នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះ​អង្គ​តាម​រក​យើង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ព្រះ​អង្គ​តាម​រក​យើង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយLeslie Koh

February 11, 2025

អេសេគាល ៣៤:១១-១៦

ដ្បិត​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ​ទាំង​ស៊ើប​សួររក​ទាល់តែ​ឃើញ​ផង​។ អេសេគាល ៣៤:១១

អ៊ែវិន(Evan) មាន​បញ្ហា​ញៀន​ថ្នាំ​ប៉ុន្មាន​ឆ្នាំ​ហើយ ដែល​បាន​រា​រាំង​គាត់ មិន​ឲ្យ​ចូល​មក​ជិត​ព្រះ​។ គាត់​ឆ្ងល់​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គាត់​សក្តិ​សមនឹង​ទទួល​សេចក្តី​ស្រឡាញ់​របស់​ព្រះ? ដូច​នេះ ខណៈ​ពេល​ដែល​គាត់​បន្ត​ទៅ​ព្រះវិហារ គាត់​មាន​អារម្មណ៍​ថា មាន​គម្លាត​ធំ​មួយ​មិន​អាច​តភ្ជាប់​បាន ដែល​បាន​ធ្វើ​ឲ្យ​គាត់​ដាច់​ចេញពី​ព្រះ​។

ប៉ុន្តែ ពេល​ណា​អ៊ែវិន​អធិស្ឋាន​អស់ពី​ចិត្ត អំពី​រឿង​អ្វីមួយ ព្រះអម្ចាស់​ហាក់​ដូចជា​បាន​ឆ្លើយតប​ចំពោះ​គាត់​។ ព្រះអង្គ​ក៏បាន​ចាត់​មនុស្ស​ឲ្យ​មក​លើក​ទឹក​ចិត្ត និង​កម្សាន្ត​ចិត្ត​គាត់ ក្នុង​ពេល​ដ៏​ពិបាក​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក អ៊ែវិន​ក៏​បាន​ដឹង​ថា ព្រះអម្ចាស់​បាន​តាម​រក​គាត់​ជានិច្ច ហើយក៏​បាន​បង្ហាញថា ព្រះអង្គ​តែងតែ​ស្រឡាញ់ និង​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​គាត់​។ ហើយ​នៅពេល​នោះ គាត់​ក៏បាន​ចាប់​ផ្តើម​ទុក​ចិត្ត​លើ​ការ​អត់​ទោស​បាប និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។ គាត់​ក៏​បាន​និយាយ​ថា “ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​ខ្ញុំ​ហើយ ហើយ​ខ្ញុំ​អាច​អនុញ្ញាត​ឲ្យ​ព្រះអង្គ​នាំ​ខ្ញុំ ចូល​ទៅ​ជិត​ព្រះអង្គ ទោះ​ខ្ញុំ​កំពុង​តែ​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ​ក៏ដោយ”។

បទ​គម្ពីរ​អេសេគាល ៣៤:១១-១៦ បាន​ពិពណ៌នា​អំពី​ព្រះ​មួយ​អង្គ ដែល​តាម​រក​រាស្រ្ត​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ​ទាំង​ស៊ើប​សួររក​ទាល់តែ​ឃើញ​ផង”(ខ.១១)។ រឿង​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​អ្នក​ដឹកនាំ​របស់​ពួកគេ ដែល​ជា​មនុស្ស​បាន​បោះបង់ចោល​ពួកគេ ហើយ​ពួកគេ​ក៏​បាន​ឈប់​ស្តាប់​បង្គាប់​ព្រះអង្គ ដែល​ជា​អ្នក​គង្វាល​ពិត(ខ.១-៦)។ ទោះ​យើង​ជា​ជន​រង​គ្រោះ​ដែល​កំពុង​អស់​សង្ឃឹម ដោយសារ​កាលៈទេសៈ ឬ​កំពុង​ទទួល​រង​ផល​វិបាក​នៃ​អំពើបាប​របស់​យើង​ក្តី ព្រះអង្គ​នៅតែ​តាម​រក​យើង ដោយ​សេចក្តី​ស្រឡាញ់​។ ព្រះអង្គ​នាំ​យើង​ឲ្យ​វិល​ត្រឡប់​មក​រក​ព្រះអង្គ​វិញ ដោយ​ព្រះគុណ និង​សេចក្តី​មេត្តា​របស់​ព្រះអង្គ​។ បើ​អ្នក​បាន​ភ្លេច​ព្រះអង្គ ចូរ​វិល​ត្រឡប់​មក​រក​ព្រះអង្គ​វិញ ហើយ​បន្ត​ដើរ​ជាមួយ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ខណៈ​ពេល​ដែល​ព្រះអង្គ​នឹង​ដឹកនាំ​អ្នក​។—Leslie Koh

តើ​ព្រះអង្គ​បាន​បង្ហាញ​អ្នក​ដូច​ម្តេច​ខ្លះ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា ព្រះ​អង្គ​យក​ព្រះទ័យ​ទុកដាក់ និង​ស្រឡាញ់​អ្នក?
តើ​អ្នក​អាច​អនុញ្ញាត​ឲ្យ​ព្រះអង្គ​នាំ​អ្នក​ចូល​មក​ជិត​ព្រះអង្គ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​តែងតែ​ស្រឡាញ់​ទូល​បង្គំ ទោះ​ទូល​បង្គំ​មាន​ការ​សង្ស័យ និង​បាន​ព្យាយាម​ដើរ​ចេញពី​ព្រះ​អង្គ​យ៉ាងណា​ក៏ដោយ​។
សូម​ព្រះ​អង្គ​បង្រៀន​ទូល​បង្គំ​ឲ្យ​ទុក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ សារ​ជា​ថ្មី​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ១១-១២ និង ម៉ាថាយ ២៦:១-២៥

ល្ងាច

Devotional illustration

បាន​ទទួល​នគរ​ព្រះ​ជា​មរតក(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 11, 2025

«ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរដក​ឡើយ» (១កូរិនថូស ៦:៩)។

សមាជិក​ភាព​ដែល​យើង​មាន​ក្នុង​នគរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​បញ្ជាក់​អត្ត​សញ្ញាណ​យើង​ថា ជា​អ្នក​ជឿ​ព្រះ​អង្គ គឺ​គ្មាន​អ្វី​បញ្ជាក់​ច្បាស់​ជាង​នេះ​ទេ។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រីស្ទ​បរិស័ទ​មាន​លក្ខណៈ​ពិសេស។ យើង​ជា​សមាជិក​នៃ​នគរ​ថ្មី​ស្រឡាង​មួយ។ ទោះ​យើង​មាន​ពណ៌​សម្បុរ​អ្វី ជា​អ្នក​មាន​ឬ​ក្រ ស្រី​ឬ​ប្រុស​ក៏​ដោយ ក៏​ការ​អ្វី​ដែល​បង្រួប​បង្រួម​យើង គឺ​ការ​ស្មោះ​ស្ម័គ្រ​ដែល​យើង​មាន ចំពោះ​ព្រះ​ជា​ក្សត្រ​តែ​មួយ គឺ​ព្រះ​នាម​ព្រះ​យេស៊ូវ។ យើង​ដើរ​តាម​ក្បួន តាម​បញ្ជា​របស់​ព្រះ​អង្គ ហើយ​អរ​សប្បាយ​ក្នុង​ចំណោម​ទាហាន​ព្រះ​អង្គ ហើយ​យើង​មាន​ចិត្ត​រីករាយ​ដែល​បាន​ធ្វើ​តាម​ព្រះ​ទ័យ​ព្រះ​អង្គ។

នគរ​ព្រះ​ជា​នគរ​សុ​ចរិត។ ចរិត​លក្ខណៈ​របស់​ព្រះ​អង្គ​ល្អ​ឥត​ខ្ចោះ ស្តង់ដារ​របស់​ព្រះ​អង្គ​ក៏​ល្អ​ប្រសើរ ហើយ​ព្រះ​អង្គ​ក៏​មិន​ទ្រាំ​ទ្រ​បាប​របស់​មនុស្ស។ ហេតុ​នេះ​ហើយ​សាវ័ក ប៉ុល បាន​ដាស់​តឿន​ថា អ្នក​ដែល​បដិសេធន៍​ចារិក​លក្ខណៈ​របស់​ព្រះ​អង្គ និង​មិន​ទទួល​ស្តង់ដារ​របស់​ព្រះ​អង្គ នឹង​មិន​បាន​ទទួល​នគរ​ព្រះ​អង្គ​ជា​មរតក​ឡើយ។ ការ​រស់​នៅ​ដែល​មាន​ភាព​ទុច្ចរិត ការ​បះបោរ​ទាស់​នឹង​ព្រះ ហើយ​ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​មិន​បាន​ស្រប​ទៅ​តាម​ការ​គ្រប់​គ្រង​របស់​ព្រះ​គ្រីស្ទ​ឡើយ។ ដូច​នេះ ការ​សម្រេច​ចិត្ត​រស់​នៅ​យ៉ាង​ដូច​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​រស់​នៅ នៅ​ក្រៅ​ព្រំដែន​របស់​នគរ​ព្រះ​អង្គ។

យើង​ត្រូវ​តែ​កត់​ចំណាំ​ថា សាវ័ក ប៉ុល មិន​មែន​កំពុង​និយាយ​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ក្នុង​ករណី​ដាច់​ដោយ​ឡែក​ណា​មួយ​នោះ​ទេ។ ព្រោះ​គ្មាន​សមាជិក​ណា​មួយ​នៃ​នគរ​ព្រះ​គ្រីស្ទ​ដែល​រស់​នៅ​ក្នុង​ជីវិត​ដែល​គ្មាន​បាប ក្នុង​ជីវិត​នៅ​ផែនដី​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សាវ័ក ប៉ុល កំពុង​សំដៅ​ទៅ​លើ​មនុស្ស​ដែល​បន្ត​ដេញ​តាម​បាប ឬ​ទ្រាំ​ទ្រ​បាប។ គឺ​អ្នក​ដែល​គិត​ថា «ខ្ញុំ​មិន​ចង់​ឲ្យ​ព្រះ​ជ្រៀត​ជ្រែក ក្នុង​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ទេ តែ​ខ្ញុំ​ពិត​ជា​ចង់​រស់​នៅ ដោយ​ដឹង​ថា ខ្ញុំ​ជា​សមាជិក​នៃ​នគរ​ព្រះ​អង្គ ហើយ​ខ្ញុំ​ចង់​បាន​ព្រះ​ពរ​គ្រប់​យ៉ាង​ពី​នគរ​ព្រះ​អង្គ»។

ព្រះ​អង្គ​បាន​កំណត់​ព្រំដែន​នៃ​នគរ​ព្រះ​អង្គ។ មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ចូល​នគរ​ព្រះ​អង្គ ទោះ​ពួក​គេ​ជា​នរណា មាន​ជំនឿ​អ្វី ឬ​ចង់​បាន​អ្វី​ក៏​ដោយ។ ព្រះ​បន្ទូល​ព្រះ​អង្គ​មិន​បាន​បង្រៀន​ថា មនុស្ស​ទាំង​អស់​នឹង​ចូល​នគរ​ព្រះ​អង្គ​ឡើយ។ មាន​តែ​ព្រះ​អង្គ​ទេ ដែល​អាច​សម្រេច​ឲ្យ​នរណា​ខ្លះ​ចូល​នគរ​ព្រះ​អង្គ។

ព្រះ​អង្គ​មាន​បន្ទូល​ថា ថ្ងៃ​ជំនុំ​ជម្រះ​នឹង​មក​ដល់។ ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ ក្នុង​សិរី​ល្អ​របស់​ព្រះ​អង្គ ហើយ «គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ រួច​នឹង​ដាក់​ចៀម​នៅ​ខាង​ស្តាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង» (ម៉ាថាយ ២៥:៣២)។ ការ​បង្រៀន​អំពី​នគរ​ព្រះ មិន​មែន​ជា​អ្វី​ព្រះ​យេស៊ូវ​បាន​បន្ថែម ដើម្បី​កែ​សម្រួល​ភាព​ខ្វះ​ចន្លោះ​នៅ​ក្នុង​ប្រព័ន្ធ​នៃ​ជំនឿ​នោះ​ទេ។ តែ​ព្រះ​អង្គ​បាន​រៀប​ផែនការ តាំង​ពី​អស់​កល្ប​ជានិច្ច​រៀង​មក។

ការ​គិត​ដល់​ការ​មក​ដល់​នៃ​ការ​ជំនុំ​ជម្រះ គួរ​តែ​បណ្ដាល​ចិត្ត​យើង​ឲ្យ​ប្រញាប់​ផ្សាយ​ដំណឹង​ល្អ ហើយ​ក៏​គួរ​តែ​បង្កើត​ភាព​ស្មោះ​ត្រង់​នៅ​ក្នុង​ការ​គិត អំពី​គ្រោះ​ថ្នាក់​នៃ​អំពើ​បាប​របស់​យើង។ យើង​ត្រូវ​ប្រកា​ស​ប្រាប់​ដល់​លោកីយ៍ និង​ប្រាប់​ខ្លួន​ឯង​ថា ព្រះ​យេស៊ូវ​ជា​អង្គ​សង្គ្រោះ​ដ៏​មាន​ព្រះ​ជន្ម​រស់ នឹង​ធ្វើ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល។ ទាល់​តែ​យើង​ទទួល​ស្គាល់​បាប​របស់​យើង និង​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះ​អង្គ​សង្គ្រោះ ទើប​យើង​នឹង​បាន​ទទួល​នគរ​ព្រះ​ដ៏​អស់​កល្ប​ជា​មរតក។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១៣:២២-៣០

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ៥៣-៥៥ និង​ម៉ាកុស ១៣:១-២០

ប្រភេទ