នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ជៀសវាង​ការ​បោក​បញ្ឆោត

ការ​ជៀសវាង​ការ​បោក​បញ្ឆោត

ដោយBren thackett

January 10, 2025

២យ៉ូហាន ១:៤‌-១១

ពីព្រោះ​មាន​អ្នក​ប្រវ័ញ្ច​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោកីយ៍​ហើយ ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់ឈាម​ទេ​។ ២យ៉ូហាន ១:៧

កាល​ពី​ខែ​មេសា ឆ្នាំ១៨១៧ ស្ត្រី​វ័យ​ក្មេង​ម្នាក់​បាន​វង្វេង​ស្មារតី ហើយ​បាន​ដើរ​វិលវល់​ចុះ​ឡើង នៅ​ក្នុង​ខេត្ត​ក្លាសស្ទ័រស័រ ប្រទេស​អង់គ្លេស ដោយ​ស្លៀក​ពាក់​ខោអាវ​បរទេស និង​និយាយ​ភាសា​ដែលគេ​មិន​ស្គាល់​។ ពួក​អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា នាង​គឺជា​អ្នកសុំ​ទាន បានជា​ពួកគេ​ចាប់​ខ្លួន​នាង​ដាក់គុក​។ ទោះជា​យ៉ាងណា​ក៏ដោយ នាង​បាន​ពន្យល់​ពួក​គេ​ថា នាង​គឺជា​ព្រះ​នាង​ខារ៉ាប៊ូ(Caraboo) មក​ពី​កោះ​ចាវ៉ាស៊ូ​។ សហគមន៍​នៅ​ទីនោះ ក៏បាន​ប្រតិបត្តិ​ចំពោះ​នាង ដូច​ខ្សែ​រាជ​វង្ស អស់​រយៈ​ពេល១០សប្តាហ៍ រហូត​ដល់​ពេល​មួយ ម្ចាស់​ផ្ទះ​សំណាក់​ម្នាក់​បាន​មក​បង្ហាញ​ការពិត​ថា តាម​ពិត​នាង​គឺជា​អ្នក​បម្រើ ឈ្មោះ ម៉ារី វីលខក់(Mary Willcocks)។

យើង​ប្រហែល​ជា​ឆ្ងល់​ថា ស្រ្តី​វ័យ​ក្មេង​ម្នាក់​នេះ​បាន​បោក​ប្រាស់​សហគមន៍​ទាំងមូល អស់​រយៈ​ពេល​ជិត៣ខែ​ដោយ​របៀបណា​ទេ​។ ប៉ុន្តែ កណ្ឌ​គម្ពីរ​យ៉ូហាន ខ្សែទី២ បាន​ដាស់តឿន​យើង​ថា ការ​បោក​បញ្ឆោត​មិនមែន​ជា​រឿង​ដែល​ទើបតែ​កើត​មាន​ក្នុង​សម័យ​បច្ចុប្បន្ន​នោះ​ទេ គឺ​ដូច​ដែល​បទ​គម្ពីរ​នេះ​បាន​ចែងថា “មាន​អ្នក​ប្រវ័ញ្ច​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោកីយ៍​ហើយ”(១:៧)។ មាន​មនុស្ស​ដែល​បដិសេធ​មិន​ព្រម​ជឿ​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​ចាប់​កំណើត​ជា​មនុស្ស​ទេ(ខ.៧) ឬ​មាន​មនុស្ស​ដែល​បន្ថែម​បន្ថយ​ការ​បង្រៀន​របស់​ព្រះគ្រីស្ទ(ខ.៩) ដោយ​ប្រកាស​ថា ព្រះ​គម្ពីរប៊ីប​មិន​មាន​ការ​បង្រៀន​គ្រប់​គ្រាន់​សម្រាប់​យើង​ក្នុង​ពេល​សព្វថ្ងៃ​ទេ​។ ពួក​បោក​បញ្ឆោត​ទាំង​ពីរ​ប្រភេទ​នេះ អាច​បណ្តាល​ឲ្យ​យើង​មិន​បាន​ទទួល​រង្វាន់​ពេញ​លេញ​ពី​ព្រះ(ខ.៨) ហើយ​ថែម​ទាំង​អាច​បោក​ប្រាស់​យើង ឲ្យ​រួម​ចំណែក​ក្នុង​ការ​អាក្រក់​របស់​ពួក​គេ​ទៀត​ផង(ខ.១១)។

គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ឲ្យ​គេ​បោក​ប្រាស់​នោះ​ទេ​។ ប្រជាជន​នៅ​ខេត្ត​ក្លាសស្ទ័រស័រ មិន​បាន​ខាតបង់​ច្រើន​ទេ គឺ​គ្រាន់តែ​បាន​ឲ្យ​សំលៀក​ពាក់ និង​អាហារ​ដល់​ស្ត្រី​ដែល​វង្វេង​ស្មារតី​នោះ ដោយ​ឥត​គិត​ថ្លៃ​ប៉ុណ្ណោះ​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​បាន​ចែងថា ផល​វិបាក​នៃ​បាប និង​ការ​បោក​បញ្ឆោត នៅតែ​បន្ត​គំរាម​កំហែង​យើង​។ ពេលណា​យើង​ប្រព្រឹត្ត​តាម​ព្រះបន្ទូល ក្នុង​ព្រះ​គម្ពីរ ព្រះ​អង្គ​នឹង​ជួយ​យើង​ឲ្យ​ជៀសវាង​ការ​បោក​បញ្ឆោត ខណៈ​ពេល​ដែល​យើង​ដើរ ដោយ​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះអង្គ(ខ.៦)។—Brent Hackett

តើ​អ្នក​មាន​ការ​ប្រុង​ប្រយ័ត្ន​ដូច​ម្តេច​ខ្លះ ចំពោះ​គ្រូ​បង្រៀន​ខុស​ឆ្គង ក្នុង​ពេល​សព្វថ្ងៃ? តើ​អ្នក​អាច​ជញ្ជឹង​គិត និង​ឆ្លើយតប​ចំពោះ​ព្រះបន្ទូល​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ឈរ​យ៉ាង​មាំ​មួន ដោយ​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរប៊ីប ដើម្បី​កុំ​ឲ្យ​ចាញ់​ការ​បោក​បញ្ឆោត​ឡើយ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២៥-២៦ និង ម៉ាថាយ ៨:១-១៧

ល្ងាច

Devotional illustration

មាន​ចំណុច​ដូច​គ្នា​ច្រើន

ដោយAlistair Begg

January 10, 2025

«ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជា​មួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា» (កិច្ចការ ២:៤៤)។

របៀប​នៃ​ការ​រស់​នៅ ដែល​មាន​ការ​រួប​រួម​គ្នា ស្ថិត​ក្នុង​ចំណោម​លក្ខណសម្បត្តិ​របស់​ពួក​ជំនុំ​ដំបូង ដែល​មាន​ការ​ទាក់​ទាញ​ខ្លាំង​បំផុត ចំពោះ​អ្នក​មិន​ជឿ​ព្រះ​ដែល​រស់​នៅ​ជិត​ខាង​ពួក​គេ។ តើ​មាន​កត្តា​អ្វី​ដែល​បាន​បង្រួប​បង្រួម​មនុស្ស​ចម្រុះ​គ្នា​ច្រើន​យ៉ាង​នេះ ដែល​មាន​ដូច​ជា​សាសន៍​ដទៃ និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មនុស្ស​ព្រៃ ពួក​អ្នក​ក្រុង ពួក​ទាសករ និង​ពួក​អ្នក​ជា (កូឡូស ៣:១១)? ពួក​គេ​រួប​រួម​ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ។ មិន​មាន​ការ​បក​ស្រាយ​ណា​មួយ​ថា ការ​រួបរួម​របស់​គ្រីស្ទ​បរិស័ទ​ទាំង​នេះ​បាន​កើត​មាន ដោយ​គ្មាន​ព្រះ​អង្គ​នោះ​ឡើយ។

ចាប់​តាំង​ពី​សម័យ​នោះ រហូត​ដល់​ពេល​បច្ចុប្បន្ន ពួក​ជំនុំ​តែង​តែ​មាន​ការ​រួបរួម​តែ​មួយ ក្នុង​ការ​ប្រកប​ដ៏​ពិសេស ដែល​មាន​ប្រភេទ​នៃ​ការ​រួប​រួម​មួយ​ចំនួន។ ទី​មួយ ពួក​គេ​មាន​ជំនឿ​តែ​មួយ។ ពួក​ជំនុំ​ដំបូង​មិន​បាន​ជួប​ជុំ​គ្នា ផ្អែក​ទៅ​លើ​ជាតិ​សាសន៍ ការ​អប់រំ ផល​ប្រយោជន៍ ឬ​អ្វី​ផ្សេង​ទៀត​នោះ​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​នាំ​ជីវិត​របស់​ខ្លួន​មក​ចម្រុះ​គ្នា នៅ​ក្រោម​ជំនឿ​តែ​មួយ លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ។ ពិធី​លៀង​ព្រះ​អម្ចាស់​នៅ​តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ដ៏​មាន​ន័យ អំពី​ការ​រួបរួម​ដដែល​នេះ ដែល​ក្នុង​នោះ មាន​ការ​រួម​ចិត្ត​រួម​គំនិត​គ្នា​តែ​មួយ ក្នុង​ការ​ចូល​រួម​ទទួល​ចំណែក​នំប៉័ង និង​ទឹក​ទំពាំង​បាយ​ជូរ ជា​រូប​កាយ​តែ​មួយ។ ព្រះ​យេស៊ូវ​ជា​នំប៉័ង​ជីវិត ដែល​បាន​ទ្រទ្រង់ និង​បង្រួប​បង្រួម​យើង។

ទី​ពីរ យើង​ជា​គ្រួសារ​តែមួយ។ ពេល​ណា​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​អង្គ​សង្គ្រោះ យើង​បាន​ទទួល​ការ​ស្វាគមន៍​ចូល​ក្នុង​មហា​គ្រួសារ​ទ្រង់ ជា​មួយ​អ្នក​ជឿ​ដទៃ​ទៀត ដោយ​មាន​ព្រះ​វរបិតា​តែ​មួយ ដែល​គង់​នៅ​ស្ថាន​សួគ៌។ ចំណង​គ្រួសារ​នេះ​មាន​តម្លៃ​ជាង​គ្រួសារ​ខាង​សាច់​ឈាម នៅ​លើ​ផែនដី ព្រោះ​គ្រួសារ​នៃ​សេចក្តី​ជំនឿ​មាន​ភាព​ស្ថិត​ស្ថេរ​អស់​កល្ប។ ហេតុ​នេះ​ហើយ យើង​គួរ​តែ​គិត​អំពី​ប្រយោជន៍​របស់​បង​ប្អូន​ប្រុស​ស្រី​ខាង​ឯ​វិញ្ញាណ​របស់​យើង។ ព្រោះ​ការ​ដែល​យើង​ដែល​ជា​អ្នក​ជឿ មិន​ស្រឡាញ់​គ្នា មិន​គ្រាន់​តែ​ជា​រឿង​ដ៏​សោកសៅ តែ​ក៏​មាន​ភាព​ផ្ទុយ​គ្នា ព្រោះ «អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ព្រះ នោះ​ត្រូវ​តែ​ស្រឡាញ់​ដល់​បង​ប្អូន​ដែរ»(១យ៉ូហាន ៤:២១)។

ទី​បី ដោយ​សារ​ព្រះ​គុណ​ព្រះ ពួក​ជំនុំ​ពិត​ប្រាកដ​ក៏​ដក​ពិសោធន៍​ជា​មួយ​ការ​មាន​អារម្មណ៍​ដូច​គ្នា។ យើង​អាច​សង្កេត​ឃើញ​ថា នៅ​ក្នុង​ការ​ប្រកួត​កីឡា​នីមួយៗ អ្នក​គាំទ្រ​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា តែ​ពួក​គេ​មាន​អារម្មណ៍ ការ​ជឿ​ជាក់ និង​គោលដៅ​តែ​មួយ ចំពោះ​ក្រុម​កីឡាករ​ដែល​ពួក​គេ​ចូល​ចិត្ត។ ជូន​កាល អារម្មណ៍​របស់​ពួក​គេ​មាន​ការ​ឡើង​ចុះៗ​ដូច​គ្នា ទៅ​តាម​ការ​ប្រកួត។ ស្រដៀង​គ្នា​នេះ​ដែរ សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ​ក៏​ចែក​រំលែក​ក្តី​អំណរ សន្តិភាព ការ​ឈឺ​ចាប់ និង​ទុក្ខ​ព្រួយ​ទាំង​អស់​គ្នា។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បក​ស្រាយ​ថា «បើ​អវយវៈ១ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ១​បាន​តម្កើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីក​រាយ​ជា​មួយ​ដែរ» (១កូរិនថូស ១២:២៦)។ ពាក្យ​ប្រៀប​ប្រដូច​ដែល​សាវ័ក ប៉ុល បាន​ប្រើ​ក្នុង​ជំពូក​នេះ គឺ​សំដៅ​ទៅ​លើ​ពួក​ជំនុំ​ជា​រូប​កាយ​តែ​មួយ បាន​សេចក្តី​ថា ក្នុង​នាម​យើង​ជា​អ្នក​ជឿ យើង​មាន​ចំណុច​ខុស​គ្នា ហើយ​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​ផ្សេង​គ្នា ដូច​នេះ យើង​ជា​រូប​កាយ​តែ​មួយ ដែល​ធ្វើ​ការ​រួម​គ្នា ទទួល​បាន​លទ្ធផល​ល្អ​ជាង​ការ​ធ្វើ​ការ​ដាច់​ពី​គ្នា។

កម្លាំង​របស់​អ្នក​ជួយ​បំពេញ​ចំណុច​ខ្វះខាត និង​ភាព​កម្សោយ​របស់​ខ្ញុំ ហើយ​ក៏​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ គ្រួសារ​ទាំង​អស់​មាន​ការ​លំបាក និង​បញ្ហា​ផ្សេងៗ ហើយ​យើង​ជា​មនុស្ស​មាន​បាប ដូច​នេះ យើង​ងាយ​នឹង​ភ្លេច​ថា យើង​មាន​ឯកសិទ្ធិ ក្នុង​ការ​រួប​រួម​គ្នា​ជា​រាស្ត្រ​របស់​ព្រះ។ តើ​អ្នក​បាន​អរ​ព្រះ​គុណ​ព្រះ​វរបិតា សម្រាប់​ការ​ប្រទាន​គ្រួសារ​ពួក​ជំនុំ នៅ​ពេល​ណា? សូម​ប្រាប់​អំពី​ពេល​ដែល​អ្នក​បាន​មើល​ទៅ​បង​ប្អូន​ប្រុស​ស្រី ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ថ្ងៃ​អាទិត្យ ហើយ​អ្នក​មាន​ការ​លើក​ទឹក​ចិត្ត ដែល​បាន​ដឹង​ថា អ្នក​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ពួក​ជំនុំ ដោយ​សារ​ព្រះ​គុណ​ព្រះ​អង្គ។

ពិភព​លោក​សព្វ​ថ្ងៃ មាន​ពេញ​ដោយ​ការ​បាក់​បែក និង​ភាព​ឯកា​មិន​ខុស​ពី​សម័យ​ពួក​សាវ័ក​ទេ។ មនុស្ស​មាន​ភាព​ប្រេះ​បែក មាន​ការ​ភ័យ​ខ្លាច និង​ការ​បាត់​បង់។ តែ​យើង​ជា​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ អាច​ផ្តល់​ឲ្យ​លោកីយ៍​នេះ នូវ​ការ​ប្រកប​ដ៏​ជ្រាល​ជ្រៅ និង​ពេល​អនាគត​ពេញ​ដោយ​ក្តី​សង្ឃឹម​អស់​កល្ប​ជានិច្ច។ អ្នក​មាន​ឱកាស​ធ្វើ​ជា​ព្រះ​ហស្ត និង​ព្រះ​បាទ​របស់​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដោយ​ឈោង​ចាប់​មនុស្ស ដោយ​អញ្ជើញ​ពួក​គេ​ចូល​មហា​គ្រួសារ​របស់​ព្រះ​អង្គ។ តើ​អ្នក​នឹង​ឆក់​យក​ឱកាស​នេះ​ទេ?

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កូឡូស ៣:៥-១៧

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ២៧-២៨ និង​រ៉ូម ៩:១៦-៣៣

ប្រភេទ