កុំ​ឲ្យ​ណាយ​ចិត្ត​ឡើយ

កាឡាទី ៦:៧-១០

កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ​។ កាឡាទី ៦:៩

បន្ទាប់​ពី​សុភ័ក្រ្ត​មាន​ការងារ​ថ្មី បាន​រយៈ​ពេល៩ខែ គាត់​មាន​អារម្មណ៍​ថា​នឿយ​ហត់​យ៉ាង​ខ្លាំង​។ ក្នុង​នាម​គាត់​ជា​អ្នកជឿ​ព្រះយេស៊ូវ គាត់​បាន​ព្យាយាម​ដើរ​តាម​គោលការណ៍​របស់​ព្រះ តាម​របៀប​ដែល​គាត់​ដោះ​ស្រាយ​បញ្ហា និង​ធ្វើ​ការងារ​។ ប៉ុន្តែ គាត់​មាន​បញ្ហា​ជាមួយ​មនុស្ស​នៅ​កន្លែង​ធ្វើ​ការ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ហើយ​ការងារ​គាត់​ហាក់​ដូចជា​មាន​ការ​រីកចម្រើន​តិចតួច​ណាស់​។ គាត់​មាន​អារម្មណ៍​ថា ចង់​បោះបង់ចោល​ការ​តស៊ូ​។

អ្នក​ប្រហែល​កំពុង​មាន​អារម្មណ៍​ហត់នឿយ ដូច​សុភ័ក្រ្ត​ផង​ដែរ​។ អ្នក​ដឹង​ថា មាន​ការ​ល្អ​អ្វី​ខ្លះ ដែល​អ្នក​គួរតែ​ធ្វើ តែ​អ្នក​មាន​អារម្មណ៍​ថា ហត់នឿយ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​បន្ត​ធ្វើ​ការ​ល្អ​។ ចូរ​មាន​សង្ឃឹម​ឡើង​។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ថា “កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”(កាឡាទី ៦:៩)។ ក្នុង​បទ​គម្ពីរ​នេះ គាត់​បាន​ពាក្យ​ប្រៀប​ប្រដូច​អំពី​កសិករ ព្រោះ​កសិករ​ណា​ក៏​ដឹង​ដែរ​ថា ការ​សាប​ព្រោះ​គ្រាប់ពូជ​តែងតែ​មាន​ការ​ពិបាក​។

ការ​សាប​ព្រោះ “ខាង​ឯ​ព្រះ​វិញ្ញាណ”(ខ.៨) ក៏​ជា​ការ​ពិបាក​ដែរ​។ អ្នកជឿ​ព្រះយេស៊ូវ ដែល​ព្យាយាម​ដើរ​តាម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ ហើយ​រស់នៅ​ក្នុង​ជីវិត​ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ អាច​មាន​ការ​ហត់​នឿយ និង​បាក់​ទឹក​ចិត្ត​។ ប៉ុន្តែ ដរាបណា​យើង​តោង​ឲ្យ​ជាប់​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ យើង​នឹង​បាន​ច្រូត​កាត់​។ យើង​នឹង “ច្រូត​កាត់​បាន​ជីវិត​អស់​កល្ប”(ខ.៨ និង​មើល​យ៉ូហាន ១៧:៣) និង​ផល​នៃ​ព្រះពរ​របស់​ព្រះ ពេល​ព្រះគ្រីស្ទ​យាង​មកវិញ ហើយ​ក្នុង​ជីវិត​នេះ យើង​នឹង​មាន​ទំនុក​ចិត្ត និង​ក្តី​អំណរ ដែល​បាន​មកពី​ការ​ស្គាល់​ព្រះអង្គ​។ យើង​នឹង​ច្រូត​កាត់ នៅពេល​កំណត់ មិនមែន​តាម​រដូវ​កាល ឬ​អាកាស​ធាតុ​នោះ​ទេ តែ​តាម​បំណង​ព្រះទ័យ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​។ មុន​ពេល​ច្រូត​កាត់​មកដល់ ចូរ​យើង​បន្ត​ព្រោះ​គ្រាប់ពូជ ដោយ​ពឹង​អាង​កម្លាំង​មកពី​ព្រះអង្គ​។—Poh Fang Chia

តើមាន​រឿង​អ្វី​ដែល​បណ្តាល​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត? តើ​អ្នក​អាច​ប្រកាន់​ខ្ជាប់​តាម​យ៉ាង​ដូច​ម្តេច ចំពោះ​ព្រះបន្ទូល​ដែល​បាន​សន្យា​ថា “ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ មិន​ឲ្យ​ណាយ​ចិត្ត​ឡើយ តែ​សូម​ឲ្យ​ទូល​បង្គំ​មាន​ការ​អត់​ធ្មត់ នៅ​ក្នុង​ការ​ធ្វើ​អំពើ​ល្អ​។

For further study, read The Sword, the Son, and a Rest for God’s People at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៤១-៤២ និង ម៉ាថាយ ១២:១-២៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles