នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយPatricia Raybon

February 14, 2025

១កូរិនថូស ១៣:៤-១៣

សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ​។ ១កូរិនថូស ១៣:៨

នៅ​ក្នុង​ពិធី​មង្គល​ការ​របស់​អ្នក​ស្រី មេរេឌិត(Meredith) ម្តាយ​របស់​គាត់​បាន​អាន​ខ​គម្ពីរ ក្នុង​កណ្ឌ​គម្ពីរ១កូរិនថូស​។ ជា​ញឹក​ញាប់ គេ​ច្រើន​តែ​ហៅ​ជំពូកទី១៣ នៃ​កណ្ឌ​គម្ពីរ​នេះ​ថា “ជំពូក​នៃ​សេចក្តី​ស្រឡាញ់” ក្នុង​ព្រះ​គម្ពីរប៊ីប​។ កណ្ឌ​គម្ពីរ​នេះ​គឺ​ជា​កណ្ឌ​គម្ពីរ​ដែល​សក្ដិសម​បំផុត​ សម្រាប់​ពិធី​មង្គល​ការ​របស់​គាត់​។ គឺ​ដូច​ដែល​បទ​គម្ពីរ​នេះ​បាន​ចែងថា “ឯ​សេចក្តី​ស្រឡាញ់​តែង​តែ​អត់​ធ្មត់ ហើយក៏​សប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង”(ខ.៤)។ ពេល​ខ្ញុំ​ស្តាប់​ឮ​គាត់​អាន​ខ​គម្ពីរ​នេះ ខ្ញុំ​ឆ្ងល់​ថា តើ​គូរ​ស្វាមី​ភរិយា​ក្នុង​សម័យ​បច្ចុប្បន្ន បាន​ដឹង​ទេ​ថា មាន​អ្វី​បណ្តាល​ចិត្ត​សាវ័ក​ប៉ុល​ឲ្យ​សរសេរ​បទ​គម្ពីរ​នេះ​។ បទ​គម្ពីរ​នេះ​មិនមែន​ជា​កំណាព្យ​ស្នេហា​ទេ​។ តែ​សាវ័ក​ប៉ុល​បាន​សរសេរ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ ដើម្បី​បង្រៀន​ពួក​ជំនុំ​ដែល​កំពុង​ជួប​ការ​បាក់​បែក ក្នុង​គោលបំណង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​ការ​រួបរួម​។

និយាយ​ឲ្យ​ស្រួល​ស្តាប់ ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស “កំពុង​ស្ថិត​ក្នុង​ភាព​រញ៉េរញ៉ៃ”។ បញ្ហា​ដែល​កំពុង​ក្តៅ​គគុក​មាន​ដូចជា អំពើ​អសីលធម៌​ផ្លូវភេទ អំពើ​ពេស្យាចារ និង​ការ​ប្រជែង​គ្នា​រវាង​អ្នក​ដឹកនាំ​។ ការ​ប្តឹងផ្តល់​រវាង​សមាជិក​ពួក​ជំនុំ បាន​កើត​ឡើង​ជា​ធម្មតា​។ ការ​ថ្វាយបង្គំ​ច្រើនតែ​គ្មាន​សណ្ដាប់​ធ្នាប់ ដោយ​អ្នក​ដែល​ចេះ​និយាយ​ភាសា​ដទៃ​បាន​ប្រជែង ដើម្បី​ឲ្យ​បាន​និយាយ​មុនគេ ហើយ​អ្នក​ខ្លះ​ទៀត​បាន​ថ្លែង​ទំនាយ ដើម្បី​ឲ្យ​គេ​ស្ងើច​សរសើរ​ខ្លួន(មើល១កូរិនថូស ជំពូក១៤)។

ភាព​រញ៉េរញ៉ៃ​ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​កើត​មាន​ឡើង ដោយសារ​ពួកគេ​ខកខាន​មិន​បាន​ប្រកប​គ្នា ដោយ​សេចក្តី​ស្រឡាញ់​។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​ក៏បាន​បង្ហាញ​ផ្លូវ​ដ៏​ប្រសើរ ដោយ​បង្រៀន​ពួក​គេ​អំពី​សេចក្តី​ស្រឡាញ់ ព្រោះ “សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ”។ ប៉ុន្តែ ការ​ថ្លែង​ទំនាយ​នឹង​លែង​មាន​ទៀត ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ឈប់ ហើយ​ចំណេះ​ក៏​នឹង​សាប​សូន្យ​ដែរ តែ​សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ(១៣:៨)។

ការ​ក្រើន​រំឭក​របស់​សាវ័ក​ប៉ុល អំពី​សេចក្តី​ស្រឡាញ់​ពិតជា​អាច​ផ្តល់​ឲ្យ​នូវ​ការ​លើក​ទឹក​ចិត្ត ក្នុង​ពិធី​មង្គល​ការ​។ សូម​បទ​គម្ពីរ​នេះ​បាន​បណ្តាល​ចិត្ត​យើង​ឲ្យ​រស់នៅ ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​សប្បុរស​ផង​ដែរ​។—Patricia Raybon

តើ​អ្នក​បង្ហាញ​សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់ ក្នុង​ទំនាក់​ទំនង​របស់​អ្នក​ដូច​ម្តេច​ខ្លះ?
តើ​អ្នក​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់ ក្នុង​រូបកាយ​ព្រះគ្រីស្ទ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​មិន​ដែល​ចប់​ឡើយ​។
សូម​ព្រះ​អង្គ​ដឹក​នាំ​ទូល​បង្គំ ក្នុង​ទំនាក់​ទំនងជា​មួយ​មនុស្ស​ទាំង​អស់ ដោយ​សេចក្តី​ស្រឡាញ់​អស់ពី​ចិត្ត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ១៥-១៦ និង ម៉ាថាយ ២៧:១-២៦

ល្ងាច

Devotional illustration

សិស្ស​ពិត​របស់​ព្រះ​គ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 14, 2025

«នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ​ករុណា​វិសេស​ព្រះ​អម្ចាស់» (កិច្ចការ ៩:១០)។

ជា​រៀង​រាល់​ថ្ងៃ យើង​កំពុង​បង្កើត​កេរ្តិ៍​ឈ្មោះ​របស់​យើង។ ហើយ​ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ ជា​រៀង​រាល់​ថ្ងៃ យើង​ក៏​កំពុង​បង្កើត​ព្រះ​កិត្តិនាម​ថ្វាយ​ព្រះ​គ្រីស្ទ​ផង​ដែរ។ តើ​ជីវិត​របស់​យើង បាន​ឆ្លុះ​បញ្ចាំង​ដូច​ម្ដេច​ខ្លះ​អំពី​ព្រះ​គ្រីស្ទ ខណៈ​ពេល​ដែល​យើង​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ?

លោក អាន៉្នានាស ជា​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ ដែល​ប្រហែល​មិន​សូវ​មាន​ឈ្មោះ​ល្បី ប៉ុន្តែ​តែ​គាត់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង មក​លើ​ជីវិត​សាវ័ក ប៉ុល និង​មក​លើ​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​ទាំង​មូល។ នេះ​គឺ​ដោយសារ​គាត់​មាន​ចិត្ត​ស្មោះ​ត្រង់ និង​ប្ដូរ​ផ្តាច់​ជា​រៀង​រាល់​ថ្ងៃ ក្នុង​នាម​គាត់​ជា​សិស្ស​ព្រះ​គ្រីស្ទ។ គាត់​មាន​លក្ខណៈ​ពិសេស​៣​យ៉ាង ជា​សិស្ស​ព្រះ​គ្រីស្ទ​ដែល​អាច​ជួយ​ឲ្យ​យើង​មាន​ចរិត​លក្ខណៈ និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ព្រះ​គ្រីស្ទ​ខណៈ​ពេល​ដែល​យើង​ព្យាយាម​ឲ្យ​ព្រះ​ទ្រង់​ប្រើ​យើង​ក្នុង​នគរ​ព្រះ​អង្គ។

ទី​១ លោក អាន៉្នានាស ជា​សិស្ស​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ពិសេស។ មុន​ពេល​សាវ័ក ប៉ុល (ពីមុន​មាន​ឈ្មោះ​សូល) ទៅ​ទីក្រុង​ដាម៉ាស ឬ​ជួប​លោក​អាន៉្នានាស ព្រះ​ទ្រង់​បាន​រៀប​ចំ​ឲ្យ​មាន​ការ​រីក​សាយ​នៃ​ដំណឹង​ល្អ​មុន​ថ្ងៃ​បុណ្យ​ទី​៥០ នៅ​ទីក្រុង​យេរូសាឡឹម ទៅ​ដល់​ចម្ងាយ​ប្រហែល​៣០០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​នៃ​ទីក្រុង​ដាម៉ាស ដែល​នៅ​ទីនោះ ដែល​នាំ​ឲ្យ​មាន​អ្នក​ជឿ​មួយ​ក្រុម​រាប់​បញ្ចូល​ទាំង​លោក អាន្ន៉ានាស ផង​ដែរ។ បន្ទាប់​មក ព្រះ​អម្ចាស់​បាន​ជ្រើស​រើស​គាត់ នៅ​ក្នុង​ក្រុម​នេះ ឲ្យ​ចេញ​ទៅ​រក​សាវ័ក ប៉ុល បន្ទាប់​ពី​គាត់​បាន​ប្រែ​ចិត្ត​ជឿ​ព្រះ​ហើយ។ ការ​បង្ហាញ​អធិបតេយ្យ​ភាព​របស់​ព្រះ​បាន​បណ្ដាល​ចិត្ត និង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​អាច​ធ្វើ​ការ តាម​របៀប​ដែល​យើង​មើល​មិន​ឃើញ ដើម្បី​រៀប​ចំ និង​ប្រើ​យើង​ឲ្យ​សម្រេច​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។

ទី២ លោក អាន៉្នានាស ជា​សិស្ស​ដែល​មាន​ចិត្ត​ក្លាហាន។ គាត់​បាន​ហៅ​ខ្លួន​ឯង​ថា អ្នក​ដើរ​តាម​ព្រះ​អម្ចាស់ ជា​ផ្នែក​មួយ​នៃ​ក្រុម​នៅ​ទីក្រុង​ដាម៉ាស ដែល​សាវ័ក ប៉ុល បាន​ទៅ​បៀតបៀន មុន​ពេល​គាត់​ជឿ​ព្រះ​អង្គ (កិច្ចការ ៩:‌១)។ លោក អាន៉្នានាស មិន​គ្រាន់​តែ​ស្មោះ​ស្ម័គ្រ​ចំពោះ​ពួក​ជំនុំ​ក្នុង​តំបន់​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ស្មោះ​ស្ម័គ្រ​ចំពោះ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ដែរ។ ស្រដៀង​គ្នា​នេះ​ដែរ បើ​ព្រះ​យេស៊ូវ​បាន​គ្រប់​គ្រង​ជីវិត​យើង ហើយ​កែ​ប្រែ​យើង នោះ​យើង​មិន​អាច​លាក់​បាំង​មិន​ឲ្យ​គេ​ដឹង​អំពី​ការ​ផ្លាស់​ប្រែ​នេះ​ទេ។ គឺ​ដូច​ដែល​យើង​និយាយ​ថា ទេ​ចំពោះ​បាប ពេល​យើង​ទទួល​សេចក្តី​សង្គ្រោះ​របស់​ព្រះ​គ្រីស្ទ នោះ​យើង​ក៏​ត្រូវ​និយាយ​ថា ទេ​ចំពោះ​ការ​លាក់​បាំង​ជំនឿ​របស់​យើង​ដែរ។ បើ​ភាព​ជា​សិស្ស​របស់​យើង​នឹង​បំផ្លាញ​ការ​លាក់​បាំង​នេះ នោះ​ការ​លាក់​បាំង​នេះ​នឹង​បំផ្លាញ​ភាព​ជា​សិស្ស​របស់​យើង​ជា​មិន​ខាន។

ទី៣ លោក អាន៉្នានាស ជា​សិស្ស​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត។ ក្រោយ​មក សាវ័ក ប៉ុល បាន​នឹក​ចាំ​ថា លោក អាន៉្នានាស គឺ​ជា «អ្នក​កោត​ខ្លាច​ដល់​ព្រះ​តាម​ក្រឹត្យ​វិន័យ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​សាសន៍​យូដា​ទាំង​អស់​ដែល​នៅ​ទីនោះ» (កិច្ចការ ២២:១២)។ កេរ្តិ៍​ឈ្មោះ​ល្អ​ដូច​នេះ មិន​បាន​កើត​មាន​ក្នុង​រយៈ​ពេល​តែ​៥​នាទី ឬ​៥​ថ្ងៃ​នោះ​ទេ តែ​កើត​មាន​បន្តិច​ម្តងៗ​ក្នុង​ដំណើរ​ជីវិត។ លោក អាន៉្នានាស មាន​កេរ្តិ៍​ឈ្មោះ​ដូច​នេះ ដោយ​សារ​គាត់​បាន​ប្ដេជ្ញា​ចិត្ត​ដើរ​តាម​ព្រះ និង​ព្រះ​បន្ទូល​ពេញ​មួយ​ជីវិត ជា​ការ​ប្ដេជ្ញា​ចិត្ត ដែល​គាត់​ពិត​ជា​បាន​បង្ហាញ​ចេញ​មក តាម​រយៈ​ការងារ និង​ការ​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​ជា​រៀង​រាល់​ថ្ងៃ។

ជីវិត​របស់​លោក អាន៉្នានាស បាន​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់ តាម​មធ្យោបាយ​ដែល​ហាក់​ដូច​ជា​តូច​តាច​នៅ​ថ្ងៃ​ធម្មតា។ ប្រហែល​ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​ត្រាស់​ហៅ​យើង​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ថ្វាយ​ព្រះ​អម្ចាស់ តែ​មុន​ពេល​នោះ​មក​ដល់ យើង​ត្រូវ​រស់​អស់​ពី​ចិត្ត​ថ្វាយ​ព្រះ​អង្គ។ នេះ​ជា​ការ​អ្វី​ដែល​ពួក​សាវ័ក​បាន​ធ្វើ គឺ​ធ្វើ​ដោយ​ចិត្ត​ក្លាហាន ដោយ​ការ​ប្ដេជ្ញា​ចិត្ត និង​ដោយ​ការ​បន្ទាប​ខ្លួន ក្នុង​ការ​ដើរ​តាម​ព្រះ​អង្គ និង​ទុក​ចិត្ត​ព្រះ​អង្គ​ទាំង​ស្រុង។ ទោះ​យើង​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា មាន​កូន ដេញ​តាម​អាជីព​ណា​មួយ ឬ​កំពុង​ចូល​និវត្តន៍​ក្នុង​វ័យ​ចាស់​ក្តី ចូរ​យើង​ព្យាយាម​ធ្វើ​អ្វីៗ ដោយ​ចិត្ត​ស្មោះ​ត្រង់ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ។ ចូរ​កំណត់​គោល​ដៅ​រស់​នៅ​ឲ្យ​បាន​ធ្វើ​ជា​សិស្ស​ពិត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដូច​លោក អាន្ន៉ានាស ផង​ដែរ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ៩:១-១៩

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ៦២-៦៤ និង​ម៉ាកុស ១៤:២៧-៥២

ប្រភេទ