ព្រឹក

មានចិត្តជាមនុស្សគរថ្លង់
ដោយTim Gustafson
January 8, 2025
ហេព្រើរ ២:៩-១៨
ទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្តីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត។ ហេព្រើរ ២:១៤
លេសា(Leisa) បានព្យាយាមរៀនជំនាញភាសាកាយវិការ ឲ្យកាន់តែមានប្រសិទ្ធភាព ដោយប្រលោក នៅក្នុងពិភពរបស់មនុស្សគរថ្លង់ ដោយផ្ទាល់។ មិនយូរប៉ុន្មាន គាត់ក៏បានយល់អំពីបញ្ហាដែលពួកគេជួបប្រទះជាធម្មតា។ មនុស្សជាច្រើនដែលអាចស្តាប់ឮបានធម្មតា បានធ្វើព្រងើយ ចំពោះមនុស្សគរថ្លង់ ដោយមិនយល់ចិត្តពួកគេ ហើយក៏បានរំពឹងឲ្យពួកគេយល់ពាក្យសម្តីរបស់គេ ដោយមើលបបូរមាត់របស់គេ ហើយក៏ត្រូវគេមើលរំលងជាប្រចាំ នៅក្នុងការដំឡើងមុខតំណែងនៅកន្លែងធ្វើការ។ កម្មវិធីជួបជុំក្នុងសង្គមជាច្រើន បានប្រព្រឹត្តទៅដោយគ្មានអ្នកបកប្រែសម្រាប់ពួកគេ។
ជំនាញភាសាកាយវិការរបស់លេសា មានការរីកចម្រើនជាប់ជានិច្ច រហូតដល់ថ្នាក់ដែលគាត់មានអារម្មណ៍ថា គាត់អាចចូលរួមក្នុងសកម្មភាពជាមួយមនុស្សគថ្លង់បានយ៉ាងងាយស្រួល។ នៅក្នុងពិធីជប់លៀងមួយនោះ មានមនុស្សថ្លង់ម្នាក់មានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា លេសាអាចស្តាប់ឮ។ មុនពេលលេសាឆ្លើយតប មិត្តភក្តិរបស់គាត់ម្នាក់ទៀត ក៏បានធ្វើកាយវិការ ដើម្បីប្រាប់ថា លេសាមិនមែនជាមនុស្សថ្លង់ទេ តែ “មានបេះដូចជាមនុស្សគថ្លង់”។ ការមានបេះដូងជាមនុស្សគថ្លង់ គឺជាគន្លឹះដែលជួយឲ្យគាត់អាចរស់នៅក្នុងពិភពរបស់ពួកគេបាន។
លេសាមិនបានគិតថា ខ្លួនគាត់មានកាយសម្បទាគ្រប់គ្រាន់ជាងមនុស្សគថ្លង់នោះទេ។ តែគាត់មានលក្ខណៈដូចពួកគេណាស់ គឺខុសត្រង់គាត់អាចស្តាប់ឮបាន។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះយេស៊ូវ ដែលព្រះអង្គបានបន្ទាបព្រះកាយ ដោយយាងចុះពីស្ថានសួគ៌មកយកកំណើតជាមនុស្សនៅលើផែនដី ដើម្បីឈោងមករកយើងរាល់គ្នា។ “ព្រះបានធ្វើឲ្យព្រះយេស៊ូវទាបជាងទេវតាតែបន្តិចទេ”(ហេព្រើរ ២:៩)។ ព្រះគ្រីស្ទ “ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្តីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត”(ខ.១៤)។ នៅក្នុងការសុគតរបស់ព្រះអង្គ ព្រះអង្គបានរំដោះ “ពួកអ្នកនោះដែលជាប់ជាបាវបំរើគ្រប់១ជីវិត ដោយខ្លាចស្លាប់ ឲ្យបានរួចចេញវិញ”(ខ.១៥)។ ជាងនេះទៅទៀត ព្រះអង្គ “បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃ ដែលមានព្រះទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ”(ខ.១៧)។
ទោះយើងជួបប្រទះបញ្ហាអ្វីក៏ដោយ ព្រះយេស៊ូវជ្រាប ហើយក៏យល់អំពីបញ្ហារបស់យើង។ ព្រះអង្គជ្រាបអំពីចិត្តយើង។ ព្រះអង្គគង់នៅជាមួយយើង ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើង។—Tim Gustafson
តើអ្នកមានការលើកទឹកចិត្តយ៉ាងណា ពេលដែលបានដឹងថា ព្រះយេស៊ូវបានឆ្លងកាត់ទុក្ខលំបាកគ្រប់យ៉ាងដូចអ្នកដែរ?
តើអ្នកអាចបោះជំហានចូលទៅក្នុងពិភពរបស់អ្នកដទៃយ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានព្រះយេស៊ូវ ធ្វើជាអំណោយ ហើយនាំទូលបង្គំចូលទៅក្នុងមហាគ្រួសាររបស់ព្រះអង្គ។
For further study, read Walk with Me: Traveling with Jesus and Others on Life’s Road at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២០-២២ និង ម៉ាថាយ ៦:១៩-៣៤
ប្រភេទ
ល្ងាច

តយុទ្ធនឹងចិត្តជូរល្វីង
ដោយAlistair Begg
January 8, 2025
«គ្រានោះ ពួកទ័ពស៊ីរីបានចេញ ទៅដោយកងៗ គេចាប់ក្មេងស្រីម្នាក់ នាំមកពីស្រុកអ៊ីស្រាអែល នាងនោះក៏បម្រើប្រពន្ធណាម៉ាន់ នាងនិយាយនឹងចៅហ្វាយស្រីរបស់ខ្លួនថា “ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ”» (២ពង្សាវតាក្សត្រ ៥:២-៣)។
ព្រះទ្រង់អាចប្រើទុក្ខលំបាក ដើម្បីនាំមនុស្សម្នាក់ឲ្យចូលកាន់តែជ្រៅ ទៅក្នុងទំនាក់ទំនងជាមួយព្រះអង្គ។ ប៉ុន្តែ បើអ្នកនោះបានឮព្រះបន្ទូល ហើយមិនបានឆ្លើយតបដោយជំនឿ នោះការរងទុក្ខរបស់គាត់ ដែលគ្មានសេចក្តីជំនឿ និងសេចក្តីសង្ឃឹម នឹងធ្វើឲ្យគាត់មានចិត្តជូរល្វីង ខណៈពេលដែលចិត្តរបស់គាត់កាន់តែរឹង ជាជាងទន់នៅចំពោះព្រះអង្គ។ ម្យ៉ាងទៀត ទុក្ខលំបាកអាចធ្វើឲ្យយើងរត់ទៅរកព្រះ ហើយក៏អាចធ្វើឲ្យយើងរត់ចេញពីព្រះអង្គផងដែរ។ ក្នុងពេលដែលយើងកំពុងមានទុក្ខលំបាក យើងត្រូវតែសួរខ្លួនឯងថា «តើទុក្ខលំបាកនេះកំពុងធ្វើឲ្យខ្ញុំមានចិត្តជូរល្វីង និងចិត្តអាក្រក់ ឬកំពុងធ្វើឲ្យខ្ញុំមានសេចក្តីស្រឡាញ់ និងមានចិត្តសុភាព?»។
ក្នុងកណ្ឌគម្ពីរ ២ពង្សាវតាក្សត្រ ក្នុងចំណោមរឿងរ៉ាវរបស់ស្ដេច និងពួកហោរាជាច្រើន យើងសង្កេតឃើញការឆ្លុះបញ្ចាំងដ៏អស្ចារ្យនៃការមានចិត្តសុភាព និងការបន្ទាបខ្លួន នៅចំពោះមុខទុក្ខលំបាកដ៏ធំមួយ តាមរយៈគំរូរបស់ក្មេងស្រីជនជាតិអ៊ីស្រាអែលម្នាក់។ សាសន៍ស៊ីរីបានចាប់ខ្លួនក្មេងស្រីម្នាក់ ក្នុងអំឡុងការវាយលុកចូលទឹកដីអ៊ីស្រាអែល ហើយក៏បាននាំនាងចេញឆ្ងាយពីក្រុមគ្រួសាររបស់នាង ក្នុងទឹកដីអ៊ីស្រាអែល ហើយក៏បានបង្ខំនាងឲ្យធ្វើការជាអ្នកបម្រើរបស់លោកណាម៉ាន ជាមេទ័ពរបស់កងទ័ពស៊ីរី។ នេះជាសោកនាដកម្មដែលពិបាកពណ៌នារបស់ក្មេងស្រី និងក្រុមគ្រួសាររបស់នាង!
តែក្នុងពេលដែលមានទុក្ខលំបាកដ៏ខ្លាំងនោះ យើងឃើញថា នាងបានបង្ហាញចេញនូវចិត្តទន់ភ្លន់ ពេលបានដឹងថា ចៅហ្វាយរបស់នាងមានជំងឺឃ្លង់ ហើយក៏បានប្រាប់ភរិយារបស់លោកណាម៉ាន អំពីរបៀបដែលគាត់អាចទទួលការប្រោសឲ្យជា។ បើសិនជានាងបណ្តោយឲ្យខ្លួនឯង មានចិត្តជូរល្វីង ពេលដែលនាងឮគេនិយាយតគ្នា នៅក្នុងផ្ទះថា គាត់មានជំងឺឃ្លង់ នោះនាងប្រហែលជាសន្និដ្ឋានថា គាត់សមនឹងមានជំងឺនេះ។ តែនាងមិនបានធ្វើដូចនេះទេ។ នាងចង់ឲ្យរឿងល្អបំផុតកើតមានចំពោះសត្រូវរបស់នាង ជាជាងឲ្យការអាក្រក់កើតឡើងចំពោះពួកគេ។ តើនាងអាចធ្វើដូចនេះបាន ដោយរបៀបណា? ពីព្រោះ គេបានសន្និដ្ឋានថា នៅចំពោះមុខនៃភាពទទេ និងទុក្ខព្រួយ ដែលបណ្ដាលមកពីការពង្រាត់ចេញពីគ្រួសារ នាងបានងាកទៅរកព្រះនៃសេចក្តីស្រឡាញ់ និងព្រះបន្ទូលសន្យារបស់ព្រះអង្គ ម្តងហើយម្តងទៀត។
ពេលណាយើងធ្វើដំណើរឆ្លងកាត់ទុក្ខវេទនារបស់យើង ឬព្យាយាមយកអាសាអ្នកដែលកំពុងជួបទុក្ខធ្ងន់ ចូរយើងកុំភ្លេចបើកចំហចិត្តរបស់យើង ឲ្យមានភាពស្រទន់។ តើងាយស្រួលទេ? គឺមិនងាយស្រួលទេ! ប៉ុន្តែ សេចក្តីស្មោះត្រង់របស់ព្រះ មានភាពធំធេងណាស់ ហើយក៏គ្របដណ្ដប់ពីលើគ្រប់ផ្នែកទាំងអស់ បានជាអាចទ្រទ្រង់យើង សូម្បីតែនៅក្នុងពេលដែលយើងមានការឈឺចាប់បំផុត។ ដូចនេះ ចូរយើងងាកទៅរកព្រះអង្គ ក្នុងគ្រប់កាលៈទេសៈ ហើយទទួលយកការកម្សាន្តចិត្ត នៅក្នុងសេចក្តីស្មោះត្រង់ និងការផ្គត់ផ្គង់របស់ព្រះអង្គ។ ពេលណាអ្នកងាកទៅរកព្រះអង្គ អ្នកនឹង «អាចនឹងកម្សាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ គឺដោយសារសេចក្តីក្សាន្តនោះឯង ដែលព្រះបានកម្សាន្តចិត្តយើងស្រេចហើយ» (២កូរិនថូស ១:៤)។
ព្រះគម្ពីរសញ្ជឹងគិត៖ ២កូរិនថូស ៥:៦-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ២៣-២៤ និងរ៉ូម ៨:២២-៣៩