សម្ដេច​សង្ឃ​ដ៏​អស្ចារ្យ​បំផុត​របស់​យើង

«ពីព្រោះ​អស់​ទាំង​សម្ដេច​សង្ឃ ដែល​គេ​រើស​យក​ពី​ពួក​មនុស្ស នោះ​បាន​តាំង​សម្រាប់​មនុស្ស ក្នុង​អស់​ទាំង​ការ​ខាង​ឯ​ព្រះ ដើម្បី​នឹង​ថ្វាយ​ដង្វាយ និង​យញ្ញ​បូជា ដោយ​ព្រោះ​បាប…គ្មាន​អ្នក​ណា​លើក​ខ្លួន​ដល់​ងារ​ដ៏​ប្រសើរ​នោះ​ឡើយ មាន​តែ​អ្នក​ដែល​ព្រះ​ទ្រង់​ហៅ​ប៉ុណ្ណោះ តួយ៉ាង​ដូច​ជា​លោក​អើរ៉ុន ដូច្នេះ ព្រះ​គ្រីស្ទ​ក៏​មិន​បាន​តម្កើង​ព្រះ​អង្គ​ទ្រង់​ឡើង​ធ្វើ​ជា​សម្ដេច​សង្ឃ​ដែរ គឺ​ជា​ព្រះ​វិញ​ទេតើ​ដែល​មាន​ព្រះ​បន្ទូល​ទៅ​ទ្រង់​ថា “ឯង​ជា​កូន​អញៗ បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ” ដូច​ក្នុង​បទ​គម្ពីរ១​ទៀត ព្រះ​ក៏​មាន​ព្រះ​បន្ទូល​ថា “ឯង​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគីស្សា​ដែក”» (ហេព្រើរ ៥:១, ៤-៦)។

ទស្សនៈ​អំពី​ភាពជា​សង្ឃ និង​ប្រព័ន្ធ​នៃ​ការ​ថ្វាយ​យញ្ញ​បូជា ត្រូវ​គេ​ដក​ចេញ​ពី​សង្គម​លោក​ខាង​លិច តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែ​ការ​យល់​ដឹង​អំពី​រឿង​ទាំង​នេះ​មាន​សារៈសំខាន់​ជា​មូល​ដ្ឋាន ចំពោះ​ការ​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ។ ការ​អនុវត្ត​នូវ​ការ​យក​សត្វ​ទៅ​ធ្វើ​យញ្ញ​បូជា ក្នុង​ទឹក​ដី​អ៊‌ីស្រាអែល ក្នុង​គ្រា​សញ្ញា​ចាស់ មិន​មែន​ជា​ប្រព័ន្ធ​ដែល​មនុស្ស​បាន​បង្កើត​មក ដើម្បី​ឈោង​ទៅ​រក​ព្រះ ហើយ​ធ្វើ​ឲ្យ​ព្រះ​អង្គ​ទទួល​យក​ពួក​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បង្គាប់​ឲ្យ​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ​អង្គ​អនុវត្តន៍​ដូច​នេះ ដើម្បី​ឲ្យ​ពួក​គេ​អាច​យល់​អំពី​ចារិក​លក្ខណៈ និង​ការ​រំពឹង​ចង់​បាន​របស់​ព្រះ​អង្គ ព្រម​ទាំង​ភាព​អស្ចារ្យ​នៃ​ផែនការ នៃ​ការ​ប្រោស​លោះ​របស់​ព្រះ​អង្គ (ហើយ​នៅ​តែ​អាច​ជួយ​យើង​ឲ្យ​យល់​ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ)។ ព្រះ​ទ្រង់​បាន​ប្រើ​អត្ថន័យ​នៃ​ការ​ថ្វាយ​យញ្ញ​បូជា​នោះ ដើម្បី​ចង្អុល​បង្ហាញ​រាស្ត្រ​ព្រះ​អង្គ ឲ្យ​ងាក​ទៅ​រក​ព្រះ​រាជ​កិច្ច​ដ៏​ឥត​ខ្ចោះ និង​បាន​សម្រេច​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដែល​ព្រះ​អង្គ​បាន​យាង​មក​ធ្វើ​ជា​សម្ដេច​សង្ឃ​ដ៏​ខ្ពស់​បំផុត និង​ជា​ដង្វាយ​ដ៏​គ្រប់​លក្ខណ៍​តែ​មួយ ដែល​បាន​ថ្វាយ​ជំនួស​រាស្ត្រ​ព្រះ​អង្គ។

តាម​ប្រវត្តិ​សាស្ត្រ សម្ដេច​សង្ឃ​នៃ​សាសន៍​អ៊‌ីស្រាអែល​ត្រូវ​ចេញ​ពី​វង្ស​ត្រកូល​របស់​លោក​អើរ៉ុន ជា​បង​ប្រុស​របស់​លោក ម៉ូសេ ហើយ​ត្រូវ​គេ​ចាត់​ទុក​ជា « សម្ដេច​សង្ឃ ក្នុង​ពួក​បង​ប្អូន​របស់​ខ្លួន» (លេវីវិន័យ ២១:១០)។ អ្នក​នោះ​ត្រូវ​មាន​បទ​ពិសោធន៍ ក្នុង​ការ​រស់​នៅ​ក្នុង​សង្គម ដែល​មាន​ស្ថានភាព ការ​ទទួល​រង​សម្ពាធ និង​ទុក្ខ​លំបាក ដូច​បុរស និង​ស្ត្រី​ដែល​គាត់​កំពុង​តែ​តំណាង​ឲ្យ ដែល​កត្តា​នេះ​នឹង​ជួយ​ឲ្យ​គាត់​មាន​ចិត្ត​អាណិត​កាន់​តែ​ខ្លាំង ក្នុង​ការ​ទូល​អង្វរ​ជំនួស​ពួក​គេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​យូរ​មក​ហើយ មុន​ពេល​ព្រះ​យេស៊ូវ​យាង​ចុះ​មក​ចាប់​កំណើត ការ​ជ្រើស​តាំង​សម្ដេច​សង្ឃ មាន​ភាព​ពុក​រលួយ ដោយ​សារ​ស្ដេច ហេរ៉ូឌ និង​អ្នក​ដឹក​នាំ​ដទៃ​ទៀត​បាន​ជ្រើស​រើស​សម្ដេច​សង្ឃ​ឲ្យ​ត្រូវ​ចិត្ត​ខ្លួន​ឯង។ ពួក​គេ​មិន​យល់​ថា តួនាទី​របស់​សម្ដេច​សង្ឃ​មិន​មែន​ជា​មុខ​តំណែង​កិត្តិយស​ដែល​មនុស្ស​បាន​ផ្តល់​ឲ្យ តែ​ជា​ការ​ត្រាស់​ហៅ​ដ៏​ខ្ពស់​បំផុត​មក​ពី​ព្រះ ដូច​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​លោក​អើរ៉ុន។ សម្ដេច​សង្ឃ​មិន​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​អ្នក​ដឹក​នាំ​នយោបាយ​នោះ​ទេ តែ​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​រាស្ត្រ​របស់​ព្រះ នៅ​ចំពោះ​មុខ​ព្រះ​អង្គ។

នេះ​ជា​កត្តា​មួយ ក្នុង​ចំណោម​កត្តា​ជា​ច្រើន ដែល​ព្រះ​យេស៊ូវ​គឺ​ជា​សម្ដេច​សង្ឃ​ល្អ​បំផុត ដោយ​ព្រះ​អង្គ​មិន​បាន​លើក​តម្កើង​អង្គ​ទ្រង់​ធ្វើ​ជា​សម្ដេច​សង្ឃ​នោះ​ទេ តែ​ព្រះ​អង្គ​បាន​ទទួល​ការ​ចាត់​តាំង​ពី​ព្រះ​វរបិតា។ ព្រះ​អង្គ​បាន​ទទួល​ស្គាល់​ថា «បើ​សិន​ជា​ខ្ញុំ​តម្កើង​ខ្លួន​ខ្ញុំ នោះ​កិត្តិសព្ទ​របស់​ខ្ញុំ​ឥត​មាន​ប្រយោជន៍​ទេ គឺ​ព្រះ​វរបិតា​ខ្ញុំ​ទេ​តើ ទ្រង់​លើក​តម្កើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​ថា ទ្រង់​ជា​ព្រះ​នៃ​អ្នក» (យ៉ូហាន ៨:៥៤)។ ព្រះ​អង្គ​បាន​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ដូច​ដែល​យើង​បាន​ជួប​ប្រទះ។ ព្រះ​អង្គ​ទទួល​ទោស​ពី​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា ដោយ​សារ​អំពើ​បាប​យើង ទោះ​ព្រះ​អង្គ​គ្មាន​បាប​សោះ​ក៏​ដោយ។

ព្រះ​យេស៊ូវ​បាន​នាំ​យើង​ទៅ​រក​សេចក្តី​សុចរិត ដោយ​វិញ្ញាណ​ដ៏​សុភាព។ ដោយ​សារ​ព្រះ​អង្គ​បាន​ថ្វាយ​យញ្ញ​បូជា​ដ៏​គ្រប់​លក្ខណ៍ ហើយ​ដោយ​សារ​ព្រះ​អង្គ​ជា​យញ្ញ​បូជា​ដ៏​ឥត​ខ្ចោះ នោះ​យើង​អាច​អរ​សប្បាយ​នឹង​ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត។ គ្មាន​អំពើ​បាប ឬ​ទុក្ខ​វេទនា គ្មាន​ការ​ខក​ចិត្ត ឬ​ការ​អស់​សង្ឃឹម​ណា ដែល​អាច​បន្ទាប​បន្ថោក​សេចក្តី​ពិត​ដ៏​រុង​រឿង​ដែល​ថា អ្នក​មាន​សម្ដេច​សង្ឃ​មួយ​អង្គ ជា​រៀង​រហូត ហើយ​ហេតុ​នោះ អ្នក​មាន​ចំណែក​ជា​មួយ​ព្រះ​អង្គ​ជា​រៀង​រហូត។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ហេព្រើរ ៤:១៤-៥:១០

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ១៦-១៧ និង​រ៉ូម ៦

More articles