ពាក្យ​សម្ដី​ដែល​ជួយ មិនមែន​បំផ្លាញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មាន​ទាំង​ពាក្យ​សរសើរ និង​ពាក្យ​ប្រទេច​ផ្ដាសា ចេញ​មក​ពី​មាត់​តែ​១​នោះ​ឯង បង​ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ។ តើ​រន្ធ​ទឹក​តែ​១​នឹង​អាច​ចេញ​ជា​ទឹក​សាប ហើយ​ភ្លាវ​ផង​បាន​ឬ​ទេ? បង​ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង​បាយ​ជូរ​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ​ទេ ដូច្នេះ គ្មាន​រន្ធ​ទឹក​ណា​ចេញ​ទឹក​ជា​ប្រៃ​ផង​សាប​ផង​បាន​ឡើយ» (យ៉ាកុប ៣:‌១០-១២)។

ក្នុង​ដំណើរ​ជីវិត​របស់​យើង យើង​បាន​ជួប​កាលៈទេសៈ​ដែល​អយុត្តិធម៌ គ្មាន​មេត្តា និង​មិន​គួរ​ជួប ហើយ​ជា​ញឹក​ញាប់ យើង​ជួប​មនុស្ស​ដែល​យើង​មិន​ចង់​ជួប។ មុន​ពេល​យើង​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ពាក្យ​សម្ដី ក្នុង​ស្ថានភាព​ទាំង​នោះ យើង​ចាំ​បាច់​ត្រូវ​នឹក​ចាំ​សេចក្តី​ពិត​ដែល​ព្រះ​អម្ចាស់​បាន​បង្រៀន​ថា ពាក្យ​សម្ដី​របស់​យើង​ឆ្លុះ​បញ្ចាំង​អំពី​ចិត្ត​យើង (ម៉ាថាយ ១២:៣៤)។ បើ​ពាក្យ​សម្ដី​យើង​មិន​ស្រប​នឹង​ព្រះ​បន្ទូល​ព្រះ​គ្រីស្ទ​ទេ យើង​ត្រូវ​ពិនិត្យ​មើល​ចិត្ត​យើង​ជា​ដំបូង មិន​មែន​ពិនិត្យ​មាត់​យើង​ទេ។ ការ​នេះ​ក៏​បាន​បង្ហាញ អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​អម្ចាស់​ធ្វើ​ក្នុង​យើង ពេល​ណា​យើង​ឆ្លើយ​តប​ចំពោះ​ការ​ប៉ះ​ទង្គិច ដោយ​ពាក្យ​សម្ដី​ដែល​ជួយ​ជា​ជាង​បំផ្លាញ។

អណ្ដាត​យើង​មាន​អំណាច​ខ្លាំង​ណាស់ ហើយ​យើង​អាច​ប្រើ​វា ដើម្បី​ជួយ លើក​ទឹក​ចិត្ត គាំទ្រ ជួយ​ឲ្យ​ចម្រើន​ឡើង ផ្សះផ្សា អត់​ទោស បង្រួប​បង្រួម និង​ឲ្យ​ពរ។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​បទ​គម្ពីរ​សុភាសិត​ជា​ច្រើន​បាន​លើក​ឡើង អំពី​ពាក្យ​សម្ដី​ដែល​យើង​និយាយ។ ស្ដេច សាឡូម៉ូន មាន​បន្ទូល​ថា «មាត់​នៃ​មនុស្ស​សុ​ចរិត ជា​អណ្ដូង​ជីវិត» (សុភាសិត ១០:១១)។ ទ្រង់​បាន​ប្រៀបធៀប​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​ទៅ​នឹង​ក្រវិល​ដ៏​ស្រស់​ស្អាត ដែល​បាន​លម្អ​អ្នក​ពាក់​វា និង​គ្រឿង​តុប​តែង​ដែល​បង្កើន​សម្រស់​របស់​ផ្ទះ (២៥:១២)។ សុភាសិត​ដែល​ប្រហែល​ជា​ពេញ​និយម​បំផុត​របស់​ទ្រង់​បាន​ចែង​ថា «ពាក្យ​សម្ដី​ដែល​និយាយចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស​ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់» (ខ.១១)។

តើ​ពាក្យ​សម្ដី​ដែល​នាំ​មក​នូវ​ជីវិត​មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ? តើ​មាត់​របស់​យើង អាច​នាំ​ព្រះ​ពរ​ដល់​អ្នក​ដទៃ​យ៉ាងណា​ខ្លះ? ពាក្យ​សម្ដី​ដែល​នាំ​ព្រះ​ពរ មាន​លក្ខណៈ​ស្មោះ​ត្រង់ ដោយ​និយាយ​នូវ​សេចក្តី​ពិត​ដោយ​សេចក្តី​ស្រឡាញ់ (អេភេសូរ ៤:១៥)។ ពាក្យ​សម្ដី​នោះ មាន​ការ​គិត​ពិចារណា គឺ​និយាយ​ដោយ​អ្នក​ដែល​បាន​ពិចារណា​អំពី​របៀប​ដែល​ត្រូវ​ឆ្លើយ​តប (សុភាសិត ១៥:២៨)។ ពាក្យ​សម្ដី​ទាំង​នោះ ច្រើន​តែ​ខ្លី ហើយ​មាន​ហេតុផល គឺ​ដូច​មាន​សេចក្តី​ចែង​ថា «អ្នក​ណា​ដែល​មាន​តម្រិះ​រមែង​សំចៃ​ទុក​នូវ​ពាក្យ​សម្ដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ» (១៧:២៧)។

ជា​ការ​ពិត​ណាស់ ពាក្យ​សម្ដី​ដែល​មាន​ប្រយោជន៍​ក៏​ជា​ពាក្យ​ដែល​សុភាព។ ទោះ​យើង​ប្រហែល​ងាយ​នឹង​ភ្លេច​ប្រើ​ពាក្យ​ដ៏​សុភាព ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក តែ​ការ​ពិត​នៅ​តែ​ថា «ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំ​ងាប់​សេចក្តី​ក្រោធ​ទៅ» (សុភាសិត ១៥:‌១)។ ការ​ឆ្លើយ​តប​ដ៏​សុភាព​ក៏​បាន​ទទួល​ការ​ជំរុញ​ពី​កម្លាំង​ខាង​ផ្លូវ​សីលធម៌ ព្រោះ​យើង​ចាំ​បាច់​ត្រូវ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង ក្នុង​ការ​ឆ្លើយ​តប ដោយ​សុភាព ជា​ជាង​បណ្តោយ​ខ្លួន​ឲ្យ​និយាយ​ស្តី​តាម​អារម្មណ៍ និង​កំហឹង។

ដូច​នេះ តើ​ពាក្យ​សម្ដី​របស់​អ្នក​មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ? តើ​អ្នក​នឹង​ប្ដេជ្ញា​ចិត្ត​ថា នឹង​ប្រើ​អណ្ដាត​អ្នក ជា​ផ្នែក​ដ៏​តូច​នៃ​រូប​កាយ​របស់​អ្នក ដើម្បី​ឲ្យ​ពរ ជា​ជាង​ដាក់​បណ្ដាសា ដើម្បី​នាំ​មក​នូវ​ជីវិត ជា​ជាង​បំផ្លាញ​ជីវិត និង​ដើម្បី​ជួយ ជា​ជាង​ធ្វើ​ទុក្ខ​មក​លើ​អ្នក​ដទៃ?

ចូរ​ប្ដេជ្ញា​ចិត្ត​នៅ​ថ្ងៃ​នេះ​ថា អ្នក​នឹង​ប្រើ​ពាក្យ​សម្ដី​របស់​អ្នក​ជា​ប្រយោជន៍​ដល់​មនុស្ស​ដែល​អ្នក​ទំនាក់​ទំនង​ជា​មួយ ដោយ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​គ្រីស្ទ​ក្នុង​ចិត្ត​អ្នក និង​អនុញ្ញាត​ឲ្យ​ក្លិន​ដ៏​ក្រអូប​របស់​ព្រះ​អង្គ បញ្ចេញ​មក​ក្រៅ​តាម​ពាក្យ​សម្ដី​របស់​អ្នក។ បន្ទាប់​មក ចូរ​បន្ទាប​ខ្លួន​ទទួល​ស្គាល់​ថា អ្នក​មិន​អាច​ធ្វើ​ការ​នេះ ដោយ​អាង​កម្លាំង​ខ្លួន​ឯង​បាន​ទេ (យ៉ាកុប ៣:៨) ហើយ​ចូរ​ទូល​សូម​ព្រះ​អង្គ​ឲ្យ​បំពេញ​អ្នក ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​ព្រះ​ដែល​បង្កើត​ឲ្យ​មាន​សន្តិភាព ចិត្ត​សុភាព និង​ការ​ដឹង​ខ្នាត ក្នុង​ចិត្ត និង​ពាក្យ​សម្ដី​របស់​អ្នក (កាឡាទី ៥:២២-២៣)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កាឡាទី ៥:១៦-២៥

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ២៧-២៨ និង​ភីលេម៉ូន

More articles