២ពង្សាវតាក្សត្រ ៦:១៨-២៣
មិនត្រូវប្រហារគេទេ … សូមដាក់នំបុ័ង និងទឹកមក នៅមុខគេឲ្យបរិភោគវិញ។ ២ពង្សាវតាក្សត្រ ៦:២២
ក្នុងសៀវភៅរឿងប្រលោមលោក មានចំណងជើងថា ដំណឹងអំពីកូនស្រី លោកដាវីដ វីងគ្ល័រ(David Winkler) ចង់រកឃើញស្វែងរកកូនស្រីរបស់គាត់ ដែលបានរត់ចេញពីផ្ទះ ហើយមានតែលោកហឺមឹន សៀល័រ(Herman Sheeler) ម្នាក់គត់ ដែលអាចជួយគាត់បាន។ ប៉ុន្តែ គាត់មានបញ្ហាមួយ។ កូនស្រីរបស់លោកដាវីឌ គឺជាកូនដែលបានកើតពីអំពើផិតក្បត់របស់លោកដាវីឌ ជាមួយភរិយារបស់លោកហឺមឹន ហើយលោកហឺមឹនក៏បានព្រមានលោកដាវីឌ មិនឲ្យទាក់ទងក្រុមគ្រួសាររបស់លោកហឺមឹនទៀតឡើយ។
ប៉ុន្មានទសវត្សរ៍ក្រោយមក លោកដាវីឌក៏បានសរសេរសំបុត្រផ្ញើទៅលោកហឺមឹន ដើម្បីសុំទោស ចំពោះការអ្វីដែលគាត់បានធ្វើ។ គាត់ក៏បានអង្វរលោកហឺមឹន ឲ្យប្រាប់គាត់អំពីទីកន្លែងរបស់កូនស្រីគាត់។ គាត់ប្រាប់លោកហឺមឹនថា “ខ្ញុំមានចន្លោះប្រហោងមួយ ក្នុងជីវិតខ្ញុំ ព្រោះខ្ញុំបានដឹងតិចតួចណាស់អំពីកូនស្រីខ្ញុំ”។ គាត់ក៏បានរង់ចាំមើល តើលោកហឺមឹននឹងជួយគាត់ឬទេ។
តើយើងគួរតែប្រព្រឹត្តចំពោះមនុស្សដែលបានធ្វើខុសមកលើយើង យ៉ាងដូចម្តេចខ្លះ? ស្តេចអ៊ីស្រាអែលមួយអង្គបានប្រឈមមុខដាក់សំណួរនេះ នៅពេលដែលខ្មាំងសត្រូវរបស់គាត់ បានធ្លាក់ចូលក្នុងកណ្តាប់ដៃគាត់(២ពង្សាវតាក្សត្រ ៦:៨-២០)។ គាត់ក៏បានទូលសួរហោរាអេលីសេថា តើទ្រង់គួរតែសម្លាប់ពួកគេឬយ៉ាងណា? ហោរាអេលីសេក៏បានប្រាប់ទ្រង់ឲ្យទុកជីវិតឲ្យពួកគេ ហើយថែមទាំងដាក់អាហារ និងទឹក នៅពីមុខពួកគេ ដើម្បីឲ្យពួកគេបានបរិភោគហើយវិលត្រឡប់ទៅម្ចាស់របស់ពួកគេវិញ(ខ.២១-២២)។ តាមរយៈការប្រព្រឹត្តដោយការលើកលែងទោសដូចនេះ នគរអ៊ីស្រាអែលទទួលបានសន្តិភាពជាមួយខ្មាំងសត្រូវរបស់ខ្លួន(ខ.២៣)។
លោកហឺមឹនក៏បានឆ្លើយតបសំបុត្ររបស់លោកដាវីឌ ដោយអញ្ជើញលោកដាវីឌឲ្យមកផ្ទះគាត់ ហើយរៀបចំម្ហូបអាហារទទួលលោកដាវីឌ។ មុនពេលបរិភោគអាហារជុំគ្នា គាត់ក៏បានអធិស្ឋានថា “ព្រះអម្ចាស់យេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការថែរក្សាទូលបង្គំ និងលោកដាវីឌ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ”។ លោកហឺមឹនក៏បានជួយលោកដាវីឌស្វែងរកកូនស្រី ហើយក្រោយមក លោកដាវីឌក៏បានជួយសង្រ្គោះជីវិតលោកហឺមិន។ ក្នុងព្រះហស្តរបស់ព្រះ ការប្រព្រឹត្តដោយការអធ្យាស្រ័យ ចំពោះអ្នកដែលបានធ្វើខុសមកលើយើង ច្រើនតែនាំឲ្យយើងទទួលបានព្រះពរ លើសពីការរំពឹងគិតរបស់យើង។—Sheridan Voysey
តើអ្នកបានទទួលការបណ្តាលចិត្ត ពីនរណាខ្លះដែលបានប្រព្រឹត្តដោយការអធ្យាស្រ័យ? តើអ្នកអាចប្រព្រឹត្តដោយអធ្យាស្រ័យ ចំពោះនរណាខ្លះ នៅថ្ងៃនេះ?
ឱព្រះយេស៊ូវ សូមព្រះអង្គប្រទានទូលបង្គំប្រាជ្ញា និងកម្លាំង នៅថ្ងៃនេះ ដើម្បីឲ្យទូលបង្គំអត់ឱនទោសឲ្យអ្នកដែលធ្វើខុសមកលើទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: សេផានា ១-៤ និង វិវរណៈ ១៨