នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ចេះ​ទប់​អារម្មណ៍​ប្រកបដោយ​ប្រាជ្ញា (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ការ​ចេះ​ទប់​អារម្មណ៍​ប្រកបដោយ​ប្រាជ្ញា (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយTim Gustafson

February 17, 2025

សុភាសិត ២៩:៤-១១,២០

ឯង​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សំដី ឬ​មាន​សេចក្តី​សង្ឃឹម ចំពោះ​មនុស្សល្ងី​ល្ងើ ជាជាង​អ្នក​នោះ​ទៅទៀត​។ សុភាសិត ២៩:២០

បន្ទាប់ពី​កងទ័ព​ខាង​ត្បូង​បាន​ទទួល​បរាជ័យ​ធ្ងន់ធ្ងរ នៅ​តំបន់​ហ្កេធីស្បឺក ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិក(១៨៦៣) ឧត្តមសេនីយ៍ រ៉ូបឺត អ៊ី លី(Robert E. Lee) ក៏​បាន​ដឹកនាំ​ទ័ព​ដ៏​ត្រដាបត្រដួស​របស់​គាត់ ឲ្យ​ដកថយ​មក​តំបន់​ខាង​ត្បូង​វិញ​។ ពេល​នោះ ភ្លៀង​បាន​ធ្លាក់​មក​ខ្លាំង​ធ្វើ​ឲ្យ​ជន់​លិច​ទន្លេ​ផូតូម៉ាក បានជា​គាត់​មិន​អាច​ឆ្លង​មក​តំបន់​ខាង​ត្បូង​បាន​។ លោក​ប្រធានាធិបតី​អេប្រាហាំ លីនខិន(Abraham Lincoln) ក៏បាន​ជំរុញ​ឧត្តមសេនីយ៍ ចច មីដ(George Meade) ឲ្យ​ធ្វើ​ការ​វាយ​សម្រុក​។ ប៉ុន្តែ កងទ័ព​របស់​លោក​មីដ​ក៏​កំពុង​មាន​ភាព​ត្រដាបត្រដួសមិន​ខុសពី​កងទ័ព​របស់​លោក​លី​ឡើយ​។ ដូច​នេះ គាត់​ក៏បាន​ឲ្យ​ទាហាន​គាត់​សម្រាក​សិន​។

លោក​លីនខិន ក៏បាន​ចាប់​កាន់​ប៉ាកកា​សរសេរ​សំបុត្រ ដែល​ក្នុង​នោះ គាត់​បាន​សារភាព​ថា កាល​នោះ​គាត់​កំពុង​មាន “ភាព​តានតឹង​ក្នុង​ចិត្ត​ជាទី​បំផុត” ចំពោះ​ការ​ស្ទាក់ស្ទើរ​របស់​លោក​មីដ នៅ​ក្នុង​ការ​ដេញ​តាម​កងទ័ព​របស់​លោក​លី​។ នៅ​លើ​ស្រោម​សំបុត្រ​នោះ លោក​ប្រធានាធិបតី​ក៏បាន​សរសេរ​ដោយ​ផ្ទាល់​ថា “ផ្ញើ​ទៅ​កាន់​លោក​ឧត្តមសេនីយ៍​មីដ​។ មិន​បាន​ផ្ញើ ឬ​ចុះ​ហត្ថលេខា​ឡើយ”។ ជា​ការ​ពិត​ណាស់ គាត់​មិន​បាន​ចុះ​ហត្ថលេខា ឬ​ផ្ញើ​សំបុត្រ​នោះ​ទៅ​លោក​មីដ​ឡើយ​។

មុន​សម័យ​របស់​លោក​លីនខិន ជា​យូរ​មក​ហើយ មាន​អ្នក​ដឹង​នាំ​ដ៏​អស្ចារ្យ​ម្នាក់ ដែល​បាន​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​គ្រប់​គ្រង​អារម្មណ៍​ខ្លួនឯង។ កំហឹង​របស់​មនុស្ស​គឺ​ជា​អំណាច​ដ៏​គ្រោះ​ថ្នាក់ ទោះ​គេ​មាន​ហេតុ​ផល​យ៉ាងណា​ក៏ដោយ​។ ស្តេច​សាឡូម៉ូន​បាន​សួរ​ថា “ឯង​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សំដី ឬ​មាន​សេចក្តី​សង្ឃឹម ចំពោះ​មនុស្ស​ល្ងីល្ងើ ជាជាង​អ្នក​នោះ​ទៅទៀត”(សុភាសិត ២៩:២០)។ ស្តេច​សាឡូម៉ូន​ជ្រាប​ថា ស្តេច​ដែល​មាន​យុត្តិ​ធម៌ អាច​ផ្តល់​ឲ្យ​នូវ​ស្ថេរ​ភាព​ដល់​ប្រទេស​របស់​ខ្លួន​បាន(ខ.៤)។ ទ្រង់​ក៏​ជ្រាប​ផង​ដែរ​ថា “ពួក​ល្ងីល្ងើ សំដែង​ចេញ​អស់​ទាំង​កំហឹង​របស់​ខ្លួន តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត ហើយ​រំ​ងាប់​ចេញ​វិញ”(ខ.‌១១)។

ហើយ​ទី​បំផុត លោក​លីនខិន មិន​បាន​ផ្ញើ​សំបុត្រ​របស់​គាត់​ចេញទៅ​ទេ​។ ហើយ​ការ​នេះ​បាន​បញ្ចៀស​ការ​បំបាក់​ទឹក​ចិត្ត​មេទ័ព​កំពូល​របស់​គាត់ និង​បាន​ជួយ​ឲ្យ​ឈ្នះ​សង្គ្រាម​ដ៏​ចាំបាច់​នោះ ហើយ​បាន​រួម​ចំណែក​ក្នុង​ការ​ផ្សះផ្សា​ប្រទេស​ជាតិ​របស់​គាត់​។ ការ​ដែល​គាត់​ចេះ​ទប់​អារម្មណ៍​របស់​ខ្លួនឯង​ប្រកបដោយ​ប្រាជ្ញា ដោយ​មិន​បាន​ផ្ញើ​សំបុត្រ​នោះ គឺ​បាន​ផ្តល់​ឲ្យ​យើង​នូវ​មេរៀន​ដ៏​សំខាន់ ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​។—Tim Gustafson

ហេតុ​អ្វី​ការ​មិន​ធ្វើ​អ្វីៗ​តាម​អារម្មណ៍ មាន​សារៈសំខាន់? តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច នៅពេល​ដែល​អ្នក​មាន​កំហឹង​នៅពេល​ក្រោយ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​ថ្វាយ​អារម្មណ៍​របស់​ទូល​បង្គំ​ដល់​ព្រះអង្គ ដើម្បី​ឲ្យ​វិញ្ញាណ​របស់​ព្រះអង្គ ជួយ​ទូល​បង្គំ​ឲ្យ​ជៀស​វាង​ចេញ​ពាក្យ​សំដី​លឿន​ពេក។

For further study, read Why Am I Angry? Understanding Anger’s Roots at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ២១-២២ និង ម៉ាថាយ ២៨

ល្ងាច

Devotional illustration

សេចក្តី​ពិត​សម្រាប់​ការ​ចិញ្ចឹម​កូន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 17, 2025

«ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ​អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ។ «ចូរ​គោរព​ប្រតិបត្តិ​ដល់​មាតា​បិតា​ខ្លួន» នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្តី​សន្យា​ផង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សុខ ហើយ​រស់​នៅ​ផែនដី​ជា​យូរ​អង្វែង​ទៅ» (អេភេសូរ ៦:‌១-៣)។

មាន​ពេល​ពីរ​ដង​ដែល​សាវ័ក ប៉ុល ពិពណ៌នា​អំពី​ផល​ផ្លែ​នៃ​ការ​គោរព​ប្រតិបត្តិ​ព្រះ ដែល​ក្នុង​នោះ​យើង​ឃើញ​គាត់​ប្រើ​ពាក្យ «ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន» (រ៉ូម ១:៣០ និង ២ធីម៉ូថេ ៣:២)។ ពេល​ណា​អ្នក​អាន​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ ត្រង់​សម័យ​ដែល​មាន​ការ​ភ្ញាក់​រឭក​ខាង​វិញ្ញាណ អ្នក​នឹង​ឃើញ​ថា ការ​គោរព​ប្រតិបត្តិ​ព្រះ​ដ៏​ផុសផុល ក៏​បាន​រាប់​បញ្ចូល​ការ​ចុះ​ចូល​របស់​កូន​ចំពោះ​អំណាច​របស់​ឪពុក​ម្តាយ​ដែល​កោត​ខ្លាច​ព្រះ​ផង​ដែរ។

ការ​ចុះ​ចូល​របស់​កូន​ចំពោះ​ឪពុក​ម្តាយ មិន​គ្រាន់​តែ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​តែ​ក៏​បាន​បង្គាប់​ផង​ដែរ។ ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា ការ​ស្តាប់​បង្គាប់​ដូច​នេះ​គឺ​ត្រឹម​ត្រូវ តាម​ការ​រៀបចំ​របស់​ព្រះ ក្នុង​ការ​បង្កើត​របស់​សព្វ​សារពើ ស្រប​តាម​ច្បាប់​របស់​ព្រះ​អង្គ និង​ឆ្លើយ​តប​ចំពោះ​ដំណឹង​ល្អ។ ឪពុក​ម្តាយ​មិន​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រាប់​កូន​ឲ្យ​ចុះ​ចូល និង​ស្តាប់​បង្គាប់​នោះ​ទេ។ ប៉ុន្តែ សាវ័ក ប៉ុល មិន​គ្រាន់​តែ​បាន​និយាយ​ថា ការ​ស្តាប់​បង្គាប់​នោះ​ជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ តែ​ក៏​បាន​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​ស្តាប់​បង្គាប់​ឪពុក​ម្តាយ​ផង​ដែរ។ ក្នុង​ព្រះ​អម្ចាស់​យេស៊ូវ មាន​ព្រះ​ពរ​សម្រាប់​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​រាជ​បញ្ជា និង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ ពេល​ណា​ទំនាក់​ទំនង​របស់​ឪពុក​ម្តាយ​ជា​មួយ​កូន​មាន​សេចក្តី​ស្រឡាញ់ ការ​ទុកចិត្ត និង​ការ​ស្តាប់​បង្គាប់ ការ​ទំនាក់​ទំនង​នោះ​មិន​គ្រាន់​តែ​នាំ​ឲ្យ​ពួក​គេ​មាន​សុខុមាលភាព​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​នាំ​ឲ្យ​សង្គម​មាន​សុខុមាល​ភាព និង​របៀប​រៀបរយ​ផង​ដែរ។

ឪពុក​ម្តាយ ដែល​ចង់​ឲ្យ​មាន​ការ​ស្តាប់​បង្គាប់​ដូច​នេះ ចាំ​បាច់​ត្រូវ​ចង​ចាំ​សេចក្តី​ពិត​សំខាន់ៗ​៥​យ៉ាង ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​អំពី​កូន៖

១. «កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ​យេហូវ៉ា» (ទំនុកតម្កើង ១២៧:៣)។ ពួក​គេ​ជា​អំណោយ និង​ព្រះ​ពរ​មក​ពី​ព្រះ។ ពេល​យើង​គិត​អំពី​កូន​របស់​យើង យើង​គួរ​តែ​មាន​ចិត្ត​ដែល​ដឹង​គុណ​ចំពោះ​ព្រះ​ដែល​បាន​ប្រទាន​កូន​មក​យើង។

២. កូន​មិន​មែន​ជា​កម្មសិទ្ធិ​របស់​យើង​ទេ តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ​អម្ចាស់។ ព្រះ​អង្គ​បាន​ផ្ញើ​កូន​នឹង​យើង ជា​បណ្ដោះ​អាសន្ន។

៣. កូន​មាន​ភាព​ខ្វះ​ចន្លោះ​តាំង​ពី​ពេល​ពួក​គេ​ចាប់​កំណើត​ក្នុង​ផ្ទៃ​ម្តាយ ដោយ​មាន​បាប និង​មិន​មាន​ភាព​សក្ដិសម​នឹង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច គឺ​មិន​ខុស​ពី​យើង​រាល់​គ្នា​ទេ (ទំនុកតម្កើង ៥៨:៣, រ៉ូម ៣:២៣)។

៤. ដោយ​សារ​កូន​ជា​មនុស្ស​មាន​បាប ពួក​គេ​ត្រូវ​ការ​ព្រះ​រាជ​បញ្ជា​របស់​ព្រះ។ ក្នុង​នាម​យើង​ជា​ឪពុក​ម្តាយ យើង​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ប្រៀន​ប្រដៅ​ពួក​គេ​ឲ្យ​កាន់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ ចាប់​តាំង​ពី​ក្មេង​មក។

៥. កូន​របស់​យើង​អាច​ទទួល​ការ​សង្គ្រោះ​ដោយ​សារ​ព្រះ​គុណ​ព្រះ​តែ​ប៉ុណ្ណោះ។ ដូច​នេះ យើង​ត្រូវ​បង្រៀន​ពួក​គេ ឲ្យ​មើល​ទៅ​ព្រះ​យេស៊ូវ ហើយ​ទទួល​ជឿ​ព្រះ​អង្គ ដើម្បី​ឲ្យ​បាន​សង្គ្រោះ។

មនុស្ស​ជា​ច្រើន​កំពុង​រស់​នៅ​ក្នុង​វប្បធម៌​ដែល​ប្រឆាំង​នឹង​សេចក្តី​ពិត​ទាំង​នេះ។ ម្យ៉ាង​ទៀត គេ​យល់​ឃើញ​ថា ក្មេងៗ​មាន​សេចក្តី​ល្អ​ពី​កំណើត ហើយ​គេ​បាន​ចាត់​ទុក​ការ​អប់រំ សុខ​ភាព ឬ​សុភ​មង្គល ជា​ចំណុច​សំខាន់​បំផុត។ ម្យ៉ាង​ទៀត ជា​ញឹក​ញាប់ ក្មេងៗ​គឺ​ជា​គោល​ដៅ​នៃ​ការ​និយាយ​កំប្លែង ឬ​ការ​ត្អូញត្អែរ​របស់​មនុស្ស​ធំ។ ជួន​កាល សូម្បី​តែ​នៅ​ក្នុង​ពួក​ជំនុំ​ក៏​គេ​មិន​បាន​បង្រៀន​ច្បាស់​លាស់ អំពី​របៀប​ចិញ្ចឹម​កូន​តាម​ព្រះ​គម្ពីរ​ដែរ។ ប៉ុន្តែ ព្រះ​អម្ចាស់​មាន​បន្ទូល​ថា ក្មេងៗ​ដែល​ចម្រើន​វ័យ​ធំឡើង​ក្នុង​គ្រួសារ​ត្រូវ​ស្តាប់​បង្គាប់​ឪពុក​ម្តាយ ហើយ​ឪពុក​ម្តាយ​ត្រូវ​ចិញ្ចឹម​កូន​ឲ្យ​ស្គាល់​ក្រឹត្យ​វិន័យ និង​ព្រះ​គុណ​របស់​ព្រះ។ បើ​យើង​ចង់​ចិញ្ចឹម​មនុស្ស​មួយ​ជំនាន់​ក្នុង​គ្រួសារ និង​ពួក​ជំនុំ​របស់​យើង ឲ្យ​កោត​ខ្លាច និង​ឧស្សាហ៍​ខាង​វិញ្ញាណ​ជាង​យើង យើង​ចាំ​បាច់​ត្រូវ​ចិញ្ចឹម​កូន​យើង ក្នុង​បរិបទ​នៃ​សេចក្តី​ពិត​របស់​ព្រះ។ គ្រីស្ទ​បរិស័ទ​ជា​ច្រើន​ជា​ឪពុក​ម្តាយ​ដែល​មាន​កូន​ក្នុង​គ្រួសារ។ យើង​រាល់​គ្នា​ជា​សមាជិក​ពួក​ជំនុំ ដែល​មាន​កុមារ​ក្នុង​ចំណោម​យើង ដូច​នេះ តើ​អ្នក​ចង់​រួម​ចំណែក​ដូច​ម្ដេច​ខ្លះ នៅ​ក្នុង​ការ​ជួយ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​មាន​សុខុមាល​ភាព​ខាង​វិញ្ញាណ?

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ សុភាសិត ២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ៤-៦ និង​ម៉ាកុស ១៥:២៦-៤៧

ប្រភេទ