នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះយេស៊ូវ​ជា​ហេតុផល​ដែល​យើង​រួបរួម (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ព្រះយេស៊ូវ​ជា​ហេតុផល​ដែល​យើង​រួបរួម (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយMike Wittmer

February 9, 2025

អេភេសូរ ២:១១-១៨

កាល​ទ្រង់​បាន​យាង​មក នោះ​ទ្រង់​បាន​ផ្សាយ​ដំណឹង​ល្អ គឺជា​សេចក្តី​មេ​ត្រី​ដល់​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ និង​ដល់​ពួក​អ្នក​ដែល​នៅ​ជិត​ផង​។ អេភេសូរ ២:‌១៧

មាន​ពេល​មួយ យ៉ូអាន(Joan) មាន​ការ​បាក់​ទឹក​ចិត្ត នៅពេល​ដែល​គាត់​បាន​ឃើញ​រូបថត ដែល​ស៊ូសិន(Susan) បាន​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​។ ក្នុង​រូបថត​នោះ គាត់​ឃើញ​មិត្ត​ភក្តិ​របស់​គាត់១០នាក់​នៅ​ព្រះវិហារ កំពុង​ជួប​ជុំ​គ្នា ដោយ​ទឹក​មុខ​ញឹម នៅ​តុ​អាហារ ក្នុង​ភោជនីយដ្ឋាន​មួយ​។ នេះ​ជា​លើកទី២ហើយ ក្នុង​ខែ​នេះ ដែល​ពួកគេ​មាន​ការ​ជួបជុំ​គ្នា​ដ៏​សប្បាយ​រីករាយ ដោយ​គ្មាន​វត្ត​មាន​របស់​គាត់​ចូល​រួម​។ យ៉ូអាន​ក៏បាន​ស្រក់​ទឹក​ភ្នែក​។ គាត់​មិន​តែងតែ​ចុះ​សម្រុង​នឹង​អ្នក​ដទៃ ប៉ុន្តែ គាត់​នៅតែ​មាន​អារម្មណ៍​ថា​ គេ​មិន​រាប់រក​គាត់​។ នេះ​ជា​រឿង​ចម្លែក ដែល​គាត់​ទៅ​ចូល​រួម​ក្នុង​ព្រះវិហារ ជាមួយ​មនុស្ស​ដែល​មិន​រាប់រក​គាត់!

ការ​មិន​ចុះ​សម្រុង​គ្នា មិនមែន​ជា​រឿង​ចម្លែក នៅ​សតវត្សរ៍ទី១ទេ​។ ប៉ុន្តែ ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​ការ​រួបរួម ហើយ​បាន​យាង​មក ដើម្បី​បង្រួប​បង្រួម​យើង​។ ចាប់​តាំង​ពីដើម​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​ពួក​ជំនុំ មនុស្ស​ដែល​មិន​ចុះ​សម្រុង​គ្នា ត្រូវតែ​ស្វែងរក​ចំណុច​រួម​នៅ​ក្នុង​ព្រះអង្គ​។ ពួក​សាសន៍​យូដា​បាន​មើលងាយ​សាសន៍​ដទៃ ដោយសារ​ពួកគេ​មិន​បាន​កាន់​តាម​ក្រឹត្យ​វិន័យ ហើយ​ពួក​សាសន៍​ដទៃ​ក៏​មិន​ចូល​ចិត្ត​សាសន៍​យូដា ដោយសារ​ពួកគេ​គិតថា ខ្លួន​ល្អ​ជាង​សាសន៍​ដទៃ​។ បន្ទាប់មក ព្រះយេស៊ូវ​ក៏បាន “ធ្វើ​ទាំង២រួម​គ្នាតែ១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ ព្រម​ទាំង​បំបាត់​សេចក្តី​សំអប់​គ្នា ដោយនូវ​រូប​សាច់​ទ្រង់ គឺ​បំបាត់​ក្រឹត្យ​វិន័យ​ដែល​មាន​បញ្ញត្ត និង​សេចក្តី​ហាម​ប្រាម​ទាំង​ប៉ុន្មាន​ចេញ”(អេភេសូរ ២:១៤-១៥)។ ការ​កាន់​តាម​ក្រឹត្យ​វិន័យ​សញ្ញា​ចាស់ មិន​នាំ​ឲ្យ​បាន​សង្គ្រោះ​រួច​ពី​បាប​ទេ​។ ការ​គោរព​ប្រតិបត្តិ​តាម​ព្រះយេស៊ូវ​ទើប​សំខាន់​។ តើ​ពួក​សាសន៍​យូដា និង​សាសន៍​ដទៃ​អាច​រួបរួម​គ្នា ក្នុង​ព្រះ​អង្គ​ដែរ​ឬ​ទេ?

បញ្ហា​នេះ​គឺ​អាស្រ័យ​ទៅលើ​ការ​ឆ្លើយតប​របស់​ពួកគេ​។ ព្រះយេស៊ូវ “បាន​ផ្សាយ​ដំណឹង​ល្អ គឺជា​សេចក្តី​មេ​ត្រី​ដល់​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ និង​ដល់​ពួក​អ្នក​ដែល​នៅ​ជិត​ផង”(ខ.‌១៧)។ ដំណឹង​ល្អ​ដែល​ព្រះអង្គ​បាន​ផ្សាយ​មាន​ខ្លឹមសារ​ដូច​គ្នា សម្រាប់​​សាសន៍​យូដា និង​សាសន៍​ដទៃ​។ ហេតុ​នេះ​ហើយ សាសន៍​យូដា​ដែល​អួត​ពី​ភាព​សុចរិត​របស់​ខ្លួន ចាំបាច់​ត្រូវ​ទទួល​ស្គាល់​ថា ពួកគេ​មិន​ល្អ​ជាង​សាសន៍​ដទៃ​ទេ ហើយ​ទន្ទឹម​នឹង​នោះ សាសន៍​ដទៃ​ដែលគេ​មិន​រាប់រក ចាំ​បាច់​ត្រូវ​ជឿ​ថា ពួកគេ​មិន​អាក្រក់​ជាង​សាសន៍​យូដា​ទេ​។ សាសន៍​ទាំង​ពីរ​ចាំ​បាច់​ត្រូវ​ឈប់​ប្រៀបធៀប​គ្នា ហើយ​ងាក​មក​ផ្ដោត​ទៅលើ​ព្រះគ្រីស្ទ​វិញ ដែល​កំពុង “យក​ទាំង២មក បង្កើត​ជា​មនុស្ស​ថ្មីតែ១ក្នុង​ព្រះអង្គ​ទ្រង់ ដោយ​តាំង​ជា​ស្ពានមេត្រី​ឲ្យ”(ខ.១៥)។

តើ​អ្នក​មាន​អារម្មណ៍​ថា គេ​មិន​រាប់​រក​ឬ? រឿង​នេះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​។ វា​មិនមែន​ជា​ទង្វើ​ត្រឹម​ត្រូវ​ទេ​។ ប៉ុន្តែ អ្នក​អាច​ធ្វើ​ជា​អ្នក​បង្រួប​បង្រួម ខណៈ​ពេល​ដែល​អ្នករក​ឃើញ​ការ​កម្សាន្ត​ចិត្ត និង​ការ​ធានា​ក្នុង​ព្រះយេស៊ូវ​។ ព្រះអង្គ​នៅតែ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​រួបរួម​គ្នា​។ —Mike Wittmer

តើ​អ្នក​មាន​អារម្មណ៍​ថា គេ​មិន​រាប់រក​នៅ​ពេលណា? តើ​អ្នក​អាច​ធ្វើ​ជា​អ្នក​ផ្សះផ្សា ដោយ​របៀបណា?

ឱ​ព្រះវរបិតា ពេលណា​គេ​មិន​រាប់​រក​ទូល​បង្គំ ទូល​បង្គំ​នឹង​ស្វែងរក​ការ​កម្សាន្ត​ចិត្ត និង​ការ​ធានា​នៅ​ក្នុង​ព្រះរាជបុត្រា​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ៦-៧ និង ម៉ាថាយ ២៥:១-៣០

ល្ងាច

Devotional illustration

អធិស្ឋាន​ទូល​សូម​ដោយ​ទំនុក​ចិត្ត(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 9, 2025

«ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នកណា​ដែល​គោះ​ដែរ...បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា​ដែល​គង់​ស្ថាន​សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​អស់​អ្នក​ដែល​សូម​ជា​ជាង​អម្បាល​ម៉ាន​ទៅ​ទៀត» (លូកា ១១:១០, ១៣)។

នៅ​ពេល​ដែល​ក្មេង​ជំទង់​ម្នាក់​ទទួល​បាន​ប័ណ្ណ​បើកបរ នាង​ទៅ​សុំ​សោ​ឡាន​ពី​ឪពុក​ម្តាយ​របស់​នាង នោះ​នាង​មិន​ចេះ​តែ​សុំៗ​ឲ្យ​តែ​រួចពី​មាត់​នោះ​ទេ។ ផ្ទុយ​ទៅវិញ នាង​មាន​ការ​តាំង​ចិត្ត​មុន​ពេល​នាង​សួរ​ពួក​គេ​ថា «ឲ្យ​កូន​សុំ​សោ​ឡាន​បាន​ទេ? កូន​ចង់​​បើក​ឡាន»។

ស្រដៀង​គ្នា​នេះ​ដែរ ពាក្យ​កិរិយា​ស័ព្ទ​ដែល​ព្រះ​យេស៊ូវ​បាន​ប្រើ ដើម្បី​បង្រៀន​សាវ័ក​ព្រះ​អង្គ​អំពី​របៀប​ទូល​សូម​ដល់​ព្រះ​មាន​ដូច​ជា សូម​ស្វែង​រក និង​គោះ គឺ​បាន​បង្ហាញ​ភាព​បន្ទាន់ ភាព​ជាប់​លាប់ និង​ភាព​ច្បាស់​លាស់។ គឺ​ហាក់​ដូច​ជា​ព្រះ​អង្គ​មាន​បន្ទូល​ថា ខ្ញុំ​ចង់​ឲ្យ​អ្នក​អធិស្ឋាន ដោយ​ការ​តាំង​ចិត្ត ដែល​មាន​ការ​បន្ទាប​ខ្លួន និង​ការ​ទទូច​សុំ​ឥត​ឈប់។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្វែង​រក​ហើយ​ស្វែង​រក​ទៀត។ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​គោះ​ទ្វារ ដោយ​ភាព​ស្មោះ​ត្រង់ និង​ការ​បន្ទាន់។

ព្រះ​អង្គ​កំពុង​អញ្ជើញ​អ្នក និង​ខ្ញុំ​ឲ្យ​ចូល​មក​នៅ​ចំពោះ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ហើយ​ទូល​សូម​ព្រះ​អង្គ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​អ្វី​ដែល​យើង​ទូល​សូម។ ពេល​ណា​យើង​ទូល​ថ្វាយ​សេចក្តី​សំណូម​នៅ​ចំពោះ​ព្រះ​អម្ចាស់ សេចក្តី​សំណូម​នោះ​ត្រូវ​មាន​ការ «ដឹក​នាំ​ពី​ព្រះ​វិញ្ញាណ​សម​ស្រប​តាម​ព្រះ​បន្ទូល​ព្រះ»1 (លោក ចន ខិលវិន)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះ​គម្ពីរ​បាន​បង្រៀន​ថា យើង​អាច​ទូល​សូម​អ្វីៗ​ដែល​ល្អ និង​ត្រឹម​ត្រូវ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ​ដែល​មាន​ដូច​ជា ការ​ទូល​សូម​ជំនួយ​មក​ពី​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​អាច​ថ្វាយ​រូប​កាយ​យើង​ទុក​ជា​ដង្វាយ​រស់​ចម្រើន​ឡើង ក្នុង​ការ​ធ្វើ​បន្ទាល់​នៃ​ដំណឹង​ល្អ ឬ​កាន់​តែ​មាន​ចិត្ត​ចង់​ថ្វាយ​បង្គំ​ព្រះ​អង្គ។ ប៉ុន្តែ យើង​មិន​ត្រូវ​គិត​ថា យើង​អាច​ប្រើ​ព្រះ​អង្គ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ទាម​ទារ​ព្រះ​អង្គ​ឲ្យ​ប្រទាន​អ្វី​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​កាន់​តែ​ងាយ​ស្រួល ឬ​កាន់​តែ​មាន​ទ្រព្យ​ស្តុកស្តម្ភ​នោះ​ទេ។ អាច​មាន​ពេល​ដែល «អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្តី​សំណូម​នោះ​បែប​អាក្រក់ សម្រាប់​នឹង​ចាយ​បំពេញ​សេចក្តី​សម្រើប​របស់​អ្នក​រាល់​គ្នា​វិញ» (យ៉ាកុប ៤:៣)។ ដូច​នេះ យើង​ត្រូវ​តែ​ទូល​សូម​ដោយ​ចិត្ត​ក្លាហាន ប៉ុន្តែ​ត្រូវ​ទូល​សូម​ដោយ​ការ​បន្ទាប​ខ្លួន។ យើង​ត្រូវ​ទូល​សូម​ឲ្យ​ព្រះ​អង្គ​ធ្វើ​ការ​ដ៏​ធំ​ប្រសើរ ហើយ​បន្ទាប់​មក យើង​ត្រូវ​ទទួល​យក​ការ​ឆ្លើយ​តប​របស់​ព្រះ​អង្គ។ មាន​ហេតុផល​ល្អៗ​ជា​ច្រើន ដែល​ព្រះ​អង្គ​មិន​ចេះ​តែ​ប្រទាន​អ្វី​ដែល​យើង​ទូល​សូម សូម្បី​តែ​នៅ​ពេល​ដែល​យើង​ទូល​សូម​អ្វី​ដែល​ល្អ ហើយ​មាន​ការ​កោត​ខ្លាច​ព្រះ​ក៏​ដោយ។ ការ​អធិស្ឋាន​របស់​យើង មិន​តែង​តែ​ស្រប​តាម​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ព្រះ​អង្គ​ឡើយ។ យើង​មិន​តែង​តែ​អាច​ដឹង​ថា អ្វី​ល្អ​អ្វី​អាក្រក់​សម្រាប់​យើង តែ​ព្រះ​អង្គ​តែង​តែ​ជ្រាប​ថា មាន​អ្វី​ខ្លះ​ល្អ​បំផុត​សម្រាប់​កូន​ព្រះ​អង្គ។ ដូច​នេះ ពេល​ណា​យើង​ទូល​សូម​នៅ​ចំពោះ​ព្រះ​អង្គ យើង​ត្រូវ​តែ​ប្រើ​ឲ្យ​ព្រះ​បន្ទូល​ដឹក​នាំ​យើង ហើយ​ចាំ​ថា ព្រះ​អង្គ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​យើង ដើម្បី​សម្រេច​បំណង​ព្រះ​ទ័យ​ក្នុង​ជីវិត​យើង និង​កែ​ប្រែ​ជីវិត​យើង​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​រាជបុត្រា​ព្រះ​អង្គ។

ដូច​នេះ ចូរ​ចូល​មក​រក​ព្រះ​អង្គ ហើយ​ទូល​សូម​ព្រះ​អង្គ។ ការ​ទូល​សូម​របស់​អ្នក​ត្រូវ​មាន​ភាព​ជាក់​លាក់ ក្លាហាន និង​ស្រប​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​អ្នក​អាច​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កូឡូស ១:៩-១២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ៤៧-៤៩ និង​ម៉ាកុស ១២:១-២៧

1Commentary on a Harmony of the Evangelists Matthew, Mark, and Luke, trans. William Pringle (Calvin Translation Society, 1846), Vol. 3, p 19.

ប្រភេទ