នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សេចក្តី​ពិត​ដ៏​សាមញ្ញ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សេចក្តី​ពិត​ដ៏​សាមញ្ញ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយDave Branon

February 20, 2025

រ៉ូម ១០:៩-១១

ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង​។ កិច្ចការ ១៦:៣១

កាល​ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​ចេញ​ទៅ​ជិះ​កង់​នៅ​ក្រៅ​ផ្ទះ ជា​ញឹក​ញាប់ យើង​ចង់​ដឹង​ថា យើង​ធាក់​កង់​បាន​ចម្ងាយ​ឆ្ងាយ​ប៉ុណ្ណា​ហើយ​។ ដូច​នេះ ខ្ញុំ​ក៏​បាន​ទៅ​ហាង​លក់​កង់ ដើម្បី​ទិញ​កុងទ័រ​វាស់​ចម្ងាយ​ផ្លូវ តែ​បែរ​ជា​វិល​ត្រឡប់​មក​ផ្ទះ​វិញ ជា​មួយ​ឧបករណ៍​មាន​លក្ខណៈ​ដូច​កូន​កុំព្យូទ័រ​តូច​មួយ ដែល​ក្រោយមក ខ្ញុំ​ក៏​បាន​ដឹង​ថា វា​​ស្មុគស្មាញ​ពេក បានជា​ខ្ញុំ​មិន​អាច​កំណត់​កម្ម​វិធី​ឲ្យ​វា​វាស់​ចម្ងាយ​ផ្លូវ​បាន។

ពេល​ខ្ញុំ​វិល​ត្រឡប់​ទៅ​ហាង​លក់​កង់​នោះ​វិញ អ្នក​លក់​ក៏បាន​ធ្វើ​ឲ្យ​វា​មាន​ដំណើរ​ការ​សម្រាប់​ខ្ញុំ ដោយ​មិន​ចំណាយ​ពេល​យូរ​។ ខ្ញុំ​ក៏​បាន​ដឹង​ថា តាម​ពិត វា​មិន​ពិបាក​យល់​ទេ​។

ក្នុង​ការ​រស់នៅ យើង​អាច​មាន​អារម្មណ៍​ថា រឿង​ថ្មីៗ និង​គំនិត​ថ្មីៗ​ហាក់​ដូចជា​មាន​ភាព​ស្មុគស្មាញ​។ ឧទាហរណ៍ សូម​យើង​គិត​អំពី​សេចក្តី​សង្រ្គោះ​។ អ្នក​ខ្លះ​ប្រហែល​ជា​គិតថា ការ​ក្លាយ​ជា​កូន​ព្រះ គឺជា​រឿង​ដ៏​ស្មុគស្មាញ ហើយ​ពិបាក​យល់​។

ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​បាន​បក​ស្រាយ​យ៉ាង​សាមញ្ញ​។នៅ​ពេល​ដែល​មេគុក​សួរ​សាវ័ក​ប៉ុល​ថា "តើ​គាត់​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​បាន​សេចក្តីសង្គ្រោះ" “គេ​ក៏​ប្រាប់​គាត់​ថា ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។ ដូច​នេះ ដើម្បី​ទទួល​សេចក្តី​សង្គ្រោះ គ្មាន​ក្បួន​ច្បាប់​ដ៏​ស្មុគស្មាញ​ពេក ដែល​យើង​មិន​អាច​អនុវត្តន៍​តាម​នោះ​ទេ​។ ហើយក៏​គ្មាន​រឿង​អាថ៌កំបាំង​ដែល​យើង​ត្រូវ​ជីក​រក​ដែរ​។

យើង​គ្រាន់តែ​ត្រូវ​យល់​សេចក្តី​ពិត​ដ៏​សាមញ្ញ ដូច​ត​ទៅ: យើង​រាល់​គ្នា​សុទ្ធតែ​ជា​មនុស្ស​មាន​បាប(រ៉ូម ៣:២៣)។ ព្រះ​យេស៊ូវ​បាន​យាង​មក​ផែនដី ដើម្បី​សង្គ្រោះ​យើង​ឲ្យ​រួចពី​ទោស​របស់​បាប ដែល​ជា​សេចក្តី​ស្លាប់ និង​ការ​ដាច់​ចេញពី​ព្រះអង្គ​អស់​កល្ប​ជានិច្ច(ម៉ាថាយ ១:២១ ១ពេត្រុស ២:២៤)។ ព្រះអង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ(រ៉ូម ១០:៩)។ ហើយ​យើង​ក៏​បាន​សង្គ្រោះ​រួចពី​សេចក្តី​ស្លាប់ ហើយ​មាន​ជីវិត​អស់​កល្ប ដោយ​ជឿ​លើ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​យើង(យ៉ូហាន ៣:‌១៦)។

ចូរ​យើង​ពិចារណា​ថា តើ​ការ​ដែល​យើង​គ្រាន់​តែ​ជឿ និង​ទុកចិត្ត​ព្រះយេស៊ូវ​ប៉ុណ្ណោះ មាន​អត្ថន័យ​យ៉ាងណា​សម្រាប់​យើង? ចូរ​យើង​ទទួលយក​ជីវិត ដែល​ព្រះ​អង្គ​សន្យា​ថា នឹង​ប្រទាន​មក​យើង​ឲ្យ​ពេញ​បរិបូរណ៍(យ៉ូហាន ១០:១០)។—Dave Branon

តើ​ការ​ទទួល​សេចក្តី​សង្គ្រោះ​ពី​ព្រះយេស៊ូវ មាន​អត្ថន័យ​យ៉ាងណា ចំពោះ​អ្នក? បើ​អ្នក​បាន​សង្គ្រោះ តើ​ជំនឿ​លើ​ព្រះអង្គ​បាន​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​យ៉ាងណា ក្នុង​ជីវិត​អ្នក?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​ដឹង​ថា ទូល​បង្គំ​ជា​មនុស្ស​មាន​បាប ទូល​បង្គំ​បាន​ធ្វើ​ខុស នៅ​ចំពោះ​ព្រះអង្គ​។ ទូល​បង្គំ​ក៏បាន​ដឹង​ផង​ដែរ​ថា ព្រះអង្គ​បាន​ចាត់​ព្រះ​យេស៊ូវ​មក​ផែនដី ឲ្យ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​សង្គ្រោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​បាប​។ សូម​ព្រះ​អង្គ​អត់​ទោស​បាប​ឲ្យ​ទូល​បង្គំ និង​ប្រោស​លោះ​ទូល​បង្គំ​។ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​សេចក្តី​សង្រ្គោះ​មក​ទូល​បង្គំ​។

Learn more here: ODB.org/personal-relationship-with-god.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវី​វិន័យ ២៦-២៧ និង ម៉ាកុស ២

ល្ងាច

Devotional illustration

ថ្នាំ​ព្យាបាល​សម្រាប់​ការ​ថប់​បារម្ភ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 20, 2025

«កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ​ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង។ យ៉ាង​នោះ សេចក្តី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ» (ភីលីព ៤:៦-៧)។

បើ​សិន​ជា​ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​សរសេរ​អំពី​ការ​ថប់​បារម្ភ​ទាំង​អស់​ដែល​អ្នក​មាន​ក្នុង​សប្ដាហ៍​នេះ ឬ​នៅ​ថ្ងៃ​នេះ នោះ​ខ្ញុំ​ជឿ​ថា អ្នក​មាន​ការ​ថប់​បារម្ភ​ជា​ច្រើន​ដែល​អ្នក​ចង់​សរសេរ។ ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​ក៏​មិន​ខុស​ពី​អ្នក​ដែរ។ ប៉ុន្តែ ព្រះ​បន្ទូល​ព្រះ​បាន​លើក​ទឹក​ចិត្ត​យើង​ថា «កុំ​ឲ្យ​ខ្វល់​ខ្វាយ​អ្វី​ឡើយ»។ ដូច​នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​ហាក់​ដូច​ជា​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ជម្នះ​ការ​ថប់​បារម្ភ?

សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា ថ្នាំ​បន្សាប​សម្រាប់​ការ​ថប់​បារម្ភ គឺ​ការ​អធិស្ឋាន និង​ការ​អរ​ព្រះគុណ​ព្រះ។ នេះ​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​ថប់​បារម្ភ ដែល​មិន​កើត​មាន​ដោយ​ឯកឯង​ឡើយ។ តាម​ពិត វា​ផ្ទុយ​នឹង​ទំនោរ​របស់​ចិត្ត​យើង ដែល​ជា​មនុស្ស​មាន​បាប។ មនុស្ស​ភាគ​ច្រើន​យល់​ឃើញថា ការ​ចូល​ទៅ​អង្គុយ​រអ៊ូ​រទាំ​នៅ​កៀន​ជញ្ជាំង ឬ​ជញ្ជឹង​គិត​អំពី​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​ព្រួយ​បារម្ភ មាន​ភាព​ងាយ​ស្រួល​ជាង​ការ​អធិស្ឋាន​ទូល​ថ្វាយ​ការ​ថប់​បារម្ភ​ដល់​ព្រះ។ ការ​សម្រេច​ចិត្ត​អង្គុយ​រអ៊ូ​ដោយ​អនុញ្ញាត​ឲ្យ​ការ​ថប់​បារម្ភ​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​លុត​ជង្គង់​ចុះ​អធិស្ឋាន​ទៅ​រក​ព្រះ​អង្គ។

ការ​អធិស្ឋាន​បង្វែរ​អារម្មណ៍​យើង​ចេញ​ពី​សំណួរ «តើ​ខ្ញុំ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា?» គឺ​បង្វែរ​អារម្មណ៍​យើង ឲ្យ​ងាក​ចេញ​ពី​ខ្លួន​ឯង ហើយ​បែរ​ទៅ​រក​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​វិញ។ ការ​អធិស្ឋាន​នាំ​ឲ្យ​យើង​ផ្ដោត​ទៅ​លើ​ព្រះ ដែល​ទ្រង់​មាន​សមត្ថភាព​គ្រប់​យ៉ាង និង​ជ្រាប​ច្បាស់​អំពី​តម្រូវ​ការ​របស់​យើង ហើយ​នឹង​ប្រទាន​យើង​នូវ​អ្វី​ដែល​យើង​ទូល​សូម ឬ​ការ​អ្វី​ដែល​ល្អ​លើស​អ្វី​ដែល​យើង​ស្រមៃ។ ហើយ​ចិត្ត​ដែល​ដឹង​គុណ​ព្រះ ជួយ​យើង​ឲ្យ​ប្រឈម​មុខ​ដាក់​សំណួរ «ហេតុ​អ្វី​រឿង​នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ?» ពោល​គឺ​ប្រឈម​មុខ​ដាក់​ដោយ​គ្មាន​ចិត្ត​ជូរ​ល្វីង ដោយ​ជួយ​យើង​ឲ្យ​នឹក​ចាំ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ។ ព្រះ​អង្គ​តែង​តែ​ធ្វើ​អ្វីៗ ដោយ​មាន​គោល​បំណង​សម្រេច​ផែនការ​របស់​ព្រះ​អង្គ និង​ជ្រាប​ថា ព្រះ​អង្គ​កំពុង​ធ្វើ​អ្វី។

អ្នក​ខ្លះ​មាន​ឪពុក​ម្តាយ​ដែល​មាន​តួនាទី​ដូច​នាឡិ​ការ​រោទ៍​ពេល​ពួក​គេ​នៅ​ផ្ទះ។ ពេល​ណា​យើង​ត្រូវ​ការ​ក្រោក​ពី​គេង​នៅ​ម៉ោង​ណា​មួយ នៅ​ពេល​ព្រឹក អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ប្រាប់​ឪពុក ឬ​ម្តាយ​យើង ហើយ​យើង​ទុក​ចិត្ត​ថា ពួក​គាត់​នឹង​ដាស់​យើង​ឲ្យ​ក្រោក​ពី​គេង។ យើង​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​គេង​ប៉ុណ្ណោះ គឺ​មិន​ត្រូវ​ព្រួយ​ពី​ការ​ក្រោក​ពី​គេង​នោះ​ទេ! នេះ​ជា​ការ​ឆ្លើយ​តប ដែល​សាវ័ក ប៉ុល ចង់​ឲ្យ​យើង​មាន នៅ​ចំពោះ​មុខ​នៃ​ការ​ថប់​បារម្ភ។ យើង​ត្រូវ​ទៅ​រក​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌​ដោយ​ផ្ទាល់ ហើយ​ទូល​សួរ​ព្រះ​អង្គ​ថា «តើ​ព្រះ​អង្គ​នឹង​ថែរក្សា​ទូល​បង្គំ​ទេ?» ហើយ​ព្រះ​អង្គ​តែងតែ​ឆ្លើយ​តប​ដោយ​ប្រាប់​យើង​ឲ្យ​ទុក​ចិត្ត​ព្រះ​អង្គ​ទាំង​ស្រុង​ដោយ​គ្មាន​ការ​សង្ស័យ។

ពេល​ណា​យើង​ដឹង​ថា ព្រះ​ទ្រង់​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ យើង​នឹង​ថ្វាយ​គ្រប់​ទាំង​ទុក្ខ​លំបាក និង​បញ្ហា​ប្រឈម​ដល់​ព្រះ​អង្គ។ សន្តិភាព​ដែល​ព្រះ​អង្គ​ប្រទាន​នឹង​បាន​ធ្វើ​ជា​បន្ទាយ​ដ៏​មាំមួន សម្រាប់​ចិត្ត​យើង។

ទោះ​បញ្ហា​វាយ​ប្រហារ​មក ហើយ​គ្រោះ​ថ្នាក់​កើត​មាន

ទោះ​មិត្ត​សម្លាញ់​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត ហើយ​សត្រូវ​រួប​រួម​គ្នា

តែ​មាន​ការ​មួយ​ដែល​ជួយ​ឲ្យ​យើង​ជាប់​នៅ ទោះ​មាន​រឿង​អ្វី​ក៏ដោយ​

ព្រះ​បន្ទូល​សន្យា​បាន​ធានា​យើង​ថា «ព្រះ​អម្ចាស់​នឹង​ផ្គត់​ផ្គង់​យើង»1

ហេតុ​នេះ​ហើយ​សូម​សរសេរ​អំពី​ការ​ថប់​បារម្ភ​នីមួយៗ ដែល​អ្នក​មាន​ក្នុង​សប្ដាហ៍​នេះ។ ចូរ​អធិស្ឋាន​អំពី​បញ្ហា​ទាំង​អស់​នោះ ដោយ​នាំ​ពួក​វា​ទៅ​ថ្វាយ​នៅ​ទាប​ព្រះ​បាទ​របស់​ព្រះ​អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក នៅ​ស្ថាន​សួគ៌។ ហើយ​បន្ទាប់​មក សរសេរ​នៅ​ជាប់​បញ្ហា​នីមួយៗ​ថា ចូរ​ទុក​ចិត្ត​ព្រះ​អង្គ ដោយ​មិន​សង្ស័យ​ចុះ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១ពេត្រុស ៥:៦-១១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ១២-១៣ និង​១ថែស្សាឡូនិច ២

1លោក John Newton, “Though Troubles Assail” (ឆ្នាំ១៧៧៥)។

ប្រភេទ