ​ដ៏​ឥត​ខ្ចោះ សម្រាប់​អ្នក​ដទៃ ក្នុង​ថ្ងៃ​ណូអែល​ខាង​មុខ​នេះ ចូរ​យើង​ចាំ​ថា អំណោយ​ពិត​ប្រាកដ គឺជា​ការ​ស្គាល់​ព្រះយេស៊ូវ និង​សេចក្តី​សង្គ្រោះ​អស់​កល្ប​ជានិច្ច ដែល​ព្រះអង្គ​បាន​ប្រទាន​។ ចូរ​យើង​បន្ត​បើក​ចិត្ត​ឲ្យ​ព្រះអង្គ​ប្រើ​យើង ដើម្បី​នាំ​មនុស្ស​ជា​ច្រើន ទៅ​រក​ព្រះ​អង្គ​សង្គ្រោះ​។—Nancy Gavilanes

តើ​អ្នក​អាច​អធិស្ឋាន​ឲ្យ​នរណា​ខ្លះ ក្នុង​រដូវ​កាល​បុណ្យ​ណូអែល​ឆ្នាំ​នេះ? តើ​អ្នក​អាច​ចែក​ចាយ​អំពី​ព្រះគ្រីស្ទ​ដល់​នរណា​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​សូម​អរ​ព្រះគុណ​សម្រាប់​ការ​ប្រទាន​ព្រះយេស៊ូវ
ធ្វើ​ជា​អំណោយ​ដ៏​ឥត​ខ្ចោះ​ដែល​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាប​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ហូសេ ១-៤ និង វិវរណៈ ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles