២កូរិនថូស ៥:២១-៦:២
មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ។ ២កូរិនថូស ៦:២
មានពេលមួយ ខ្ញុំត្រូវធ្វើដំណើរទៅធ្វើការជាវាទគ្មិន និងអ្នកដឹកនាំក្រុមសិស្សវិទ្យាល័យ ក្នុងដំណើរបេសកម្ម នៅប្រទេសចាម៉ៃកា។ ខ្ញុំក៏បានឮគេប្រកាសថា “យើងបានត្រៀមខ្លួនជាសម្រេច ដើម្បីឡើងជិះយន្តហោះទៅទីក្រុងមុនតេហ្គោ បេយ”។ ពេលនោះ ខ្ញុំក៏បានលូកដៃចូលទៅក្នុងកាបូបស្ពាយរបស់ខ្ញុំរកមើលសំបុត្រយន្តហោះ និងលិខិតឆ្លងដែនរបស់ខ្ញុំ។ ខ្ញុំមានការតក់ស្លុត ពេលដែលខ្ញុំរកលិខិតឆ្លងដែនមិនឃើញ!
ក្រុមការងាររបស់ខ្ញុំក៏បានឡើងជិះយន្តហោះ ដោយគ្មានខ្ញុំទៅជាមួយ ហើយខ្ញុំក៏បានព្យាយាមធ្វើលិខិតឆ្លងដែនថ្មី ក្នុងរយៈពេល៤ថ្ងៃ។ បន្ទាប់ពីខ្ញុំបានព្យាយាមទាក់ទងតាមទូរស័ព្ទរាប់រយដង ហើយបានធ្វើដំណើរទៅរដ្ឋវ៉ាស៊ីនតោន ឌីស៊ី ដោយមិនបានលទ្ធផលអ្វីសោះ ហើយក៏បានបើកឡានក្នុងចម្ងាយឆ្ងាយមកទីក្រុងហ្គ្រេនរែភីត រដ្ឋមីឈីហ្គិនវិញ ហើយចំណាយពេល២ថ្ងៃ ក្នុងទីក្រុងនៅជិតខាង ហើយដោយជំនួយពីការិយាល័យសមាជិកសភាក្នុងតំបន់ ទីបំផុតខ្ញុំបានធ្វើលិខិតឆ្លងដែនថ្មី ហើយអាចចូលរួមជាមួយក្រុមការងាររបស់ខ្ញុំ នៅប្រទេសចាម៉ៃកា។
លិខិតឆ្លងដែន ជាកូនសៀវភៅតូចមួយ តែវាបានផ្តល់ឲ្យនូវការធានាថា ខ្ញុំអាចចេញទៅក្រៅប្រទេសបាន។ ខ្ញុំបានប្រឹងប្រែងអស់លទ្ធភាព ដើម្បីឲ្យបានលិខិតឆ្លងដែនថ្មីក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែ តម្លៃរបស់វាមិនអាចប្រៀបផ្ទឹម នឹងការធានាមួយទៀត ដែលកំណត់គោលដៅដ៏អស់កល្បរបស់យើង។ មានតែសេចក្តីជំនឿលើព្រះយេស៊ូវទេ ដែលអាចធានាថា យើងនឹងបានទទួលសេចក្តីសង្គ្រោះរួចពីបាបរបស់យើង ហើយមានជីវិតថ្មីក្នុងព្រះអង្គ។
ព្រះគម្ពីរប៊ីបបានចែងថា “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងពិពណ៌នា អំពីការសម្រេចផែនការរបស់ព្រះ ក្នុងការប្រទានសេចក្តីសង្គ្រោះក្នុងព្រះគ្រីស្ទ។ ដោយជំនឿលើព្រះអង្គ យើងអាចដកពិសោធន៍នឹងសេចក្តីស្រឡាញ់ និងការប្រោសលោះរបស់ព្រះ ព្រមទាំងព្រះរាជកិច្ចនៃការស្អាងឡើងវិញនូវស្នាព្រះហស្តរបស់ព្រះអង្គ។ នៅថ្ងៃនេះ ចូរយើងប្រាកដថា យើងបានយល់ច្បាស់ អំពីអត្ថន័យនៃការផ្សះផ្សាទំនាក់ទំនងឲ្យជានឹងព្រះ តាមរយៈព្រះគ្រីស្ទ(៥:២១)។—Dave Branon
តើព្រះយេស៊ូវបានប្រើមធ្យោបាយអ្វី ដើម្បីនាំអ្នកទទួលសេចក្តីសង្រ្គោះ? តើការទទួលជឿព្រះអង្គជាព្រះអង្គសង្គ្រោះ មានអត្ថន័យដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានផ្លូវឲ្យទូលបង្គំទទួលសេចក្តីសង្គ្រោះរួចពីបាប និងសេចក្តីស្លាប់។
Learn more here: ODB.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៤៣-៤៥ និង ម៉ាថាយ ១២:២៤-៥០