នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះ​ទ្រង់​នឹង​ប្រទាន​យុត្តិ​ធម៌

ព្រះ​ទ្រង់​នឹង​ប្រទាន​យុត្តិ​ធម៌

ដោយLeslie Koh

January 12, 2025

កិច្ចការ ១៥:៣៦-៤១

ចូរ​ឲ្យ​អ្នក​នាំ​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការងារ​ខ្ញុំ​។ ២ធីម៉ូថេ ៤:១១

អេរិន(Erin) គឺជា​ស្មៀន​ដែល​ខិតខំ​ធ្វើ​ការ ហើយ​តែងតែ​ធ្វើ​ការងារ​បាន​ល្អ​។ ប៉ុន្តែ បន្ទាប់ពី​នាង​ត្រូវ​គេ​ចោទ​ប្រកាន់ ពី​បទ​ក្លែង​បន្លំ គេ​ក៏បាន​ឲ្យ​នាង​ឈប់​សម្រាក​ពី​ការងារ​មួយ​រយៈ ខណៈ​ពេល​ដែលគេ​ធ្វើ​ការ​ស៊ើប​អង្កេត​។ នាង​មាន​អារម្មណ៍​ថា​ចង់​លា​ឈប់​ពី​ការងារ ដើម្បី​តបត​ចំពោះ​គេ​វិញ ប៉ុន្តែ មាន​អ្នក​លើក​ទឹក​ចិត្ត​ឲ្យ​នាង​បន្ត​រង់​ចាំ​មើល​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​។ គេ​ប្រាប់​នាង​ថា បើ​នាង​លា​ឈប់​ពី​ការងារ គេ​មុខ​ជា​សន្និដ្ឋាន​ថា នាង​ពិតជា​បាន​ប្រព្រឹត្ត​ខុស​មែន​។ ដូច​នេះ អេរិន​ក៏បាន​បន្ត​ធ្វើ​ការងារ​ជា​ធម្មតា ដោយ​អធិស្ឋាន​សូម​ព្រះ​ប្រទាន​សេចក្តី​យុត្តិធម៌​។ ប៉ុន្មាន​ខែ​ក្រោយមក គេ​ក៏បាន​ដឹង​ច្បាស់​ថា នាង​ជា​មនុស្ស​ស្អាត​ស្អំ មិន​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។

លោក​យ៉ូសែប​ប្រហែល​ជា​មាន​អារម្មណ៍​ស្រដៀង​នេះ​ផង​ដែរ នៅ​ពេល​ដែល​គេ​ចោទ​ប្រកាន់​គាត់​យ៉ាង​អយុត្តិធម៌​ថា គាត់​បាន​ចាប់​រំលោភ​ប្រពន្ធ​របស់​លោក​ប៉ូទីផារ ហើយ​ក៏​ត្រូវ​គេ​ចាប់​ដាក់​គុក​អស់​ជា​ច្រើន​ឆ្នាំ(លោកុប្បត្តិ ៣៩:១៩-២០)។គាត់​មិន​បាន​ធ្វើអ្វី​ខុស​សោះ តែ​ការ​ដែល​គាត់​បដិសេធ​មិន​ព្រម​ប្រព្រឹត្ត​អំពើ​បាប​ជា​មួយ​គេ បាន​បណ្តាល​ឲ្យ​គាត់​ទទួល​ទោស​យ៉ាង​អយុត្តិធម៌។ ទោះ​លោក​យ៉ូសែប​មាន​ការ​លំបាក​យ៉ាង​ណា​ក៏ដោយ ក៏​គាត់​មិន​បោះបង់​ចោល​ការ​ព្យាយាម​ដែរ។ គាត់​បាន​បន្ត​ទុក​ចិត្ត​ព្រះ ដោយ​បម្រើ​ព្រះអង្គ​យ៉ាង​ស្មោះ​ត្រង់​នៅ​ក្នុង​គុក ដែល​នៅ​ទីបំផុត​មេ​គុក​ក៏​បាន​ទុក​ចិត្ត​គាត់​(លោកុប្បត្តិ ៣៩:២១-២៣)។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ ព្រះ​អម្ចាស់​ក៏​បាន​ប្រទាន​យុត្តិធម៌ និង​ភាព​ស្អាត​ស្អំ​ដល់​គាត់ ដោយ​លើក​គាត់ ធ្វើ​ជា​អ្នក​ដឹកនាំ​មាន​អំណាច​បំផុត​បន្ទាប់​ពី​ស្តេច នៅ​នគរ​អេស៊ីព្ទ។ ការ​នេះ​បាន​បង្ហាញ​ថា សេចក្តី​យុត្តិធម៌​របស់​ព្រះ​នឹង​មក​ដល់ តាម​ពេល​វេលា​ដែល​ព្រះអង្គ​បាន​កំណត់​ទុក។

 ពេលណា​គេ​វិនិច្ឆ័យ​យើង​យ៉ាង​អយុត្តិធម៌ ចូរ​យើង​ចាំ​ថា ព្រះយេស៊ូវ​ជ្រាប​អំពី​អារម្មណ៍​របស់​យើង ព្រោះ​គេ​បាន​កាត់​ទោស​ព្រះអង្គ ទោះ​ព្រះអង្គ​គ្មាន​ទោស​សោះ​ក៏ដោយ ហើយ​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះអង្គ អាក្រក់​ជាង​ឧក្រិដ្ឋជន​ធម្មតា​ទៅទៀត ទោះ​ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ក៏ដោយ​។ ប៉ុន្តែ ព្រះអង្គ​បាន​បន្ត​ធ្វើ​តាម​បំណង​ព្រះទ័យ​ព្រះវរបិតា ដោយ​ជ្រាប​ថា គេ​នឹង​បាន​ដឹង​ច្បាស់​ថា ព្រះអង្គ​ស្អាត​ស្អំ ហើយ​សុចរិត​។ បើ​គេ​វិនិច្ឆ័យ​មក​លើ​អ្នក ដោយ​ការ​យល់​ច្រឡំ ចូរ​កុំ​បោះបង់ចោល​ការ​តស៊ូ​ឡើង ព្រះ​ទ្រង់​ជ្រាប ហើយ​នឹង​ប្រទាន​យុត្តិ​ធម៌​ឲ្យ​អ្នក តាម​ពេល​វេលា​របស់​ព្រះអង្គ​។—Leslie Koh

តើមាន​ព្រះបន្ទូល​សន្យា​អ្វី ដែល​អ្នក​អាច​ប្រកាន់​ខ្ជាប់​តាម ពេលណា​គេ​វិនិច្ឆ័យ​អ្នក​ខុស? តើ​គំរូ​របស់​ព្រះយេស៊ូវ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា មានតែ​ព្រះអង្គ​ទេ ដែល​ជ្រាប​ថា ទូល​បង្គំ​មាន​អារម្មណ៍​យ៉ាងណា និង​កំពុង​ឆ្លង​កាត់​បញ្ហា​អ្វី​។
សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ​នូវ​ជំនឿ និង​ចិត្ត​អត់​ធ្មត់ ក្នុង​ការ​រង់​ចាំ ហើយ​ទុកចិត្ត​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​យុត្តិ​ធម៌​។

For further study, read Words Matter: Speaking with Wisdom in an Age of Outrage at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២៩-៣០ និង ម៉ាថាយ ៩:១-១៧

ល្ងាច

Devotional illustration

ស្ញែង​ខ្លាច​ចំពោះ​ព្រះ​ចេស្តា និង​សេចក្តី​បរិសុទ្ធ

ដោយAlistair Begg

January 12, 2025

“កន្លងមក៦ថ្ងៃ ព្រះ​យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ទៅជា​មួយ​នឹង​ទ្រង់ ក៏​នាំ​ឡើង​ទៅលើ​ភ្នំ​ខ្ពស់​ដោយឡែក រួច​ទ្រង់​បាន​ផ្លាស់​ប្រែ​នៅមុខ​អ្នក​ទាំង​នោះ ព្រះ​ភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ​អា​ទិត្យ ហើយ​ព្រះ​ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស ដូច​ពន្លឺ”។ ម៉ាថាយ ១៧:១-២

លោក​ចន លេននិន(John Lennon) និង​លោក​ប៉ូល មែកខាតនី(Paul McCartney) បាន​លើក​ឡើង​ថា មាន​ទី​កន្លែង​មួយ​ចំនួន​ដែល​យើង​នឹង​ចងចាំ ពេញ​មួយ​ជីវិត​។ ជា​ការ​ពិត​ណាស់ សាវ័ក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ប្រាកដ​ជា​បាន​នឹក​ចាំ​កន្លែង​មួយ នៅ​លើ​ភ្នំ ដែល​នៅ​ទីនោះ ពួកគេ​បាន​ឃើញ​ព្រះយេស៊ូវ​បញ្ចេញ​ពន្លឺ​នៃ​សិរី​ល្អ​។ សាវ័ក​ពេត្រុស​មិន​ដែល​ភ្លេច​កន្លែង​នោះ​ទេ(២ពេត្រុស ១:១៧-១៨)។

តើមាន​អ្វី​ខ្លះ​កើត​ឡើង នៅពេល​ដែល​ព្រះយេស៊ូវ​បញ្ចេញ​ពន្លឺ​នៃ​សិរី​ល្អ? ជាបឋម ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​លើ​ព្រះ​កាយ​ព្រះអង្គ​។ ព្រះ​ភក្ត្រ​ព្រះអង្គ “បញ្ចេញ​ពន្លឺ”។ រឿង​នេះ​មិន​សំដៅ​ទៅលើ​ភាព​ស្អាត​គ្មាន​បាប​នោះ​ទេ តែ​សំដៅ​ទៅលើ​ការ​ផ្លាស់​ប្តូរ​លើស​ពី​លក្ខណៈ​ធម្មជាតិ​។ កណ្ឌ​គម្ពីរ​ម៉ាថាយ បាន​ពិពណ៌នា​ថា មាន​ពន្លឺ​ចេញពី​ព្រះ​ភក្ត្រ​ព្រះអង្គ ភ្លឺ​ដូច “ព្រះ​អា​ទិត្យ”។ ព្រះ​ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស ដូច​ពន្លឺ គឺ​មាន​ពណ៌ស​ជាង​អ្វី​ដែល​យើង​ធ្លាប់​ឃើញ គឺជា​សញ្ញា​បង្ហាញ​ពី​សេចក្តី​បរិសុទ្ធ​នៃ​ស្ថាន​សួគ៌​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​។

ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក៏​បាន​ពិពណ៌នា​ថា ព្រះ​ទ្រង់​ហ៊ុម​អង្គ​ដោយ “ពន្លឺ ដូចជា​ទ្រង់​ព្រះ​ភូសា”(ទំនុក​ដំកើង ១០៤:២)។ ព្រះយេស៊ូវ​មាន​លក្ខណៈ​ដូច​នេះឯង កាល​ទ្រង់​នៅ​លើ​ភ្នំ នៅ​យប់​នោះ​។ តើ​នរណា​អាច​ធ្វើ​ដូច​នេះ​បាន? គឺ​មានតែ​ព្រះ​ទេ​។ រឿង​នេះ​មិនមែន​ចៃដន្យ​ទេ តែ​ជា​តម្រុយ​បង្ហាញ​ការ​ផ្លាស់​ប្តូរ​ព្រះ​កាយ​របស់​ព្រះអង្គ មិន​គ្រាន់តែ​ជា​ការ​បើក​សម្ដែង​មកពី​ព្រះ តែ​ជា​ការ​បើក​សម្ដែង​របស់​ព្រះអង្គ​។ បាន​សេចក្តី​ថា ព្រះគ្រីស្ទ​បាន​បង្ហាញ​អង្គ​ទ្រង់​ជា​ព្រះ តាម​របៀប​ដែល​ពី​មុន​មក​មិន​ដែល​មាន​។ ព្រះ​គម្ពីរ​បាន​ចែងថា ព្រះយេស៊ូវ​គឺជា “រស្មី​ភ្លឺ​មកពី​សិរី​ល្អ​នៃ​ព្រះ”(ហេព្រើរ ១:៣)។ តែ​កាល​ព្រះ​អង្គ​យាង​ចូល​ក្នុង​លោកិយ សិរី​ល្អ​របស់​ព្រះអង្គ​ត្រូវ​បាន​គ្រប​ពីលើ ដោយ​ការ​ដែល​ព្រះគ្រីស្ទ​បាន​បន្ទាប​ខ្លួន​យក​កំណើត​ជា​មនុស្ស​។ លោក​ចន កាល់វីន(John Calvin) បាន​ហៅ​ការ​ផ្លាស់​ប្តូរ​របស់​ព្រះ​អង្គ​ថា “ការ​បង្ហាញ​សិរី​ល្អ​របស់​ព្រះ​អង្គ​ជា​បណ្ដោះ​អាសន្ន”។ ការ​ផ្លាស់​ប្តូរ​នោះ​ប្រៀប​ដូច​ជា​ការ​បើក​វាំងនន​តែ​បន្តិច ដោយ​ការ​បញ្ចេញ​ពន្លឺ​រយៈ​ពេល​ខ្លី នៅ​លើ​ភ្នំ ចូល​ទៅ​ក្នុង​គំនិត​របស់​ពួក​សាវ័ក​។ ព្រះ​ទ្រង់​បាន​បើក​ផ្លូវ​ឲ្យ​សាវ័ក​ពេត្រុស យ៉ាកុប និង​យ៉ូហាន បាន​ស្គាល់​រស​ជាតិ ដែល​ពួកគេ​មិន​ទាន់​យល់​ពេញលេញ តែ​បាន​អរ​សប្បាយ​អស់​កល្ប​ជានិច្ច នៅពេល​ក្រោយ​។

ព្រះ​គម្ពីរ​បាន​ចែងថា ពេលណា​ព្រះ​ទ្រង់​បង្ហាញ​ព្រះ​ចេស្តា ជា​ញឹក​ញាប់​មនុស្ស​ឆ្លើយតប ដោយ​ក្រាប​ផ្កាប់​មុខ​នៅ​លើ​ដី​។ ពួក​សាវ័ក​ក៏​មាន​ការ​ភិតភ័យ​ផង​ដែរ​។ តែ​ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ទៅ​ពួកគេ ដោយ​ព្រះគុណ​ព្រះ​អង្គ​ថា “ចូរ​ក្រោក​ឡើង កុំ​ភ័យ​ឡើយ”(ម៉ាថាយ ១៧:៧)។

តើ​យើង​បាន​ចូល​ទៅ​រក​ព្រះគ្រីស្ទ ដោយ​ការ​ស្ញែង​ខ្លាច​ចំពោះ​សេចក្តី​បរិសុទ្ធ​ឥត​ខ្ចោះ និង​ភាព​គ្មាន​ដែន​កំណត់​របស់​ព្រះ​ទេ? ឬមួយ​ពេល​ខ្លះ យើង​ប្រហែល​មាន​គំនិត​តូច​ចង្អៀត​ពេក ចំពោះ​ព្រះអង្គ? ចូរ​ចូល​មក​ចំពោះ​ព្រះអង្គ ការ​ឱន​ក្រាប ដោយ​នឹក​ចាំ​អំពី​ព្រះ​ចេស្តា និង​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ​។ ហើយ​នឹក​ចាំ​ព្រះបន្ទូល​ព្រះអង្គ​ដែល​ប្រាប់​ឲ្យ​ក្រោក​ឡើង កុំ​ភ័យ​ឡើយ​។ នេះ​ជា​របៀប​ដែល​យើង​អាច​រស់នៅ​ដោយ​ការ​ស្ញែង​ខ្លាច និង​អំណរ នៅ​ថ្ងៃ​នេះ និង​ជា​រៀង​រាល់​ថ្ងៃ ទាល់តែ​អ្នក​បាន​ឃើញ​ព្រះអម្ចាស់​ពេញ​ដោយ​សិរី​ល្អ ដោយ​ផ្ទាល់​។

ម៉ាថាយ ១៧:១-៩

លោកុប្បត្តិ ៣១-៣២ និង រ៉ូម ១១:១-១៨

ប្រភេទ