អធិស្ឋាន​ទូល​សូម​ដោយ​ទំនុក​ចិត្ត(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នកណា​ដែល​គោះ​ដែរ…បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា​ដែល​គង់​ស្ថាន​សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​អស់​អ្នក​ដែល​សូម​ជា​ជាង​អម្បាល​ម៉ាន​ទៅ​ទៀត» (លូកា ១១:១០, ១៣)។

នៅ​ពេល​ដែល​ក្មេង​ជំទង់​ម្នាក់​ទទួល​បាន​ប័ណ្ណ​បើកបរ នាង​ទៅ​សុំ​សោ​ឡាន​ពី​ឪពុក​ម្តាយ​របស់​នាង នោះ​នាង​មិន​ចេះ​តែ​សុំៗ​ឲ្យ​តែ​រួចពី​មាត់​នោះ​ទេ។ ផ្ទុយ​ទៅវិញ នាង​មាន​ការ​តាំង​ចិត្ត​មុន​ពេល​នាង​សួរ​ពួក​គេ​ថា «ឲ្យ​កូន​សុំ​សោ​ឡាន​បាន​ទេ? កូន​ចង់​​បើក​ឡាន»។

ស្រដៀង​គ្នា​នេះ​ដែរ ពាក្យ​កិរិយា​ស័ព្ទ​ដែល​ព្រះ​យេស៊ូវ​បាន​ប្រើ ដើម្បី​បង្រៀន​សាវ័ក​ព្រះ​អង្គ​អំពី​របៀប​ទូល​សូម​ដល់​ព្រះ​មាន​ដូច​ជា សូម​ស្វែង​រក និង​គោះ គឺ​បាន​បង្ហាញ​ភាព​បន្ទាន់ ភាព​ជាប់​លាប់ និង​ភាព​ច្បាស់​លាស់។ គឺ​ហាក់​ដូច​ជា​ព្រះ​អង្គ​មាន​បន្ទូល​ថា ខ្ញុំ​ចង់​ឲ្យ​អ្នក​អធិស្ឋាន ដោយ​ការ​តាំង​ចិត្ត ដែល​មាន​ការ​បន្ទាប​ខ្លួន និង​ការ​ទទូច​សុំ​ឥត​ឈប់។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្វែង​រក​ហើយ​ស្វែង​រក​ទៀត។ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​គោះ​ទ្វារ ដោយ​ភាព​ស្មោះ​ត្រង់ និង​ការ​បន្ទាន់។

ព្រះ​អង្គ​កំពុង​អញ្ជើញ​អ្នក និង​ខ្ញុំ​ឲ្យ​ចូល​មក​នៅ​ចំពោះ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ហើយ​ទូល​សូម​ព្រះ​អង្គ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​អ្វី​ដែល​យើង​ទូល​សូម។ ពេល​ណា​យើង​ទូល​ថ្វាយ​សេចក្តី​សំណូម​នៅ​ចំពោះ​ព្រះ​អម្ចាស់ សេចក្តី​សំណូម​នោះ​ត្រូវ​មាន​ការ «ដឹក​នាំ​ពី​ព្រះ​វិញ្ញាណ​សម​ស្រប​តាម​ព្រះ​បន្ទូល​ព្រះ»1 (លោក ចន ខិលវិន)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះ​គម្ពីរ​បាន​បង្រៀន​ថា យើង​អាច​ទូល​សូម​អ្វីៗ​ដែល​ល្អ និង​ត្រឹម​ត្រូវ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ​ដែល​មាន​ដូច​ជា ការ​ទូល​សូម​ជំនួយ​មក​ពី​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​អាច​ថ្វាយ​រូប​កាយ​យើង​ទុក​ជា​ដង្វាយ​រស់​ចម្រើន​ឡើង ក្នុង​ការ​ធ្វើ​បន្ទាល់​នៃ​ដំណឹង​ល្អ ឬ​កាន់​តែ​មាន​ចិត្ត​ចង់​ថ្វាយ​បង្គំ​ព្រះ​អង្គ។ ប៉ុន្តែ យើង​មិន​ត្រូវ​គិត​ថា យើង​អាច​ប្រើ​ព្រះ​អង្គ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ទាម​ទារ​ព្រះ​អង្គ​ឲ្យ​ប្រទាន​អ្វី​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​កាន់​តែ​ងាយ​ស្រួល ឬ​កាន់​តែ​មាន​ទ្រព្យ​ស្តុកស្តម្ភ​នោះ​ទេ។ អាច​មាន​ពេល​ដែល «អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្តី​សំណូម​នោះ​បែប​អាក្រក់ សម្រាប់​នឹង​ចាយ​បំពេញ​សេចក្តី​សម្រើប​របស់​អ្នក​រាល់​គ្នា​វិញ» (យ៉ាកុប ៤:៣)។ ដូច​នេះ យើង​ត្រូវ​តែ​ទូល​សូម​ដោយ​ចិត្ត​ក្លាហាន ប៉ុន្តែ​ត្រូវ​ទូល​សូម​ដោយ​ការ​បន្ទាប​ខ្លួន។ យើង​ត្រូវ​ទូល​សូម​ឲ្យ​ព្រះ​អង្គ​ធ្វើ​ការ​ដ៏​ធំ​ប្រសើរ ហើយ​បន្ទាប់​មក យើង​ត្រូវ​ទទួល​យក​ការ​ឆ្លើយ​តប​របស់​ព្រះ​អង្គ។ មាន​ហេតុផល​ល្អៗ​ជា​ច្រើន ដែល​ព្រះ​អង្គ​មិន​ចេះ​តែ​ប្រទាន​អ្វី​ដែល​យើង​ទូល​សូម សូម្បី​តែ​នៅ​ពេល​ដែល​យើង​ទូល​សូម​អ្វី​ដែល​ល្អ ហើយ​មាន​ការ​កោត​ខ្លាច​ព្រះ​ក៏​ដោយ។ ការ​អធិស្ឋាន​របស់​យើង មិន​តែង​តែ​ស្រប​តាម​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ព្រះ​អង្គ​ឡើយ។ យើង​មិន​តែង​តែ​អាច​ដឹង​ថា អ្វី​ល្អ​អ្វី​អាក្រក់​សម្រាប់​យើង តែ​ព្រះ​អង្គ​តែង​តែ​ជ្រាប​ថា មាន​អ្វី​ខ្លះ​ល្អ​បំផុត​សម្រាប់​កូន​ព្រះ​អង្គ។ ដូច​នេះ ពេល​ណា​យើង​ទូល​សូម​នៅ​ចំពោះ​ព្រះ​អង្គ យើង​ត្រូវ​តែ​ប្រើ​ឲ្យ​ព្រះ​បន្ទូល​ដឹក​នាំ​យើង ហើយ​ចាំ​ថា ព្រះ​អង្គ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​យើង ដើម្បី​សម្រេច​បំណង​ព្រះ​ទ័យ​ក្នុង​ជីវិត​យើង និង​កែ​ប្រែ​ជីវិត​យើង​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​រាជបុត្រា​ព្រះ​អង្គ។

ដូច​នេះ ចូរ​ចូល​មក​រក​ព្រះ​អង្គ ហើយ​ទូល​សូម​ព្រះ​អង្គ។ ការ​ទូល​សូម​របស់​អ្នក​ត្រូវ​មាន​ភាព​ជាក់​លាក់ ក្លាហាន និង​ស្រប​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​អ្នក​អាច​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កូឡូស ១:៩-១២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ៤៧-៤៩ និង​ម៉ាកុស ១២:១-២៧

1Commentary on a Harmony of the Evangelists Matthew, Mark, and Luke, trans. William Pringle (Calvin Translation Society, 1846), Vol. 3, p 19.

More articles