“លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន”។ ដានីយ៉ែល ៦:១០
ការប្ដេជ្ញាចិត្តរយៈពេលខ្លី មិនមែនជាការពិបាកពេកទេ។ វាជាការលត់ដំ ឲ្យមានភាពទៀងទាត់ ដែលយើងពិបាកធ្វើ តែជាគន្លឹះនាំទៅរកការលូតលាស់ខាងវិញ្ញាណ។
យើងអាចសង្កេតឃើញភាពមិនទៀងទាត់នៃការប្ដេជ្ញាចិត្ត កើតមានជាញឹកញាប់ នៅក្នុងកម្មវិធីអនុវត្តរយៈពេលខ្លី ដូចជា ការទន្ទេញខគម្ពីរ ផែនការអានព្រះគម្ពីរ និងការប្ដេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី។ មានមនុស្សច្រើនណាស់ដែលធ្វើបានល្អ នៅពេលចាប់ផ្តើមដំបូង ហើយក្រោយមក ក៏បានបោះបង់ចោលការព្យាយាម។ តែខ្ញុំជឿថា អ្នកក៏អាចជួបប្រទះមនុស្សជាច្រើន ដែលមានភាពទៀងទាត់ និងការលត់ដំយ៉ាងខ្លាំង។ ពួកគេបណ្តើរឆ្កែចេញក្រៅផ្ទះ នៅម៉ោងដដែលជារៀងរាល់ថ្ងៃ ឬទៅយកសំបុត្រយ៉ាងទៀងទាត់ណាស់ បានជាអ្នកអាចយកនាឡិការរបស់អ្នកមកផ្ទៀងជាមួយគាត់បាន។ ហើយពេលណាពួកគេរៀបចំខ្លួន ធ្វើកិច្ចការអ្វីមួយ ឬរៀនមុខជំនាញថ្មី ពួកគេក៏បានធ្វើ ដោយភាពឧស្សាហ៍ព្យាយាមយ៉ាងខ្លាំង បានជាអ្នកគ្មានការសង្ស័យថា ពួកគេនឹងសម្រេចកិច្ចការនោះឬអត់។
ទម្លាប់នៃការអធិស្ឋានរបស់លោកដានីយ៉ែល បានបង្ហាញឲ្យយើងឃើញភាពទៀងទាត់ដែលមានការលត់ដំ ក្នុងជីវិតគាត់។ ការរស់នៅរបស់គាត់ មិនមែនមានការផ្ទុះចេញនូវភាពក្លៀវក្លាតែពីដំបូង ហើយក្រោយមក ប្រែក្លាយជាភាពអសកម្មដ៏រ៉ាំរ៉ៃនោះទេ។ យើងដឹងច្បាស់ថា គាត់បានអធិស្ឋាន ទោះគាត់មានអារម្មណ៍ចង់អធិស្ឋានឬអត់ក៏ដោយ។ គាត់ទំនងជាមានពេលដែលគាត់ក្រោកពីលុតជង្គង់ ដោយអារម្មណ៍ថា គាត់ពិតជាមានពរណាស់ ហើយក៏មានពេលផ្សេងទៀត ដែលគាត់មានអារម្មណ៍ថា គ្មានកម្លាំង គ្មានទឹកចិត្ត តែគាត់នៅតែបន្តអធិស្ឋានទៀត។
គាត់បានអធិស្ឋានហើយអធិស្ឋានទៀត ទោះស្ថិតក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ។ នេះជាការលត់ដំ! ពេលណាមានរឿងវិបត្តិកើតឡើង វាក៏បានបង្ហាញឲ្យគេឃើញការលត់ដំ ក្នុងជីវិតគាត់។ បន្ទាប់ពីស្តេចដារីយុសបានចេញរាជបញ្ជា ហាមមិនឲ្យគេអធិស្ឋានទៅព្រះណា ឬមនុស្សណាផ្សេងក្រៅពីទ្រង់ ក្នុងរយៈពេល៣០ថ្ងៃ(ដានីយ៉ែល ៦:៧) លោកដានីយ៉ែលអាចមានលេស ដើម្បីស្តាប់បង្គាប់តាមស្តេច ជាជាងស្តាប់តាមព្រះអម្ចាស់។ គាត់អាចមានហេតុផលធ្វើដូចនេះ ព្រោះគាត់បានខិតខំអធិស្ឋានយ៉ាងខ្ជាប់ខ្ជួនជាច្រើនឆ្នាំមកហើយ ដូចនេះ ការឈប់អធិស្ឋាន១ខែគួរតែមិនអីទេ។ តែគាត់មិនដែលមានគំនិតដូចនេះទេ។ ផ្ទុយទៅវិញ គាត់បានបន្តអធិស្ឋាន ដូចសព្វមួយដង។
ជាការពិតណាស់ ជីវិតនៃការអធិស្ឋានរបស់លោកដានីយ៉ែល ពិតជាមានទំនាក់ទំនងនឹងសេចក្តីក្លាហាន ដែលគាត់បានបង្ហាញឡើង ក្នុងការស្តាប់បង្គាប់ព្រះនៃសាសន៍អ៊ីស្រាអែល ជាជាងស្តាប់តាមស្តេចមានអំណាចបំផុតក្នុងពិភពលោក។ ព្រះអម្ចាស់នៃយើងក៏បានប្រាប់យើង ឲ្យ“អធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ”(លូកា ១៨:១)។ យើងមិនត្រូវឈប់អធិស្ឋានមួយរយៈ បើសិនជាយើងមិនមានអារម្មណ៍ចង់អធិស្ឋាន ឬមិនមានពេលអធិស្ឋាននោះឡើយ។ បើយើងចង់រស់នៅថ្វាយព្រះយេស៊ូវ ពេលយើងស្ថិតក្រោមសំពាធ ការអធិស្ឋានរបស់យើងត្រូវតែមានភាពជាប់លាប់។ យើងត្រូវតែចាត់ទុកការអធិស្ឋាន ជាធាតុផ្សំដ៏សំខាន់នៃជំនឿយើង គឺមិនគ្រាន់តែជាការបំពេញបង្គ្រប់ដ៏ល្អនោះទេ។
ទ្វារបានបើកចំហ សម្រាប់ឲ្យអ្នកបង្ហាញការប្ដេជ្ញាចិត្តដ៏ជាប់លាប់ដូចនេះ ក្នុងការអធិស្ឋាន តាមគំរូលោកដានីយ៉ែល។ តាមរយៈការលត់ដំជាទៀងទាត់ ការអធិស្ឋានអាចក្លាយជាការឆ្លើយតបជាធម្មតារបស់អ្នក ចំពោះស្ថានភាពនីមួយៗ ក្នុងជីវិតអ្នក។ តើអ្នកត្រូវការញែកពេលរៀងរាល់ថ្ងៃ ដើម្បីអធិស្ឋាន និងអរព្រះគុណព្រះ ទោះមានរឿងអ្វីកើតឡើងក៏ដោយដែរឬទេ? ទោះព្រះទ្រង់ដកអ្វីចេញពីយើង ទោះយើងធ្វើអ្វី ហើយព្រះអង្គមានផែនការដូចម្តេចក៏ដោយ ចូរយើងអធិស្ឋានឥតឈប់ឈរ។
អេភេសូរ ៣:១៤-២១
លោកុប្បត្តិ ៤៦-៤៨ និង រ៉ូម ១៥:១៤-៣៣