នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​បញ្ចេញមតិ​ក្លែងក្លាយ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ការ​បញ្ចេញមតិ​ក្លែងក្លាយ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយMarvin Williams

February 18, 2025

អេភេសូរ ៤:១៧,២២-៣២

ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​កំភូត​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅវិញ​ទៅមក​។ អេភេសូរ ៤:២៥

អតិថិជន​ម្នាក់​របស់​កម្ម​វិធី​កក់​តាក់​ស៊ី​មួយ ក្នុង​ទីក្រុង បាន​ចែកចាយ​ថា គាត់​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​អត់​ធ្មត់​ចំពោះ​ក្លិន​ស្អុយ របស់​ផ្លែឈើ​ដែល​មាន​ក្លិន​ស្អុយ​បំផុត​នៅ​លើ​ពិភពលោក ដែល​អ្នក​បើកបរ​ម្នាក់​បាន​បរិភោគ​ពេល​កំពុង​បើកបរ ហើយ​អ្នក​បើកបរ​ម្នាក់​ទៀត​បាន​ឈ្លោះ​ប្រកែក​តាម​ទូរស័ព្ទ​ជាមួយ​មិត្ត​ស្រី​របស់​គាត់​។ អ្នក​បើកបរ​ម្នាក់​ទៀត​ក៏បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់ ឲ្យ​ដាក់​លុយ​វិនិយោគ នៅ​ក្នុង​គម្រោង​ផុនហ្ស៊ី​ដែល​ជា​គម្រោង​បោក​ប្រាស់។ ក្នុង​ករណី​នីមួយៗ គាត់​មិន​បាន​បញ្ចេញមតិ​មិន​ល្អ​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​ឲ្យ​ពិន្ទុ​ផ្កាយ៥ដល់​អ្នក​បើកបរ​នីមួយៗ​។ គាត់​ពន្យល់​ថា “ពួកគេ​ទាំង​អស់​ហាក់​ដូចជា​មនុស្ស​ល្អ​ទេ​។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​លុប​ឈ្មោះ​ពួកគេ​ចេញពី​កម្មវិធី​នេះ ដោយសារ​ការ​បញ្ចេញ​យោបល់​អាក្រក់​របស់​ខ្ញុំ​ទេ”។ ដូច​នេះ ក្នុង​រឿង​នេះ គាត់​បាន​បញ្ចេញមតិ​ក្លែងក្លាយ ដោយ​លាក់​បាំង​ការ​ពិត​មិន​ឲ្យ​អ្នក​បើកបរ និង​អ្នក​ដទៃ​បាន​ដឹង​។

យើង​ប្រហែល​ជា​លាក់​បាំង​ការ​ពិត​​ពី​អ្នក​ដទៃ ដោយសារ​មូល​ហេតុ​ផ្សេងៗ​។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នកជឿ​ព្រះ នៅ​ទីក្រុង​អេភេសូរ ឲ្យ​និយាយ​ពាក្យ​ពិត ចំពោះ​​គ្នា​ទៅវិញ​ទៅមក ដោយ​សេចក្តី​ស្រឡាញ់ ក្នុង​នាម​ជា​មនុស្ស​ដែល​បាន​កើតជា​ថ្មី​ក្នុង​ព្រះគ្រីស្ទ​។ ការ​នេះ​តម្រូវ​ឲ្យ​មាន​ទម្លាប់​នៃ​ការ​រស់​នៅ​ដែល​សុចរិត និង​បរិសុទ្ធ(អេភេសូរ ៤:២៤) ជា​ជីវិត​ដែល​បាន​ញែក​ចេញ​ថ្វាយ​ព្រះអង្គ និង​បង្ហាញ​ឲ្យ​គេ​ស្គាល់​ផ្លូវ​របស់​ព្រះអង្គ តាមរយៈ​ការ​ប្រព្រឹត្ត​របស់​ពួកគេ​។ ពួកគេ​ត្រូវ​ជំនួស​ការ​កុហក ដោយ​ការ​និយាយ​ពាក្យ​ពិត​ដល់​គ្នា​ទៅវិញ​ទៅមក ព្រោះ​ការ​កុហក​ធ្វើ​ឲ្យ​បែក​បាក់ និង​បង្អាក់​ការ​រួបរួម តែ​សេចក្តី​ពិត​ធ្វើ​ឲ្យ​យើង​រួបរួម​គ្នា ក្នុង​នាម​ជា​អ្នកជឿ​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​កំភូត​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅវិញ​ទៅមក”(ខ.២៥)។

ព្រះ​យេស៊ូវ​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន ដើម្បី​ជៀសវាង​ការ​កុហក និង “ការ​បញ្ចេញមតិ​ក្លែងក្លាយ” ដែល​អាច​បង្អាក់​ការ​រួបរួម​ជា​មួយ​អ្នកជឿ​ដទៃ​ទៀត​។ ការ​រស់នៅ​ដោយ​សេចក្តី​ស្រឡាញ់ តាម​ការ​ដឹកនាំ​របស់​ព្រះអង្គ នឹង​ជួយ​ឲ្យ​យើង​និយាយ​ការ​ពិត ដោយ​ចិត្ត​សប្បុរស និង​សេចក្តី​ស្រឡាញ់(ខ.៣២)។—Marvin Williams

តើ​អ្នក​បាន​ជួប​ការ​ល្បួង​ឲ្យ​លាក់​បាំង​ការ​ពិត​ពីរ​អ្នកជឿ​ដទៃ​ទៀត នៅ​ពេលណា? ហេតុ​អ្វី​អ្នក​ចាំបាច់​ត្រូវ​និយាយ​ពាក្យ​ពិត ដោយ​ចិត្ត​ស្មោះ​ត្រង់?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​មាន​ភាព​ពិត​ត្រង់ ក្នុង​ទំនាក់​ទំនង ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​ព្រះអង្គ និង​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ២៣-២៤ និង​ម៉ាកុស ១:១-២២

ល្ងាច

Devotional illustration

បាន​ទិញ​យើង​ថ្វាយ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 18, 2025

«ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ​លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍​ថ្វាយ​ដល់​ព្រះ ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​បាន​សោយ​រាជ្យ​លើ​ផែនដី» (វិវរណៈ ៥:៩-១០)។

ខ្ញុំ​បាន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ព្រះ​គម្ពីរ​ជា​មួយ​សិស្ស​ជន​ជាតិ​វេល​ម្នាក់​ឈ្មោះ ម៉ារី ហ្វ៊ីស័រ (Mary Fisher) ជា​បេសកជន​ដែល​ត្រៀម​ខ្លួន​ធ្វើ​ការ​ជា​បេសកជន។ កាល​នោះ គាត់​កំពុង​រៀន​ភាសា​សូណា ដើម្បី​ឲ្យ​គាត់​អាច​បង្រៀន​ព្រះ​បន្ទូល​ដល់​កុមារ​នៅ​ប្រទេស​ហ្ស៊ីមបាវេ​នៅ​ទ្វីប​អាហ្វ្រិក។ នៅ​ពេល​ដែល​គាត់​បាន​ទៅ​ដល់​ទីនោះ​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ពួក​ភេរវកម្ម​បាន​វាយ​លុក​សាលា​រៀន​ដែល​គាត់​កំពុង​បង្រៀន។ លោក​ស្រី មារី ក៏​បាន​បាត់​បង់​ជីវិត​ក្នុង​ចំណោម​គ្រូ​បង្រៀន និង​កុមារ​ជា​ច្រើន​នាក់ ក្នុង​ការ​វាយ​ប្រហារ​នោះ1។ ទោះ​ការ​ស្លាប់​របស់​គាត់​គឺ​ជា​សោក​នាដកម្ម​ក៏​ដោយ ក៏​ការ​រស់​នៅ​របស់​គាត់​បាន​ធ្វើ​ជា​ទី​បន្ទាល់ អំពី​ក្តី​អំណរ​ដែល​មិន​អាច​ពិពណ៌នា​បាន ដែល​គាត់​មាន​ក្នុង​ការ​បម្រើ​ព្រះ មិន​គ្រាន់​តែ​នៅ​លើ​ផែនដី​នេះ តែ​អស់​កល្ប​ជានិច្ច។

បទ​ចម្រៀង​របស់​ពួក​ចាស់ទុំ​ដែល​ជួប​ជុំ​គ្នា​នៅ​ក្បែរ​កូន​ចៀម​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ បាន​រំឭក​យើង​ថា គោល​បំណង​នៃ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ គឺ​ដើម្បី​ឲ្យ​យើង​បាន​ទទួល​ការ​ប្រោស​លោះ​ពី​ព្រះ។ ព្រះ​អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ដែល​បាន​ចង​រឹត​យើង​ជាប់ ដោយ​បាន​បង់​ថ្លៃ​ទិញ​យើង​ដោយ​ព្រះ​លោហិត ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ថ្វាយ​ព្រះ​អង្គ។ ការ​សរសើរ​តម្កើង​របស់​យើង គឺ​សម្រាប់​ព្រះ​អង្គ។ ការ​បម្រើ​របស់​យើង​ក៏​សម្រាប់​ព្រះ​អង្គ គឺ​មិន​ខុស​ពី​កញ្ញា ម៉ារី ហ្វីស័រ ទេ។

អ្នក​ជឿ​ព្រះ​ក្នុង​សតវត្សរ៍ទី១ បាន​ឃើញ​បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​ត្រូវ​គេ​ចាប់​ខ្លួន ដោយ​សារ​ជំនឿ។ ពេល​នោះ ពួក​គេ​បាន​ព្យាយាម​ស្វែង​យល់​អត្ថន័យ​នៃ​ជ័យ​ជម្នះ​របស់​ព្រះ​គ្រីស្ទ​មក​លើ​សេចក្តី​ស្លាប់ ជ័យ​ជម្នះ​នៃ​ការ​យាង​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ និង​ការ​ពិត​នៃ​ការ​យាង​មក​វិញ​របស់​ព្រះ​អង្គ។ ក្នុង​ពេល​ដែល​គ្រីស្ទ​បរិស័ទ​ទាំង​នោះ​ជួប​ទុក្ខ​លំបាក ពួក​គេ​អាច​រក​ឃើញ​ការ​លើក​ទឹក​ចិត្ត​ដោយ​នឹក​ចាំ​ថា ទោះ​ព្រះ​យេស៊ូវ​បាន​លោះ​យើង​រួច​ពី​បាប​ហើយ ក៏​ព្រះ​អង្គ​នៅ​តែ​ផ្ដោត​ទៅ​លើ​ព្រះ​វរបិតា​ជានិច្ច។ បាន​សេចក្តី​ថា ព្រះ​អង្គ​បង់​ថ្លៃ​ទិញ​យើង​ថ្វាយ​ព្រះ​វរបិតា។

តើ​មាន​វិធី​អ្វី​ផ្សេង​ទៀត ដែល​យើង​អាច​យល់​អំពី​សោក​នាដកម្ម​របស់​បេសកជន​រូប​នោះ ឬ​បក​ស្រាយ​អំពី​ភាព​វឹកវរ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ការ​ស្លាប់​របស់​គ្រីស្ទ​បរិស័ទ​ដែល​បាន​ស្លាប់​ដោយ​សារ​ជំនឿ? យើង​អាច​យល់​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​ការ​ស្លាប់​របស់​កញ្ញា មារី ហ្វីស័រ តាម​រយៈ​ជីវប្រវត្តិ​ចុង​ក្រោយ​របស់​គាត់។ ក្នុង​នាម​គាត់​ជា​អ្នក​ចម្រៀង និង​អ្នក​លេង​ហ្គីតា គាត់​បាន​បង្រៀន​ក្មេងៗ​ក្នុង​ថ្នាក់​រៀន​របស់​គាត់​នូវ​បទ​ចម្រៀង​មួយ​បទ ផ្អែក​ទៅ​លើ​ពាក្យ​ពេចន៍​ដែល​សាវ័ក ប៉ុល បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​ថា «ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់​នៅ នោះ​គឺ​សម្រាប់​ព្រះ​គ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ​នោះ​ជា​កំរៃ​វិញ» (ភីលីព ១:២១)2។ បទ​ចម្រៀង​របស់​គាត់​បាន​ពិពណ៌នា​ថា ការ​ដើរ​តាម​ផ្លូវ​ព្រះ​អង្គ និង​តោង​ព្រះ​ហស្ត​ព្រះ​អង្គ គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​សន្តិភាព និង​ក្តី​អំណរ។

បទ​ចម្រៀង​នេះ មាន​ន័យ​ពេញលេញ ពេល​ដែល​យើង​នឹក​ចាំ​អំពី​បទ​គម្ពីរ​វិវរណៈ​ជំពូក​៥ ដែល​បាន​ចែង​ថា ព្រះ​យេស៊ូវ​បាន​យាង​ទៅ​ឈើ​ឆ្កាង ដើម្បី​ទិញ​យើង​ថ្វាយ​ព្រះ។ ហើយ​អ្វី​ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​វិវរណៈ​ជំពូក​៥ គឺ​ជា​ការ​ពិត ព្រោះ​បើ​យើង​ផុត​ដង្ហើម​នៅ​ក្នុង​ពេល​ធ្វើ​ការ​ថ្វាយ​ព្រះ​អង្គ ទោះ​ជីវិត​យើង​ត្រូវ​ជាន់​ឈ្លី ដោយ​សារ​ព្រះ​នាម​ព្រះ​អង្គ​ក៏​ពេល​វេលា និង​កម្លាំង និង​ជីវិត​ដែល​យើង​បាន​ចំណាយ មិន​អសារ​ឥត​ការ​ទាល់​តែ​សោះ​ឡើយ។ ព្រះ​អង្គ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បាប ដើម្បី​ឲ្យ​យើង​បាន​សរសើរ​តម្កើង​ព្រះ​អង្គ​នៅ​ថ្ងៃ​នេះ និង​អរ​សប្បាយ​ក្នុង​ព្រះ​អង្គ​អស់​កល្ប​ជានិច្ច។ ទោះ​អ្នក​ជួប​រឿង​អ្វី​ក៏​ដោយ​នៅ​ថ្ងៃ​នេះ ចូរ​ដើរ​ឆ្លង​កាត់​បញ្ហា​ទាំង​នោះ ដោយ​ភាព​ឆេះ​ឆួល និង​មាន​គោល​បំណង​ដ៏​ខ្ពស់​បំផុត។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ភីលីព ១:១២-១៨

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ៧-៨ និង​ម៉ាកុស ១៦

1https://www.nytimes.com/1978/06/25/archives/12-white-teachers-and-children-killed-by-guerrillasin- rhodesia.html. បាន​ចូល​ប្រើ​នៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ឆ្នាំ២០២១។

2លោក J. White, “For Me to Live Is Christ” (ឆ្នាំ១៩៦៩)។

ប្រភេទ