នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះអង្គ​មិន​ដែល​មើល​រំលង​យើង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ព្រះអង្គ​មិន​ដែល​មើល​រំលង​យើង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយJames Banks

February 13, 2025

ជន​គណនា ៦:២២-២៧

ព្រះយេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ​ភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះ​គុណ​ដល់​ឯង​ផង​។ ជន​គណនា ៦:២៥

មាន​ពេល​មួយ អ្នក​ស្រី​យ៉ូអានី(Joanie) បាន​រៀបរាប់​អំពី​ទុក្ខ​លំបាក​របស់​គាត់ ទៅ​កាន់​មិត្ត​ភក្តិ​ថា ជួនកាល គាត់​មាន​អារម្មណ៍​ថា គេ​មើល​រំលង និង​មិន​ឲ្យ​តម្លៃ​គាត់​សោះ​។ ពាក្យ​សម្តី​នេះ​បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​ដ៏​ក្រោម​ក្រំ​។ ស្វាមី​របស់​គាត់​បាន​ចាកចោល​គាត់ និង​កូន​តូចៗ ដើម្បី​ទៅ​រស់នៅ​ជាមួយ​ស្រី​ផ្សេង​។ គាត់​ក៏​បាន​រៀបរាប់​ថា “ខ្ញុំ​បាន​ធ្វើ​ល្អ​ចំពោះ​គាត់​អស់ពី​ចិត្ត ជា​ច្រើន​ឆ្នាំ​ហើយ​។ ឥឡូវ​នេះ ខ្ញុំ​មិន​ដឹង​ថា មាន​នរណា​មើល​ឃើញ​ខ្ញុំ ឬ​ចំណាយ​ពេល ដើម្បី​ស្គាល់​ខ្ញុំ​ច្បាស់​ទេ”។

មិត្ត​ភក្តិ​របស់​គាត់​ក៏​បាន​តប​ថា “ខ្ញុំ​មាន​ការ​សោក​ស្តាយ ដែល​បានឮ​ដូច​នេះ​។ ប៉ា​របស់​ខ្ញុំ​បាន​ចាកចោល​ខ្ញុំ ពេល​ខ្ញុំ​មាន​អាយុ៦ឆ្នាំ ហើយ​គ្រួសារ​ខ្ញុំ ជា​ពិសេស​ម្តាយ​របស់​ខ្ញុំ មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​។ ប៉ុន្តែ នៅ​ពេល​គាត់​ដណ្តប់​ភួយ​ឲ្យ​ខ្ញុំ​គេង នៅ​ពេលយប់ គាត់​តែងតែ​និយាយ​ប្រាប់​ខ្ញុំ​ថា “ព្រះអង្គ​មិន​ដែល​បិទ​ព្រះ​នេត្រ​របស់​ព្រះអង្គ​ឡើយ”។ នៅពេល​ដែល​ខ្ញុំ​ធំឡើង គាត់​ក៏បាន​ពន្យល់​ប្រាប់​ខ្ញុំ​ថា កាល​នោះ គាត់​កំពុង​បង្រៀន​ឲ្យ​ខ្ញុំ​ដឹង​ថា​ ព្រះ​អង្គ​ស្រឡាញ់​ខ្ញុំ ហើយ​តែងតែ​មើលថែ​ខ្ញុំ​ជានិច្ច សូម្បី​នៅពេល​ដែល​ខ្ញុំ​កំពុង​គេង​លក់​ក៏ដោយ”។

ព្រះ​គម្ពីរប៊ីប​បាន​កត់ទុក​នូវ​ព្រះបន្ទូល ដែល​ព្រះ​បាន​ប្រទាន​មក​លោក​ម៉ូសេ ដើម្បី​ចែកចាយ​ដល់​រាស្រ្ត​ព្រះអង្គ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក នៅពេល​ដែល​ពួក​គេ​រស់នៅ​វិលវល់​ក្នុង​វាល​រហោស្ថាន​ស៊ីណាយ​។ គឺ​ដូច​ដែល​គាត់​ប្រកាស​ទៅ​កាន់​ពួក​គេ​ថា “សូម​ឲ្យ​ព្រះយេហូវ៉ា​ប្រទាន​ពរ ហើយ​រក្សា​ឯង សូម​ឲ្យ​ព្រះយេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ​ភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះ​គុណ​ដល់​ឯង​ផង សូម​ឲ្យ​ព្រះយេហូវ៉ា​ងើប​ព្រះ​នេត្រ​ទ្រង់​មក​ចំពោះ​ឯង ហើយ​ប្រទាន​ឲ្យ​ឯង​បាន​សេចក្តី​សុខ”(ជន​គណនា ៦:២៤-២៦)។ ការ​ឲ្យពរ​នេះ គឺ​សម្រាប់​ឲ្យ​ពួក​សង្ឃ​ប្រកាស​ទៅ​កាន់​ពួក​បណ្តាជន​។

ព្រះអម្ចាស់​នៅតែ​ស្មោះ​ត្រង់ សូម្បីតែ​នៅពេល​ជីវិត​យើង​មាន​ការ​ពិបាក ប្រៀប​ដូចជា​ស្ថិត​ក្នុង​វាល​រហោស្ថាន ជា​ពេល​ដែល​យើង​ឆ្ងល់​ថា មាន​គេ​មើល​ឃើញ​តម្លៃ​របស់​យើង ឬ​យល់​ចិត្ត​យើង​ទេ​។ សេចក្តី​ស្រឡាញ់ និង​ព្រះភ័ក្ត្រ​ដ៏​ចែង​ចាំ​របស់​ព្រះអង្គ តែងតែ​បែរ​ទៅ​រក​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ សូម្បី​នៅពេល​ដែល​ការ​ឈឺ​ចាប់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ព្រះអង្គ​បាន​ភ្លេច​យើង​ក៏ដោយ​។ គ្មាន​នរណា​ម្នាក់​ដែល​ព្រះអង្គ​មិន​បាន​ទត​ឃើញ​នោះ​ទេ​។—James Banks

តើ​អ្នក​មាន​ការ​កម្សាន្ត​ចិត្ត​យ៉ាងណា ពេល​ដែល​បាន​ដឹង​ថា ព្រះ​ទ្រង់​ពិត​ជា​ទត​ឃើញ​អ្នក? តើ​អ្នក​អាច​ចែកចាយ​ការ​កម្សាន្ត​ចិត្ត​នេះ ដល់​នរណា​ខ្លះ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ទត​ឃើញ ស្គាល់ និង​ស្រឡាញ់​ទូល​បង្គំ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ងាក​បែរ​ទៅ​រក​ព្រះអង្គ​ជានិច្ច!

Visit ODBU.org/SF120 to learn more from James Banks on how God sees our needs and hears our prayers.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ១៤ និង ម៉ាថាយ ២៦:៥១-៧៥

ល្ងាច

Devotional illustration

ធាតុ​ពិត​សំខាន់​បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 13, 2025

«ឯ​ព្រះ​ដ៏​ជា​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ ហើយ​បាន​លាត​ផង គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ​អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដែល​ដើរ​ក្នុង​លោក​មាន​វិញ្ញាណ​ផង ទ្រង់​មាន​ព្រះ​បន្ទូល​ថា អញ​នេះ​គឺ​ជា​យេហូវ៉ា អញ​បាន​ហៅ​ឯង​មក​ដោយ​សេចក្តី​សុចរិត អញ​នឹង​កាន់​ដៃ​ឯង ហើយ​ថែរក្សា​ឯង» (អេសាយ ៤២:៥-៦)។

កាល​ពី​ឆ្នាំ១៩៣២ លោក អាលបឺត អាញស្តាញ (Albert Einstein) បាន​សង្កេត​ឃើញ​ថា «ស្ថានភាព​របស់​យើង នៅ​លើ​ផែនដី​នេះ ហាក់​ដូច​ជា​ចម្លែក។ យើង​ម្នាក់ៗ​បាន​លេច​ចេញ​នូវ​វត្ត​មាន​នៅ​លើ​ផែនដី​នេះ​ដោយ​មិន​បាន​ស្ម័គ្រ​ចិត្ត ហើយ​ក៏​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ស្នាក់​នៅ​មួយ​រយៈ​ពេល​ខ្លី ដោយ​មិន​ដឹង​ថា ហេតុ​អ្វី​យើង​មាន​ជីវិត​នៅ​លើ​ផែនដី»។ ជា​ការ​ពិត​ណាស់ អ្នក​ងាយ​នឹង​ឮ​គេ​និយាយ​ថា យើង​កំពុង​រស់​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ពេញ​ទៅ​ដោយ​ភាព​ចៃដន្យ ដែល​ក្នុង​នោះ​ប្រវត្តិ​សាស្ត្រ​គ្រាន់​តែ​បាន​កើត​ឡើង​ច្រំ​ដែលៗ ហើយ​យើង​ក៏​គ្មាន​គោល​បំណង សម្រាប់​រស់​នៅ​ក្នុង​ចក្រវាល​នេះ​ដែរ។ បើ​នេះ​ជា​ការ​ពិត​មែន នោះ​យើង​ពិបាក​រក​ឃើញ​សារៈ​សំខាន់​ក្នុង​ការ​រស់​នៅ។ និយាយ​ឲ្យ​ខ្លី យើង​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ក្រៅ​ពី​រស់​នៅ ហើយ​ស្លាប់​នោះ​ទេ។

ព្រះ​អម្ចាស់​ក៏​បាន​មាន​បន្ទូល​អំពី​អវត្តមាន​នៃ​គោល​បំណង​នេះ ដែល​បណ្ដាល​មក​ពី​ការ​យល់​ឃើញ​ដូច​នេះ អំពី​ការ​ពិត។ ព្រះ​អង្គ​បាន​ប្រកាស​អំពី​អង្គ​ទ្រង់ ជា​ការ​ពិត​សំខាន់​បំផុត ដែល​កែ​ប្រែ​អ្វីៗ​គ្រប់​យ៉ាង។ ព្រះ​អង្គ​នាំ​មនុស្ស​ឲ្យ​ស្គាល់​អង្គ​ទ្រង់ ដោយ​បើក​បង្ហាញ​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ​ថា ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់។ ព្រះ​នាម​របស់​ព្រះ​អម្ចាស់ មិន​គ្រាន់​តែ​ជា​អ្វី​ដែល​យើង​ហៅ​ព្រះ​អង្គ តែ​ក៏​បាន​បង្ហាញ​លក្ខណៈ​របស់​ព្រះ​អង្គ។ ព្រះ​នាម​ជា​ច្រើន​របស់​ព្រះ​អង្គ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប បាន​ផ្តល់​ឲ្យ​យើង​នូវ​ព័ត៌មាន​ជា​ច្រើន​ថា ព្រះ​អង្គ​ជា​នរណា គឺ​មាន​ភាព​អស់​កល្ប​ជានិច្ច ព្រះ​អង្គ​មាន​ភាព​គ្រប់​គ្រាន់ មាន​អធិបតេយ្យ​ភាព។ល។

ពេល​ណា​ព្រះ​អង្គ​មាន​បន្ទូល ព្រះ​អង្គ​ក៏​បង្ហាញ​ព្រះ​ចេស្ដា។ ព្រះ​អង្គ​បាន​រចនា​ស្ថាន​សួគ៌ ហើយ​បាន​បង្កើត​ផែនដី​ឲ្យ​មាន​រូបរាង​ឡើង ព្រម​ទាំង​បាន​ប្រទាន​ជីវិត​ទាំង​អស់​ឲ្យ​កើត​មាន​នៅ​លើ​ផែនដី។ ស្ថេរ​ភាព និង​ផល​ផ្លែ​នៃ​ស្ថាន​សួគ៌​មាន​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​ព្រះ​អាទិករ។ យើង​មិន​មែន​ជា​ផល​ផ្លែ​នៃ​ការ​វិវត្តន៍​ជីវិត​ដែល​កើត​ឯង​នោះ​ទេ តែ​ជា​ការ​រចនា​ដោយ​ផ្ទាល់​ពី​ព្រះ​អង្គ។ យើង​មិន​អាច​យល់​អំពី​ជីវិត​របស់​យើង ដោយ​គ្មាន​ព្រះ​អង្គ​បាន​ឡើយ។ ព្រះ​អង្គ​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ​ដូច​នេះ​ទេ។

ហើយ​តើ​ព្រះ​អង្គ​មាន​គោល​បំណង​អ្វី សម្រាប់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​អង្គ​បាន​បង្កើត? គឺ​ដើម្បី​នាំ​មក​នូវ​សេចក្តី​សុចរិត​នៅ​លើ​ផែនដី តាម​រយៈ​សេចក្តី​សង្គ្រោះ។ «អញ​នេះ​គឺ​ជា​យេហូវ៉ា អញ​បាន​ហៅ​ឯង​មក​ដោយ​សេចក្តី​សុចរិត អញ​នឹង​កាន់​ដៃ​ឯង ហើយ​ថែរក្សា​ឯង អញ​នឹង​តាំង​ឯង​ឡើង ទុក​ជា​សេចក្តី​សញ្ញា​ដល់​បណ្តាជន ហើយ​ជា​ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍»។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​កំពុង​មាន​បន្ទូល​ទៅ​ព្រះ​រាជបុត្រា​ព្រះ​អង្គ ជា​អ្នក​បម្រើ ដែល​ហោរា អេសាយ បាន​ណែនាំ​ឲ្យ​យើង​ស្គាល់។ ពេល​ណា​យើង​ត្រូវ​ការ​ការ​ប្រឹក្សា មិត្តភាព និង​ការ​អត់​ទោស ហើយ​និង​សេចក្តី​សង្គ្រោះ ព្រះ​អង្គ​មាន​បន្ទូល​ថា «មើល នេះ​នែ​អ្នក​បម្រើ​របស់​អញ​ដែល​អញ​ទប់​ទល់» (អេសាយ ៤២:១)។

យើង​មិន​ដែល​មាន​ការ​ស្កប់​ចិត្ត​ក្នុង​ជីវិត ដូច​កាល​យើង​រក​ឃើញ​ធាតុ​ពិត​សំខាន់​បំផុត​របស់​យើង ក្នុង​ព្រះ​គ្រីស្ទ។ ចេញ​ពី​ធាតុ​ពិត​នោះ យើង​រក​ឃើញ​គោល​បំណង​របស់​យើង​គឺ​ដើម្បី «ថ្វាយ​សិរី​ល្អ​ដល់​ព្រះ ហើយ​អរ​សប្បាយ​នឹង​ព្រះ​អង្គ​ជា​រៀង​រហូត»។ បើ​អ្នក​ចង់​ស្គាល់​គោល​បំណង និង​ភាព​ពេញ​លេញ​ក្នុង​ជីវិត អ្នក​ត្រូវ​តែ​ឱប​ក្រសោប​យក និង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជា​អ្នក​បម្រើ​ដោយ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អម្ចាស់ ដោយ​ការ​សរសើរ​តម្កើង​ដូច​លោក ស៊ីម្មាន ថា «ដ្បិត​ភ្នែក​ទូល​បង្គំ​បាន​ឃើញ​សេចក្តី​សង្គ្រោះ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​រៀបចំ​នៅ​មុខ​បណ្តាជន​ទាំងឡាយ ជា​ពន្លឺ​សម្រាប់​បំភ្លឺ​ដល់​សាសន៍​ដទៃ ហើយ​ជា​សិរីល្អ​របស់​អ៊‌ីស្រាអែល​ជា​រាស្ត្រ​ទ្រង់» (លូកា ២:៣០-៣២)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេសាយ ៤២:១-១៣

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ៦០-៦១ និង​ម៉ាកុស ១៤:១-២៦

ប្រភេទ