នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះអង្គ​ប្រើ​សត្វ​ឲ្យ​ដាស់តឿន​យើង

ព្រះអង្គ​ប្រើ​សត្វ​ឲ្យ​ដាស់តឿន​យើង

ដោយKirsten Holmberg

January 11, 2025

ជន​គណនា ២២:២១-២៣,៣១-៣៥

នោះ​បាឡាម​ក៏​ទូល​ទៅ​ទេវតា​នៃ​ព្រះយេហូវ៉ា​ថា ទូល​បង្គំ​បាន​ធ្វើបាប​ហើយ ពីព្រោះ​ទូល​បង្គំ​មិន​បាន​ដឹង​ជា​ទ្រង់​ឈរ​នៅ​ត្រង់​ផ្លូវ ទាស់​នឹង​ទូល​បង្គំ​ទេ​។ ជន​គណនា ២២:៣៤

បើសិន​ជា​អ្នក​អាច​ស្តាប់​យល់​ភាសា​របស់​សត្វ​ឆ្កែ​របស់​អ្នក តើ​អ្នក​នឹង​មាន​ចិត្ត​រំភើប​រីករាយ​យ៉ាងណា? អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​បច្ចេកវិទ្យា​ថ្មី​មួយ ដែល​អាច​សម្គាល់​សម្លេង “ព្រុស”របស់​សត្វ​ឆ្កែ ដើម្បី​ជួយ​មនុស្ស​ឲ្យ​អាច​យល់​អំពី​អារម្មណ៍​របស់​ពួកវា ពេល​ពួកវា​ព្រុស​ម្តងៗ​។ គេ​ក៏បាន​ផលិត​ប្រឡៅ​ក​ឆ្កែ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ បាន​បក​ប្រែ​អត្ថន័យ​សម្លេង​ព្រុស​របស់​សត្វ​ឆ្កែ ដោយ​ប្រើ​ទិន្នន័យ​ដែលគេ​ប្រមូល​បាន​ពី​ការ​ថត​សម្លេង​ឆ្កែ​ព្រុស​ជាង១ម៉ឺន​សម្លេង ដើម្បី​ជួយ​សំគាល់​អារម្មណ៍​ដែល​ពួកវា​កំពុង​បង្ហាញ​ចេញ​មក​។ ទោះ​ប្រឡៅ​ក​ឆ្កែ​ទាំង​នោះ មិន​អាច​បក​ប្រែ​ចេញ​ជា​ពាក្យ​សម្តី​របស់​មនុស្ស​ក៏​ដោយ ក៏​ឧបករណ៍​ឆ្លាត​វ័យ​ប្រភេទ​នេះ​ អាច​ជួយ​ឲ្យ​ម្ចាស់​ឆ្កែ​យល់​ចិត្ត​សត្វ​ឆ្កែ​របស់​ខ្លួន​។

ព្រះ​អម្ចាស់​ធ្លាប់​បាន​ប្រើ​សត្វ​មួយ​ក្បាល ដើម្បី​ឲ្យ​ហោរា​បាឡាម​ស្តាប់​ព្រះបន្ទូល​ព្រះអង្គ​។ លោក​បាឡាម​បាន​ជិះ​សត្វ​លា ទៅ​ស្រុក​ម៉ូអាប់ ជា​ការ​ឆ្លើយតប​ចំពោះ​ការ​បង្គាប់​របស់​ព្រះអង្គ ឲ្យ​ចេញទៅ​ស្រុក​នោះ ហើយ​និយាយ​តែ​ពាក្យ​ដែល​ព្រះអង្គ​បាន​បង្គាប់​ឲ្យ​គាត់​និយាយ​ប៉ុណ្ណោះ(ជន​គណនា ២២:២០)។ សត្វ​លា​ក៏​បាន​ឈប់ នៅ​ពេល​ដែល​វា​បាន​ឃើញ​ទេវតា​របស់​ព្រះ​អម្ចាស់​ឈរ​នៅ​កណ្តាល​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ព្រះ​ហស្ត តែ​លោក​បាឡាម​មិន​បាន​មើល​ឃើញ​ទេ(ខ.២៣)។ លោក​បាឡាម​ក៏បាន​ព្យាយាម​បង្ខំ​សត្វ​លា​ឲ្យ​ដើរទៅ​មុខ ដូច​នេះ ព្រះអម្ចាស់​ក៏បាន​ឲ្យ​សត្វ​លា​ចេះ​និយាយ​ភាសា​មនុស្ស​។ នៅពេល​ដែល​ភ្នែក​របស់​លោក​បាឡាម​បាន​បើក​ឡើង មើល​ឃើញ​គ្រោះ​ថ្នាក់​នៅ​ចំពោះ​មុខ គាត់​ក៏​បាន​ឱន​ក្បាល​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ(ខ.៣១) ដោយ​ទទួល​ស្គាល់​ថា គាត់​ពិត​ជា​មាន​ចេតនា​ទៅ​ទទួល​រង្វាន់ ឬ​ដាក់​បណ្តាសា​ឲ្យ​រាស្រ្ត​របស់​ព្រះ ផ្ទុយ​នឹង​ការ​បង្គាប់​របស់​ព្រះអង្គ(ខ.៣៧-៣៨)។ គាត់​ក៏​បាន​សារភាព​ថា “ទូល​បង្គំ​បាន​ធ្វើបាប​ហើយ ពីព្រោះ​ទូល​បង្គំ​មិន​បាន​ដឹង​ជា​ទ្រង់​ឈរ​នៅ​ត្រង់​ផ្លូវ ទាស់​នឹង​​ទូល​បង្គំ”(ខ.៣៤)។

ចូរ​យើង​ស្តាប់​តាម​ការ​បង្គាប់ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​យើង ក្នុង​ទំព័រ​ព្រះ​គម្ពីរប៊ីប តាម​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​តាម​ការ​ប្រឹក្សា​យោបល់​ប្រកប​ដោយ​ប្រាជ្ញា​ពី​អ្នក​ដទៃ គឺ​មិន​គ្រាន់តែ​ស្តាប់​បង្គាប់​តែ​សម្បក​ក្រៅ តែ​នៅ​ក្នុង​ចិត្ត​ផង​ដែរ​។—Kirsten Holmberg

តើ​អ្នក​បាន​ស្តាប់​បង្គាប់​តែ​សម្បក​ក្រៅ ដោយ​មិន​បាន​ធ្វើ​ចេញពី​ចិត្ត នៅ​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក?
តើ​ព្រះអម្ចាស់​អាច​ដាស់តឿន​អ្នក​ឲ្យ​ភ្ញាក់​ខ្លួន​ដឹង​អំពី​កំហុស​នេះ ដោយ​របៀបណា?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ដឹកនាំ​ដោយ​ក្តី​ស្រឡាញ់ ហើយ​បង្វែរ​ទូល​បង្គំ​ចេញពី​អំពើបាប និង​ការ​អាក្រក់​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២៧-២៨ និង ម៉ាថាយ ៨:១៨-៣៤

ល្ងាច

Devotional illustration

សរសើរ​ដំកើង​ព្រះអង្គ​ក្នុង​ពេល​ងងឹត

ដោយAlistair Begg

January 11, 2025

“នោះ​យ៉ូប​ក៏​ក្រោក​ឡើង​ហែ​កអាវ​ខ្លួន ហើយ​កោរសក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយបង្គំ ដោយ​ពាក្យ​ថា ទូល​បង្គំ​បាន​ចេញពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទ​ទេ​ដែរ ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅវិញ សូម​ឲ្យ​ព្រះ​នាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ ក្នុង​គ្រប់​សេចក្តី​ទាំង​នោះ​យ៉ូប​មិន​បាន​ធ្វើបាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ”។ យ៉ូប ១:២០-២២

លោក​យ៉ូប​ប្រហែល​ជា​ស្ថិត​ក្នុង​ចំណោម​គំរូ​នៃ​ការអត់ធន់ នឹង​ទុក្ខ​វេទនា​ដែល​អស្ចារ្យ​បំផុត​ក្នុង​ព្រះ​គម្ពីរ​។ ទោះ​គាត់​ជា​បុរស​ដែល​សុចរិត រក​កន្លែង​បន្ទោស​មិន​បាន​ក៏ដោយ ក៏​ក្នុងរយៈ​ពេល១ថ្ងៃ គាត់​បាន​រង​គ្រោះ ដោយសារ​ការ​ស្លាប់​របស់​កូន​ទាំង​អស់ និង​បាត់បង់​ទ្រព្យ​សម្បត្តិ​ស្ទើរ​គ្មាន​សល់​។ តែ​គាត់​បាន​ឆ្លើយតប ដោយ​ទទួល​ស្គាល់​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ នៅ​ក្នុង​ពេល​គាត់​មាន​បាប ក៏​ដូចជា​ពេលគាត់​ធ្លាក់​ខ្លួន​ក្រ និង​នៅ​ក្នុង​ការ​ប្រទាន​ពេល​ដែល​មាន​អំណរ ក៏​ដូចជា​ពេល​ដ៏​សោកសៅ​។ ខណៈ​ពេល​ដែល​ការ​ខក​ចិត្ត និង​ការ​ឈឺ​ចាប់ បាន​គ្រប​សង្កត់​ជីវិត​គាត់ គាត់​ក៏​បាន​កោរ​សក់ ស្លៀក​ពាក់​រ៉ូប​កណ្តាច ហើយ​ក្រាប​នៅ​លើ​ដី មិន​គ្រាន់តែ​នៅ​ក្នុង​ការ​ឈឺ​ចាប់ តែ​ក៏​នៅ​ក្នុង​ការ​ថ្វាយបង្គំ​ផង​ដែរ​។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ ក្នុង​ពេល​ដ៏​ងងឹត​នៃ​ការ​ឈឺ​ចាប់​នេះ “លោក​យ៉ូប​មិន​បាន​ប្រព្រឹត្ត​អំពើបាប ឬ​បន្ទោស​ព្រះអម្ចាស់​ឡើយ”។ ផ្ទុយ​ទៅវិញ គាត់​បាន​ទុក​ចិត្ត​លើ​ការ​របៀប​ចំ​របស់​ព្រះ ទាំង​ទឹក​ភ្នែក​។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា គាត់​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​ជ្រាប​ថា​ អង្គ​ទ្រង់​កំពុង​ធ្វើ​អ្វី ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់​។ ព្រះ​ទ្រង់​ស័ក្តិ​សមនឹង​ទទួល​ការ​សរសើរ​របស់​យើង សូម្បីតែ​ក្នុង​ពេល​ដែល​ពិបាក​បំផុត​។ លោក​យ៉ូប​ដឹង​ថា ពេល​វេលា​របស់​គាត់​ស្ថិត​ក្នុង​ព្រះ​ហស្ត​ព្រះ(ទំនុក​ដំកើង ៣១:១៥)។

មនុស្ស​ភាគ​ច្រើន​បាន​ឆ្លង​កាត់​ការ​រស់នៅ ដោយ​ការ​ទួញ​យំ ដោយ​ការ​ឈឺចុក​ចាប់ និង​ទឹក​ភ្នែក​ហូរ​ដូច​ទន្លេ​។ យើង​ដឹង​ថា ការ​ទទួល​ស្គាល់​អធិបតេយ្យ​ភាព និង​សេចក្តី​ល្អ ក្នុង​ពេល​មាន​ព្យុះ​ភ្លៀង​មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ​។ យើង​ឆ្ងល់​ថា ព្រះអង្គ​គង់​នៅ​ទីណា​ ពេល​យើង​ឈឺ​ចាប់។ ក្នុង​នាម​យើង​ជា​មនុស្ស ពេល​យើង​ឆ្លើយតប​ចំពោះ​ការ​ឈឺ​ចាប់ យើង​ងាយ​នឹង​មាន​អារម្មណ៍​ថា ការ​បង្រៀន​អំពី​អធិបតេយ្យ​ភាព​របស់​ព្រះ ហាក់​ដូចជា​ភ្លាវ ប៉ុន្តែ ការ​បង្រៀន​នេះ​មិន​ចេះ​ភ្លាវ​ទេ​។ តាម​ពិត ពេល​វេលា​កន្លង​ផុត​ទៅ ឬ​កាលៈទេសៈ​មាន​ការ​ផ្លាស់​ប្តូរ យើង​អាច​ក្រឡេកមក​ក្រោយ ហើយ​ទទួល​ស្គាល់​ថា គ្មាន​សោកនាដកម្ម​ណា ដែល​បាន​កើត​ឡើង ដោយ​ព្រះ​ទ្រង់​មិន​បាន​អនុញ្ញាត ដោយ​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ​នោះ​ឡើយ​។ ព្រះអង្គ​អនុញ្ញាត​ឲ្យ​ការ​ទាំង​អស់​កើត​ឡើង ដោយ​ឆ្លង​កាត់​ព្រះ​ហស្ត​ព្រះអង្គ ហើយ​ពួកវា​មិន​កើត​ឡើង ដោយ​ព្រះអង្គ​មិន​បាន​ដឹង​ជាមុន​នោះ​ទេ​។

យើង​មិន​ត្រូវ​មើល​ស្រាល​ការ​ឈឺ​ចាប់​របស់​អ្នក​ដទៃ ឬ​ផ្តល់​ឲ្យ​នូវ​ដំណោះ​ស្រាយ​ងាយៗ​នោះ​ទេ​។ ផ្ទុយ​ទៅវិញ ព្រះអង្គ​បាន​ត្រាស់ហៅ​យើង ឲ្យ​បន្ត​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខ​លំបាក ដោយ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ថា ព្រះ​ទ្រង់​បាន​ប្រទាន​​ជីវិត​អស់​កល្ប និង​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ហើយ​ព្រះអង្គ​បាន​ថែរក្សា​វិញ្ញាណ​យើង(យ៉ូប ១០:១២)។ ហើយ​យើង​អាច​ក្រឡេកមក​មើល​ប្រវត្តិ​សាស្រ្ត ឃើញថា ព្រះ​នៃ​យើង​បាន​យាង​ចូល​ក្នុង​ភាព​ងងឹត​នៃ​លោកិយ​នេះ ហើយ​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ជ្រៅ​បំផុត​ផង​ដែរ​។ ព្រះអង្គ​ជា​ព្រះ​ដែល​ជ្រាប​ថា ការ​រស់នៅ​ជា​មនុស្ស​មាន​លក្ខណៈ​ដូច​ម្តេច​។ ព្រះអង្គ​ជា​ព្រះ ដែល​បាន​រៀបចំ​ពេល​អនាគត ដែល​យើង​នឹង​មិន​មាន​ការ​យំយែក ឬ​ការ​ឈឺ​ចាប់​ទៀត​ទេ​។

សូម្បីតែ​ក្នុង​ទុក្ខ​លំបាក​នៃ​ជីវិត និង​ជម្រៅ​នៃ​ការ​ឈឺ​ចាប់ ការ​ឃុំ​គ្រង​របស់​ព្រះ ក្នុង​លក្ខណៈ​ជា​ឪពុក បាន​អនុ​ញាត​ឲ្យ​អ្វីៗ​កើត​ឡើង ដើម្បី​ជា​ប្រយោជន៍​យើង និង​ដើម្បី​សិរី​ល្អ​របស់​ព្រះអង្គ​។ ព្រះអង្គ​បាន​បង្ហាញថា ព្រះ​អង្គ​ជ្រាប​ថា ព្រះអង្គ​កំពុង​ធ្វើ​អ្វី​។ ហេតុ​នេះ​ហើយ​យើង​នៅតែ​អាច​សរសើរ​ដំកើង​ព្រះអង្គ ក្នុង​ពេល​ងងឹត​។

ទំនុក​ដំកើង ២២

លោកុប្បត្តិ ២៩-៣០ និង រ៉ូម ១០

ប្រភេទ