នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មើល​ឃើញ​ព្រះ ក្នុង​ស្នា​ព្រះ​ហស្ត​ព្រះអង្គ

មើល​ឃើញ​ព្រះ ក្នុង​ស្នា​ព្រះ​ហស្ត​ព្រះអង្គ

ដោយTom Felten

January 7, 2025

យ៉ូប ៤២:១-៦

កាល​ពីដើម​ត្រចៀក​ទូល​បង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ​។ យ៉ូប ៤២:៥

មាន​ពេល​មួយ លោក​ឃែននី(Kenny) បាន​ទៅ​ឈរ​នៅ​ចំពោះ​មុខ​ពួក​ជំនុំ ដែល​គាត់​បាន​ចាក​ចេញ កាល​ប៉ុន្មាន​ឆ្នាំ​មុន បន្ទាប់ពី​គាត់​បាន​ឈប់​ជឿ​ព្រះ​។ គាត់​ក៏​បាន​ចែកចាយ​ថា គាត់​មាន​ជំនឿ​ឡើង​វិញ​ហើយ​។ តើ​ដោយ​របៀបណា? គឺ​ដោយសារ​ព្រះ​អម្ចាស់​បាន​ប៉ះ​ពាល់​ចិត្ត​គាត់ តាមរយៈ​សម្រស់ និង​ការ​រចនា ដែល​គាត់​បាន​មើល​ឃើញ ក្នុង​ស្នា​ព្រះ​ហស្ត​ព្រះអង្គ​។ លោក​ឃែននី​មាន​ចិត្ត​ស្ញប់​ស្ញែង​ចំពោះ​ព្រះ​អង្គ​សារ​ជា​ថ្មី តាមរយៈ​ការ​មើល​ឃើញ​ការ​បើក​សម្ដែង​ជា​ទូទៅ​របស់​ព្រះអង្គ នៅ​ក្នុង​ពិភព​ធម្មជាតិ ហើយ​សព្វថ្ងៃ​នេះ គាត់​បាន​ឱប​ក្រសោប​យក​ប្រាជ្ញា ដែល​ព្រះ​អង្គ​បាន​បើក​សម្ដែង​ជា​ពិសេស ក្នុង​ព្រះ​គម្ពីរប៊ីប​។ បន្ទាប់ពី​គាត់​បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​គាត់​ហើយ គាត់​ក៏​បាន​បោះ​ជំហាន​ចូល​ទៅ​ក្នុង​អាង​ទឹក នៅ​ក្នុង​ព្រះវិហារ​។ ឪពុក​របស់​គាត់​ក៏បាន​ស្រក់​ទឹក​ភ្នែក​ដោយ​អំណរ ខណៈ​ពេល​ដែល​គាត់​ជ្រមុជ​ទឹក​ឲ្យ​លោក​ឃែននី ដោយសារ​ជំនឿ​ដែល​គាត់​មាន​ចំពោះ​ព្រះយេស៊ូវ​។

បន្ទាប់ពី​លោក​យ៉ូប​បាន​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ជីវិត ជំនឿ​របស់​គាត់​ក៏​មាន​ការ​រង្គោះ​រង្គើ​ផង​ដែរ​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ឱ​ព្រះ​អង្គ​អើយ ទូល​បង្គំ​អំពាវនាវ​រក​ទ្រង់ តែ​ទ្រង់​មិន​ឆ្លើយ​មក​ទូល​បង្គំ​សោះ ទូល​បង្គំ​ឈរ​ឡើង តែ​ទ្រង់​គ្រាន់តែ​សំឡឹង​មើល​ទូល​បង្គំ​ប៉ុណ្ណោះ”(យ៉ូប ៣០:២០)។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​ពី​ក្នុង​ខ្យល់កួច តប​នឹង​លោក​យ៉ូប​វិញ(៣៨:១) ដោយ​ប្រកាស​ថា ព្រះអង្គ​នៅតែ​ទតមើល​លោក​យ៉ូប ប៉ុន្តែ ទស្សនៈ​វិស័យ​របស់​លោក​យ៉ូប​ចាំ​បាច់​ត្រូវ​បើក​ចំហ​ឲ្យ​ទូលាយ​ជាង​មុន​។ គាត់​ក៏បាន​ពិចារណា​អំពី​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​។ លោក​យ៉ូប​ក៏បាន​គិត​ដល់ “កំណើត​ផែនដី” និង “ផ្កាយ​ព្រឹក”(ខ.៤,៧) និង​គ្រប់​ទាំង​ជីវិត​សត្វ រុក្ខជាតិ និង​ទឹក​នៅ​ផែនដី(ខ.៨-៤១) ដែល​ទាំង​អស់​នេះ​សុទ្ធ​តែ​ចង្អុល​បង្ហាញ​គាត់​ ឲ្យ​ងាក​ទៅ​រក​ព្រះ​មួយ​អង្គ ដែល​គាត់​អាច​ជឿ​ទុកចិត្ត គឺ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​ព្រះ​ចេស្តា​ដ៏​អស្ចារ្យ​។ លោក​យ៉ូប​ក៏​បាន​ឆ្លើយតប ដោយ​មាន​ប្រសាសន៍​ថា “កាល​ពីដើម​ត្រចៀក​ទូល​បង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ”(៤២:៥)។

ពេលណា​ការ​សង្ស័យ​បាន​ធ្វើ​ឲ្យ​ជំនឿ​របស់​អ្នក មាន​ការ​រង្គោះ​រង្គើ ចូរ​ពិចារណា​អំពី​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ​។ ព្រះអង្គ​បាន​បង្ហាញ​អង្គ​ទ្រង់ នៅ​ក្នុង​ស្នា​ព្រះ​ហស្ត​ព្រះអង្គ ដែល​យើង​ត្រូវ​បើក​ភ្នែក​មើល ហើយ​សរសើរ​ព្រះអង្គ​។—Tom Felten

តើ​ព្រះអម្ចាស់​បាន​បង្ហាញ​អង្គ​ទ្រង់ នៅ​ក្នុង​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ? តើ​ការ​ស្ញប់​ស្ញែង​ចំពោះ​ព្រះ មាន​បាន​នាំ​ឲ្យ​យើង​មាន​ជំនឿ​លើ​ព្រះអង្គ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអាទិករ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ជួយ​ទូល​បង្គំ​ឲ្យ​មើល​ឃើញ​ព្រះអង្គ ក្នុង​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ​។

For further study, read Origin Story: Following Jesus Back to the Beginning at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ១៨-១៩ និង ម៉ាថាយ ៦:១-១៨

ល្ងាច

Devotional illustration

ប្រព្រឹត្ត​ឲ្យ​ស័ក្ដិសម​នឹង​ដំណឹង​ល្អ

ដោយAlistair Begg

January 7, 2025

«ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​គួរ​នឹង​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ» (ភីលីព ១:២៧)។

របៀប​ដែល​យើង​ស្លៀក​ពាក់ របៀប​ដែល​យើង​ញញឹម ឬ​ធ្វើ​មុខ​ក្រញូវ របៀប​ដែល​យើង​ធ្វើ​កាយ​វិការ និយាយ​ស្តី និង​លើក​ដាក់​សម្លេង... ជា​រៀង​រាល់​ថ្ងៃ គឺ​ប្រៀប​ដូច​ជា​ពាក្យ​សម្ដី​ដែល​យើង​និយាយ​ទៅ​កាន់​មនុស្ស​នៅ​ក្បែរ​យើង អំពី​ការ​អ្វី​ដែល​ពិតជា​សំខាន់ និង​អ្វី​ខ្លះ​ដែល​មាន​ក្នុង​ជីវិត​យើង។

សម្រាប់​គ្រីស្ទ​បរិស័ទ ពាក្យ​សម្ដី​ដែល​បង្ហាញ​ចេញ​តាម​ការ​ប្រព្រឹត្ត​របស់​យើង ត្រូវ​តែ​មាន​ភាព​សម​ស្រប​នឹង​ដំណឹង​ល្អ។ ហេតុ​នេះ​ហើយ​សាវ័ក ប៉ុល បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ឲ្យ​រស់​នៅ​ដោយ​អាកប្ប​កិរិយា​បែប​គួរ​នឹង​សេចក្តី​ជំនឿ​របស់​ពួក​គេ ដោយ​ប្រព្រឹត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ដំណឹង​ល្អ​ដែល​ពួក​គេ​បាន​ចែក​ចាយ។ សព្វ​ថ្ងៃ​នេះ ព្រះ​គ្រីស្ទ​ក៏​បាន​ត្រាស់​ហៅ​យើង​ឲ្យ​អនុវត្ត​ដូច​នេះ​ផង​ដែរ។ ទោះ​យើង​មាន​ភាព​ពេញ​វ័យ​ប៉ុណ្ណា ក្នុង​ជំនឿ​របស់​យើង ហើយ​ទោះ​យើង​បាន​ប្រព្រឹត្ត​ឲ្យ​ត្រូវ​ដំណឹង​ល្អ​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ត្រូវ​បន្ត​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត។

ក្នុង​ខ​គម្ពីរ​ខាង​លើ​នេះ ឃ្លា «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត» គឺ​មក​ពី​ពាក្យ politeuesthe ជា​ភាសា​ក្រិក​ដែល​មាន​ថ្នាក់​ពាក្យ​ជា​កិរិយា​ស័ព្ទ មាន​ន័យ​ថា «ប្រព្រឹត្ត​នៅ​ទី​សាធារណៈ ឬ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ»។ ឫស​របស់​ពាក្យ​នេះ គឺ​មក​ពី​ពាក្យ Polis ដែល​មាន​ន័យ​ថា​ទីក្រុង និង​ជា​ឫស​របស់​ពាក្យ ប៉ូលិស និង​នយោបាយ ក្នុង​ភាសា​ខ្មែរ។ តាម​ន័យ​ត្រង់​សាវ័ក ប៉ុល កំពុង​និយាយ​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​គ្រីស្ទ​បរិស័ទ ក្នុង​នាម​ជា​ពលរដ្ឋ​នៃ​ស្ថាន​សួគ៌។ ពេល​ណា​យើង​ដឹង​ថា យើង​ជា​ពលរដ្ឋ​នៃ​ទីក្រុង​របស់​ព្រះ យើង​ក៏​ត្រូវ​ស្គាល់​របៀប​រស់​នៅ​ជា​អ្នក​ដំណើរ និង​ជា​ទូត​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ទីក្រុង​ដទៃ ឬ​ទីក្រុង​របស់​មនុស្ស។ ពេល​ណា​ការ​ប្រព្រឹត្ត​របស់​យើង​មាន​ភាព​សម​ស្រប​នឹង​ជំនឿ​យើង អ្នក​ដទៃ​នឹង​មាន​ចិត្ត​ចង់​ស្គាល់​នគរ​ស្ថាន​សួគ៌ តាម​រយៈ​ការ​ទំនាក់​ទំនង​ជា​មួយ​យើង។

ដូច​នេះ តើ​ការ​ប្រព្រឹត្ត​របស់​យើង​គួរ​តែ​បញ្ចេញ​នូវ​ពាក្យ​ពេចន៍​ប្រភេទ​ណា? ដំណឹង​ល្អ​ព្រះ​គ្រីស្ទ​គឺ​ជា​ដំណឹង​ល្អ​នៃ​សេចក្តី​ស្រឡាញ់។ គឺ​ដូច​កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែងថា «នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង ពួក​ស្ងួន​ភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ» (១យ៉ូហាន ៤:១០-១១)។ ម្យ៉ាង​ទៀត បើ​ព្រះ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​យ៉ាង​នេះ យើង​ក៏​ត្រូវ​ស្រឡាញ់​មនុស្ស​នៅ​ក្បែរ​យើង​ផង​ដែរ គឺ​ស្រឡាញ់​សូម្បី​តែ​មនុស្ស​ដែល​យើង ឬ​អ្នក​ដទៃ​គិត​ថា មិន​គួរ​ឲ្យ​ស្រឡាញ់ ហើយ​យើង​គួរ​តែ​ស្រឡាញ់ ដោយ​សេចក្តី​សង្ឃឹម និង​សេចក្តី​អំណរ! យើង​អាច​សម្រាយ​សារ​នៃ​សេចក្តី​ស្រឡាញ់​ដែល​សាវ័ក ប៉ុល បាន​ជំរុញ​យើង​ឲ្យ​ប្រព្រឹត្ត​តាម​ដូច​ត​ទៅ៖

ចូរ​បង្ហាញ​ឲ្យ​គេ​ស្គាល់​ព្រះ​គ្រីស្ទ

មិន​គ្រាន់​តែ​តាម​រយៈ​ពាក្យ​សម្ដី​ដែល​យើង​និយាយ

មិន​គ្រាន់​តែ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ

តែ​ថែម​ទាំង​ធ្វើ​ចេញ​ពី​សេចក្តី​ស្រឡាញ់1

ដូច​នេះ សូម​គិត​អំពី​សំលៀក​បំពាក់​ដែល​អ្នក​នឹង​ពាក់​នៅ​ថ្ងៃ​នេះ និង​គិត​អំពី​ពេល​ដែល​អ្នក​នឹង​ញញឹម និង​ធ្វើ​មុខ​ក្រញូវ​នៅ​ថ្ងៃ​នេះ ហើយ​គិត​អំពី​របៀប​ដែល​អ្នក​បង្ហាញ​អាកប្ប​កិរិយា និយាយ​ស្តី និង​លើក​ដាក់​សម្លេង​នៅ​ថ្ងៃ​នេះ។ តើ​អ្នក​នឹង​និយាយ​ប្រាប់​ពិភព​លោក អំពី​អ្វី​ខ្លះ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​អ្នក? ចូរ​ឲ្យ​ការ​ប្រព្រឹត្ត​របស់​អ្នក​មាន​ភាព​ស័ក្តិ​សម​នឹង​ដំណឹង​ល្អ​នៃ​សេចក្តី​ស្រឡាញ់​ចុះ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១យ៉ូហាន ៤:៧-២១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ២០-២២ និង​រ៉ូម ៨:១-២១

1លោក​ស្រី Beatrice Cleland, “Indwelt,” in, for instance, Our Aim: A Monthly Record of the Aborigines Inland Mission of Australia 68, លេខ៧ (ថ្ងៃ​ទី១៧ ខែ​មិនា ឆ្នាំ១៩៥៥), ទំព័រ១។

ប្រភេទ