«ខ្ញុំបានរៀនឲ្យមានសេចក្តីសន្តោសក្នុងសណ្ឋានគ្រប់យ៉ាង ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្តីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្តីរីករាយដែរ» (ភីលីព ៤:១១-១២)។
ភាពមិនស្កប់ចិត្តបានជ្រាបចូលក្នុងផ្នែកទាំងអស់របស់សង្គម ដែលយើងកំពុងរស់នៅ។ ការផ្សាយពាណិជ្ជកម្មបាននាំឲ្យយើងមានចិត្តច្រណែន។ ប៉ុន្តែ បញ្ហាពិតប្រាកដ មិនសូវជាអាស្រ័យទៅលើសង្គមដែលយើងរស់នៅប៉ុន្មានទេ តែភាគច្រើនអាស្រ័យទៅលើសណ្ឋាននៃចិត្ត និងគំនិតរបស់យើង។ មុខតំណែង ទ្រព្យសម្បត្តិ ឥទ្ធិពល ឬកេរ្តិ៍ឈ្មោះ សុទ្ធតែទាមទារការចាប់អារម្មណ៍សម្រាប់ខ្លួនឯង ដែលបានអូសទាញយើងឲ្យចេញឆ្ងាយពីការស្កប់ចិត្ត។ ប៉ុន្តែ បញ្ហាដូចនេះបានព្យាយាមឆក់យកក្តីអំណរដែលយើងមាន នៅក្នុងការអ្វីដែលព្រះទ្រង់បានប្រទានមកយើង ដោយលួងលោមយើងឲ្យគិតថា ទោះមានច្រើនប៉ុណ្ណាក៏នៅតែមិនគ្រប់គ្រាន់។ ការដេញតាមនេះមិនចេះចប់ឡើយ។
ទោះជាយ៉ាងណាក៏ដោយក៏សាវ័ក ប៉ុល មិនគ្រាន់តែអាចនិយាយថា គាត់មានការស្កប់ចិត្ត តែគាត់អាចមានការស្កប់ចិត្ត «ក្នុងគ្រប់ស្ថានភាព»។ មនុស្សម្នាក់ៗសុទ្ធតែចង់មានការស្កប់ចិត្ត! ដូចនេះ តើគាត់មានអាថ៌កំបាំងអ្វី? គាត់មានការស្កប់ចិត្ត ដោយសារគាត់ស្គាល់ខ្លួនឯង និងមានទស្សនៈអំពីជីវិតផ្អែកទៅលើភាពគ្រប់គ្រាន់នៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សាវ័ក ប៉ុល មិនមែនជាជើងឯកខាងការស៊ូទ្រាំនឹងទុក្ខលំបាក ឬបានផ្តល់ឲ្យយើងនូវដំណឹងល្អក្លែងក្លាយ អំពីការជួយខ្លួនឯងឲ្យស្កប់ចិត្តនោះទេ។ ទេ! គាត់មានការស្កប់ចិត្ត ដោយសារគាត់បន្ទាបចិត្ត និងគំនិតរបស់គាត់ ចុះចូលបំណងព្រះទ័យព្រះ ទោះគាត់ប្រឈមមុខដាក់ស្ថានភាពអ្វីក៏ដោយ។
មិនមែនគ្រប់គ្នាសុទ្ធតែបានឆ្លងកាត់រឿងជាច្រើនដែលមានលក្ខណៈល្អផង និងអាក្រក់ផងផ្ទុយគ្នានោះទេ។ តែសាវ័ក ប៉ុល បានឆ្លងកាត់។ ជាក់ស្ដែង គាត់ធ្លាប់ឆ្លងកាត់ពេលដែលគាត់មានសំលៀកបំពាក់ និងអាហារគ្រប់គ្រាន់ ហើយក៏ស្គាល់ពេលដែលគាត់រងា និងស្រេកឃ្លានអាហារផងដែរ។ បើការស្កប់ចិត្តរបស់គាត់ មានការផ្តេកផ្ដួលទៅលើកាលៈទេសៈ នោះជីវិតរបស់គាត់នឹងមានការឡើងចុះៗជានិច្ច ដោយធ្វើឲ្យគាត់ពុលនឹងភាពហ៊ឺហាដ៏អស្ចារ្យតែមួយភ្លែត ហើយក៏មានអារម្មណ៍ពិបាកខ្លាំងពេក ដោយសារការខ្វះខាតនៅពេលបន្ទាប់ទៀត។ វិញ្ញាណដែលសាវ៉ាដូចនេះអាចរាំងខ្ទប់សាវ័ក ប៉ុល និងធ្វើឲ្យគាត់មិនអាចបម្រើព្រះគ្រីស្ទបានឡើយ។
សាវ័ក ប៉ុល ជាមនុស្សធម្មតា ដែលមានតម្រូវការធម្មតា។ ក្នុងសំបុត្រដែលគាត់សរសេរផ្ញើលោក ធីម៉ូថេ ពីក្នុងគុក ក្នុងទីក្រុងរ៉ូម គាត់បានសរសេរថា «ចូរឲ្យខំប្រឹងទៅឯខ្ញុំជាប្រញាប់… នោះសូមយកអាវធំ ដែលខ្ញុំផ្ញើទុកនឹងអ្នកកាប៉ុស នៅក្រុងទ្រអាសទៅផង និងសៀវភៅទាំងប៉ុន្មានដែរ តែសូមយកក្រាំងស្បែកជាដើម» (២ធីម៉ូថេ ៤:៩, ១៣)។ អ្នកខ្លះបានរត់ចោលគាត់ ហើយគាត់ក៏ខ្វះខាតសម្ភារៈចាំបាច់មួយចំនួន។ ជាការពិតណាស់សាវ័ក ប៉ុល ចង់បានរបស់របរ ដូចជាខោអាវ សៀវភៅ និងមនុស្សនៅក្បែរគាត់ តែគាត់ក៏ដឹងផងដែរថា គាត់នៅតែអាចរស់នៅ ដោយគ្មានរបស់របរ និងមនុស្សទាំងនោះបាន ព្រោះសន្តិភាពដែលគាត់មានក្នុងចិត្តគាត់ គឺផ្អែកទៅលើអ្វីដែលធំប្រសើរជាងនេះ។
ការស្កប់ចិត្តរបស់អ្នកក៏អាច និងគួរតែផ្អែកទៅលើការប្រកបរួបរួមរបស់អ្នកជាមួយព្រះយេស៊ូវ ដូចសាវ័កប៉ុលផងដែរ។ ចូរជៀសចេញពីការមានបំណងប្រាថ្នាធំ ក្រៅពីការរស់នៅជាកម្មសិទ្ធិរបស់ព្រះអង្គ ហើយចូរត្រៀមខ្លួនជាស្រេច សម្រាប់ឲ្យព្រះអង្គប្រើនៅពេលណាក៏បាន។ ពេលណាអ្នកស្គាល់ព្រះគ្រីស្ទ ហើយដឹងថា ព្រះអង្គអស្ចារ្យប៉ុណ្ណា ហើយដឹងថា ព្រះអង្គជាគ្រប់យ៉ាងសម្រាប់អ្នក មានតម្លៃលើសមាសប្រាក់ ស្រស់ស្អាតជាងគ្រាប់ពេជ្រ ហើយអ្នកគ្មានអ្វីដែលអាចប្រៀបផ្ទឹមព្រះអង្គបានទេ1 នោះរបៀបដែលអ្នកគិតអំពីកាលៈទេសៈរបស់អ្នក និងរង្វាស់នៃការស្កប់ចិត្តរបស់អ្នក និងមានការផ្លាស់ប្ដូរទាំងស្រុង។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៧៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ១៣-១៥ និងរ៉ូម ៥-១៣
1លោកស្រី Lynn DeShazo, “More Precious Than Silver” (ឆ្នាំ១៩៨២)។