កិច្ចការ ៣:១៥-២៤
អ្នករាល់គ្នាបានសំឡាប់ព្រះអម្ចាស់ជីវិតនោះទៅ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ កិច្ចការ ៣:១៥
លោកម៉ៃឃើលអេនជេឡូ(Michelangelo) គឺជាជាងចម្លាក់ដ៏ល្បីល្បាញក្នុងប្រវត្តិសាស្រ្ត ដែលបានឆ្លាក់រូបល្បីៗជាច្រើន នៅប្រទេសអ៊ីតាលីនៅសម័យមុន។ រូបចម្លាក់លោកម៉ូសេ ដែលគាត់បានឆ្លាក់ ជាស្នាដៃដ៏ល្បីល្បាញដែលគាត់បានឆ្លាក់ចប់សព្វគ្រប់នៅឆ្នាំ១៥១៥។ ប៉ុន្តែ រូបចម្លាក់លោកម៉ូសេដែលគាត់បានឆ្លាក់នោះ មានស្នែងពីរដុះចេញពីក្រោមសក់ នៅលើថ្ងាស។
មិនមែនមានតែលោកម៉ៃឃលអេនជេឡូទេ ដែលបានឆ្លាក់រូបលោកម៉ូសេដូចនេះ វិចិត្រករជាច្រើនទៀត នៅសម័យរើនេសាន់ និងមជ្ឈិមសម័យ បានឆ្លាក់ និងគូរូបលោកម៉ូសេយ៉ាងដូចនេះផងដែរ។ តើមកពីហេតុអ្វី? គឺដោយសារព្រះគម្ពីរប៊ីបជាភាសាឡាតាំង ដែលបានបកប្រែពីភាសាហេព្រើរ នៅសម័យនោះ បានពិពណ៌នាថា លោកម៉ូសេមានពន្លឺចែងចាំងនៅលើមុខ បន្ទាប់ពីបានចូលក្នុងព្រះវត្តមានព្រះ(មើលនិក្ខមនំ ៣៤:២៩)។ ព្រះគម្ពីរដើមជាភាសាហេព្រើរបានប្រើពាក្យ ដែលមានន័យទាក់ទងនឹង “ស្នែង” ក្នុងការពិពណ៌នា អំពី “បាច់” ពន្លឺ ដែលបាញ់ចេញពីមុខរបស់លោកម៉ូសេ ហើយព្រះគម្ពីរវ៉ាល់ហ្គេត ជាភាសាឡាតាំងបានបកប្រែពាក្យនេះត្រង់ៗតែម្តង។ ដូចនេះ អ្នកអានព្រះគម្ពីរភាសាឡាតាំងនោះ “មានការយល់ច្រឡំ” អំពីលោកម៉ូសេ។
តើអ្នកធ្លាប់មានការយល់ច្រឡំចំពោះនរណាម្នាក់ទេ? បន្ទាប់ពីសាវ័កពេត្រុសបានប្រោសបុរសពិការជើងពីកំណើតម្នាក់ ឲ្យអាចដើរបាន ដោយនូវព្រះនាមព្រះយេស៊ូវ(កិច្ចការ ៣:១-១០) គាត់ក៏បានប្រកាសដល់ជនរួមជាតិអ៊ីស្រាអែលរបស់គាត់ថា ពួកគេមានការយល់ច្រឡំអំពីព្រះយេស៊ូវ។ គាត់ក៏បានចង្អុលបង្ហាញថា “អ្នករាល់គ្នាបានសំឡាប់ព្រះអម្ចាស់ជីវិតនោះទៅ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ”(ខ.១៥)។ គាត់មានប្រសាសន៍ទៀតថា “សេចក្តីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់នៃអស់ទាំងហោរារបស់ទ្រង់ ពីដំណើរព្រះគ្រីស្ទថា ទ្រង់ត្រូវរងទុក្ខលំបាក នោះព្រះទ្រង់ក៏បានសំរេចតាមយ៉ាងដូច្នោះឯង” (ខ.១៨)។ លោកពេត្រុសថែមទាំងបានមានប្រសាសន៍ថា លោកម៉ូសេបានចង្អុលបង្ហាញគេឲ្យងាកទៅរកព្រះគ្រីស្ទទៀតផង(ខ.២២)។
ជីវិតមនុស្សមានការផ្លាស់ប្រែ ដោយសារ “សេចក្តីជំនឿជឿដល់ព្រះនាមទ្រង់” “គឺជាសេចក្តីជំនឿដែលកើតមក ដោយសារព្រះអង្គនោះឯង”(ខ.១៦)។ ទោះយើងមានការយល់ច្រឡំចំពោះព្រះអង្គ ឬមានប្រវត្តិដូចម្តេចក៏ដោយ ព្រះគ្រីស្ទបានស្វាគមន៍យើង ពេលណាយើងវិលបែរមករកព្រះអង្គ។ ព្រះដែលបានតាក់តែងជីវិតរបស់មនុស្ស បានត្រៀមជាស្រេច ដើម្បីតាក់តែងជីវិតយើងជាថ្មី!—James Banks
តើអ្នកមានការយល់ខុសអំពីព្រះយេស៊ូវ ដូចម្តេចខ្លះ? តើមានអ្វីជួយអ្នកឲ្យយល់អំពីព្រះអង្គកាន់តែច្បាស់នៅថ្ងៃនេះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានយល់ និងស្រឡាញ់ទូលបង្គំ។
For further study, read The Point of It All—Why We Might Miss Jesus at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ៣១-៣៣ និង ម៉ាកុស ៩:១-២៩