«ហើយអណ្ដាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ…តែឯអណ្ដាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ» (យ៉ាកុប ៣:៦, ៨)។
មានរបស់បីយ៉ាងដែលមិនអាចវិលត្រឡប់មកវិញ គឺទឹកមាត់ដែលស្ដោះទៅលើដី ពាក្យសម្ដីដែលនិយាយហួសហើយ និងឱកាសដែលបានកន្លងផុត។ ពាក្យសម្ដីដែលយើងនិយាយហើយ មិនអាចលេបវិញបានទេ។ ជាងនេះទៅទៀត នៅថ្ងៃជំនុំជម្រះ ព្រះទ្រង់នឹងឲ្យយើងទទួលខុសត្រូវចំពោះពាក្យគ្រប់ម៉ាត់ដែលយើងបាននិយាយ សូម្បីតែពាក្យដែលនិយាយដោយឥតបើគិត (ម៉ាថាយ ១២:៣៦)។ គឺដូចដែលស្ដេច សាឡូម៉ូន បានមានបន្ទូលថា «អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ» (សុភាសិត ១៣:៣) ហើយ «ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្ដាតដែរ» (១៨:២១)។ ពាក្យសម្ដីរបស់យើងអាចលើកទឹកចិត្ត ធ្វើឲ្យគេចម្រើនឡើង និងនាំឲ្យមានការប្រោសឲ្យជាផងដែរ។ ប៉ុន្តែ វាក៏បណ្ដាលឲ្យមានការឈ្លោះ ការប្រកែកគ្នា និងបង្កការខូចខាត។ ស្ដេច សាឡូម៉ូន ក៏បានធ្វើការបកស្រាយដោយប្រើពាក្យប្រៀបប្រដូចអំពីចរិតលក្ខណៈជាច្រើនរបស់ពាក្យសម្ដីដ៏គ្រោះថ្នាក់នោះ។ ទ្រង់ពិពណ៌នាថា ពាក្យសម្ដីដែលនិយាយចេញមកដោយឥតបើគិត គឺប្រៀបដូចជា «ចាក់ដោយដាវ» (១២:១៨)។ ជាញឹកញាប់ យើងនិយាយចេញមក ដោយមិនបានបង្ខាំងមាត់ខ្លួនឯង ហើយយើងក៏បានក្លាយជាមនុស្សដែល «ឆ្លើយមុនដែលបានស្តាប់រឿង» (១៨:១៣)។ «អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ» (១០:១៩)។
អ្នកប្រហែលធ្លាប់ឮគេនិយាយថា ដំបង និងថ្មអាចធ្វើឲ្យឆ្អឹងយើងបាក់បាន តែពាក្យសម្ដីមិនអាចធ្វើអ្វីមកលើយើងបានទេ។ ការនិយាយដូចនេះ គឺខុសទាំងស្រុង។ ស្នាមជាំអាចបាត់ទៅវិញ ហើយស្លាកស្នាមក៏អាចត្រូវគេបំភ្លេច។ ប៉ុន្តែ ពាក្យសម្ដីធ្វើឲ្យឈឺចាប់ដែលបាននិយាយចេញមកយើង និងអំពីយើង ច្រើនតែនៅជាប់ក្នុងចិត្តយើងបានយូរអង្វែង។ ជាការពិតណាស់៖
ពាក្យសម្ដីឥតបើគិតអាចនាំឲ្យមានការប្រកែកគ្នា
ពាក្យសម្ដីដ៏ឃោរឃៅអាចបំផ្លាញជីវិត
ពាក្យសម្ដីដ៏ជូរល្វីងអាចនាំមកនូវការស្អប់គ្នា
ពាក្យសម្ដីដ៏សាហាវអាចវាយប្រហារ និងសម្លាប់។
យើងអាចពិបាកប៉ាន់ស្មានថា មានមិត្តភាពប៉ុន្មានដែលបានបែកបាក់ មានកេរ្តិ៍ឈ្មោះប៉ុន្មានដែលបានខូច ឬមានសន្តិភាពប៉ុន្មានដែលត្រូវបានបំផ្លាញក្នុងគ្រួសារដោយសារពាក្យសម្ដីដ៏គ្រោះថ្នាក់។
យោងតាមកណ្ឌគម្ពីរយ៉ាកុប ស្ថាននរកគឺជាប្រភពនៃភាពសម្អប់ និងពាក្យសម្ដីដ៏គ្រោះថ្នាក់ទាំងនោះ។ ជាការពិតណាស់ អណ្ដាតរបស់យើងគឺជា «ភ្លើង» ហើយ «គ្មានមនុស្សណាដែលអាចនឹងផ្សាំង» វាបានឡើយ បើមិនបានពឹងអាងព្រះវិញ្ញាណបរិសុទ្ធទេនោះ។
សូមអ្នកឈប់បង្អង់ ហើយគិតអំពីពាក្យសម្ដីជាច្រើន ដែលអ្នកបានប្រើ ក្នុងរយៈពេល២៤ម៉ោង និងអំពីរបៀបដែលយើងបានប្រើពាក្យសម្ដីនោះ។ «ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្ដាត» ដូចនេះ តើពាក្យសម្ដីរបស់អ្នកបានបង្កគ្រោះថ្នាក់ និងបំផ្លាញនរណាម្នាក់ តាមបែបណាមួយទេ? នោះជាអំពើបាបដែលអ្នកត្រូវប្រែចិត្ត ហើយងាកបែរចេញ។ តើនោះជាអ្វីដែលអ្នកត្រូវធ្វើ នៅចំពោះមុខព្រះ និងចំពោះមុខមនុស្សដែលអ្នកបាននិយាយពាក្យសម្ដីនោះឬទេ?
ដូចនេះ ចូរគិតអំពីពាក្យសម្ដីដែលអ្នកអាចនិយាយ ក្នុងពេល២៤ម៉ោងខាងមុខ។ តើអ្នកអាចប្រើពួកវាដូចម្ដេចខ្លះ ដើម្បីនាំមកនូវជីវិត? តើអ្នកអាចពិចារណាដូចម្ដេចខ្លះអំពីព្រះអង្គដែល «មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ…ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នានៅលើរូបអង្គទ្រង់ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ» (១ពេត្រុស ២:២២-២៤)។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ាកុប ៣:២-១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ២៥-២៦ និង២ថែស្សាឡូនិច ៣