តើ​អ្នក​នឹង​ទូល​សួរ​ព្រះយេស៊ូវ​ដូច​ម្តេច​ខ្លះ? (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

លូកា ១៨:៩-១៧

ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ​។ លូកា ១៨:១៦

មាន​ពេល​មួយ លោក​ចូ(Joe) បាន​សួរ​កូនៗ​របស់​គាត់ ក្នុង​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក​ថា “បើ​ព្រះ​យេស៊ូវ​កំពុង​គង់ នៅ​តុ​ជាមួយ​យើង នៅពេល​ព្រឹក​នេះ តើ​កូន​ចង់​សួរ​ព្រះអង្គ​ដូច​ម្តេច​ខ្លះ? កូន​ប្រុស​របស់​គាត់​បាន​គិត​អំពី​សំណួរ​ដ៏​ពិបាក​នេះ​។ ពួកគេ​ក៏បាន​សម្រេច​ចិត្ត​ថា ពួក​គេ​នឹង​សុំ​ឲ្យ​ព្រះ​យេស៊ូវ​ជួយ​ពួក​គេ​ធ្វើ​លំ​ហាត់​គណិត​វិទ្យា​ដែល​ពិបាក​បំផុត ហើយ​សូម​ឲ្យ​ព្រះអង្គ​ប្រាប់​ពួក​គេ​ថា ចក្រ​វាល​មាន​ទំហំ​ធំ​ប៉ុណ្ណា​។ បន្ទាប់មក កូន​ស្រី​របស់​គាត់​ក៏​បាន​ឆ្លើយ​ថា នាង​នឹង​សូម​ឲ្យ​ព្រះ​អង្គ​ឱប​នាង​។

តើ​អ្នក​អាច​ស្រមៃ​ថា ព្រះ​យេស៊ូវ​បាន​ទត​មក​ក្មេងៗ​ទាំង​នេះ ដោយ​សេចក្តី​ស្រឡាញ់​ខ្លាំង​ប៉ុណ្ណា​ទេ? ខ្ញុំ​យល់​ឃើញថា ព្រះអង្គ​នឹង​មាន​ព្រះទ័យ​រីករាយ ក្នុង​ការ​ឆ្លើយតប​ចំពោះ​សំណូមពរ​របស់​ពួកគេ​។ ព្រះអង្គ​អាច​សព្វ​ព្រះទ័យ​ជា​ពិសេស ចំពោះ​កូន​ស្រី​របស់​លោក​ចូ ដែល​បាន​សូម​ឲ្យ​ព្រះ​អង្គ​ឱប​នាង ដែល​ហាក់​ដូចជា​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះអង្គ និង​បង្ហាញ​ចិត្ត​ដែល​ចង់​ឲ្យ​ព្រះ​អង្គ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​នាង​។

ក្មេងៗ​ចិត្ត​ស្វែងរក​ខ្នង​បង្អែក ហើយ​ពួក​គេ​ដឹង​ថា ព្រះយេស៊ូវ​មាន​គ្រប់​ចេស្តា និង​មាន​សេចក្តី​ស្រឡាញ់​។ ព្រះអង្គ​មាន​បន្ទូល​ថា “អ្នកណា​ដែល​មិន​ទទួល​នគរ​ព្រះ ដូចជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ”(លូកា ១៨:១៧)។ ព្រះគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះគុណ ការ​អត់​ទោស​បាប និង​សេចក្តី​សង្រ្គោះ​របស់​ព្រះអង្គ​។ ព្រះអង្គ​សព្វ​ព្រះទ័យ​នឹង​ចិត្ត​ដែល​បន្ទាប​ខ្លួន ចិត្ត​ដែល​ចង់​នៅ​ក្បែរ​ព្រះអង្គ​។

តើ​អ្នក​មាន​អ្វី​ចង់​ទូល​សួរ​ព្រះយេស៊ូវ​ទេ? យើង​ម្នាក់ៗ​សុទ្ធតែ​មាន​សំណួរ សម្រាប់​ព្រះអង្គ! ពុំ​នោះ​ទេ អ្នក​ប្រហែល​ជា​គ្រាន់តែ​ចង់​នៅ​ក្បែរ​ព្រះអង្គ? ចូរ​រត់​ទៅ​រក​ព្រះអង្គ​ក្នុង​ពេល​ឥឡូវ​នេះ ដើម្បី​ឲ្យ​ព្រះ​អង្គ​ឱប​អ្នក និង​ប្រទាន​អ្វីៗ​ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​ការ​។—Anne Cetas

តើ​អ្នក​គិតថា អ្នក​នឹង​និយាយ ឬ​ធ្វើ​អ្វី​មុនគេ ពេល​អ្នក​បាន​ជួប​ព្រះយេស៊ូវ​ជា​លើក​ដំបូង? តើ​ការ​មាន​ជំនឿ​ដូច​កូន​ក្មេង មានន័យ​យ៉ាងណា​សម្រាប់​អ្នក?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​ទូលបង្គំ​បាន​ធ្វើ​ជា​កូន​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​នាំ​ទូល​បង្គំ​ចូល​មក​ជិត​ព្រះអង្គ​។

For further study, read Character Comes from the Story We Tell Ourselves at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ២៣-២៤ និង ម៉ាថាយ ២០:១-១៦

More articles