សុភាសិត ២:១-១១
បើឯងខំរកដូចជារកប្រាក់ … នោះឯងនឹងបានយល់សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្តីស្គាល់ដល់ព្រះអង្គ។ សុភាសិត ២:៤-៥
មានពេលមួយ យេរេមី(Jeremy) បានសរសេរថា “ខ្ញុំបានដឹងតិចតួច អំពីការភ័យខ្លាចសេចក្តីស្លាប់។ កាល៧ឆ្នាំមុន…ខ្ញុំមានអារម្មណ៍តានតឹង ថប់បារម្ភ វិលមុខ និងភ័យខ្លាចជាពន់ពេក ពេលដែលគេប្រាប់ខ្ញុំថា ខ្ញុំមានជំងឺមហារីកដែលមិនអាចព្យាបាលជា”។ ប៉ុន្តែ គាត់បានរៀនគ្រប់គ្រងការភ័យខ្លាចរបស់គាត់ ដោយពឹងផ្អែកទៅលើព្រះវត្តមានរបស់ព្រះ ហើយបានងាកចេញពីការភ័យខ្លាចសេចក្តីស្លាប់ ទៅរកការឱបក្រសោបយកការកោតខ្លាចព្រះ។ សម្រាប់យេរេមី ការកោតខ្លាចព្រះ គឺមានន័យថា គាត់កោតស្ញប់ស្ញែងព្រះអាទិករនៃចក្រវាលទាំងមូល ដែលនឹង “បំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប”(អេសាយ ២៥:៨) ហើយទន្ទឹមនឹងនោះ គាត់ក៏មានការយល់ដឹងស៊ីជម្រៅថា ព្រះអង្គស្គាល់ ហើយស្រឡាញ់គាត់។
ការកោតខ្លាចព្រះអម្ចាស់ ដែលជាការគោរព និងស្ញប់ស្ញែងដ៏ជ្រាលជ្រៅ ចំពោះព្រះដ៏បរិសុទ្ធនៃយើង គឺជាខ្លឹមសារដែលមានចែងក្នុងព្រះគម្ពីរប៊ីបទាំងមូល។ ស្តេចសាឡូម៉ូនបានបង្រៀនបុត្រាទ្រង់ ឲ្យកោតខ្លាចព្រះអម្ចាស់ នៅក្នុងកណ្ឌគម្ពីរសុភាសិត ដែលផ្ទុកទៅដោយប្រាជ្ញាជាច្រើន។ ទ្រង់មានបន្ទូលថា បើបុត្រាទ្រង់ផ្ទៀងត្រចៀកស្តាប់ប្រាជ្ញា ហើយស្វែងរកប្រាជ្ញា ដូចស្វែងរកទ្រព្យសម្បត្តិ នោះបុត្រាទ្រង់នឹងមានការកោតខ្លាច និងស្គាល់ព្រះអម្ចាស់(សុភាសិត ២:២,៤-៥)។ ក្រៅពីប្រាជ្ញា និងការចេះដឹង ទ្រង់នឹងរកឃើញគំនិតវាងវៃ និងយោបល់ផងដែរ(ខ.១០-១១)។
ពេលណាយើងជួបបញ្ហាប្រឈមជាច្រើនប្រភេទ ហើយមានការភ័យខ្លាច យើងនឹងបាននឹកចាំថា សមត្ថភាពរបស់យើងមានដែនកំណត់។ ប៉ុន្តែ ពេលណាយើងងាកទៅរកព្រះអង្គ ដោយទូលសូមព្រះអង្គជួយយើង ឲ្យបន្ទាបខ្លួននៅចំពោះព្រះអង្គ ហើយថ្វាយបង្គំព្រះអង្គ ដោយការកោតខ្លាច យើងនឹងបានដឹងថា ព្រះអង្គជួយយើងឲ្យចេញពីការភ័យខ្លាច ហើយបែរទៅរកការកោតខ្លាចព្រះអង្គវិញ។—Amy Boucher Pye
តើការកោតខ្លាចព្រះអម្ចាស់ មានសារៈសំខាន់ចំពោះអ្នក ដូចម្តេចខ្លះ? តើអ្នកអាចបន្ទាបខ្លួន នៅចំពោះព្រះអង្គ នៅថ្ងៃនេះ ដោយរបៀបណា?
ឱព្រះអាទិករ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី តែព្រះអង្គស្គាល់ និងស្រឡាញ់ទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំ ឲ្យបម្រើ និងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ជារៀងរាល់ថ្ងៃ អស់មួយជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ១៤-១៥ និង ម៉ាថាយ ១៧