នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្វែងរក​សេចក្តី​ពិត

ស្វែងរក​សេចក្តី​ពិត

ដោយMonica Larose

January 13, 2025

យ៉ាកុប ១:‌១៩-២៧

បង​ប្អូន​ស្ងួន​ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ​។ យ៉ាកុប ១:‌១៩

អ្នក​ស្រី​ជូលា ហ្កាលេហ្វ(Julia Galef) គឺជា​អ្នក​និពន្ធ ដែល​បាន​ធ្វើ​ការ​បក​ស្រាយ​អំពី​មូល​ហេតុ​ដែល​មនុស្ស​ច្រើន​តែ​ជឿ​ទាំង​ស្រុង​ថា​ខ្លួនឯង​ត្រូវ ទោះ​ពួកគេ​ខុស​យ៉ាងណា​ក៏ដោយ​។ គាត់​ថា នេះ​ជា “ផ្នត់​គំនិត​របស់​ទាហាន” ដែល​ផ្តោត​ទៅលើ​ការ​ការ​ការពារ​អ្វីមួយ​ដែល​យើង​បាន​ជឿ​ជាក់ ហើយ​ប្រឆាំង​នឹង​ការ​អ្វី​ដែល​យើង​មើល​ឃើញថា ជា​ការ​គំរាម​កំហែង​។ អ្នក​ស្រី​ជូលា​បាន​លើក​ឡើង​ថា ផ្នត់​គំនិត​បែប​អ្នក​ស៊ើប​ការ​មាន​ប្រយោជន៍​ជាង​ផ្នត់​គំនិត​បែប​ទាហាន ព្រោះ​អ្នក​ស៊ើប​ការ​មិន​ដាក់​អាទិភាព​ទៅ​លើ​កា​រលប់​បំបាក់​ការ​គំរាម​កំហែង​នោះ​ទេ តែ​ផ្តោត​ចិត្ត​ជា​ចម្បង ទៅលើ​ការ​ស្វែងរក​សេចក្តី​ពិត​ពេញលេញ ពោល​គឺ​ដើម្បី​ស្វែងរក​ការ​ពិត ឲ្យ​បាន​ត្រឹម​ត្រូវ និង​ដោយ​ចិត្ត​ស្មោះ​ត្រង់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទោះ​អ្វី​ដែល​ពួក​គេ​រក​ឃើញ ជា​រឿង​មិន​ល្អ មិន​គួរ​ឲ្យ​ចង់​ស្តាប់ ឬ​ធ្វើ​ឲ្យ​មិន​សប្បាយ​ចិត្ត​ក៏ដោយ”។ មនុស្ស​ដែល​មាន​ផ្នត់​គំនិត​ដូច​នេះ មាន​ការ​បន្ទាប​ខ្លួន ដែល​ជួយ​ឲ្យ​ពួកគេ​មាន​ការ​ចម្រើន​ឡើង​ក្នុង​ការ​យល់​ដឹង​។

ទស្សនៈ​របស់​អ្នក​ស្រី​ជូលា បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប ដែល​បាន​លើក​ទឹក​ចិត្ត​អ្នកជឿ​ព្រះ ឲ្យ​មាន​ផ្នត់​គំនិត​ស្រដៀង​នេះ​ដែរ គឺ​ផ្នត់​គំនិត​ដែល “ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង”(យ៉ាកុប ១:‌១៩)។ តាម​ការ​បង្រៀន​ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប អ្នកជឿ​ព្រះយេស៊ូវ​មិន​ត្រូវ​ប្រញាប់​តបត​ទៅ​កាន់​អ្នក​ដទៃ​វិញ​ទេ តែ​ត្រូវ​ចាំ​ថា កំហឹង​របស់​មនុស្ស​មិន​នាំ​ទៅ​រក​សេចក្តី​សុចរិត​របស់​ព្រះ​ទេ(ខ.២០)។ ប្រាជ្ញា​របស់​យើង​អាច​ចម្រើន​ឡើង ទាល់តែ​យើង​បន្ទាប​ខ្លួន​ចុះ​ចូល​និង​ព្រះគុណ​ព្រះអង្គ(ខ.២១ ទីតុស ២:១១-១៤)។

ពេលណា​យើង​ចាំ​ថា យើង​ត្រូវ​ពឹង​ផ្អែកលើ​ព្រះគុណ​របស់​ព្រះ គ្រប់​ពេល​វេលា​នៃ​ជីវិត​របស់​យើង គឺ​មិន​ត្រូវ​ពឹង​ផ្អែកលើ​គំនិត​ខ្លួនឯង​ទេ នោះ​យើង​អាច​លះចោល​ផ្នត់​គំនិត​ដែល​តែងតែ​ចង់​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​ត្រូវ​។ ហើយ​យើង​អាច​ពឹង​ផ្អែក​ទៅលើ​ការ​ដឹកនាំ​របស់​ព្រះអង្គ ក្នុង​ការ​រស់នៅ និង​យក​អសារ​អ្នក​ដទៃ(យ៉ាកុប ១:២៥-២៧)។—Monica La Rose

តើ​នរណា​ខ្លះ​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​បន្ទាប​ខ្លួន​តាម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ ដោយ​ស្ម័គ្រ​ចិត្ត​រៀន​សូត្រ និង​កែ​ប្រែ?
តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​មាន​ចិត្ត​ដែល​ចង់​រៀន​សូត្រ​ពី​អ្នក​ដទៃ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​លោះ​បង់​គំនិត​ដែល​តែងតែ​ចង់​បង្ហាញថា ខ្លួនឯង​ត្រូវ
ដើម្បី​ឲ្យ​ទូល​បង្គំ​បើក​ចំហ​ចិត្ត​ទទួលយក​ការ​បង្រៀន ខណៈ​ពេល​ដែល​ទូល​បង្គំ​ធ្វើ​ដំណើរ​ជាមួយ​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៣១-៣២ និង ម៉ាថាយ ៩:១៨-៣៨

ល្ងាច

Devotional illustration

ធ្វើ​ជា​មិត្តសំឡាញ់​ពិត

ដោយAlistair Begg

January 13, 2025

“អ្នកណា​ដែល​មាន​មិត្រ​ភក្តិ​ច្រើន នោះ​នាំ​ឲ្យ​វិនាស​ខ្លួន​ទេ ប៉ុន្តែ​មាន​មិត្រ​សំឡាញ់​ម្យ៉ាង ដែល​នៅ​ជាប់​ជាង​បង​ប្អូន​ទៅទៀត”។ សុភាសិត ១៨:២៤

គ្មាន​នរណា​ចូល​ចិត្ត​អារម្មណ៍​ឯកោ គ្មាន​មិត្ត​ភក្តិ​នោះ​ទេ​។ យើង​រាល់​គ្នា​សុទ្ធតែ​ទទួល​ស្គាល់​សារៈសំខាន់​នៃ​មិត្តភាព និង​អំណោយ​មិន​អាច​កាត់​ថ្លៃ​បាន ដែល​មិត្តសំឡាញ់​ពិត​ជា​អាច​មាន​ចំពោះ​យើង​។ មិត្តភាព​ស៊ី​ជម្រៅ គឺជា​មិត្តភាព​ដែល​មាន​ភាព​ជាប់​លាប់ ស្មោះ​ត្រង់ និង​យល់​អារម្មណ៍ ជា​ខ្នាត​គំរូ ដែល​ព្រះ​គម្ពីរ​បាន​តម្រូវ​ឲ្យ​យើង​មាន​។

ស្តេច​សាឡូម៉ូន​មាន​បន្ទូល​ថា “មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា”(សុភាសិត ១៧:១៧) បាន​សេចក្តី​ថា មិត្តសំឡាញ់​ពិត​តែងតែ​ស្មោះ​ត្រង់ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ​។ យើង​ស្គាល់​លក្ខណៈ​ពិត​របស់​មិត្ត​ភក្តិ​យើង ហើយ​យើង​នៅតែ​មាន​ភាព​ស្មោះ​ត្រង់​ជាប់​ជានិច្ច ចំពោះ​ពួកគេ​។ ជាង​នេះ​ទៅទៀត មិត្ត​ភក្តិ​ដែល​ស្មោះ​ត្រង់ ត្រៀម​ខ្លួន​ទទួល​យក​របួស​ស្នាម ដើម្បី​ឲ្យ​មិត្ត​ភក្តិ​របស់​ពួកគេ​អាច​ផ្លាស់​ប្រែ តាម​បំណង​ព្រះទ័យ​ព្រះ ដូច​កណ្ឌ​គម្ពីរ​សុភាសិត​ចែងថា “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ​ត្រង់​ទេ”(២៧:៦)។ យើង​ប្រហែល​មិន​ចូល​ចិត្ត​ការ​មាន​របួស​ស្នាម តែ​យើង​ម្នាក់ៗ​សុទ្ធតែ​ត្រូវ​ការ​មិត្ត​ភក្តិ ដែល​ជួយ​កែ​តម្រង់​យើង ហើយ​ព្រះអង្គ​ក៏​ត្រាស់ហៅ​យើង​ម្នាក់ៗ ឲ្យ​ធ្វើ​ជា​មិត្ត​ភក្តិ​ប្រភេទ​នេះ​ផង​ដែរ​។

យើង​ក៏​ត្រូវតែ​ប្រើ​ពាក្យ​សម្តី ដោយ​ប្រុង​ប្រយ័ត្ន គឺ​ដូច​ដែល​សាវ័ក​ប៉ុល​មាន​បង្រៀន​ថា “មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណាមួយ ចេញពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់អ្នក​ដែល​ស្តាប់”(អេភេសូរ ៤:២៩)។ ពាក្យ​សម្តី​របស់​អ្នក​តែមួយ​ម៉ាត់ អាច​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​ប្រេះ​ស្រាំ ហើយ​គេ​អាច​ចំណាយ​ពេល​ពេញ​មួយ​ជីវិត ដើម្បី​ជួសជុល​ចិត្ត​របស់​គេ​។

បុរស និង​ស្ត្រី​ដែល​អនុវត្ត​តាម​គោលការណ៍​​យ៉ាង​ខ្ជាប់ខ្ជួន ប្រហែល​ជា​ចង់​សួរ​ថា “តើមាន​មិត្ត​ភក្តិ​ណា​ដែល​មាន​ចារិក​លក្ខណៈ​ដូច​នេះ​ទេ? តើមាន​មនុស្ស​ណា​ដែល​ខ្ញុំ​ស្គាល់ តែងតែ​មាន​ភាព​ជាប់​លាប់ ដោយ​ស្តី​បន្ទោស​ខ្ញុំ​ដោយ​សេចក្តី​ស្រឡាញ់ តែងតែ​បង្ហាញ​ព្រះគុណ និង​យល់​ចិត្ត​ខ្ញុំ ក្នុង​ទំនាក់​ទំនងជា​មួយ​ខ្ញុំ​ទេ?” យើង​អាច​រក​ឃើញ​ចម្លើយ នៅ​ក្នុង​អង្គ​ព្រះយេស៊ូវគ្រីស្ទ​។

លក្ខណៈ​នៃ​មិត្តភាព​របស់​ព្រះអម្ចាស់យេស៊ូវ ពិតជា​អស្ចារ្យ​ណាស់! ព្រះអង្គ​រាប់អាន​មនុស្ស​ដែល​ព្រះអង្គ​មិន​ធ្លាប់​ជួប ព្រះ​អង្គ​ឈប់​នៅ​ក្រោម​ដើមឈើ ដើម្បី​ជជែក​ជា​មួយ​អ្នក​យក​ពន្ធ ដោយ​សុំ​ទឹក ពី​ស្ត្រី​ដែល​មាន​រឿង​អាស្រូវ និង​ចូល​ទៅ​ជិត​មនុស្ស​មាន​ជំងឺ​ឃ្លង់​ជាដើម​។ ព្រះអង្គ​មាន​ភាព​ជា​ទៀង​ទាត់ ក្នុង​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់ ព្រះអង្គ​តែងតែ​ត្រៀម​ជា​ស្រេច​ដើម្បី​មាន​បន្ទូល​ជា​ពាក្យ​ពិត ទោះ​គេ​ពិបាក​ទទួល​ព្រះអង្គ​ស្អាង​អ្នក​ដទៃ​ឡើងក៏ដោយ​។ ដែល​សំខាន់​បំផុត​នោះ ព្រះអង្គ​ស្រឡាញ់​​មិត្តសំឡាញ់​ព្រះអង្គ យ៉ាង​ខ្លាំង​បានជា​ព្រះអង្គ​លះបង់​ព្រះ​ជន្ម​ដើម្បី​ពួកគេ(យ៉ូហាន ១៥:១៣)។ ព្រះអង្គ​ជា​មិត្តសំឡាញ់​របស់​មនុស្ស​មាន​បាប:

ព្រះយេស៊ូវ​ជា​មិត្តសំឡាញ់​ពិត

ទ្រង់​ទទួល​ទោស​ជួស​យើង​ខ្ញុំ!

មាន​ច្បាប់​ចូល​ទៅ​គាត់​ព្រះអង្គ​ជិត

ទាំង​ទូល​ប្រាប់​គ្រប់​រឿង​តូច​ធំ!

មិត្តភាព​របស់​ព្រះយេស៊ូវ គឺជា​ស្តង់​ដា​ខ្ពស់​បំផុត​សម្រាប់​យើង​រាល់​គ្នា​។ ក្នុង​នាម​យើង​ជា​មិត្តសំឡាញ់​របស់​ព្រះអង្គ ព្រះអង្គ​បាន​ត្រាស់ហៅ​យើង ឲ្យ​ស្រឡាញ់ និង​ធ្វើ​ជា​មិត្តសំឡាញ់​របស់​អ្នក​ដទៃ ដូច​ព្រះអង្គ​ផង​ដែរ!។ តាម​ពិត ព្រះអង្គ​មាន​បន្ទូល​ថា យើង​ជា​មិត្តសំឡាញ់​ព្រះអង្គ បើ​យើង​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​ព្រះអង្គ(យ៉ូហាន ១៥:១៤)។ យើង​ត្រូវ​ឆក់​ឱកាស​ចែក​ចាយ​អំពី​ទំហំ​នៃ​មិត្តភាព​របស់​ព្រះអង្គ ដល់​អ្នក​ដែល​គ្មាន​មិត្ត​ភក្តិ និង​អ្នក​ដែលគេ​មិន​រាប់រក​។

យើង​រស់នៅ​ក្នុង​ពិភពលោក ដែល​ច្រើនតែ​មាន​មនុស្ស​រាប់អាន​គ្នា ជា​ច្រើន​រាប់​មិន​អស់ ហើយក៏​មាន​មិត្ត​ភក្តិ​ក្នុង​ហ្វេស​ប៊ុក​ច្រើន​ផង​ដែរ​។ ប៉ុន្តែ នេះ​មិនមែន​ជា​មិត្តភាព​ពិត​ប្រាកដ​នោះ​ទេ​។ តើ​អ្នក​មាន​មិត្ត​ភក្តិ​ដែល​តែង​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក មាន​ភាព​ជិត​ស្និទ្ធ និង​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​ទេ? បើ​អ្នក​មាន ចូរ​ថែរក្សា​មិត្តភាព​ជាមួយ​ពួកគេ​។ បើ​អ្នក​មិន​មាន​ទេ ចូរ​អធិស្ឋាន​សូម​ឲ្យ​មាន​។ ហើយ​នៅ​ថ្ងៃ​នេះ ចូរ​យើង​រស់នៅ​ជា​មិត្ត​ភក្តិ​ប្រភេទ​នេះ សម្រាប់​អ្នក​ដទៃ​។ អ្នក​អាច​ធ្វើ​ជា​ចម្លើយ​សម្រាប់​ភាព​ឯកោ​របស់​នរណា​ម្នាក់ ឬ​ការពារ​នរណា​ម្នាក់ ឲ្យ​រួច​ផុត​ពី​ភាព​ប្រេះ​បែក​។

យ៉ាកុប ៥:១៣-២០

លោកុប្បត្តិ ៣៣-៣៥ និង រ៉ូម ១១:១៩-៣៦

ប្រភេទ