មិន​ត្រូវ​មាន​សេចក្តី​ខ្មាស (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្តី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះអម្ចាស់​នៃ​យើង ឬ​ដោយ​ព្រោះ​ខ្ញុំ ជា​សិស្ស​របស់​ទ្រង់​ដែល​ជាប់គុក​នោះ​ឡើយ ចូរ​ទ្រាំ​ទុក្ខ​លំបាក​ជាមួយនឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ តាម​ព្រះ​ចេ​ស្តា​នៃ​ព្រះ​ចុះ ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង ហើយ​បាន​ហៅ​យើង​មក​ក្នុង​ការងារ​បរិសុទ្ធ”។ ២ធីម៉ូថេ ១:៨-៩

យើង​ពិតជា​ងាយ​នឹង​មាន​សេចក្តី​ខ្មាស គឺ​ខ្មាស​ចំពោះ​ព្រះ​ដ៏​ជា​ម្ចាស់ ចំពោះ​អ្នក​បម្រើ​របស់​ព្រះអង្គ និង​ចំពោះ​ព្រះរាជសារ​របស់​ព្រះ​អង្គ​។ ដូច​នេះ យើង​មាន​ការ​ជំរុញ​ចិត្ត​ខ្លាំង​ណាស់ ដែល​បានឮ​សាវ័ក​ប៉ុល​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ កុំ​ឲ្យ​មាន​សេចក្តី​ខ្មាស​។

ក្នុង​វប្បធម៌​លោក​ខាងលិច គេ​មាន​ការ​ទ្រាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ការ​និយាយ​មិន​ច្បាស់​លាស់ អំពី​សាសនា ព្រះ និង​រឿង​ខាង​វិញ្ញាណ​។ យើង​ច្រើន​តែ​អាន ឬឮ​ការ​បក​ស្រាយ​មិន​ច្បាស់​លាស់ ដែល​ហាក់​ដូចជា​មិន​សូវ​សម​ស្រប​នឹង​ដំណឹង​ល្អ​ឡើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​អ្វី​ដែល​សង្គម​ហាក់​ដូចជា​មិន​អាច​ទទួលយក​បាន គឺ​ការ​ប្រកាស​ច្បាស់​ៗ​ថា មានតែ​ព្រះយេស៊ូវគ្រីស្ទ​ទេ​ដែល​អាច​ប្រទាន​សេចក្តី​សង្គ្រោះ​។ បើ​យើង​ត្រៀម​ខ្លួន​ប្រកាស​ជា​មួយ​សាវ័ក​ពេត្រុស​ថា “គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ”(កិច្ចការ ៤:១២) នោះ​ចូរ​យើង​ទទួលយក​ពាក្យ​លើក​ទឹក​ចិត្ត​ពី​សាវ័ក​ប៉ុល​ថា “ចូរ​ទ្រាំ​ទុក្ខ​លំបាក​ជាមួយនឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ” ។

យើង​ប្រហែល​ពិបាក​ទទួល​ការ​អញ្ជើញ​របស់​សាវ័ក​ប៉ុល​ឲ្យ​ចូល​រួម​ជាមួយ​គាត់ ក្នុង​ការ​រង​ទុក្ខ​ដើម្បី​ដំណឹង​ល្អ​។ ការ​អញ្ជើញ​នេះ​ប្រាស​ចាក​នឹង​ភាព​ជោគជ័យ​និយម​របស់​គ្រីស្ទបរិស័ទ ក្នុង​សម័យ​ថ្មី ដែល​តែងតែ​ព្យាយាម​បង្ហាញ​លោកិយ​ថា គ្រីស្ទបរិស័ទ​កំពុង​រស់នៅ​ក្នុង​ភាព​ចម្រុង​ចម្រើន​។ ដូច​នេះ មនុស្ស​ជា​ច្រើន​ចង់​បញ្ជាក់​ថា ព្រះ​ទ្រង់​មាន​ព្រះ​ចេ​ស្តា​ប្រោស​ឲ្យ​ជា ធ្វើ​ការ​អស្ចារ្យ និង​នាំ​រាស្រ្ត​ព្រះ​អង្គ​ទៅ​រក​ជ័យ​ជម្នះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​គម្ពីរ និង​ទី​បន្ទាល់​របស់​ពួក​ស្មោះ​ត្រង់ បាន​ប្រាប់​យើង​ថា បើ​យើង​មិន​បាន​គិត​ដល់​សេចក្តី​ស្លាប់ ដែល​ជា​ការ​ប្រោស​ឲ្យ​ជា​ល្អ​បំផុត ភាគ​ច្រើន​អ្នក​ដែល​យើង​អធិស្ឋាន​ឲ្យ នៅតែ​បន្ត​រង​ទុក្ខ និង​រស់នៅ​ក្នុង​ថ្ងៃ​ដ៏​ពិបាក​។ យើង​ត្រូវ​និយាយ​ការ​ពិត គឺ​ដូច​ដែល​លោក​ចន ញូតុន(John Newton) បាន​ពិពណ៌នា​ថា ជីវិត​របស់​គ្រីស្ទបរិស័ទ ត្រូវតែ​ឆ្លង​កាត់ “គ្រោះ​ថ្នាក់ ទុក្ខ​លំបាក និង​អន្ទាក់​ជា​ច្រើន” ហើយ​មាន​ទុក្ខ​លំបាក​ជា​ច្រើន កំពុង​រង់​ចាំ​យើង ជា​ពិសេស បើ​យើង​នៅតែ​មាន​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ការ​ត្រាស់ហៅ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​ចុង​បំផុត​នៃ​ផែនដី(កិច្ចការ ១:៨)។

ដូច​នេះ តើ​យើង​ត្រូវ​ស៊ូ​ទ្រាំ​ក្នុង​ទុក្ខ​លំបាក ដើម្បី​ដំណឹង​ល្អ​ដូច​ម្តេច​ខ្លះ? គឺ​ដោយសារ​ព្រះ​ចេស្តា​របស់​ព្រះ តាមរយៈ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ជួយ​ឲ្យ​យើង​បន្ត​ដំណើរ​ទៅមុខ​ដល់ទី​បញ្ចប់​។ គឺ​ដូច​ដែល​បទ​ចម្រៀង​របស់​លោក​ញូតុន​បាន​បក​ស្រាយ​អំពី​ការ​ពិត​នេះ​ថា “ព្រះគុណ​ដែល​បាន​នាំ​ខ្ញុំ​មកដល់​ឆ្ងាយ​យ៉ាង​នេះ​ហើយ នឹង​នាំ​ខ្ញុំ​ទៅដល់​ផ្ទះ​នៅ​ស្ថាន​សួគ៌”។ នេះ​ជា​សេចក្តី​ពិត​ដ៏​អស្ចារ្យ!

ព្រះ​អម្ចាស់​បាន​សង្គ្រោះ​អ្នក ហើយ​ព្រះអង្គ​នឹង​ថែរក្សា​អ្នក ក្នុង​ទុក្ខ​លំបាក​។ ព្រះអង្គ​បាន​បង្គាប់​អ្នក ហើយ​ព្រះអង្គ​នឹង​ប្រទាន​សេចក្តី​ក្លាហាន ពេលណា​អ្នក​បាន​ទទួល​ការ​ត្រាស់ហៅ​ឲ្យ​ទៅ​ធ្វើ​បន្ទាល់​អំពី​សេចក្តី​ពិត អំពី​ព្រះអង្គ​។ សេចក្តី​ពិត​នៃ​ព្រះ​ចេស្តា​ដែល​ទ្រទ្រង់​ជីវិត​អ្នក អាច​បណ្តាល​ចិត្ត​អ្នក និង​កែ​ប្រែ​ជីវិត​អ្នក​។

ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក និង​ការ​សង្ស័យ អ្នក​អាច​តោង​ឲ្យ​ជាប់​ការ​ពិត​នេះ ធ្វើ​ជា​ខែល​ការពារ​វិញ្ញាណ​អ្នក​។ ហើយ​ពេលណា​អ្នក​មាន​ចិត្ត​ចង់​រាថយ ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ អ្នក​អាច​មើល​ទៅ​ព្រះ​ចេស្តា​ព្រះអង្គ ដោយ​អធិស្ឋាន សូម​ឲ្យ​ការ​ធ្វើ​បន្ទាល់​របស់​អ្នក​មាន​ប្រសិទ្ធភាព ខណៈ​ពេល​ដែល​អ្នក​បើក​មាត់​និយាយ​។ “ចូរ​កុំ​មាន​សេចក្តី​ខ្មាស​ឡើយ”។

រ៉ូម ១:៨-១៧

More articles