“នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ តែទ្រង់ផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សដាស់ទ្រង់ឡើងទូលថា លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬអី កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ”។ ម៉ាកុស ៤:៣៧-៣៩
នរណាក៏ដោយដែលមានបទពិសោធន៍ច្រើនក្នុងជីវិត សុទ្ធតែដឹងថា ខ្យល់ព្យុះនៃជីវិតនឹងមកដល់ពីមួយពេលទៅមួយពេល ពិតប្រាកដមែន។ ជួនកាល យើងស្រាប់តែប្រឈមមុខដាក់ការបាត់បង់ការងារ ដោយមិនបានត្រៀមខ្លួនទុកជាមុន ឬធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏មនុស្សជាទីស្រឡាញ់ស្លាប់ចោល ឬមួយមានការបែកគ្នា ដោយសោកសៅជាដើម។ យើងប្រហែលមានអារម្មណ៍ថា ទុក្ខលំបាកទាំងនោះហាក់ដូចជាពិបាកពេកសម្រាប់យើង គឺប្រៀបដូចជាទូកដែលកំពុងតែលិច មិនខុសពីពេលដែលពួកសាវ័កកំពុងជួបខ្យល់ព្យុះ នៅក្នុងសមុទ្រកាលីឡេនោះឡើយ។
ការដើរតាមព្រះយេស៊ូវមិនមានន័យថា ខ្យល់ព្យុះនៃជីវិតមិនអាចកើតមានក្នុងការរស់នៅរបស់យើងនោះទេ ប៉ុន្តែ យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះទ្រង់សន្យាថា នឹងឃុំគ្រងយើង នៅក្នុងខ្យល់ព្យុះនោះ។ ព្រះអង្គអាចធ្វើឲ្យចិត្តយើងស្ងប់ ហើយព្រះអង្គថែមទាំងអាចធ្វើឲ្យខ្យល់ព្យុះនីមួយៗស្ងប់ផងដែរ។
ពេលណាខ្យល់ព្យុះមកដល់ យើងច្រើនតែជួបការល្បួងឲ្យមានការសង្ស័យចំពោះព្រះអង្គ។ ពួកសាវ័កនៅតែទូលសួរព្រះយេស៊ូវ ទោះពួកគេបានឃើញព្រះអង្គធ្វើការអស្ចារ្យដោយផ្ទាល់ក៏ដោយ។ ពួកគេបានឃើញព្រះអង្គមុខទល់នឹងមុខ ហើយបានបរិភោគអាហារជាមួយព្រះអង្គរៀងរាល់ថ្ងៃ ប៉ុន្តែ ពេលដែលខ្យល់ព្យុះមកដល់ ពួកគេមានការតក់ស្លុត ដោយខ្វះជំនឿ គឺធ្វើមើលតែពួកគេបានភ្លេចព្រះអង្គជានរណា ឬភ្លេចការអ្វីដែលព្រះអង្គអាចធ្វើបាន។ តើយើងមានការសង្ស័យដូចពួកគេដែរទេ? ពេលណាខ្យល់ព្យុះបក់បោកមក មានខ្យល់កន្ត្រាក់ និងទឹករលកធំៗ ការសង្ស័យ និងភាពកម្សោយរបស់យើងក៏បានផ្ទុះចេញមក ហើយយើងក៏ភ្លេចព្រះដែលគង់នៅក្នុងយើង ហើយភ្លេចថា ព្រះអង្គអាចធ្វើអ្វីបានខ្លះ។
ព្រះទ្រង់មិនបានរារាំងខ្យល់ព្យុះមិនឲ្យបក់បោកមកទេ។ ប៉ុន្តែ ព្រះអង្គជាព្រះដែលមានព្រះវត្តមានជាមួយយើង ក្នុងខ្យល់ព្យុះ ហើយមានអំណាចគ្រប់គ្រងវាទៀតផង។ ព្រះយេស៊ូវមិនគ្រាន់តែគង់នៅជាមួយពួកសិស្ស ក្នុងអំឡុងពេលមានខ្យល់ព្យុះប៉ុណ្ណោះទេ តែថែមទាំងបង្ហាញព្រះចេស្តាព្រះអង្គ ដោយធ្វើឲ្យវាស្ងប់ទៅវិញ។ ក្នុងនាមព្រះអង្គជាព្រះ ព្រះអង្គបានបង្កើតសមុទ្រមក។
តើទឹកសមុទ្រមានអ្វីអាចតតាំងព្រះអង្គបាន? សម្រាប់យើងក៏ដូចនេះដែរ កាលៈទេសៈដែលហាក់ដូចជាអស់សង្ឃឹម និងមិនអាចជម្នះបាន ក៏កើតឡើងស្របតាមផែនការព្រះអង្គផងដែរ។ ពេលណាទុក្ខលំបាក ការភ័យខ្លាច និងការឈឺចាប់នៅតែបន្តមានក្នុងជីវិតយើង យើងអាចទុកចិត្តថា ព្រះអង្គនឹងប្រទានយើងនូវសន្តិភាព ដែល “ហួសលើសពីអស់ទាំងគំនិត”(ភីលីព ៤:៧) ហើយចម្លងយើងទៅកាន់កន្លែងដែលស្ងប់សុខ ទោះនៅក្នុងជីវិតនេះ ឬបន្ទាប់ពីយើងស្លាប់ក៏ដោយ។
ដូចនេះ យើងមិនត្រូវសួរថា តើខ្យល់ព្យុះនឹងកើតមានក្នុងជីវិតខ្ញុំឬទេ? ខ្យល់ព្យុះនឹងកើតមានជាប្រាកដ។ តែផ្ទុយទៅវិញ យើងត្រូវសួរថា “ពេលណាមានខ្យល់ព្យុះបក់បោកមក តើខ្ញុំនឹងនៅតែជឿថា ព្រះយេស៊ូវអាចធ្វើឲ្យពួកវាស្ងប់ ហើយតើខ្ញុំនឹងអនុញ្ញាតឲ្យព្រះអង្គជួយខ្ញុំទេ?” ព្រះអង្គអាចដកអ័ភ្រនៃការសង្ស័យចេញពីគំនិតយើង។ ព្រះអង្គប្រោសចិត្តដែលខ្ទេចខ្ទាំឲ្យជា។ ព្រះអង្គអាចរំងាប់ចិត្តរបស់យើង ដែលស្រេកឃ្លានសេចក្តីស្រឡាញ់។ ព្រះអង្គប្រោសវិញ្ញាណដែលហត់នឿយ ឲ្យមានកម្លាំងឡើងវិញ។ ព្រះអង្គអាចប្រទានភាពស្ងប់រម្ងាប់ដល់វិញ្ញាណដែលថប់បារម្ភ។
អ្នកក៏អាចដកពិសោធន៍ជាមួយភាពស្ងប់រម្ងាប់នៃខ្យល់ព្យុះផងដែរ ពេលណាអ្នកបានឃើញព្រះអង្គ ជាព្រះអាទិករនៃចក្រវាល ដែលធ្វើឲ្យខ្យល់ព្យុះស្ងប់ និងគ្រប់គ្រងលើអ្វីៗទាំងអស់។
ម៉ាកុស ៤:៣៥-៤១
អេសាយ ៥-៦ និង ម៉ាកុស ២