ព្រះបន្ទូល​សន្យា​របស់​ព្រះ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

២កូរិនថូស ៤:១៦-១៨

ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិត​ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច​វិញ​។ ២កូរិនថូស ៤:១៨

ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់ ពេល​ដែល​បាន​ឃើញ​ឪពុក​របស់​ខ្ញុំ​បាត់បង់​ការ​ចងចាំ​។ ជំងឺ​វង្វេង​របស់​មនុស្ស​ចាស់​ពិត​ជា​កាច​សាហាវ​ណាស់ ព្រោះ​វា​បាន​ឆក់​យក​ការ​ចងចាំ​របស់​គាត់ អំពី​ទំនាក់​ទំនង​ទាំងអស់​ដែល​គាត់​មាន ក្នុង​ជីវិត​គាត់​។ ខណៈ​ពេល​ដែល​ជំងឺ​របស់​គាត់​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ គាត់​មិន​ចាំ​ខ្ញុំ​ទៀត​ទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​បាត់បង់​គាត់​ម្តង​បន្តិចៗ​។ តែ​ក្នុង​ពេល​ដ៏​ឈឺ​ចាប់​នោះ ខ្ញុំ​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត ដោយ​នឹក​ចាំ អំពី​ព្រះបន្ទូល​របស់​ព្រះ ដែល​បាន​សន្យា​ថា ព្រះ​អង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង​ជានិច្ច​។

ព្រះ​គម្ពីរប៊ីប​បាន​រំឭក​យើង​ថា ព្រះអម្ចាស់​បាន​ដាក់​ជីវិត​របស់​យើង និង​អ្វីៗ​ទាំង​អស់​ដែល​យើង​ស្រឡាញ់ នៅ​ក្នុង​ព្រះ​ហស្ត​ព្រះអង្គ​។ ខ្ញុំ​បាន​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​សង្ឃឹមថា ថ្ងៃ​មួយ នៅ​នគរ​ស្ថាន​សួគ៌ ឪពុក​របស់​ខ្ញុំ​នឹង​បាន​ទទួល​ការ​ស្អាង​ឡើង​វិញ​ទាំងស្រុង ដោយ​ព្រះអាទិករ​ដែល​មាន​ក្តី​ស្រឡាញ់​នឹង​កែ​ប្រែ​ចិត្ត​គំនិត និង​វិញ្ញាណ​របស់​គាត់​ជា​ថ្មី​។

ខ្ញុំ​ក៏​ចាំបាច់​ត្រូវ​ចង​ចាំ​ថា សាវ័ក​ប៉ុល​បាន​រៀបរាប់​ថា ទុក្ខ​លំបាក​របស់​យើង “នៅតែ​មួយ​ភ្លែត​ទេ”(២កូរិនថូស ៤:១៧)។ ត្រង់​ចំណុច​នេះ គាត់​មិនមែន​ចង់​មានន័យថា ទុក្ខ​លំបាក​របស់​យើង​គឺជា​រឿង​តូចតាច​នោះ​ទេ ព្រោះ​គាត់​ក៏​បាន​រង​ទុក្ខ​ជា​ច្រើន​ហើយ​ដែរ(ខ.៧-១២)។ ក្នុង​ព្រះគ្រីស្ទ ទុក្ខ​លំបាក​របស់​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ស្រាល​ទេ ហើយ​ក៏​មាន​រយៈ​ពេល​ខ្លី​ដែរ​។ ពេលណា​យើង​គិត​អំពី​ព្រះពរ​ដ៏​រុងរឿង​ទាំង​អស់​ដែល​យើង​មាន​ក្នុង​ព្រះយេស៊ូវ ក្នុង​ពេល​សព្វថ្ងៃ ក៏​ដូចជា​នៅពេល​អនាគត​ដ៏​អស់​កល្ប​ជានិច្ច យើង​នឹង​ទទួល​ស្គាល់​ថា ទុក្ខ​លំបាក​របស់​យើង​ស្រាល​ទេ ហើយ​ក៏​មាន​រយៈ​ពេល​ខ្លី​ផង(ខ.១៧)។

ដោយសារ​ព្រះ និង​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ យើង​អាច​សម្រេច​ចិត្ត​បន្ត​មាន​ក្តី​សង្ឃឹម​ទៀត​។ ទោះ​យើង​កំពុង​រង​ទុក្ខ​ក៏ដោយ ក៏​យើង​អាច​រស់នៅ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ជំនឿ ដោយ​ពឹង​ផ្អែក​ទៅលើ​ព្រះ​ចេស្តា​របស់​ព្រះអង្គ ដែល​កែ​ប្រែ​យើង​ជា​ថ្មី​ឡើង(ខ.១៦)។ ចូរ​យើង​ផ្ចង់​ចិត្ត ទៅ​រក​ព្រះបន្ទូល​សន្យា​ដ៏​អស់​កល្ប​នៅ​ថ្ងៃ​នេះ(ខ.‌១៨)។—Karen Huang

តើ​អ្នក​កំពុង​រង​ទ្រាំ​ទុក្ខ​លំបាក​អ្វី​ខ្លះ? តើ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ និង​អ្វីៗ​ដែល​អ្នក​មាន ក្នុង​នាម​ជា​កូន​ព្រះអង្គ បាន​ជួយ​អ្នក​ដូចម្តេច​ខ្លះ មិន​ឲ្យ​អស់​សង្ឃឹម?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ព្រោះ​ទុក្ខ​លំបាក​របស់​ទូល​បង្គំ​មិន​ស្ថិត​ស្ថេរ​ជា​រហូត​ទេ​។ ហើយ​ព្រះអង្គ​ជា​អ្នក​សម្រេច​អ្វីៗ​គ្រប់​យ៉ាង​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ៧-៨ និង​ម៉ាថាយ ១៥:១-២០

More articles