នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ល្អ​ប្រសើរ​ជាង​ជីវិត​ទូល​បង្គំ

ល្អ​ប្រសើរ​ជាង​ជីវិត​ទូល​បង្គំ

ដោយXochitl Dixon

January 9, 2025

ទំនុក​ដំកើង ៦៣

ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល​បង្គំ​នឹង​សរសើរ​ដល់​ទ្រង់​។ ទំនុក​ដំកើង ៦៣:៣

បន្ទាប់ពី​សុខ​ភាព​របស់​ខ្ញុំ​បាន​ចុះ​ខ្សោយ​សារ​ជា​ថ្មី ខុសពី​ការ​រំពឹង​គិត ខ្ញុំ​ក៏បាន​ចូល​រួម​ជាមួយ​ស្វាមី​របស់​ខ្ញុំ និង​អ្នក​ដទៃ​ទៀត នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត នៅ​តាម​តំបន់​ជួរ​ភ្នំ​។ ខ្ញុំ​បាន​ឡើង​ជណ្តើរ​តូច​មួយ​ធ្វើពីឈើ ឆ្ពោះ​ទៅ​រក​ព្រះវិហារ​តូច​មួយ នៅ​លើកំពូល​ភ្នំ​។ ខ្ញុំ​ក៏​បាន​ឈប់​សម្រាក​នៅ​លើ​កាំ​ជណ្តើរ​ឈើ​ដែល​ទ្រុឌទ្រោម តែ​ម្នាក់ឯង នៅ​ក្នុង​ភាព​ងងឹត​។ ខណៈ​ពេល​ដែល​ខ្ញុំ​បានឮ​គេ​ចាប់​ផ្តើម​លេង​ភ្លេង ខ្ញុំ​ក៏​បាន​អធិស្ឋាន​ខ្សឹប​ៗ​ថា “ព្រះ​អម្ចាស់​អើយ ជួយ​ទូល​បង្គំ​ផង”។ ខ្ញុំ​ក៏​បាន​ដើរ​យឺត​ៗ​រហូត​ទៅដល់​បន្ទប់​តូច​មួយ​។ ខ្ញុំ​ក៏បាន​ដក​ដង្ហើម ខណៈ​ពេល​ដែល​រូបកាយ​ខ្ញុំ​នៅ​មាន​ការ​ឈឺ​ចាប់ ដោយ​ការ​ដឹង​គុណ ចំពោះ​ព្រះអម្ចាស់ ដែល​បាន​ស្តាប់​ឮ​យើង នៅ​ក្នុង​កន្លែង​ដែល​គេ​បោះបង់ចោល ដូច​វាល​រហោស្ថាន!

ព្រះ​គម្ពីរប៊ីប​បាន​ចែង​អំពី​ការ​ប្រកប​ជាមួយ​ព្រះអម្ចាស់ ដែល​មាន​ភាព​ស្និទ្ធ​ស្នាល​បំផុត នៅ​ក្នុង​ការ​ថ្វាយបង្គំ​ព្រះអង្គ នៅ​វាល​រហោស្ថាន​។ កាល​ស្តេច​ដាវីឌ​កំពុង​លាក់​ខ្លួន នៅ​ក្នុង​វាល​រហោស្ថាន ក្នុង​នគរ​យូដា ក្នុង​ការ​រត់​គេច​ពី​ការ​តាម​សម្លាប់​របស់​អាប់សាឡំម ជា​បុត្រា​ទ្រង់ ទ្រង់​ក៏បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ​អម្ចាស់​ថា “ឱ​ព្រះ​អង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូល​បង្គំ ទូល​បង្គំ​នឹង​ស្វែងរក​ទ្រង់​អស់ពី​ចិត្ត ព្រលឹង​ទូល​បង្គំ​ស្រេក​រក​ទ្រង់”(ទំនុក​ដំកើង ៦៣:១)។ ដោយសារ​ទ្រង់​បាន​ដក​ពិសោធ​ជា​មួយ​ព្រះ​ចេស្តា និង​សិរី​ល្អ​របស់​ព្រះអម្ចាស់ ទ្រង់​ក៏បាន​មាន​បន្ទូល​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ មាន​តម្លៃ​ជាង​ជីវិត​ទៅទៀត(ខ.៣) ហើយ​នេះ​ជា​មូល​ហេតុ​ដែល​ទ្រង់​បាន​ប្ដេជ្ញា​ព្រះ​ទ័យ​ថា នឹង​ថ្វាយបង្គំ​ព្រះអង្គ​ជា​រៀង​រហូត សូម្បីតែ​នៅ​ក្នុង​វាល​រហោស្ថាន​ក៏ដោយ(ខ.២-៦)។ ទ្រង់​មាន​បន្ទូល​ថា “ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ជំនួយ​ដល់​ទូល​បង្គំ

ទូល​បង្គំ​នឹង​មាន​ចិត្ត​រីករាយ​នៅ​ក្រោម​ម្លប់​ស្លាប​ទ្រង់​។ ព្រលឹង​ទូល​បង្គំ​តាម​ទ្រង់​ប្រកិត ព្រះ​ហស្ត​ស្តាំ​នៃ​ទ្រង់​ក៏​ទប់ទល់​ទូល​បង្គំ”(ខ.៧-៨)។

ទោះ​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ណា ឬ​មនុស្ស​ដែល​បៀតបៀន​យើង​មាន​ភាព​កាច​សាហាវ​យ៉ាងណា​ក៏ដោយ យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​ទុកចិត្ត​ព្រះ ដោយ​សរសើរ​ដំកើង​ព្រះអង្គ ដូច​ស្តេច​ដាវីឌ​ផង​ដែរ(ខ.១១)។ ទោះ​យើង​នឹង​រង​ទុក្ខ ជួនកាល​មិនមែន​ដោយសារ​កំហុស​យើង​ក៏ដោយ ក៏​យើង​នៅតែ​អាច​ទុក​ចិត្ត​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​តែងតែ​ប្រសើរ​ជាង​ជីវិត​របស់​យើង​ជានិច្ច​។—Xochitl Dixon

តើ​ការ​ដឹង​ថា ព្រះ​ស្រឡាញ់​អ្នក បាន​លើក​ទឹក​ចិត្ត​អ្នក​យ៉ាងណា​ខ្លះ នៅពេល​ដែល​អ្នក​ទទួល​រង​ការ​វាយ​ប្រហារ ឬ​ជួប​បរាជ័យ?
តើ​ការ​ថ្វាយបង្គំ​ព្រះ​បាន​ពង្រឹង​ជំនឿ​របស់​អ្នក ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ប្រសើរ​ជាង​ជីវិត​ទូល​បង្គំ!

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២៣-២៤ និង ម៉ាថាយ ៧

ល្ងាច

Devotional illustration

ការ​អញ្ជើញ​ដែល​សំខាន់​បំផុត

ដោយAlistair Begg

January 9, 2025

«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក» (ម៉ាថាយ ១១:២៨)។

ពេល​ណា​អ្នក​ទទួល​ការ​អញ្ជើញ អ្នក​ប្រហែល​ជា​ចង់​សួរ​ថា តើ​នរណា​ជា​អ្នក​អញ្ជើញ? តើ​ការ​អញ្ជើញ​នេះ​សម្រាប់​នរណា? ហេតុ​អ្វី​ការ​អញ្ជើញ​នេះ​សំខាន់? ខ​គម្ពីរ​នេះ​បាន​ផ្តល់​ឲ្យ​នូវ​ការ​អញ្ជើញ​ដែល​គួរ​ឲ្យ​ស្រឡាញ់​បំផុត ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល ប៉ុន្តែ​ដើម្បី​យល់​ខ​គម្ពីរ​នេះ​ឲ្យ​បាន​ច្បាស់​បំផុត យើង​ត្រូវ​សួរ​សំណួរ​ដូច​នេះ​ផង​ដែរ។

ទី​មួយ ខ​គម្ពីរ​នេះ​ជា​ការ​អញ្ជើញ​ជា​លក្ខណៈ​បុគ្គល តែ​មិន​មែន​ជា​ការ​អញ្ជើញ ឲ្យ​ចូល​រួម​កម្មវិធី ឬ​អញ្ជើញ​ឲ្យ​ចូល​រួម​សាសនា ឬ​ទស្សន​វិជ្ជា ដូច​សាសនា​ហិណ្ឌូ សាសនា​ព្រះ​ពុទ្ធ លទ្ធិ​ខុងជឺ លទ្ធិ​យុគសម័យ​ថ្មី លទ្ធិ​មនុស្ស​និយម ឬ «លទ្ធិ» អ្វី​ផ្សេង​ទៀត ដែល​អាច​រក​បាន​ក្នុង​ពិភព​លោក នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។ នេះ​ជា​ការ​អញ្ជើញ​ពី​ព្រះ​យេស៊ូវ​ដោយ​ផ្ទាល់។ ព្រះ​អង្គ​កំពុង​អញ្ជើញ​យើង​ម្នាក់ៗ​ថា «ចូរ​មក​ឯ​ខ្ញុំ»។ សារៈសំខាន់​នៃ​ការ​អញ្ជើញ​នេះ គឺ​អាស្រ័យ​ទៅ​លើ​អ្នក​អញ្ជើញ។ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ ព្រះ​យេស៊ូវ​បាន​ប្រកាស​ថា ព្រះ​អង្គ​ជា​នរណា។ ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី ព្រះ​អង្គ​សង្គ្រោះ​ពិភព​លោក ព្រះ​រាជបុត្រា​នៃ​ព្រះ (មើល យ៉ូហាន ៤:២៥-២៦ និង​១យ៉ូហាន ៤:១៤)។ ផ្អែក​ទៅ​លើ​គុណ​ធម៌​នៃ​អត្ត​សញ្ញាណ​នេះ ព្រះ​អង្គ​អាច​បង្គាប់​ឲ្យ​មាន​ការ​ឆ្លើយ​តប តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ប្រទាន​ការ​អញ្ជើញ​នេះ។

ហើយ​តើ​ព្រះ​អង្គ​អញ្ជើញ​នរណា​ខ្លះ? គឺ «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់»។ ការ​អញ្ជើញ​នេះ​គឺ​សម្រាប់​មនុស្ស​ទាំង​អស់។ គឺ​មិន​បាន​ជ្រើស​រើស​យក​ក្រុម​ណា​មួយ ក្នុង​ចំណោម​ក្រុម​ធំ​មួយ តែ​បាន​សំដៅ​ទៅ​លើ​មនុស្ស​ទាំង​អស់។ យើង​ម្នាក់ៗ​សុទ្ធ​តែ​ត្រូវ​ការ​ការ​អញ្ជើញ​នេះ គ្មាន​នរណា​ម្នាក់​ដែល​រួច​ផុត​ពី​ការ​ខ្វល់​ខ្វាយ ការ​ទទួល​ខុស​ត្រូវ ការ​ភ័យ​ខ្លាច និង​បរាជ័យ ដែល​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួក​គេ​ឡើយ។

ហេតុ​អ្វី​ការ​អញ្ជើញ​នេះ​សំខាន់? ព្រះ​យេស៊ូវ​អញ្ជើញ​យើង​ឲ្យ​ស្វែង​រក «ការ​សម្រាក​សម្រាប់​វិញ្ញាណ» របស់​យើង។ ព្រះ​អង្គ​កំពុង​មាន​បន្ទូល​សំដៅ​ទៅ​លើ​ការ​សម្រាក​ដ៏​ស្ថិត​ស្ថេរ។ ព្រះ​អង្គ​កំពុង​អញ្ជើញ​យើង​ឲ្យ​ចូល​រួម​ពិធី​ជប់​លៀង ហើយ​មិន​បាន​ប្រាប់​យើង​ឲ្យ​តុប​តែង​ខ្លួន ដោយ​សំលៀក​បំពាក់​នោះ​ទេ។ យើង​ទៅ​ចូល​រួម​ពិធី​ជប់លៀង​នោះ ដោយ​សណ្ឋាន​ពិត​របស់​យើង។ ព្រះ​អង្គ​ដក​សំលៀក​បំពាក់​នៃ «ការ​ប្រព្រឹត្ត​ល្អ» ចេញ​ពី​យើង ជា​សំលៀក​បំពាក់​ដែល​មនុស្ស​ជា​ច្រើន ចូល​ចិត្ត​ពាក់។ ព្រះ​អង្គ​ហៅ​សំលៀក​បំពាក់​ទាំង​នោះ​ថា ខោអាវ​កណ្ដាច ហើយ​ក៏​បាន​បោះ​ពួក​វា​ទៅ​កៀន​ជ្រុង។ ព្រះ​អង្គ​ក៏​ដក​សំលៀក​បំពាក់ «ខ្ញុំ​អាក្រក់​ណាស់ ខ្ញុំ​រញ៉េរញ៉ៃ​ណាស់ ខ្ញុំ​គ្មាន​សង្ឃឹម​ទេ» ចេញ​ពី​យើង ហើយ​បោះ​ពួក​វា​ទៅ​កៀន​ជ្រុង​ផង​ដែរ។ ព្រះ​អង្គ​បាន​បំពាក់ “អាវ​ជា​សេចក្តី​សុចរិត” ពីលើ​យើង ជំនួស​ខោអាវ​ទាំង​នោះ (អេសាយ ៦១:១០) ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​មក​ដោយ​ផ្ទាល់។ យើង​អាច​ឈប់​សម្រាក ដោយ​លែង​ព្យាយាម​ជួយ​ខ្លួន​ឯង ឬ​ជួយ​ខ្លួន​ឯង​ឲ្យ​បាន​ចូល​នគរ​ព្រះ ពេល​ដែល​យើង​ចូល​មក​រក​ព្រះ​យេស៊ូវ ហើយ​ទទួល​អ្វីៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ពី​ព្រះ​អង្គ។

នេះ​ជា​ការ​អញ្ជើញ​ដែល​ធំ​ជាង​ការ​អញ្ជើញ​ទាំង​អស់។ នៅ​ថ្ងៃ​នេះ ចូរ​នាំ​បន្ទុក​របស់​អ្នក​ចូល​មក​រក​ព្រះ​អង្គ ជា​លើក​ទី១ ឬ​លើក​ទី១​ពាន់។ ចូរ​ទទួលយក​ការ​សម្រាក​ពី​ព្រះ​អង្គ​ចុះ។

ខ្ញុំ​មក​ថ្វាយ​ខ្លួន ឥត​មាន​អ្វី​អាង

អាង​តែ​ឈាម​ទ្រង់​ហូរ​លើ​ឈើ​ឆ្កាង

នឹង​ព្រះ​បន្ទូល​ជាទី​សម្អាង

ឱ​ព្រះ​អង្គ​សង្គ្រោះ​យើង ខ្ញុំ​មក1

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាថាយ ១១:២៥-៣០

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ២៥-២៦ និង​រ៉ូម ៩:១-១៥

1លោក​ស្រី Charlotte Elliot, “Just As I Am, Without One Plea” (ឆ្នាំ១៨២៥)។

ប្រភេទ