អុីស្រាអែល​ពិត​ប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ក្នុង​គ្រា​នោះ​ដែល​អ៊‌ីស្រាអែល​នៅ​ក្មេង​នៅ​ឡើយ​នោះ​អញ​បាន​ស្រឡាញ់​វា ក៏​បាន​ហៅ​កូន​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ ពួក​ហោរា​បាន​ហៅ​គេ​ជា​ច្រើន​ដង​ប៉ុណ្ណា នោះ​គេ​បាន​ឃ្លាត​ឆ្ងាយ​ទៅ​ប៉ុណ្ណោះ​ឯង គេ​បាន​ថ្វាយ​យញ្ញ​បូជា​ដល់​អស់​ទាំង​ព្រះ​បាល ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​ដល់​រូប​ធ្លាក់​ផង» (ហូសេ ១១:១-២)។

កាល​ព្រះ​យេស៊ូវ​ប្រសូត នាង ម៉ារា និង​លោក យ៉ូសែប បាន​នាំ​ព្រះ​អង្គ​ទៅ​នគរ​អេស៊ីព្ទ ដើម្បី​ការពារ​ព្រះ​អង្គ ពី​ការ​បៀតបៀន​របស់​ស្ដេច ហេរ៉ូឌ។ នៅ​ពេល​ដែល​សាវ័ក ម៉ាថាយ បាន​កត់​ត្រា​អំពី​ព្រឹត្តិការណ៍​នេះ គាត់​បាន​ដក​ស្រង់​ខ​គម្ពីរ​ពី​កណ្ឌ​ហូសេ ដែល​បាន​កត់​ទុក​កាល​ពី​​ជាង៧​សតវត្សរ៍​មុន ហើយ​ពន្យល់​ថា ខ​គម្ពីរ​ទាំង​នោះ ជា​បទ​ទំនាយ​ដែល​ព្រះ​យេស៊ូវ​បាន​សម្រេច​ហើយ (ម៉ាថាយ ២:១៣-១៥)។ តែ​ពាក្យ​ពេចន៍​ក្នុង​បទ​គម្ពីរ​ហូសេ​នេះ មិន​បាន​និយាយ​សំដៅ​ទៅ​លើ​បុគ្គល​ណា​​ម្នាក់ តែ​ទៅ​លើ​ជាតិ​សាសន៍​មួយ («ពួក​ហោរា​បាន​ហៅ​គេ​ជា​ច្រើន​ដង​ប៉ុណ្ណា នោះ​គេ​បាន​ឃ្លាត​ឆ្ងាយ​ទៅ​ប៉ុណ្ណោះ​ដែរ​ គេ​បាន​ថ្វាយ​យញ្ញ​បូជា​ដល់​អស់​ទាំង​ព្រះ​បាល»)។

យើង​ប្រហែល​គិតថា សាវ័ក ម៉ាថាយ មិន​បាន​ប្រើ​ខ​គម្ពីរ​នេះ​ឲ្យ​បាន​ស៊ី​ជម្រៅ។ ប៉ុន្តែ តាម​ពិត គាត់​ដឹង​ថា គាត់​កំពុង​ធ្វើ​អ្វី។ គាត់​បាន​ប្រៀប​ប្រដូច​ព្រះ​យេស៊ូវ​ទៅ​នឹង​ប្រជា​ជាតិ​អ៊‌ីស្រាអែល។ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​ហៅ​រាស្ត្រ​ជាទី​ស្រឡាញ់​របស់​ព្រះ​អង្គ ជា​កូន​ប្រុស​ព្រះ​អង្គ ចេញ​ពី​ស្រុក​អេស៊ីព្ទ​ឲ្យ​មក​ថ្វាយ​បង្គំ​ព្រះ​អង្គ ក្នុង​ទឹក​ដី​សន្យា ហើយ​ចំណែក​កណ្ឌ​គម្ពីរ​ម៉ាថាយ​វិញ បាន​ចែង​ថា ព្រះ​ទ្រង់​បាន​ហៅ​ព្រះ​រាជ​បុត្រា​តែ​មួយ គឺ​ព្រះ​អម្ចាស់​យេស៊ូវ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ចូល​ទឹកដី​សន្យា។ ទោះ​ព្រះ​យេស៊ូវ​ខុស​ពី​ប្រជា​ជាតិ​អ៊‌ីស្រាអែល​ត្រង់​ចំណុច​ដែល​ថា ព្រះ​អង្គ​មិន​បាន​ធ្វើ​អំពើ​បាប​សោះ តែ​ព្រះ​អង្គ​ជួប​ការ​ល្បួង​នៅ​វាល​រហោស្ថាន ដូច​ពួក​គេ​ផង​ដែរ (ម៉ាថាយ ៤:១-១១ និង​និក្ខមនំ ៣២:១-៦)។ ព្រះ​យេស៊ូវ​ជា​អ៊‌ីស្រាអែល​ពិត ជា​ព្រះ​រាជបុត្រា​ពិត។ នៅ​ដើម​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​ជ្រើស​រើស​សាវ័ក១២​នាក់ (ម៉ាថាយ ១០:១-៤)។ នេះ​ជា​ចំនួន​ដ៏​សំខាន់។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​ចង់​មាន​ន័យ​ថា ព្រះ​អង្គ​ជា​អ៊‌ីស្រាអែល​ពិត​ប្រាកដ កំពុង​ហៅ​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​ចូល​មក​រក​អង្គ​ទ្រង់ ធ្វើ​ជា​ផ្នែក​មួយ​នៃ​អ៊‌ីស្រាអែល​ថ្មី។ នៅ​ពេល​នោះ សិស្ស​ទាំង១២​បាន​ធ្វើ​ជា​គ្រឹះ​នៃ​ប្រជា​ជាតិ​អ៊‌ីស្រាអែល​ថ្មី ជំនួស​ឲ្យ​ពូជ​អំបូរ​ទាំង១២​នៃ​សាសន៍​អ៊‌ីស្រាអែល។ ក្នុង​ការ​ជ្រើសរើស​នេះ ការ​ផ្ដោត​ទៅលើ​រាស្ត្រ​របស់​ព្រះ គឺ​ត្រូវ​បាន​តម្រង់​ជា​ថ្មី​ឲ្យ​ត្រូវ​ទិស​ដៅ។ ចាប់​តាំង​ពី​ពេល​នោះ​មក អ៊‌ីស្រាអែល​ពិត​ប្រាកដ​មិន​មែន​អ៊‌ីស្រាអែល​នៅ​មជ្ឈិម​បូព៌ា​ក្នុង​ពេល​បច្ចុប្បន្ន ឬ​ជា​កូនចៅ​ជំនាន់​ក្រោយ​របស់​លោក អ័ប្រាហាំ នោះ​ទេ តែ​ជា​កូន​ចៅ​ជំនាន់​ក្រោយ​ខាង​វិញ្ញាណ​របស់​លោក អ័ប្រាហាំ ដែល​មាន​ទាំង​សាសន៍​ដទៃ និង​សត្វ​យូដា។ កូន​របស់​ព្រះ​គឺ​ជា​អ្នក​ដែល​យក​គំរូ​តាម​លោក អ័ប្រាហាំ ដោយ​ទុក​ចិត្ត​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​ដែល​បាន​សម្រេច​ក្នុង​អង្គ​ព្រះ​យេស៊ូវ។

សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា ព្រះ​បន្ទូល​សន្យា​នេះ «ផ្អែក​ទៅ​លើ​សេចក្តី​ជំនឿ» ហើយ​ផ្អែក​ទៅ​លើ​ព្រះ​គុណ (រ៉ូម ៤:១៦)។ ទោះ​អ្នក​ជា​សាសន៍​យូដា ឬ​សាសន៍​ដទៃ មាន​ឬ​ក្រ ប្រុស​ឬ​ស្រី​ក៏​ដោយ។ ទោះ​អ្នក​ជា​នរណា ឬ​បាន​ធ្វើ​អ្វី​ក៏​ដោយ។ គឺ​នៅ​តែ​អនុវត្ត​តាម​គោល​ការណ៍​ដដែល​ថា «បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ​គ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក អ័ប្រាហាំ ហើយ​ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្តី​សន្យា​ផង» (កាឡាទី ៣:២៩)។ យើង​រាល់​គ្នា រួម​គ្នា​តែមួយ​ក្នុង​ព្រះ​គ្រីស្ទ (ខ.២៨)។ ដំណឹង​ល្អ​តែ​មួយ​សម្រាប់​មនុស្ស​ទាំង​អស់។ មនុស្ស​ខាង​សាសនា និង​ក្រម​សីលធម៌ ត្រូវ​ការ​សេចក្តី​សង្គ្រោះ​តែ​មួយ ទោះ​ពួក​គេ​មិន​ដែល​បាន​ទៅ​ព្រះ​វិហារ និង​រស់​នៅ​ដោយ​មិន​ខ្វល់​ពី​ស្តង់​ដា ឬ​គោល​ជំនឿ​ក៏​ដោយ។ យើង​មាន​រឿង​តែ​មួយ​សម្រាប់​ចែក​ចាយ តែ​ជា​រឿង​ដែល​យើង និង​មនុស្ស​ទាំង​អស់​ត្រូវ​ការ។

យើង​មិន​អាច​ប្រកែក​ថា យើង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ។ យើង​ងាយ​នឹង​វង្វេង​ចេញ​ពី​ព្រះ​វរបិតា ហើយ​ថ្វាយ​បង្គំ​រូប​ព្រះ មិន​ខុស​ពី​ពួក​អ៊‌ីស្រាអែល​ដើម​ទេ។ ប៉ុន្តែ ព្រះ​យេស៊ូវ​ជា​អ៊‌ីស្រាអែល​សុចរិត​យ៉ាង​ឥត​ខ្ចោះ ល្អ និង​ពិត​ជា​អ៊‌ីស្រាអែល​ដើម បាន​សុគត ដើម្បី​ទទួល​យក​បាប​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​ចូល​មក​ទទួល​សេចក្តី​មេត្តា​ពី​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​នាំ​យើង​ចូល​មហា​គ្រួសារ​ព្រះ​អង្គ ក្នុង​ក្រឹត្យ​ក្រម​នៃ​នគរ​របស់​អ៊‌ីស្រាអែល​ពិត​ប្រាកដ មិន​មែន​ដោយ​សារ​យើង​ជា​នរណា ឬ​យើង​បាន​ធ្វើ​អ្វី តែ​ដោយ​សារ​ព្រះអង្គ​ជា​នរណា ហើយ​បាន​ធ្វើ​អ្វី។ នៅ​ថ្ងៃ​នេះ ដោយ​សារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​យេស៊ូវ អ្នក​ជា​កូន​ព្រះ ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះអង្គ​កាល​ពី​ពេល​មុន និង​ពេល​សព្វថ្ងៃ (កាឡាទី ៣:២៦)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាថាយ ៤:១-១១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សុភាសិត ១៦-១៨ និង​ទីតុស ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles