នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ថ្វាយ​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ដល់​ព្រះយេស៊ូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ថ្វាយ​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ដល់​ព្រះយេស៊ូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយPatricia Raybon

March 7, 2025

ម៉ាថាយ ៦:២៥-២៧

ដោយហេតុ​នេះ​បានជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ​។ ម៉ាថាយ ៦:២៥

អ្នក​ស្រី​នេន​ស៊ី(Nancy)មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ពេល​អនាគត ដោយសារ​គាត់​មើល​ឃើញ​តែ​បញ្ហា​ជានិច្ច​។ លោក​ថម(Tom) ជា​ស្វាមី​របស់​គាត់​បាន​ងងឹត​មុខដួល៣ដង ក្នុង​អំឡុង​ពេល​ដើរ​កម្សាន្ត ក្នុង​តំបន់​ដាច់​ស្រយាល នៅ​ក្នុង​រដ្ឋ​មេន​។ ប៉ុន្តែ វេជ្ជ​បណ្ឌិត នៅ​មណ្ឌល​សុខ​ភាព​តូច​មួយ ក្នុង​តំបន់​ជិត​ខាង​ បាន​ពិនិត្យ​សុខ​ភាព​គាត់ រក​មិន​ឃើញ​គាត់​មាន​ជំងឺ​អ្វី​ទេ​។ ក្នុង​មណ្ឌល​សុខ​ភាព​ដែល​ធំជាង វេជ្ជ​បណ្ឌិត​បាន​ធ្វើ​តេស្ដ​ជា​បន្ថែម​ទៀត នៅតែ​មិន​អាច​រក​ឃើញ​បញ្ហា​សុខ​ភាព​របស់​គាត់​។ អ្នក​ស្រី​នេន​ស៊ី​ក៏បាន​រៀបរាប់​អំពី​ការ​ភ័យ​ខ្លាច​របស់​គាត់​។ នៅពេល​ដែល​ស្វាមី​របស់​គាត់​ចេញពី​ពេទ្យ គាត់​ក៏បាន​សួរ​ពេទ្យ​ឯកទេស​បេះដូង​ជា​លើក​ចុង​ក្រោយ​ថា ពួក​គាត់​ត្រូវ​ធ្វើ​ដូច​ម្តេច​។ គ្រូ​ពេទ្យ​ក៏បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​រស់នៅ​ជា​ធម្មតា ដោយ​គ្មាន​ការ​ថប់​បារម្ភ​ទៀត​។ ការ​លើក​ទឹក​ចិត្ត​នេះ​បាន​ផ្លាស់​ប្តូរ​ការ​គិត​របស់​គាត់​ជា​រៀង​រហូត​។ គាត់​ថា លោក​គ្រូ​ពេទ្យ​បាន​ឲ្យ​យោបល់​គាត់​ពិត​មែន គឺ​មិន​បាន​និយាយ​លេង​ទេ​។

ការ​លើក​ទឹក​ចិត្ត​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​ព្រះយេស៊ូវ នៅ​លើ​ភ្នំ​។ កាល​នោះ ព្រះអង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូបកាយ តើ​មិន​វិសេស​ជាង​សំលៀក​បំពាក់​ទេ​ឬ​អី”(ម៉ាថាយ ៦:២៥)។ ព្រះបន្ទូល​ព្រះអង្គ​ត្រង់​ចំណុច​នេះ មិន​បាន​ប្រាប់​យើង​មិន​ឲ្យ​អើពើ​ចំពោះ​បញ្ហា​សុខ​ភាព ឬ​បញ្ហា​ផ្សេង​ទៀត ឬ​ក៏​រោគ​សញ្ញា​អ្វីមួយ​នោះ​ទេ​។ ផ្ទុយ​ទៅវិញ ព្រះអង្គ​គ្រាន់តែ​ប្រាប់​យើង “កុំ​ឲ្យ​ព្រួយ​បារម្ភ”(ខ.២៥) អំពី​បញ្ហា​ទាំងឡាយ​។ បន្ទាប់មក ព្រះអង្គ​ក៏​បាន​សួរ​ថា “ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើមាន​អ្នកឯណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន១ហត្ថ ដោយសារ​សេចក្តី​ខ្វល់​ខ្វាយ​បាន​ឬ​ទេ?”(ខ.២៧)។

ហោរា​អេសាយ​ក៏បាន​ផ្តល់​ឲ្យ​ការ​បង្រៀន​ប្រកបដោយ​ប្រាជ្ញា​ស្រដៀង​នេះ​ផង​ដែរ​ថា “ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​ឲ្យ​មាន​កំឡាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​យាង​មក​សងសឹក”(អេសាយ ៣៥:៤)។ សម្រាប់​អ្នក​ស្រី​នេន​ស៊ី និង​លោក​ថម គ្រូ​ពេទ្យ​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ដើរ​ឲ្យ​បាន៧គីឡូម៉ែត្រ ក្នុង​មួយ​ថ្ងៃ​។ ជាង​នេះ​ទៅទៀត ពួកគេ​មិន​ដើរ​ដោយ​ការ​ភ័យ​ខ្លាច​ឡើយ តែ​បាន​បោះ​ជំហាន​ទៅមុខ​ដោយ​អំណរ​។—Patricia Raybon

តើ​អ្នក​មាន​ការ​ភ័យ​ខ្លាច​អ្វី​ខ្លាំង​ជាងគេ? តើ​ជីវិត​អ្នក​នឹង​មាន​ការ​ប្រសើរ​ឡើង​យ៉ាងណា នៅពេល​ដែល​អ្នក​អាច​ថ្វាយ​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ដល់​ព្រះគ្រីស្ទ?

ឱ​ព្រះយេស៊ូវ ពេល​ណា​ទូល​បង្គំ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ថ្ងៃ​នេះ សូម​ជួយ​ទូល​បង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ
ដើម្បី​ឲ្យ​ទូល​បង្គំ​ថ្វាយ​ការ​ភ័យ​ខ្លាច​ដល់​ព្រះអង្គ ហើយ​បង្ហាញ​ចេញ​នូវ​សន្តិភាព​របស់​ព្រះអង្គ តាមរយៈ​ការ​រស់នៅ​របស់​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣-៤ និង ម៉ាកុស ១០:៣២-៥២

ល្ងាច

Devotional illustration

ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល​និយាយ​អំពី​ព្រះ​យេស៊ូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 7, 2025

«អ្នក​កំរៀវ​នោះ​សួរ ភីលីព ថា ខ្ញុំ​សូម​សួរ​អ្នក តើ​ហោរា​និយាយ​ដូច្នេះ គឺ​និយាយ​ពី​អ្នក​ណា ពី​ខ្លួន​លោក ឬ​ពី​អ្នក​ដទៃ នោះ ភីលីព បើក​មាត់​សម្ដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ» (កិច្ចការ ៨:៣៤-៣៥)។

ខណៈ​ពេល​ដែល​យើង​ធ្វើ​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប​ពី​ដើម​ដល់​ចប់​យើង​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​មិន​មែន​ស្រាប់​តែ​លេច​ឡើង​ក្នុង​ព្រះ​គម្ពីរ​ដោយ​គ្មាន​ការ​ព្រៀង​ទុក​នោះ​ទេ។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​ព្រះ​អង្គ ចាប់​តាំង​ពី​ទំព័រ​ដំបូង។ ជា​ការ​ពិត​ណាស់ សូម្បី​តែ​ពួក​ហោរា​នៅ​គ្រា​សញ្ញា​ចាស់ ក៏​បាន​សរសេរ​បទ​គម្ពីរ​អំពី​ព្រះ​យេស៊ូវ​តាម​ការ​បណ្ដាល​ចិត្ត​ពី​ព្រះ​វិញ្ញាណ​ផង​ដែរ។ ដូច​នេះ ទោះ​បី​ជា​យើង​ចេះ​ព្រះ​គម្ពីរ​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ បើ​យើង​អាន​ព្រះ​គម្ពីរ​ដោយ​មិន​បាន​មើល​ទៅ​ព្រះ​គ្រីស្ទ យើង​នឹង​ខក​ខាន​មិន​បាន​ស្គាល់​ចំណុច​ស្នូល គន្លឹះ និង​វីរបុរស​នៃ​ព្រះ​គម្ពីរ​មិន​ខាន។

ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​គេ​ឲ្យ​ងាក​ទៅ​រក​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​ថា ព្រះ​អង្គ​ជា​នរណា។ ក្នុង​អំឡុង​ពេល​ដើម​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​ព្រះ​អង្គ ព្រះ​អង្គ​បាន​យាង​ទៅ​សាលា​ប្រជុំ​អាន​ក្រាំង​គម្ពីរ​អេសាយ។ កណ្ឌ​គម្ពីរ​លូកា​បាន​ចែង​ថា ពេល​ព្រះ​អង្គ​អាន​ចប់​ព្រះ​អង្គ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ស្តាប់​ទាំង​ឡាយ​ថា «នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ» (លូកា ៤:២១)។ ក្រោយ​មក ព្រះ​អង្គ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ដែល​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ អំពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដោយ​ដាស់​តឿន​ពួក​គេ​ថា «អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង​ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ» (យ៉ូហាន ៥:៣៩)។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​ជួប​សិស្ស​ដែល​កំពុង​បាក់​ទឹក​ចិត្ត នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ុស ព្រះ​អង្គ​ក៏​បាន «ស្រាយ​ន័យ​សេចក្តី​ដែល​តម្រូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំង​ឡាយ​ឲ្យ​គេ​ស្តាប់ ចាប់​តាំង​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ពួក​ហោរា​រៀងមក» (លូកា ២៤:២៧)។

អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ព្រះ​យេស៊ូវ​ពិតជា​បាន​បង្រៀន​ថា ផ្នែក​នីមួយៗ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺ​បាន​ផ្ដោត​ទៅលើ និង​សម្រេច​ក្នុង​ព្រះ​អង្គ។

ពេល​ណា​អ្នក​អាន​ខ​គម្ពីរ អ្នក​កំពុង​តែ​ជួប​ព្រះ​យេស៊ូវ ព្រោះ​បទ​គម្ពីរ​នីមួយៗ​ធ្វើ​បន្ទាល់​ពី​ព្រះ​អង្គ។ ការ​សិក្សា និង​ការ​យល់​ដឹង​របស់​យើង​អំពី​បទ​គម្ពីរ​សញ្ញា​ចាស់ អាច​ផ្តល់​ឲ្យ​យើង​នូវ​សេចក្តី​ពិត​ដ៏​ល្អ សំខាន់ និង​ក្រម​សីលធម៌​អំពី​ជីវិត ប៉ុន្តែ​ការ​ខក​ខាន​មិន​បាន​ស្គាល់​សេចក្តី​ពិត អំពី​ព្រះ​យេស៊ូវ ពិត​ជា​គ្រោះ​ថ្នាក់​ណាស់។ គោល​បំណង​នៃ​ទំព័រ​នីមួយៗ​ក្នុង​ព្រះ​គម្ពីរ គឺ​ដើម្បី​ឲ្យ​អ្នក​ជួប​ជា​មួយ​ព្រះ​យេស៊ូវ ស្គាល់​ព្រះ​អង្គ ហើយ​ប្រកា​ស​ព្រះ​នាម​ដ៏​ធំ​ប្រសើរ​របស់​ព្រះ​អង្គ គឺ​គ្រប់​យ៉ាង​ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ។

ក្នុង​ការ​អធិប្បាយ​ទាំង​អស់​ដែល​អ្នក​បាន​ស្តាប់ មេរៀន​នីមួយៗ​ដែល​អ្នក​បាន​រៀន និង​ខ​គម្ពីរ​នីមួយៗ ដែល​អ្នក​បាន​អាន ចូរ​សួរ​ខ្លួន​ឯង​ថា «តើ​ការ​បង្រៀន​នេះ​នាំ​ខ្ញុំ​ទៅ​រក​ព្រះ​គ្រីស្ទ​ទេ? តើ​ខ្ញុំ​រក​ឃើញ​ព្រះ​យេស៊ូវ​ក្នុង​ការ​បង្រៀន​នេះ​ទេ?» ហើយ​ចូរ​កុំ​ទាន់​ឈប់​ស្តាប់ សិក្សា និង​អាន​ឡើយ ទាល់​តែ​អ្នក​អាច​ឆ្លើយ​ថា បាទ ព្រោះ​មាន​តែ​ក្នុង​ព្រះ​អង្គ​ប៉ុណ្ណោះ ដែល​យើង​អាច​រក​ឃើញ​កំណប់​ទ្រព្យ​នៃ​សេចក្តី​សង្គ្រោះ សេចក្តី​ពិត ប្រាជ្ញា និង​ការ​កម្សាន្ត​ចិត្ត។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ១១៩:១៧-៣២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ៥-៧ និង​១កូរិនថូស ៣

ប្រភេទ