«ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្តសម្លាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្ដាលអធ្រាត្រថា សម្លាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន ដ្បិតមានសម្លាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ…ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើងយកទៅឲ្យដោយព្រោះជាសម្លាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យតាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូមនោះតែងនឹងឲ្យមកអ្នក» (លូកា ១១:៥-៩)។
យើងងាយនឹងគិតថា ការជជែកគ្នាអំពីព្រះ គឺជាការបង្ហាញចេញជាចម្បងឲ្យគេដឹងថា យើងមានទំនាក់ទំនងជាមួយព្រះអង្គ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចនិយាយអំពីព្រះអង្គ ដោយមិនមានការយល់ដឹងឲ្យបានស៊ីជម្រៅថា ព្រះអង្គជានរណា។ ជាញឹកញាប់ ភស្តុតាងដែលបញ្ជាក់ថា យើងមានទំនាក់ទំនងជាមួយព្រះអង្គច្រើនតែឃើញមាននៅក្នុងការអធិស្ឋានផ្ទាល់ខ្លួនមិនមែននៅក្នុងពាក្យសម្ដីដែលយើងនិយាយទៅកាន់អ្នកដទៃ គឺមិនមែននៅក្នុងពាក្យអ្វីដែលយើងនិយាយអំពីព្រះអង្គ តែនៅក្នុងពាក្យអ្វីដែលយើងនិយាយទៅកាន់ព្រះអង្គ។ ជាការពិតណាស់ គឺដូចដែលលោក រ៉ូបឺត មួរេយ អ៊ែមជែអិន បានសង្កេតឃើញថា «មនុស្សបង្ហាញចរិតលក្ខណៈពិតរបស់ខ្លួន នៅពេលដែលពួកគេលុតជង្គង់ចុះអធិស្ឋាននៅចំពោះព្រះ»។
ដូចនេះ ការអធិស្ឋានរបស់យើង ច្រើនតែឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដែលគ្មានការរីកចម្រើន និងខ្វះភាពស្និទ្ធស្នាល ជាសញ្ញាបង្ហាញថា យើងមិនមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយព្រះអង្គនោះទេ។ ប៉ុន្តែ បើសិនជាយើងមានបញ្ហានេះមែន នោះយើងអាចដឹងច្បាស់ថា អ្នកដទៃក៏មានបញ្ហាដូចនេះដែរ។ ពួកសាវ័ករបស់ព្រះយេស៊ូវក៏ចង់មានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផងដែរ ប៉ុន្តែពួកគេត្រូវការព្រះអង្គបង្រៀនពួកគេ (លូកា ១១:១)។ ព្រះយេស៊ូវក៏បានបង្រៀនពួកគេអំពី «ការអធិស្ឋាននៃព្រះអម្ចាស់» ហើយក៏បានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីការទទូចសុំរបស់មិត្តសម្លាញ់។
ក្នុងរឿងនេះ មានបុរសពីរនាក់ជាមិត្តសម្លាញ់នឹងគ្នា។ បុរសទីមួយចង់ទទួលភ្ញៀវដែលមកពីឆ្ងាយ ក៏បានទៅផ្ទះមិត្តសម្លាញ់ខ្លួន ដើម្បីខ្ចីនំប៉័ងខ្លះ។ គាត់អាចធ្វើឲ្យអ្នកផ្ទះរបស់មិត្តសម្លាញ់គាត់ភ្ញាក់ពីដំណេក ដោយសារការទទូចសុំរបស់គាត់ ទាំងយប់អាធ្រាត្រ តែគាត់ហ៊ានប្រថុយ។ ដោយសារការទទូចសុំដោយចិត្តក្លាហាន បុរសទីពីរក៏បានក្រោកពីដំណេក ដើម្បីយកនំប៉័ងឲ្យគាត់។
រឿងប្រៀបប្រដូចដែលព្រះយេស៊ូវបានមានបន្ទូលនេះ បានបង្រៀនយើងថា៖ បើសិនជាមិត្តភាពដ៏ស្មោះត្រង់របស់មនុស្សបាននាំមកនូវការឆ្លើយតបដោយសប្បុរសដូចនេះហើយ នោះយើងអាចមានការធានាថា ព្រះទ្រង់ក៏នឹងមិនបដិសេធន៍ការទូលសូម ដើម្បីបំពេញតម្រូវការរបស់យើងនោះឡើយ។ ការទទូចសុំរបស់បុរសនោះមានភាពក្លាហាន ប៉ុន្តែមិត្តសម្លាញ់គាត់បានស្តាប់គាត់ ហើយក៏បានឆ្លើយតបដោយសារគាត់ទទូចឥតឈប់។
ដូចនេះ យើងអាចមានទំនុកចិត្តជាងនេះទៀតថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌បានត្រៀមជាស្រេចដើម្បីឆ្លើយតប ពេលណាយើងចូលទៅជិតព្រះអង្គដោយចិត្តស្មោះត្រង់ និងបន្ទាបខ្លួន។
ការធានានៅចំពោះព្រះ មិនមែនដើម្បីឲ្យយើងបានចិត្តនោះទេ។ ផ្ទុយទៅវិញ យើងអាចមានទំនុកចិត្តនៅចំពោះបល្ល័ង្កទ្រង់ ដោយសារមិត្តភាពដែលព្រះអង្គបានបង្កើតជាមួយយើងតាមរយៈព្រះយេស៊ូវ។ ដោយសារព្រះអង្គ យើងអាចនិយាយទៅកាន់ព្រះអាទិកររបស់យើង ដោយភាពស្និទ្ធស្នាល ជាមិត្តសម្លាញ់។ ការនេះបានលើកទឹកចិត្តយើងណាស់! ព្រះអង្គមិនដែលប្រកាន់ថា យើងទូលសូមព្រះអង្គនៅពេលពាក់កណ្ដាលអាធ្រាត្រ ហើយក៏គ្មានពេលដែលព្រះអង្គមានអារម្មណ៍មិនល្អ ដោយសារយើងចូលទៅជិតព្រះអង្គនោះឡើយ។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវគោះទ្វារព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ អេភេសូរ ១:១៥-២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៤៥-៤៦ និងម៉ាកុស ១១:២០-៣៣