ព្រឹក

ចែកចាយរឿងរបស់ព្រះយេស៊ូវ
ដោយKenneth Petersen
January 1, 2025
១យ៉ូហាន ១:១-៥
ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា។ ១យ៉ូហាន ១:២
មនុស្សភាគច្រើន មិនដែលឮឈ្មោះអ្នកស្រីខេត ហ៊ែងឃី(Kate Hankey)ទេ ប៉ុន្តែ គាត់ជាស្រ្តីដែលមានលក្ខណៈសម្បត្តិគួរឲ្យកត់សំគាល់ណាស់។ គាត់បានធ្វើការបម្រើព្រះយេស៊ូវ នៅទសវត្សរ៍ឆ្នាំ១៨០០ ដោយចិត្តស្មោះត្រង់ នៅប្រទេសអង់គ្លេស ក្នុងនាមគាត់ជាគ្រូបង្រៀន គ្រូផ្សាយដំណឹងល្អ អ្នករៀបចំសាលារៀន បេសកជន និងអ្នកនិពន្ធបទកំណាព្យ។ នៅឆ្នាំ១៨៦៧ អ្នកស្រីខេត បានឆ្លងជំងឺធ្ងន់ធ្ងរមួយ។ ក្នុងអំឡុងពេលដែលគាត់កំពុងជាសះស្បើយឡើងវិញ គាត់ក៏បាននិពន្ធបទកំណាព្យវែងមួយ ចែកជាពីរភាគមានចំណងជើងថា “រឿងដែលគេចង់ឮ” និង “រឿងដែលគេបាននិយាយប្រាប់”។ បទកំណាព្យរបស់គាត់បានបកស្រាយ អំពីទំនាក់ទំនងដែលគាត់មានជាមួយព្រះយេស៊ូវ ដោយផ្ទាល់ខ្លួន និងអំពីព្រឹត្តិការណ៍ដែលបានកើតឡើង កាលព្រះអង្គកំពុងបំពេញបេសកកម្មនៅលើផែនដី។
បទគម្ពីរទាំងអស់សុទ្ធតែបានចង្អុលបង្ហាញទៅរកព្រះយេស៊ូវ និងនិយាយអំពីរឿងរបស់ព្រះអង្គ។ នៅដើមដំបូងនៃសំបុត្រដែលសាវ័កយ៉ូហានបានសរសេរផ្ញើពួកជំនុំដំបូង គាត់បានរំឭកពួកគេអំពីពេលដែលពួកគេបានមានការដកពិសោធន៍ជាមួយព្រះយេស៊ូវដោយផ្ទាល់ខ្លួន។ គឺដូចដែលគាត់បានសរសេរថា “ឯសេចក្តីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ ខាងឯព្រះបន្ទូលនៃជីវិត”(១យ៉ូហាន ១:១)។ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “ព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ប្រាប់ដល់អ្នករាល់គ្នា”(ខ.២)។ ក្រោយមក គាត់ក៏បានប្រាប់យើងថា “ព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នករាល់គ្នា”(២:១៤)។ ម្យ៉ាងទៀត រឿងរបស់ព្រះយេស៊ូវ គឺជារឿងដែលយើងត្រូវចែកចាយឲ្យគេបានដឹង។ ព្រះអង្គក៏បានត្រាស់ហៅយើងឲ្យចែកចាយ អំពីរឿងដែលព្រះអង្គបានធ្វើការក្នុងជីវិតយើងផ្ទាល់ៗខ្លួនផងដែរ។
គឺដូចដែលអ្នកស្រីខេត ហ៊ែងឃី បានចែកចាយរឿងរបស់ព្រះអង្គ នៅក្នុងបទកំណាព្យរបស់គាត់។ ទីបំផុត ផ្នែកទាំងពីរនៃបទកំណាព្យរបស់គាត់ ក៏បានក្លាយជាទំនុកសកល ដែលមានចំណងជើងថា “ខ្ញុំចូលចិត្តច្រៀងពីរឿងព្រះអង្គ” និង “សូមប្រាប់ខ្ញុំពីរឿងរបស់ព្រះអង្គ” យើងក៏អាចចែកចាយរឿងរបស់ព្រះយេស៊ូវដល់អ្នកដទៃ ដោយពាក្យសម្តីរបស់យើងផងដែរ គឺចែកចាយអំពីរបៀបដែលព្រះអង្គបានស្រឡាញ់ យាងមករកយើង និងសង្គ្រោះយើងឲ្យរួចពីបាប។—Kenneth Petersen
តើព្រះយេស៊ូវបានធ្វើកិច្ចការអ្វីខ្លះក្នុងជីវិតអ្នក ដែលអ្នកចង់ចែកចាយដល់អ្នកដទៃ? តើព្រះអង្គបាននាំអ្នកឲ្យទទួលសេចក្តីសង្គ្រោះ ដោយរបៀបណា?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានសង្រ្គោះទូលបង្គំ និងធ្វើកិច្ចការនៃសេចក្តីស្រឡាញ់ ក្នុងជីវិតទូលបង្គំ។
For further study, read Jesus Is in the Room at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ១-៣ និង ម៉ាថាយ ១