“ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងពួកឰយុកោទូលបង្គំទេ លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះទៅ នោះមានទេវតាមកដាស់លោកប្រាប់ថា ចូរក្រោកឡើងបរិភោគ សិន”។(១ពង្សាវតាក្សត្រ ១៩:៤-៥)
យើងម្នាក់ៗសុទ្ធតែធ្លាប់រំពឹងថា នឹងបានទៅដល់កំពូលភ្នំ តែបែរជាជាប់នៅក្នុងជ្រលងភ្នំខាងវិញ្ញាណទៅវិញ។ យើងប្រហែលមិននឹងស្មានទេថា យើងស្រាប់តែខ្សោះអស់កម្លាំង ឬយើងបានទទួលដំណឹងធ្វើឲ្យបាក់ទឹកចិត្ត ឬអំពើបាបរបស់យើងបានវិលត្រឡប់មកធ្វើទុក្ខយើងទៀត។ កាលៈទេសៈដែលគួរឲ្យរំខានក្នុងជីវិតយើង ច្រើនតែប្រសព្វគ្នា ដែលនាំឲ្យយើងផ្លាស់ប្តូរពីមានជំនឿ ទៅជាមានការភ័យខ្លាច។
ហោរាអេលីយ៉ាធ្លាប់រត់ទៅលាក់ខ្លួនក្នុងព្រៃភ្នំ ដោយការផ្ដោតចិត្តរបស់គាត់មានការផ្លាស់ប្តូរ ដោយសារគាត់ចាប់ផ្តើមមើលទៅព្រះ ផ្អែកទៅលើកាលៈទេសៈរបស់គាត់ ជាជាងមើលទៅកាលៈទេសៈរបស់គាត់ ផ្អែកទៅលើព្រះបន្ទូលព្រះអង្គ។ គាត់មើលឃើញបញ្ហារបស់គាត់ធំពេក ធ្វើឲ្យគាត់រកធ្វើអ្វីមិនកើត។ ពេលគាត់ចាប់ផ្តើមដើរដោយការមើលឃើញ ជាជាងដើរដោយជំនឿ គាត់ក៏បាត់បង់សន្តិភាព ហើយភាពសម្បូរសប្បាយខាងវិញ្ញាណក៏ចាប់ផ្តើមរលាយ។
លោកអេលីយ៉ាបានធ្លាក់ចូលទៅក្នុងអន្ទាក់ នៃការផ្តោតទៅលើខ្លួនឯង។ គាត់បានផ្តោតទៅលើកំហុសជាច្រើន ដែលពួកអ៊ីស្រាអែលមានចំពោះព្រះ បានជាគាត់យល់ឃើញថា មានតែគាត់ទេ ដែលកំពុងបម្រើព្រះ(១ពង្សាវតាក្សត្រ ១៩:១០)។ សេចក្តីជំនឿ និងសេចក្តីសង្ឃឹមរបស់គាត់ ត្រូវបានជំនួសដោយការមិនស្កប់ចិត្ត និងខ្វះសន្តិភាព។ ដោយសារការអាណិតខ្លួនឯង គាត់បានរត់ចូលវាលរហោស្ថាន ហើយគេងនៅក្រោមដើមដង្កោ ដោយអធិស្ឋានសូមព្រះអម្ចាស់ដកជីវិតគាត់។ តែព្រះអម្ចាស់មិនបានស្តីបន្ទោសគាត់ទេ ផ្ទុយទៅវិញ ព្រះអង្គបានយាងមករកគាត់ ហើយជួយឲ្យគាត់មានភាពស្រស់ថ្លាឡើងវិញ ដោយប្រទានទឹក និងអាហារ ដើម្បីរៀបចំខ្លួនគាត់ សម្រាប់ការធ្វើដំណើរបន្តទៅមុខទៀត។ ព្រះអម្ចាស់ក៏បានបើកបង្ហាញអង្គទ្រង់ ដោយព្រះសូរសៀងដ៏ស្រទន់ ដល់អ្នកបម្រើម្នាក់នេះ ដែលកំពុងធ្លាក់ទឹកចិត្ត ហើយបានឲ្យគាត់បន្តធ្វើការថ្មីៗជាច្រើនទៀតថ្វាយព្រះអង្គ(ខ.៤-១៦)។
ក្នុងពេលមានទុក្ខលំបាក យើងច្រើនតែបណ្តោយឲ្យការអាណិតខ្លួនឯងចូលក្នុងគំនិតយើង។ យើងចាប់ផ្តើមគិតថា យើងកំពុងប្រឈមមុខដាក់ទុក្ខលំបាកនោះតែម្នាក់ឯង។ អ្នកខ្លះបានឆ្លងកាត់ការលំបាកដូចលោកអេលីយ៉ាផងដែរ។ ព្រះអម្ចាស់បានប្រើពួកគេឲ្យធ្វើកិច្ចការធំៗជាច្រើន ហើយក៏បាននាំមនុស្សជាច្រើនឲ្យទទួលជឿព្រះអង្គ តែនៅមានដំណើរវែងឆ្ងាយទៀត ទំរាំទៅដល់កំពូលភ្នំ។ ព្រះអង្គអាចឲ្យយើងបន្ថយល្បឿន តែមិនដែលទុកយើងចោលទេ។ ដែលទេវតាបានគង់នៅជាមួយលោកអេលីយ៉ា កាលគាត់នៅក្នុងជ្រលងនៃទុក្ខលំបាកជាយ៉ាងណា នោះព្រះវិញ្ញាណព្រះអង្គក៏គង់នៅជាមួយយើង ក្នុងពេលយើងមានទុក្ខលំបាកផងដែរ។
បើអ្នកកំពុងឆ្លងកាត់ទុក្ខលំបាក ប្រៀបដូចជាការចូលវាលរហោស្ថាន នោះចូរកុំគ្រាន់តែស្វែងរកដើមដង្កោដើម្បីជ្រកនោះឡើយ។ ចូរកុំសន្និដ្ឋានថា អ្នកនឹងមិនអាចមានពេលដ៏ល្អបំផុតទៀតនោះឡើយ។ ព្រះអម្ចាស់មានគោលបំណងសម្រាប់អ្នកនិងខ្ញុំ។ ព្រះអង្គបញ្ចប់កិច្ចការអ្វីដែលព្រះអង្គបានចាប់ផ្តើម(ភីលីព ១:៦)។ ចូរមានចិត្តស្រស់ថ្លាឡើងវិញ ដោយនឹកចាំព្រះវត្តមានរបស់ព្រះអង្គ ហើយបន្តមមុលទៅមុខទៀត ក្នុងកិច្ចការដែលព្រះអង្គបានត្រាស់ហៅឲ្យអ្នកធ្វើ។
២កូរិនថូស ៤:៧-១៨
លោកុប្បត្តិ ៤១-៤២ និង រ៉ូម ១៤