ព្រះ​អង្គ​បាន​អត់​ទោស ដូច​នេះ​យើង​ត្រូវ​អត់​ទោស​ឲ្យ​គេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូ​កន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី?» (ម៉ាថាយ ១៨:៣៣)។

មនុស្ស​ដែល​បាន​ទទួល​ការ​អត់​ទោស​ហើយ គួរ​តែ​រស់​នៅ​ជា​មនុស្ស​ដែល​អត់​ទោស​ឲ្យ​អ្នក​ដទៃ ហើយ​ដោយ​សារ​យើង​មិន​ងាយ​អត់​ទោស​ឲ្យ​គេ នោះ​យើង​ចាំ​បាច់​ត្រូវ​ឮ​ការ​ក្រើន​រម្លឹក​នេះ​ម្តង​ហើយ​ម្តង​ទៀត។

ម្យ៉ាង​ទៀត យើង​អត់​ទោស​ឲ្យ​គេ ព្រោះ​ព្រះ​អម្ចាស់​បាន​អត់​ទោស​ឲ្យ​យើង​តាម​រយៈ​ព្រះ​យេស៊ូវ​ហើយ។ ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​យ៉ាង​ច្បាស់​ថា ការ​អត់​ទោស​របស់​ព្រះ​អង្គ​មិន​មែន​ដោយ​សារ​យើង​បាន​ធ្វើ​ការ​ល្អ ហើយ​មិន​មែន​ដោយ​សារ​យើង​ខិតខំ​បង្ហាញ​សេចក្តី​មេត្តា និង​ការ​អត់​ទោស​ដល់​អ្នក​ដទៃ តែ​ផ្ទុយ​ទៅ​វិញ ការ​អត់​ទោស​កើត​ចេញ​ពី​ព្រះ​គុណ​ព្រះ។

វិញ្ញាណ​ដែល​អត់​ទោស​គឺ​ជា​ភស្តុតាង​ធំ​បំផុត​ដែល​បង្ហាញ​ថា នរណា​ម្នាក់​ពិត​ជា​បាន​ប្រែ​ចិត្ត​ចេញ​ពី​បាប។ ផ្ទុយ​មក​វិញ បើ​យើង​នៅ​តែ​បន្ត​មាន​គំនុំ សេចក្តី​សម្អប់ និង​ភាព​​ជូរ​ល្វីង ក្នុង​ចិត្ត​យើង នោះ​យើង​មិន​គ្រាន់​តែ​នាំ​ផល​វិបាក​ដល់​ជីវិត​ខ្លួន​ឯង និង​បំផ្លាញ​ទំនាក់​ទំនង​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ យើង​ថែម​ទាំង​ចាំ​បាច់​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​យើង​ពិតជា​បាន​យល់​អំពី​លក្ខណៈ​នៃ​ការ​អត់​ទោស​របស់​ព្រះ​ដែរ​ឬ​ទេ។

យើង​មិន​អាច​ផ្តល់​ឲ្យ​គេ​នូវ​ការ​អត់​ទោស​ពិត​ប្រាកដ​បាន​ឡើយ ទាល់​តែ​យើង​បាន​ស្គាល់​ការ​អត់​ទោស​របស់​ព្រះ ហើយ​បើ​យើង​ស្គាល់​ហើយ នោះ​យើង​មិន​អាច​ថា យើង​មិន​អាច​អត់​ទោស​ឲ្យ​គេ​នោះ​ឡើយ។ ការ​អត់​ទោស​ចេញ​ពី​ចិត្ត​យើង​មក ពេល​ណា​ហើយ​បាន​ផ្លាស់​ប្រែ ដោយ​សារ​ព្រះ​គុណ​ព្រះ​អង្គ និង​បាន​ពិចារណា​អំពី​ទំហំ​នៃ​កំហុស​របស់​យើង​ដែល​ទាស់​ប្រឆាំង​ព្រះ​អង្គ។

ពេល​ណា​ការ​ផ្លាស់​ប្រែ​ដូច​នេះ​កើត​មាន បាប​ដែល​អ្នក​ដទៃ​ធ្វើ​មក​លើ​យើង នឹង​មាន​ទម្ងន់​ស្រាល​ជាង​មុន ខណៈ​ដែល​ព្រះ​ទ្រង់​ជួយ​យើង​ឲ្យ​អត់​ទោស​ឲ្យ​គេ​ដូច​ដែល​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​យើង។

នេះ​ជា​ការ​គោល​ការណ៍​នៅ​ពី​ក្រោយ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ​អំពី​អ្នក​បម្រើ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក​១៨ ដែល​បាន​ទទួល​ការ​លើក​លែង​បំណុល​ដែល​ធៀប​នឹង​សម័យ​បច្ចុប្បន្ន​គឺ ស្មើ​នឹង​ទឹក​ប្រាក់​៨​ពាន់​លាន​ដុល្លារ ហើយ​បន្ទាប់​មក គាត់​បាន​បដិសេធន៍​មិន​លើក​លែង​ឲ្យ​មិត្ត​ភក្តិ​គាត់​ដែល​ជំពាក់​គាត់​តែ ២​ម៉ឺន​ដុល្លារ។ ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មើល​ឃើញ​ភាព​គ្មាន​ហេតុផល​នៃ​អ្នក​បម្រើ ដែល​បាន​ទទួល​ការ​លើក​លែង​បំណុល​ដ៏​ច្រើន​លើស​លប់ តែ​មិន​បាន​លើក​លែង​ឲ្យ​បំណុល​ដែល​គេ​ជំពាក់​គាត់។

ដូច​នេះ បំណុល​ដែល​គេ​ជំពាក់​គាត់​មាន​ទំហំ​តូច​ណាស់ បើ​ធៀប​នឹង​បំណុល​ដែល​ស្ដេច​លើក​លែង​ឲ្យ​គាត់។ ដូច​គ្នា​នេះ​ដែរ យើង​ដែល​បាន​ទទួល​ការ​អត់​ទោស​បាប​ដ៏​លើស​លប់​ពី​ព្រះ ក៏​គ្មាន​ហេតុផល​អ្វី​ដែល​មិន​ត្រូវ​អត់​ទោស​ឲ្យ​អ្នក​ដទៃ​នោះ​ទេ។

បើ​យើង​បាន​ដក​ពិសោធន៍​នឹង​សេចក្តី​មេត្តា​របស់​ព្រះ នោះ​យើង​ត្រូវ​តែ​ប្រាកដ​ថា យើង​អនុវត្តន៍​នូវ​ការ​អត់​ទោស​ឲ្យ​គេ​ដោយ​គ្មាន​ការ​ធ្វេស​ប្រហែស។ យើង​​អរ​សប្បាយ​នឹង​ភាព​ពេញលេញ​របស់​ព្រះ​ក្នុង​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ។ ចូរ​លុប​ចោល​កំហុស​របស់​អ្នក​ដទៃ​ដែល​អ្នក​បាន​កត់ទុក​ក្នុង​ចិត្ត​អ្នក ដោយ​មិន​ចង់​អត់​ទោស​ឲ្យ​គេ។ បើ​អ្នក​គិត​ថា អ្នក​ពិបាក​លុប​ចោល ដោយ​សារ​កំហុស​ដែល​គេ​ធ្វើ​មក​លើ​អ្នក​មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង នោះ​ចូរ​មើល​ទៅ​បំណុល​ដែល​ព្រះ​បាន​អត់​ទោស​ឲ្យ​អ្នក​ចុះ ហើយ​មើល​ទៅ​ការ​លះបង់​របស់​ព្រះ​អង្គ ដើម្បី​អត់​ទោស​ឲ្យ​អ្នក​ចុះ ការ​នោះ​នឹង​ជួយ​អ្នក​ផ្តល់​ក្តី​មេត្តា​ដល់​អ្នក​ដទៃ។

ជា​ការ​ពិត​ណាស់ បើ​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ នោះ​ព្រះ​អង្គ​នឹង​ចាក់​បង្ហូរ​ព្រះ​គុណ និង​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ ដើម្បី​ជួយ​ឲ្យ​អ្នក​ដើរ ដោយ​ភាព​សុខដុម​ជាមួយ​អ្នក​ដទៃ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាកុស ១១:២០-២៥

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ៣៩-៤០ និង​យ៉ាកុប ៥

More articles