ការ​លើក​ទឹក​ចិត្ត​ក្នុង​ព្រះគ្រីស្ទ

១ថែស្សាឡូនិច ៥:៤-១១

ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅវិញ​ទៅមក ដូចជា​អ្នក​រាល់​គ្នា​កំពុងតែ​ធ្វើ​ហើយ​នោះ​ដែរ​។ ១ថែស្សាឡូនិច ៥:១១

គ្រូ​បង្រៀន​ម្នាក់​នៅ​រដ្ឋ​អ៊ីនឌីអាណា បាន​ស្នើ​ឲ្យ​សិស្ស​របស់​គាត់​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត និង​បណ្តាល​ចិត្ត នៅ​លើ​ក្រដាស សម្រាប់​មិត្ត​ភក្តិ​របស់​ខ្លួន​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក នៅ​ពេល​ដែល​សោក​នាដកម្ម​មួយ​បាន​កើត​ឡើង នៅ​សាលា​រៀន​មួយ នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​នៃ​សហរដ្ឋអាមេរិក ពួកគេ​ក៏បាន​ផ្ញើ​ពាក្យ​លើក​ទឹក​ចិត្ត​ទៅ​កាន់​សិស្ស​នៅ​សាលា​នោះ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ប្រឈម​មុខ​ដាក់​ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​អ្វី ដែល​អាច​កើត​ឡើង​ចំពោះ​ពួកគេ​។

សាវ័ក​ប៉ុល​ក៏បាន​នឹក​ចាំ​អំពី​ការ​លើក​ទឹក​ចិត្ត និង​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ នៅពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច​។ ពួកគេ​បាន​បាត់បង់​មិត្ត​ភក្តិ បានជា​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួកគេ ឲ្យ​មាន​សង្ឃឹម​ចំពោះ​ព្រះបន្ទូល​សន្យា​របស់​ព្រះយេស៊ូវ ដែល​នឹង​ប្រោស​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ(១ថែស្សាឡូនិច ៤:១៤)។ ពួកគេ​មិន​ដឹង​ថា ព្រះ​អង្គ​នឹង​យាង​មកវិញ ហើយ​ប្រទាន​ការ​រស់​ឡើង​វិញ​នៅ​ពេលណា​ទេ តែ​គាត់​បាន​រំឭក​ពួក​គេ​ថា ក្នុង​នាម​ពួកគេ​ជា​អ្នកជឿ​ព្រះអង្គ ពួកគេ​មិន​ចាំ​បាច់​ត្រូវ​រង់​ចាំ ដោយ​ការ​ភ័យ​ខ្លាច ចំពោះ​ការ​ជំនឿ​ជម្រះ នៅ​ពេល​ព្រះ​អង្គ​យាង​មកវិញ​នោះ​ឡើយ(៥:៩)។ ផ្ទុយ​ទៅវិញ ពួក​គេ​អាច​រង់​ចាំ ដោយ​ទុក​ចិត្ត​ថា ពួកគេ​នឹង​បាន​ទៅ​រស់នៅ​ជាមួយ​ព្រះអង្គ ហើយ​ទន្ទឹម​នឹង​នោះ ពួកគេ​ត្រូវ “កម្សាន្ត​ចិត្ត និង​ស្អាង​ចិត្ត​គ្នា​ឡើង”(ខ.១១)។

ពេលណា​យើង​ជួប​ការ​បាត់បង់​ដ៏​ឈឺ​ចាប់ ឬ​សោក​នាដកម្ម​ដែល​យើង​មិន​អាច​យល់​បាន យើង​ងាយ​នឹង​មាន​ការ​ភ័យ​ខ្លាច និង​ទុក្ខសោក​ដ៏​លើស​លប់​។ ប៉ុន្តែ ការ​បង្រៀន​របស់​សាវ័ក​ប៉ុល​ក៏​មាន​ប្រយោជន៍​ចំពោះ​យើង ក្នុង​ពេល​បច្ចុប្បន្ន ដូច​កាល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​ផង​ដែរ​។ ចូរ​យើង​សង្ឃឹម​ឡើង ដោយ​រំពឹង​ថា ព្រះគ្រីស្ទ​នឹង​ស្អាង​អ្វីៗ​ទាំង​អស់​ឡើង​វិញ​។ ហើយ​ទន្ទឹម​នឹង​នោះ យើង​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក ដោយ​ការ​ផ្ញើ​សារ ពាក្យ​សម្តី ការ​បម្រើ ឬ​ការ​ឱប​ដ៏​សាមញ្ញ​។—Kirsten Holmberg

តើ​អ្នក​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​នរណា​ម្នាក់ នៅ​ថ្ងៃ​នេះ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ​ ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទោះ​ទូល​បង្គំ​មាន​ការ​ឈឺ​ចាប់ ក្នុង​លោកិយ​ដ៏​វឹកវរ​ក៏ដោយ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ
ឲ្យ​រង់​ចាំ​ព្រះអង្គ ដោយ​ក្តី​សង្ឃឹម និង​ជំនឿ ហើយ​លើក​ទឹក​ចិត្ត​មនុស្ស​នៅ​ជុំវិញ​ទូល​បង្គំ រហូត​ដល់​ពេល​ដែល​ព្រះ​អង្គ​យាង​មកវិញ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេម៉ុស ៤-៦ និង វិវរណៈ ៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles