ព្រឹក

ថែទាំជីវិតឲ្យចម្រើនឡើង ក្នុងព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយMatt Lucas
February 6, 2025
លោកុប្បត្តិ ២:៤-៩
រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេ ... ក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង។ លោកុប្បត្តិ ២:៥
គ្រួសាររបស់ខ្ញុំសាងសង់ផ្ទះរបស់យើង នៅចុងផ្លូវលំក្រាលគ្រួស នៅលើដីភក់ ដែលមិនមានដើមឈើដុះ ។ យើងចាំបាច់ត្រូវដាំស្មៅ ដើមឈើ និងគុម្ពផ្កា ឲ្យត្រូវនឹងទេសភាពជើងភ្នំនៅព័ទ្ធជុំវិញ ក្នុងរដ្ឋអូរីហ្គិន។ ខណៈពេលដែលខ្ញុំយកឧបករណ៍កសិកម្មចេញមក ដើម្បីចាប់ផ្តើមធ្វើការដាំដុះ ខ្ញុំក៏បាននឹកចាំ អំពីការដាំដុះដំបូងបំផុត ដែលកំពុងរង់ចាំឲ្យមនុស្សជាតិធ្វើ។ គឺដូចមានសេចក្តីចែងថា “រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេក៏មិនទាន់មានតិណជាតិណានៅវាលដែរ ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីសោះ ហើយក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង”(លោកុប្បត្តិ ២:៥)។
ក្នុងការពិពណ៌នា អំពីការបង្កើតរបស់សព្វសារពើ បទគម្ពីរលោកុប្បត្តិ ជំពូក១ បានបញ្ជាក់ម្តងហើយម្តងទៀត អំពីការវាយតម្លៃរបស់ព្រះ មកលើស្នាព្រះហស្តដែលព្រះអង្គបានបង្កើតថា ព្រះអង្គបានទតឃើញថា “ល្អហើយ” ឬទតឃើញ “ទាំងអស់ជាការល្អប្រពៃ”(ខ.៤,១០,១២,១៨,២១,២៥,៣១)។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើតនេះមិនទាន់បានចប់សព្វគ្រប់នៅឡើយទេ។ ដីដែលព្រះអង្គបង្កើតត្រូវការឲ្យលោកអ័ដាម និងនាងអេវ៉ាធ្វើការដាំដុះ ដើម្បីអនុវត្តនូវការថែទាំស្នាព្រះហស្តរបស់ព្រះអង្គ(ខ.២៨)។ ព្រះអង្គបានបង្កើតពួកគេមក ក្នុងទីកន្លែងសុខស្រួល ដែលត្រូវការឲ្យពួកគេថែទាំ និងដាំដុះឲ្យចម្រើនឡើងផងដែរ។
តាំងពីដើមដំបូងមក ព្រះទ្រង់បានត្រាស់ហៅមនុស្សឲ្យធ្វើការជាដៃគូជាមួយព្រះអង្គ នៅក្នុងការបង្កើតរបស់ព្រះអង្គ។ ព្រះអង្គបានអនុវត្តដូចនេះ ក្នុងសួនច្បារអេដែន ហើយព្រះអង្គក៏បានបន្តធ្វើដូចនេះ ជាមួយមនុស្សដែលកើតជាថ្មី នៅពេលដែលពួកគេទទួលជឿព្រះគ្រីស្ទ(២កូរិនថូស ៥:១៧)។ នៅពេលដែលយើងបានសង្គ្រោះរួចពីបាប យើងមិនទាន់មានភាពល្អឥតខ្ចោះនោះទេ។ ហេតុនេះហើយសាវ័កប៉ុលបានមានប្រសាសន៍ថា “កុំឲ្យត្រាប់តាមសម័យនេះឡើយ”(រ៉ូម ១២:២)។ ព្រះទ្រង់ធ្វើការក្នុងយើង ខណៈពេលដែលយើងខិតខំរស់នៅ “ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់” ដើម្បីផ្គាប់ព្រះទ័យព្រះអង្គ(៨:២៩)។
ខណៈពេលដែលយើងកំពុងរួមចំណែកក្នុងការថែរក្សាផែនដី ចូរយើងថែទាំជីវិតថ្មីដែលយើងទទួលបានក្នុងព្រះគ្រីស្ទ ជាអំណោយដែលមិនអាចកាត់ថ្លៃបាន ដែលត្រូវការការលូតលាស់ តាមបំណងព្រះទ័យព្រះអង្គ។—Matt Lucas
តើអ្នកចូលចិត្តកិច្ចការអ្វីជាងគេ? តើព្រះទ្រង់កំពុងត្រាស់ហៅអ្នក ឲ្យថែរក្សាអ្វីខ្លះឲ្យចម្រើនឡើង នៅក្នុងសហគមន៍របស់អ្នក?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអញ្ជើញទូលបង្គំឲ្យចូលរួម នៅក្នុងកិច្ចការដែលព្រះអង្គកំពុងធ្វើ ក្នុងលោកិយនេះ និងនៅក្នុងទូលបង្គំ។
For further study, read Worshipping God Means More than Singing at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៣៩-៤០ និង ម៉ាថាយ ២៣:២៣-៣៩
ល្ងាច

វិញ្ញាណដែលមិនអត់ទោសឲ្យគេ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 6, 2025
«សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ» (លូកា ១១:៤)។
បើយើងមើលមួយភ្លែត ការទូលសូមនេះ ស្តាប់ទៅហាក់ដូចជាការដោះដូរក្នុងន័យថា ការអត់ទោសឲ្យអ្នកដទៃ នាំឲ្យយើងមានសិទ្ធិទទួលការអត់ទោសពីព្រះអង្គ។ ទោះជាយ៉ាងណាក៏ដោយ បើយើងមើលបរិបទនៃបទគម្ពីរនេះ យើងនឹងឃើញថា ការយល់ឃើញដូចនេះមិនត្រឹមត្រូវទេ។ ព្រះទ្រង់អត់ទោសឲ្យតែអ្នកកែប្រែចិត្តប៉ុណ្ណោះ គឺអ្នកដែលមានអារម្មណ៍សោកស្តាយចំពោះកំហុសរបស់ខ្លួន ដោយការកោតខ្លាចព្រះ ហើយក៏បានប្រែចិត្តចេញពីបាបរបស់ខ្លួន។ បើមានអ្វីជាភស្តុតាងបង្ហាញថា មនុស្សម្នាក់បានប្រែចិត្ត? គឺវិញ្ញាណដែលអត់ទោសឲ្យគេ! អាចនិយាយម្យ៉ាងទៀតថា ពេលណាយើងអត់ទោសឲ្យគ្នាទៅវិញទៅមក គឺមិនមែនដើម្បីឲ្យបានការអត់ទោសពីព្រះអង្គនោះទេ តែយើងបង្ហាញថា យើងបានផ្លាស់ប្រែ ដោយសារព្រះគុណរបស់ព្រះអង្គដែលបានអត់ទោសឲ្យយើង។
ព្រះយេស៊ូវបានបង្រៀនថា វាជារឿងដែលមិនអាចទទួលយកបាន នៅពេលដែលយើងបដិសេធន៍មិនអត់ទោសឲ្យអ្នកដទៃ បន្ទាប់ពីព្រះអង្គបានអត់ទោសឲ្យយើងច្រើនយ៉ាងនេះហើយ (ម៉ាថាយ ១៨:២១-៣៥)។ តែយើងនៅតែជួបការល្បួងឲ្យចងគំនុំ នៅតែខឹង «ទោះអត់ទោសឲ្យគេ តែនៅតែមិនបំភ្លេចកំហុសរបស់គេ»។ លោក ឌី អ៊ែល មូឌី (D.L. Moody) បានប្រៀបធៀបបញ្ហានេះ ទៅនឹងការដែលមនុស្សម្នាក់បានកប់ពូថៅឈប់សងសឹក តែកប់បានតែផ្លែពូថៅ ដោយទុកឲ្យដងពូថៅលានចេញមកខាងលើដី។
វិញ្ញាណដែលមិនអត់ទោសឲ្យគេ អាចជាវិញ្ញាណដែលបំផ្លាញជីវិតខាងវិញ្ញាណ។ យើងមិនគួរអះអាងថា យើងកំពុងស្វែងរកបំណងព្រះទ័យព្រះ បើសិនជាយើងនៅតែមានចិត្តខឹងមកលើបងប្អូនរបស់យើង។ វានឹងពន្លត់ភ្លើងនៃក្តីអំណររបស់គ្រីស្ទបរិស័ទ ហើយធ្វើឲ្យយើងស្ទើរតែមិនអាចទទួលបានផលប្រយោជន៍អ្វីពីការបង្រៀនក្នុងព្រះគម្ពីរ។ ហេតុនេះហើយបានជាព្រះយេស៊ូវប្រាប់យើងថា វិញ្ញាណនៃការអត់ទោសជាផ្នែកមួយដ៏សំខាន់នៃការអធិស្ឋានដែលមានជំនឿ បានជាយើងត្រូវពិនិត្យមើលខ្លួនយើង។
តើអ្នកកំពុងចងកំហឹង ឬចង់តបស្នងការអាក្រក់ទៅលើអ្នកដទៃឬទេ? តើមាននរណាខ្លះដែលអ្នកមិនបានអត់ទោសឲ្យ? ចូរពិចារណា អំពីការអត់ទោសដែលអ្នកបានទទួល ហើយសូមព្រះអង្គបង្រៀន និងជួយអ្នកឲ្យអាចអត់ទោសឲ្យគេ ដ្បិតក្នុងការអត់ទោសឲ្យអ្នកដទៃ អ្នកកំពុងបង្ហាញថា អ្នកបានយល់អំពីព្រះគុណព្រះអង្គ ហើយពិតជាត្រូវបានព្រះអង្គអត់ទោសឲ្យមែន។
តើធ្វើដូចម្ដេចឲ្យការអត់ទោសរបស់ព្រះអង្គបានឈោងទៅដល់ ហើយប្រទានពរ
ដល់ចិត្តដែលមិនអត់ទោសឲ្យគេបាន
គឺចិត្តដែលមិនភ្លេចកំហុស ហើយនឹងមិនព្រម
ឲ្យចិត្តជូរល្វីងតាំងពីដើមចាកចេញ?
ឈើឆ្កាងព្រះអង្គបញ្ចេញពន្លឺភ្លឺចិញ្ចាច
បង្ហាញសេចក្តីពិត ដែលយើងត្រូវដឹងថា
មនុស្សជំពាក់បំណុលយើងតិចប៉ុណ្ណា
ហើយយើងជំពាក់បំណុលព្រះអង្គច្រើនប៉ុណ្ណា។
ឱព្រះអម្ចាស់ សូមព្រះអង្គសម្អាតដល់ជម្រៅនៃវិញ្ញាណយើងខ្ញុំ
ហើយបញ្ឈប់សេចក្តីសម្អប់
ហើយផ្សះផ្សាមនុស្ស ឲ្យជានឹងព្រះ
សូមឲ្យជីវិតយើងខ្ញុំបានចែកផ្សាយសន្តិភាពរបស់ព្រះអង្គ។1
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ១៨:២១-៣៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៤១-៤២ និងម៉ាកុស ១០:៣២-៥២
1លោកស្រី Rosamond Herklots, “Forgive Our Sins as We Forgive” (ឆ្នាំ១៩៦៩)។