បាន​ទទួល​នគរ​ព្រះ​ជា​មរតក(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរដក​ឡើយ» (១កូរិនថូស ៦:៩)។

សមាជិក​ភាព​ដែល​យើង​មាន​ក្នុង​នគរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​បញ្ជាក់​អត្ត​សញ្ញាណ​យើង​ថា ជា​អ្នក​ជឿ​ព្រះ​អង្គ គឺ​គ្មាន​អ្វី​បញ្ជាក់​ច្បាស់​ជាង​នេះ​ទេ។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រីស្ទ​បរិស័ទ​មាន​លក្ខណៈ​ពិសេស។ យើង​ជា​សមាជិក​នៃ​នគរ​ថ្មី​ស្រឡាង​មួយ។ ទោះ​យើង​មាន​ពណ៌​សម្បុរ​អ្វី ជា​អ្នក​មាន​ឬ​ក្រ ស្រី​ឬ​ប្រុស​ក៏​ដោយ ក៏​ការ​អ្វី​ដែល​បង្រួប​បង្រួម​យើង គឺ​ការ​ស្មោះ​ស្ម័គ្រ​ដែល​យើង​មាន ចំពោះ​ព្រះ​ជា​ក្សត្រ​តែ​មួយ គឺ​ព្រះ​នាម​ព្រះ​យេស៊ូវ។ យើង​ដើរ​តាម​ក្បួន តាម​បញ្ជា​របស់​ព្រះ​អង្គ ហើយ​អរ​សប្បាយ​ក្នុង​ចំណោម​ទាហាន​ព្រះ​អង្គ ហើយ​យើង​មាន​ចិត្ត​រីករាយ​ដែល​បាន​ធ្វើ​តាម​ព្រះ​ទ័យ​ព្រះ​អង្គ។

នគរ​ព្រះ​ជា​នគរ​សុ​ចរិត។ ចរិត​លក្ខណៈ​របស់​ព្រះ​អង្គ​ល្អ​ឥត​ខ្ចោះ ស្តង់ដារ​របស់​ព្រះ​អង្គ​ក៏​ល្អ​ប្រសើរ ហើយ​ព្រះ​អង្គ​ក៏​មិន​ទ្រាំ​ទ្រ​បាប​របស់​មនុស្ស។ ហេតុ​នេះ​ហើយ​សាវ័ក ប៉ុល បាន​ដាស់​តឿន​ថា អ្នក​ដែល​បដិសេធន៍​ចារិក​លក្ខណៈ​របស់​ព្រះ​អង្គ និង​មិន​ទទួល​ស្តង់ដារ​របស់​ព្រះ​អង្គ នឹង​មិន​បាន​ទទួល​នគរ​ព្រះ​អង្គ​ជា​មរតក​ឡើយ។ ការ​រស់​នៅ​ដែល​មាន​ភាព​ទុច្ចរិត ការ​បះបោរ​ទាស់​នឹង​ព្រះ ហើយ​ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​មិន​បាន​ស្រប​ទៅ​តាម​ការ​គ្រប់​គ្រង​របស់​ព្រះ​គ្រីស្ទ​ឡើយ។ ដូច​នេះ ការ​សម្រេច​ចិត្ត​រស់​នៅ​យ៉ាង​ដូច​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​រស់​នៅ នៅ​ក្រៅ​ព្រំដែន​របស់​នគរ​ព្រះ​អង្គ។

យើង​ត្រូវ​តែ​កត់​ចំណាំ​ថា សាវ័ក ប៉ុល មិន​មែន​កំពុង​និយាយ​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ក្នុង​ករណី​ដាច់​ដោយ​ឡែក​ណា​មួយ​នោះ​ទេ។ ព្រោះ​គ្មាន​សមាជិក​ណា​មួយ​នៃ​នគរ​ព្រះ​គ្រីស្ទ​ដែល​រស់​នៅ​ក្នុង​ជីវិត​ដែល​គ្មាន​បាប ក្នុង​ជីវិត​នៅ​ផែនដី​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សាវ័ក ប៉ុល កំពុង​សំដៅ​ទៅ​លើ​មនុស្ស​ដែល​បន្ត​ដេញ​តាម​បាប ឬ​ទ្រាំ​ទ្រ​បាប។ គឺ​អ្នក​ដែល​គិត​ថា «ខ្ញុំ​មិន​ចង់​ឲ្យ​ព្រះ​ជ្រៀត​ជ្រែក ក្នុង​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ទេ តែ​ខ្ញុំ​ពិត​ជា​ចង់​រស់​នៅ ដោយ​ដឹង​ថា ខ្ញុំ​ជា​សមាជិក​នៃ​នគរ​ព្រះ​អង្គ ហើយ​ខ្ញុំ​ចង់​បាន​ព្រះ​ពរ​គ្រប់​យ៉ាង​ពី​នគរ​ព្រះ​អង្គ»។

ព្រះ​អង្គ​បាន​កំណត់​ព្រំដែន​នៃ​នគរ​ព្រះ​អង្គ។ មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ចូល​នគរ​ព្រះ​អង្គ ទោះ​ពួក​គេ​ជា​នរណា មាន​ជំនឿ​អ្វី ឬ​ចង់​បាន​អ្វី​ក៏​ដោយ។ ព្រះ​បន្ទូល​ព្រះ​អង្គ​មិន​បាន​បង្រៀន​ថា មនុស្ស​ទាំង​អស់​នឹង​ចូល​នគរ​ព្រះ​អង្គ​ឡើយ។ មាន​តែ​ព្រះ​អង្គ​ទេ ដែល​អាច​សម្រេច​ឲ្យ​នរណា​ខ្លះ​ចូល​នគរ​ព្រះ​អង្គ។

ព្រះ​អង្គ​មាន​បន្ទូល​ថា ថ្ងៃ​ជំនុំ​ជម្រះ​នឹង​មក​ដល់។ ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ ក្នុង​សិរី​ល្អ​របស់​ព្រះ​អង្គ ហើយ «គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ រួច​នឹង​ដាក់​ចៀម​នៅ​ខាង​ស្តាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង» (ម៉ាថាយ ២៥:៣២)។ ការ​បង្រៀន​អំពី​នគរ​ព្រះ មិន​មែន​ជា​អ្វី​ព្រះ​យេស៊ូវ​បាន​បន្ថែម ដើម្បី​កែ​សម្រួល​ភាព​ខ្វះ​ចន្លោះ​នៅ​ក្នុង​ប្រព័ន្ធ​នៃ​ជំនឿ​នោះ​ទេ។ តែ​ព្រះ​អង្គ​បាន​រៀប​ផែនការ តាំង​ពី​អស់​កល្ប​ជានិច្ច​រៀង​មក។

ការ​គិត​ដល់​ការ​មក​ដល់​នៃ​ការ​ជំនុំ​ជម្រះ គួរ​តែ​បណ្ដាល​ចិត្ត​យើង​ឲ្យ​ប្រញាប់​ផ្សាយ​ដំណឹង​ល្អ ហើយ​ក៏​គួរ​តែ​បង្កើត​ភាព​ស្មោះ​ត្រង់​នៅ​ក្នុង​ការ​គិត អំពី​គ្រោះ​ថ្នាក់​នៃ​អំពើ​បាប​របស់​យើង។ យើង​ត្រូវ​ប្រកា​ស​ប្រាប់​ដល់​លោកីយ៍ និង​ប្រាប់​ខ្លួន​ឯង​ថា ព្រះ​យេស៊ូវ​ជា​អង្គ​សង្គ្រោះ​ដ៏​មាន​ព្រះ​ជន្ម​រស់ នឹង​ធ្វើ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល។ ទាល់​តែ​យើង​ទទួល​ស្គាល់​បាប​របស់​យើង និង​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះ​អង្គ​សង្គ្រោះ ទើប​យើង​នឹង​បាន​ទទួល​នគរ​ព្រះ​ដ៏​អស់​កល្ប​ជា​មរតក។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១៣:២២-៣០

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ៥៣-៥៥ និង​ម៉ាកុស ១៣:១-២០

More articles